ម៉ាកាបាយ (១១)

ព្រះបាទផ្ទូលេមេវាយឈ្នះ​ព្រះបាទអឡិចសង់
ព្រះ​បាទ​ផ្ទូលេមេ ជា​ស្ដេច​ស្រុក​អេស៊ីប​ប្រមូល​កង​ទ័ព​ជា​ច្រើន ​ឥត​គណនា​មាន ចំនួន​ដូច​គ្រាប់​ខ្សាច់​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​សំពៅ​ចម្បាំង ជា​ច្រើន​គ្រឿង​ទៀត​ផង។ ស្ដេច​ខិត​ខំ​រិះ​រក​គ្រប់​កល​ល្បិច ដណ្ដើម​យក​រាជា​ណាចក្រ​របស់​ព្រះ​បាទ​អឡិច​សង់ ដើម្បី​បញ្ចូល​មក​ក្នុង​រាជា​ណាចក្រ​របស់​ខ្លួន។ ព្រះ​រាជា​យាង​ទៅ​ស្រុក​ស៊ីរី​ដោយ​អះ​អាង​ថា ខ្លួន​ចង់​ស្វែង​សន្តិ​ភាព។ ប្រជា​ជន​នៃ​ក្រុង​នានា​បើក​ទ្វារ​ក្រុង ហើយ​ចេញ​ទៅ​ទទួល​ស្វាគមន៍​ព្រះ​រាជា​ដោយ​រាក់​ទាក់ ព្រោះ​នេះ​ជា​បញ្ជា​របស់​ព្រះ​បាទ​អឡិច​សង់។ ប៉ុន្តែ កាល​ព្រះ​បាទ​ផ្ទូលេមេ​យាង​កាត់​ក្រុង​ណា​មួយ ទ្រង់​តែង​ទុក​កង​ទ័ព​នៅ​ទីនោះ។ កាល​ព្រះ​រាជា​យាង​មក​ដល់​ក្បែរ​ក្រុង​អាសូតូ គេ​នាំ​ព្រះ​រាជា​ទៅ​ទត​ទី​សក្ការៈ​របស់​ព្រះ​ដាកូន ដែល​លោក​យ៉ូណាថាន​ដុត​បំផ្លាញ និង​តំបន់​ដែល​នៅ​ជុំវិញ ទត​សាក​សព​ដែល​នៅ​ចោល​រាយ​ប៉ាយ ព្រម​ទាំង​ឆ្អឹង​របស់​អស់​អ្នក​ដែល​លោក​យ៉ូណាថាន​ដុត​នៅ​ក្នុង​ពេល​ប្រយុទ្ធ។ គេ​បាន​ប្រមូល​ឆ្អឹង​ទាំង​នោះ​គរ​ជា​គំនរ​តាម​ផ្លូវ ដែល​ព្រះ​រាជា​ត្រូវ​យាង​ទៅ។ ប្រជា​ជន​ខ្លះ​រៀប​រាប់​នូវ​អ្វីៗដែល​លោក​យ៉ូណាថាន​បាន​ប្រព្រឹត្ត ទូល​ថ្វាយ​ព្រះ​រាជា​ក្នុង​គោល​ចង់​ឲ្យ ព្រះ​រាជា​ដាក់​ទោស​លោក​យ៉ូណាថាន ប៉ុន្តែ​ស្ដេច​នៅ​ស្ងៀម។ លោក​យ៉ូណាថាន​ចូល​មក​គាល់​ព្រះ​រាជា ​នៅ​ក្រុង​យ៉ូប៉េ​យ៉ាង​អធិក​អធម។ ព្រះ​រាជា​បាន​ទទួល​ការ​ស្វាគមន៍ ហើយ​គង់​នៅ​ក្រុង​នោះ​អស់​មួយ​យប់។ លោក​យ៉ូណាថាន​ជូន​ដំណើរ​ព្រះ​រាជា រហូត​ដល់​ទន្លេ​អេលើថែរ រួច​ក៏​ត្រឡប់​មក​ក្រុង​យេរូ​សាឡឹម​វិញ។

ព្រះ​បាទ​ផ្ទូលេមេ​ដណ្ដើម​យក​ក្រុង​ ទាំង​ប៉ុន្មាន​នៅ​តាម​ឆ្នេរ​សមុទ្រ​រហូត​ដល់​ក្រុង​សេលើស៊ី មក​កាន់​កាប់។ ព្រះ​រាជា​មាន​គម្រោង​ការ​ប្រឆាំង​នឹង​ព្រះ​បាទ​អឡិច​សង់ ទ្រង់​ចាត់​រាជ​ទូល​ទៅ​គាល់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ដើម្បី​ទូល​ថា៖ «សូម​ព្រះ​ករុណា​យាង​មក​ចុះ​សន្ធិ​សញ្ញា​ជាមួយ​គ្នា។ យើង​នឹង​លើក​បុត្រី​របស់​យើង ដែល​ជា​អហេសី​របស់​ព្រះ​បាទ​អឡិច​សង់​សព្វ​ថ្ងៃ​នេះ ឲ្យ​ធ្វើ​ជា​មហេសី​ព្រះ​ករុណា ហើយ​ព្រះ​ករុណា នឹង​គ្រង​រាជ្យ​លើ​រាជា​ណាចក្រ​របស់​បិតា​ព្រះ​ករុណា​វិញ។ ១០យើង​សោក​ស្តាយ​ណាស់ ដោយ​បាន​បុត្រី​របស់​យើង​ថ្វាយ​ព្រះ​បាទ​អឡិច​សង់ ព្រោះ​ទ្រង់​បម្រុង​ធ្វើ​គុត​យើង»។ ១១ព្រះ​បាទ​ផ្ទូលេមេ​ចោទ​ប្រកាន់​ព្រះ​បាទ​អឡិច​សង់ ព្រោះ​ចង់​ដណ្ដើម​យក​រាជា​ណាចក្រ របស់​ព្រះ​បាទ​អឡិច​សង់។ ១២ព្រះ​រាជា​ដណ្ដើម​យក​បុត្រី​ពី​ព្រះ​បាទ​អឡិច​សង់ ហើយ​លើក​ឲ្យ​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស។ ព្រះ​រាជា​ប្តូរ​ហឫ​ទ័យ បែក​ពី​ព្រះ​បាទ​អឡិច​សង់ ហើយ​ស្ដេច​ទាំង​ពីរ​ក៏​ក្លាយ ទៅ​ជា​សត្រូវ​នឹង​គ្នា​វិញ។ ១៣ព្រះ​បាទ​ផ្ទូលេមេ​យាង​ចូល​ក្រុង​អន់​ទីយ៉ូក ហើយ​តាំង​ខ្លួន​ជា​ស្ដេច​ស្រុក​អាស៊ី​ហើយ​គ្រង​រាជ្យ​លើ​ស្រុក​អេស៊ីប​ផង និង​ស្រុក​អាស៊ី​ផង។ ១៤នៅ​ពេល​នោះ ព្រះ​បាទ​អឡិច​សង់​គង់​នៅ​ស្រុក ស៊ីលីស៊ី ដើម្បី​បង្ក្រាប​ប្រជា​ជន​បះបោរ​ក្នុង​តំបន់​នោះ។ ១៥កាល​ព្រះ​បាទ​អឡិច​សង់​ ជ្រាប​ហេតុ​ការណ៍​ទាំង​ប៉ុន្មាន​ដែល​ព្រះ​បាទ​ផ្ទូលេមេ​បាន​ប្រព្រឹត្ត​នោះ ទ្រង់​ក៏​យាង​ទៅ​ប្រយុទ្ធ​នឹង​ព្រះ​បាទ​ផ្ទូលេមេ។ ប៉ុន្តែ ព្រះ​បាទ​ផ្ទូលេមេ នាំ​កង​ទ័ព​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា មក​ច្បាំង​ជាមួយ​នឹង​កង​ទ័ព​ព្រះ​បាទ អឡិច​សង់​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព​អស់។ ១៦ព្រះ​បាទ​អឡិច​សង់​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អារ៉ាប៊ី ហើយ​ព្រះ​បាទ​ផ្ទូលេមេ​ក៏​ទទួល​ជ័យ​ជម្នះ។ ១៧ជន​ជាតិ​អារ៉ាប់​ម្នាក់​ឈ្មោះ​សាប​ឌីអែល កាត់​ក​ព្រះ​បាទ​អឡិច​សង់ ហើយ​បញ្ជូន​ព្រះ​សិរសារ ទៅ​ថ្វាយ​ព្រះ​បាទ​ផ្ទូលេមេ។ ១៨ពីរ​ថ្ងៃ​ក្រោយ​មក ព្រះ​បាទ​ផ្ទូលេមេ​ក៏​សោយ​ទិវង្គត​លើ​សមរភូមិ​ដែរ​ ហើយ​ប្រជា​ជន​នាំគ្នា​កាប់​សម្លាប់​ពល​ទាហាន​ទាំង​ប៉ុន្មាន ដែល​ដាក់​រាយ​តាម​ក្រុង​នានា។ ១៩ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ឡើង​សោយ​រាជ្យ​នៅ​ឆ្នាំ​១៦៧។

ព្រះបាទដេម៉េទ្រីយ៉ូសទី ២ ប្រទានអភ័យឯកសិទ្ធសាជាថ្មី
២០នៅ​គ្រា​នោះ​ លោក​យ៉ូណាថាន​ប្រមូល​ជន​ជាតិ​យូដា ដើម្បី​ទៅ​វាយ​ប្រហារ​បន្ទាយ​នៅ​ក្រុង​យេរូ​សាឡឹម។ ពួក​គេ​ធ្វើ​គ្រឿង​សឹក​ជាច្រើន​សម្រាប់​វាយ​សម្រុក​ចូល​បន្ទាយ​នោះ។ ២១ប៉ុន្តែ​ជន​ពាល ខ្លះ​ដែល​ស្អប់​ជាតិ​សាសន៍​របស់​ខ្លួន នាំគ្នា​ទៅ​គាល់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ទូល​ថា៖ «លោក​យ៉ូណាថាន​កំពុង​ឡោម​ព័ទ្ធ​បន្ទាយ ក្រុង​យេរូ​សាឡឹម ហើយ»។ ២២ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​បាទ​ដេម៉ូ​ទ្រីយ៉ូស​ពិរោធ ហើយ​យាង​ទៅ​ក្រុង​ផ្ទោ​ឡេ​ម៉ៃស៍​ភ្លាម។ ព្រះ​រាជា​សរសេរ​សារ​មួយ​ច្បាប់​ជូន​លោក​យ៉ូណាថាន ព្រម​ទាំង​បញ្ជា​ឲ្យ​លោក​ដក​ទ័ព​ដែល​កំពុង​ឡោម​ព័ទ្ធ​ក្រុង​យេរូ​សាឡឹម ហើយ​មក​ក្រុង​ផ្ទោឡេ​ម៉ៃស៍ ដើម្បី​ពិភាក្សា​ជា​ប្រញាប់។ ២៣កាល​លោក​យ៉ូណាថាន​ទទួល​ដំណឹង​នេះ លោក​បញ្ជា​ឲ្យ​កង​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​នោះ​តទៅ​ទៀត។ លោក​ជ្រើស​រើស​ព្រឹទ្ធា​ចារ្យ​ខ្លះ​នៃ​ប្រជា​ជន​អ៊ីស្រា​អែល និង​បូជា​ចារ្យ​ខ្លះ ហើយ​គាត់​សុខ​ចិត្ត​ប្រថុយ​ជីវិត​ជាមួយ ២៤លោក​ទៅ​គាល់​ស្ដេច​នៅ​ក្រុង​ផ្ទោឡេ​ម៉ៃស៍ ដោយ​នាំ​យក​ប្រាក់ មាស សម្លៀក​បំពាក់ និង​ជំនូន​ជាច្រើន​ទៅ​ជាមួយ​ផង។ លោក​យ៉ូណាថាន បាន​ទទួល​ការ​ប្រណី​សន្តោស​ពី​ព្រះ​បាទ​ដេម៉េទ្រី​យ៉ូស។ ២៥ជន​ពាល​ឥត​សាសនា​ខ្លះ​នៃ​ជាតិ​សាសន៍របស់លោក ខិត​ខំ​ចោទ​ប្រកាន់​លោក​យ៉ូណាថាន ចំពោះ​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ២៦ប៉ុន្តែ ព្រះ​រាជា​នៅ​តែ​ប្រព្រឹត្ត​ចំពោះ​លោក​ដូច​ស្ដេច​មុនៗ​ដែរ ហើយ​លើក​កិត្តិ​យស​របស់​លោក​យ៉ូណាថាន នៅ​ចំពោះ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​អស់។ ២៧ព្រះ​រាជា​បញ្ជាក់​ថា៖ «លោក​យ៉ូណាថាន​នៅ​តែ​ជា​មហា​បូជា​ចារ្យ ហើយ​មុខងារ​និង​កិត្តិ​យស​ទាំង​ប៉ុន្មាន​ដែល​លោក​ធ្លាប់​ទទួល​ពីមុនៗ​មក រក្សា​ទុក​ដដែល»។ ទ្រង់​ក៏​តែង​តាំង​លោក​ជាមិត្ត​ម្នាក់​ក្នុង​ចំណោម​មិត្ត​សំឡាញ់​ទាំង​ប៉ុន្មាន នៃ​ព្រះ​រាជា​ដែរ។ ២៨លោក​យ៉ូណាថាន​ ទូល​សុំ​ព្រះ​រាជា​មេត្រា​ប្រោស​ប្រជា​ជន​នៅ​ស្រុក​យូដា និង​តំបន់​ទាំង​បី​របស់​ស្រុក​សាម៉ារី​មិន​ឲ្យ​បង់​ពន្ធ​អាករ​ ដោយ​សន្យា​ថា​នឹង​ថ្វាយ​ប្រាក់​ប្រាំបី​រយ​តោន។ ២៩ព្រះ​រាជា​យល់​ព្រម ហើយ​សរសេរ​សារ​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​យ៉ូណាថាន​មាន​សេចក្ដី​ដូច​តទៅ៖

«៣០យើង​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ជម្រាប​មក​លោក​យ៉ូណាថាន​ជា​ប្អូន និង​ជន​ជាតិ​យូដា សូម​ជ្រាប។៣១យើង​បាន​ចម្លង​លិខិត​ដែល​យើង​សរសេរ ផ្ញើ​ជូន​សម្ដេច​ឡាសថែន ជា​ញាតិ​វង្ស​របស់​យើង ជូន​លោក​ជ្រាប​ជា​ពត៌មាន។ ៣២ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស សូម​ជម្រាប​មក​សម្ដេច​ឡាសថែន​ជា​បិតា។ ៣៣យើង​សម្រេច​ថា​នឹង​ប្រោស​ប្រណី​ ដល់​ជន​ជាតិ​យូដា​ជា​មិត្ត​របស់​យើង ដែល​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​យើង។ ៣៤យើង​សូម​បញ្ជាក់​ថា គេ​មាន​សិទ្ធ​កាន់​កាប់​ស្រុក​យូដា និង​តំបន់​ទាំង​បី គឺ​តំបន់អផេរម៉ា លីដា និង​រ៉ាម៉ាថាអ៊ីម។ យើង​ដក​តំបន់​ទាំង​បី​នេះ​ពី​ស្រុក​សាម៉ារី ជាមួយ​ទឹក​ដី​ដែល​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន បញ្ចូល​ក្នុង​ស្រុក​យូដា ដើម្បី​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ​បូជា​នៅ​ក្រុង​យេរូ​សាឡឹម។ ជន​ជាតិ​យូដា​មិន​ត្រូវ​បង់​ពន្ធ​អាករ​ប្រចាំ​ឆ្នាំ លើ​ផល​ស្រែ​ចំការ និង​ដើម​ឈើ​ ថ្វាយ​ព្រះ​រាជា​ទេ។ ៣៥យើង​អនុ​គ្រោះ​លែង​ទាម​ទារ​ប្រាក់​មួយ​ភាគ​ដប់ និង​ពន្ធ​ផ្សេង​ដែល​ត្រូវ​បង់​ឲ្យ​យើង ទាំង​ពន្ធ​ស្រែ​អំបិល និង​ពន្ធ​មកុដ​ដែរ គឺ​តាំង​ពី​ពេល​នេះ​តទៅ យើង​លែង​ទាម​ទារ​អ្វី​ទាំង​អស់។ ៣៦ត្រូវ​អនុវត្តន៍​តាម​សេចក្ដី​សម្រេច​ដែល​មាន​ចែង​នៅ​ក្នុង​រាជា​សារ​នេះ តាំង​ពី​ពេល​នេះ​រហូត​តរៀង​ទៅ​ជា​កំហិត។ សូម​សម្ដេច​យក​ចិត្ត​ទុក​ដាក់​ចម្លង​រាជ​សារ​នេះ ប្រគល់​ជូន​លោក​យ៉ូណាថាន ដើម្បី​បិទ នៅ​លើ​ភ្នំ​ដ៏​វិសុទ្ធ​ឲ្យ​គេ​ឃើញ​គ្រប់ៗ​គ្នាផង»។

លោកយ៉ូណាថានជួយ​ព្រះបាទដេម៉េទ្រីយ៉ូសទី ២​ នៅក្រុងអន់ទីយ៉ូក
៣៨នៅ​សម័យ​នោះ ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ឈ្វេង​យល់​ថា រាជា​ណាចក្រ​ប្រកប​ដោយ​សេចក្ដី សុខ​សាន្ត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន ហើយ​គ្មាន​នរណា​ជំទាស់​ប្រឆាំង​នឹង​អំណាច​របស់​ទ្រង់​ឡើយ។ ដូច្នេះ​ស្ដេច​រំសាយ​កង​ទ័ព​ទាំង​មូល គឺ​ឲ្យ​ទាហាន​ត្រឡប់​ទៅ​ស្រុក​រៀងៗ​ខ្លួន លើក​លែង​តែ​កង​ទ័ព​បរទេស​ដែល​ជួល​មក​ពី​បណ្តា​កោះ​ក្រែត​ប៉ុណ្ណោះ។ ហេតុនេះ​ហើយ កង​ទ័ព​ដែល​ធ្លាប់​បំរើ​ស្ដេច​មុនៗ​អាក់​អន់​ចិត្ត​ហើយ​ស្អប់​ស្ដេច។ ៣៩លោក​ទ្រីផូន​ដែល​ធ្លាប់​បំរើ​ព្រះ​បាទ​អឡិច​សង់​យល់​ឃើញ​ថា កង​ទ័ព​ទាំង​មូល​រអ៊ូរទាំ​ប្រឆាំង​នឹង​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស។ លោក​ក៏​ទៅ​ជួប​លោក​យ៉ាំលីកូស ជា​ជន​ជាតិ​អារ៉ាប់​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ ក្នុង​ការ​អប់រំ​ព្រះ​បាទ​អន់ទី​យ៉ូគូស ជា​បុត្រា​ពៅ​របស់​ព្រះ​បាទ​អឡិច​សង់។ ៤០លោក​ទ្រីផូន​ចេះ​តែ​បង្ខំ​លោក​យ៉ាំលីកូស​ឲ្យ​លើក​រាជ​កុមារ​នេះ ឡើង​សោយ​រាជ្យ​ស្នង​ពី​បិតា។ លោក​ក៏​រៀប​រាប់​អំពី​សេចក្ដី​សម្រេច​ទាំង​អស់​របស់​ព្រះ​បាទ ដេម៉េ​ទ្រីយ៉ូស និង​អំពើ​របស់​ទ័ព​ទាំង​អស់​ដែល​ស្អប់​ស្ដេច។ លោក​ស្នាក់​នៅ​ទីនោះ​ជា​យូរ​ថ្ងៃ។

៤១លោក​យ៉ូណាថាន​ទូល សូម​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ឲ្យ​ដក​កង​ទ័ព​របស់​ទ្រង់​ ចេញ​ពី​បន្ទាយ​ក្រុង​យេរូ​សាឡឹម និង​ពី​បន្ទាយ​នានា ដ្បិត​កង​ទ័ព​ទាំង​នោះ​នៅ​តែ​ច្បាំង នឹង​ជន​ជាតិ​អ៊ីស្រា​អែល។ ៤២ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ឆ្លើយ​តប​ទៅ​វិញ​ថា៖​«យើង​មិន​គ្រាន់​តែ​ធ្វើ​តាម​សំណូម​ពរ​នេះ ​ដើម្បី​លោក និង ប្រជា​ជន​របស់​លោក​ប៉ុណ្ណោះ​ទេ​ បើ​ឱកាស​ហុច​ឲ្យ​យើង​ នឹង​លើក​កិត្តិ​យស​របស់​លោក និង​ប្រជា​ជាតិ​របស់​លោក​ថែម​ទៀត​ផង។ ៤៣ឥឡូវ​នេះ សូម​លោក​បញ្ជូន​កង​ទ័ព​មក​ដើម្បី​រួម​ប្រយុទ្ធ​នឹង​ខាង​យើង ព្រោះ​កង​ទ័ព​យើង​រត់​បាត់​អស់​ហើយ»។ ៤៤លោក​យ៉ូណាថាន​បញ្ជូន​កង​ទ័ព​ខ្លាំង​ពូកែ ចំនួន​បីពាន់​នាក់ មក​ថ្វាយ​ស្ដេច​នៅ​ក្រុង​អន់ទីយ៉ូក។ នៅ​ពេល​ពួក​គេ​បាន​មក​ដល់ ព្រះ​រាជា​មាន​ព្រះ​ទ័យ​រីក​រាយ​យ៉ាង​ក្រៃ​លែង។ ៤៥មាន​ប្រជា​ជន​ប្រមាណ​ដប់​ម៉ឺន​នាក់​ជួប​ជុំគ្នា​នៅ​កណ្តាល​ទីក្រុង​នោះ បម្រុង​នឹង​ធ្វើ​គុត​ព្រះ​រាជា ៤៦ហើយ​ទ្រង់​ក៏​គេច​ខ្លួន​ទៅ​ក្នុង​រាជ​វាំង​ក្នុង​ពេល​ដែល​អ្នក​ក្រុង​ចេញ​មក​កុះ​ករ​តាម​ផ្លូវ ហើយ​ការ​ប្រយុទ្ធ​ក៏​ចាប់​ផ្ដើម។ ៤៧ព្រះ​រាជា​ហៅ​កង​ទ័ព​យូដា​ឲ្យ​មក​ជួយ។ ពួក​គេ​ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ​ស្ដេច រួច​ចេញ​ចូល​ពាស​ពេញ​ក្នុង​ក្រុង ហើយ​សម្លាប់​ប្រជា​ជន​ប្រហែល​ដប់​ម៉ឺន​នាក់​នៅ​ថ្ងៃ នោះ។ ៤៨ពួក​គេ​ដុត​ទីក្រុង​រឹប​អូស​យក​ជយ​ភណ្ឌ​ជាច្រើន ហើយ​សង្គ្រោះ​ព្រះ​រាជា​នៅ​ថ្ងៃ​នោះ​ដែរ។ ៤៩ប្រជា​ជន​ក្នុង​ក្រុង​ឃើញ​ថា ពួក​យូដា​កាន់​កាប់​ក្រុង​ទាំង​មូល ហើយ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​របស់​គេ ពួក​គេ​ក៏​ធ្លាក់​ទឹក​ចិត្ត​ហើយ​ស្រែក​ទូល​អង្វរ​ព្រះ​រាជា​ដូច​តទៅ៖ ៥០«សូម​ព្រះ​ករុណា​អត់​ទោស​ឲ្យ​យើងខ្ញុំ និង​ប្រោស​ប្រទាន​សន្តិ​ភាព​ឲ្យ​យើង​ខ្ញុំ​ផង សូម​ឲ្យ​ពួក​យូដា​ឈប់​ប្រយុទ្ធ​នឹង​យើង​ខ្ញុំ ព្រម​ទាំង​ទីក្រុង​ផង!»។ ៥១ពួក​បះ​បោរ​ទម្លាក់​អាវុធ ហើយ​សូម​សន្តិ​ភាព។ ព្រះ​រាជា​និង​ប្រជា​ជន​ដែល​រស់​នៅ ក្នុង​រាជា​ណាចក្រ​ទាំង​មូល​នាំគ្នា​លើក​តម្កើង​កិត្តិ​យស​របស់​ជន​ជាតិ​យូដា។ ក្រោយ​ពី​មាន​ឈ្មោះ​ល្បី ដូច្នេះ​ជន​ជាតិ​យូដា​វិល​ត្រឡប់​មក​ក្រុង​យេរូ​សាឡឹម​វិញ ទាំង​នាំ​យក​ជយ​ភណ្ឌ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ មក​ជាមួយ​ផង។ ៥២ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ​បាន​ពង្រឹង​អំណាច​របស់​ខ្លួន ហើយ​ស្រុក​ក៏​មាន​សេចក្ដី​សុខ​សាន្ត។ ៥៣ប៉ុន្តែ ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ពុំ​​បាន​កាន់​តាម​ពាក្យ​សន្យា​ទាំង​ប៉ុន្មាន​របស់​ខ្លួន ហើយ​ដូរ​ព្រះ​ហឫ​ទ័យ​បែរ​ទៅ​ប្រឆាំង​នឹង​លោក​យ៉ូណាថាន​វិញ។ ព្រះ​រាជា​ភ្លេច​ពី​ឧបការ​គុណ​ដែល លោក​យ៉ូណាថាន​បាន​ធ្វើ​ដើម្បី​បំរើ​ស្ដេច ហើយ​ធ្វើ​បាប​លោក​គ្រប់​បែប​យ៉ាង។

លោកយ៉ូណាថាន​គាំទ្រព្រះបាទអន់ទីយ៉ូគូសទី ៦
៥៤ក្រោយមក លោក​ទ្រីផូន​វិល​ត្រឡប់​មក​វិញ​ជាមួយ​រាជ​កុមារ​អន់ទី​យ៉ូគូស ហើយ​លើក​រាជ្យ​កុមារ​ឲ្យ​ឡើង​សោយ​រាជ្យ។ ៥៥កង​ទ័ព​ទាំង​ប៉ុន្មាន​ដែល​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​បាន​រំសាយ​ពីមុន​នោះ មក​ជួប​ជុំគ្នា​ជាមួយ​លោក​ទ្រីផូន ហើយ​វាយ​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស។ ព្រះ​រាជា​បរាជ័យ ហើយ​បាក់​ទ័ព​រត់​អស់។ ៥៦លោក​ទ្រីផូន​ចាប់​ដំរី​ចម្បាំង​ជា​ច្រើន​ក្បាល ហើយ​ដណ្ដើម​យក​ក្រុង​អន់ទី​យ៉ូក​បាន។ ៥៧រាជ​កុមារ​អន់ទី​យ៉ូស​​​​គូស​សរសេរ​រាជ​សារ​មួយ​ច្បាប់​ជូន​លោក​យ៉ូណាថាន មាន​សេចក្ដី​ដូច​តទៅ៖ «យើង​ទទួល​ស្គាល់​លោក ទុក​ជា​មហា​បូជា​ចារ្យ​ដដែល។ យើង​តែង​តាំង​លោក​  ឲ្យ​គ្រប់​គ្រង​តំបន់​ទាំង​បួន ហើយ​ចាត់​ទុក​លោក ជា​មិត្ត​របស់​ស្ដេច​ដែរ»។ ៥៨ព្រះ​រាជា​ប្រទាន​ភាជន៍​មាស និង​គ្រឿង​ប្រើ​ប្រាស់​ក្នុង​ពិធី​ជប់​លៀង​ជូន​លោក​ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​លោក​ពិសា​ស្រា​ក្នុង​ពែង​មាស ហើយ​ឲ្យ​ពាក់​អាវ​ព៌ណ​ស្វាយ​របស់​ស្ដេច និង​ក្លាស់​មាស​ផង។ ៥៩ព្រះ​រាជា​តែង​តាំង​លោក​ស៊ីម៉ូន ជា​បង​របស់​លោក​យ៉ូណាថាន ឲ្យ​ធ្ចើ​ជា​ឧបរាជ​ត្រួត​ត្រា​តំបន់​តាម​ឆ្នេរ​សមុទ្រ ចាប់​ពី​ភ្នំ​ក្បែរ​ក្រុង​ទីរ៉ុស រហូត​ទៅ ដល់​ព្រំ​ប្រទល់​ស្រុក​អេស៊ីប។ ៦០លោក​យ៉ូណាថាន​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក នៅ​ខាង​នាយ​ទន្លេ​អឺប្រាត​ដោយ​កាត់​តាម​ទីក្រុង​នានា។ កង​ទ័ព​ស្រុក​ស៊ីរី​ទាំង​អស់​ចូល​រួម​ជាមួយ​លោក។ លោក​ទៅ​ដល់​ក្រុង​អាស្កា​ឡូន ហើយ​ប្រជា​ជន​ក្រុង​នោះ​អបអរ​សាទរ​ទទួល​លោក​យ៉ាង​អធិក​អធម។ ៦១លោក​ចាក​ចេញ​ពី​ទីនោះ​ ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​កាសា ប៉ុន្តែ អ្នក​ក្រុង​នេះ​បិទ​ទ្វារ​មិន​ព្រម​ទទួល​លោក។ ដូច្នេះ​លោក​ក៏​ឡោម​ព័ទ្ធ​ក្រុង​នោះ ដុត​តំបន់​ដែល​នៅ​ជុំវិញ​ចោល ហើយ​រឹប​អូស​យក​ជយ​ភណ្ឌ ពី​តំបន់​នោះ​ផង។ ៦២អ្នក​ក្រុង​កាសា​អង្វរ​លោក​យ៉ូណាថាន។ លោក​ក៏​អត់​ទោស​ឲ្យ​ពួក​គេ ប៉ុន្តែ​លោក​ចាប់​កូន​ប្រុស​របស់​មេ​ដឹក​នាំ​ទាំង​នោះ​ យក​ទៅ​ក្រុង​យេរូ​សាឡឹម​ជា​ថ្នូរ។ បន្ទាប់​មក លោក​បន្ត​ដំណើរ​កាត់​តាម​តំបន់​នោះ​ រហូត​ដល់​ក្រុង​ដាម៉ាស។

៦៣លោក​យ៉ូណាថាន​ទទួល​ដំណឹង​ថា មេទ័ព​របស់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស មក​ក្រុង​គេដេស​ក្នុង ស្រុក​កាលី​ឡេ ​ដោយ​នាំ​កង​ទ័ព​ជា​ច្រើន​មក​ជាមួយ​ផង ដើម្បី​ទម្លាក់​គាត់​ពី​មុខ​តំណែង។ ៦៤លោក​ទុក​ឲ្យ​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក​នៅ​គ្រប់​គ្រង​ត្រួត​ត្រា​ស្រុក​យូដា ហើយ​លោក​ចេញ​ទៅ​ច្បាំង​ជាមួយ​ពួក​គេ។ ៦៥លោក​ស៊ីម៉ូន​បោះ​ទ័ព​នៅ​មុខ​ក្រុង​បេតសួរ​ទាំង​ឡោម​ព័ទ្ធ​ ហើយ​វាយ​ប្រហារ​ក្រុង​នេះ ជា​យូរ​ថ្ងៃ។ ៦៦អ្នក​ក្រុង​នោះ​ចរចា​សុំ​សន្តិ​ភាព ហើយ​លោក​ស៊ីម៉ូន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ពួក​គេ។ ប៉ុន្តែ លោក​សូម​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​ក្រុង ដើម្បី​លោក​ចូល​ទៅ​កាន់​កាប់ និង​ដាក់​កង​ទ័ព​នៅ​ក្រុង​នោះ។ ៦៧រីឯ​លោក​យ៉ូណាថាន និង​កង​ទ័ព​របស់​លោក​បោះ​ទ័ព​នៅ​ក្បែរ​បឹង​កេណេ​សារ៉ែត។ លុះ​ព្រឹក​ស្អែក​ឡើង ពួក​គេ​ទៅ​ដល់​វាល​ទំនាប​ហាសូរ។ ៦៨កង​ទ័ព​របស់​ជន​បរទេស​កំពុង​ធ្វើ​ដំណើរ​មក​វាយ​លោក​នៅ​ទី​វាល​នេះ​ដែរ ពួក​គេ​បាន​បង្កប់​ទ័ព​មួយ​ក្រុម​នៅ​តាម​ភ្នំ ចាំ​ពួន​ស្ទាក់​វាយ​ប្រ​ហារ​លោក។ ៦៩លោក​យ៉ូណាថាន និង​កង​ទ័ព​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ ពេល​នោះ​កង​ទ័ព​ដែល​ពួន ស្ទាក់​ក៏​ស្ទុះ​ចេញ​មក​វាយ​ប្រហារ​លោក។ ៧០កង​ទ័ព​របស់​លោក​យ៉ូណាថាន​បាក់​ទ័ព​រត់​គ្មាន​សល់​ម្នាក់​សោះ​ លើក​លែង​តែ​មេទ័ព​ពីរ​នាក់ គឺ​លោក​ម៉ាថា​ធឺយ៉ាស​ជា​កូន​របស់​លោក​អាប់​សាឡុម និង​លោក​យូដា​ជា​កូន​របស់​លោក​ខាលភី។ ៧១លោក​យ៉ូណា​ថាន​ហែក​សម្លៀក​បំពាក់​របស់​លោក រោយ​ដី​នៅ​លើ​ក្បាល ហើយ​ទូល​អង្វរ​ព្រះ​ជាម្ចាស់។ ៧២បន្ទាប់​មក លោក​ប្រយុទ្ធ​នឹង​សត្រូវ ហើយ​ធ្វើ​ឲ្យ​សត្រូវ​បាក់​ទ័ព​រត់​អស់។ ៧៣ឃើញ​ដូច្នេះ កង​ទ័ព​ដែល​បាក់​ទ័ព​រត់​ចោល​លោក​នោះ​ក៏​វិល​ត្រឡប់ មក​រក​លោក​វិញ ដេញ​តាម​ពួក​សត្រូវ​រហូត​ដល់​ជំរំ​របស់​ពួក​គេ​នៅ​កេ​ដែស ហើយ​កង​ទ័ព​របស់​លោក​យ៉ូណាថាន​ក៏​បោះ​ជំរំ​នៅ​ទីនោះ​ដែរ។ ៧៤នៅ​ថ្ងៃ​នោះ ទាហាន​បរទេស​ប្រមាណ​បីពាន់​នាក់​ស្លាប់​លើ​សមរភូមិ។ លោក​យ៉ូណាថាន​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ​សាឡឹម​វិញ។