ម៉ាកាបាយ (១០)

ព្រះបាទអឡិចសង់បាឡាស​តែងតាំង​លោកយ៉ូណាថាន​ជាមហាបូជាចារ្យ
នៅ​ឆ្នាំ ១៦០ ព្រះ​បាទ​អឡិច​សង់​អេពី​ផាន ជា​បុត្រ​ព្រះ​បាទ​អន់ទី​យ៉ូគូស ធ្វើ​ដំណើរ​តាម​សំពៅ ហើយ​សំចត​ក្បែរ​ក្រុង​ផ្ទោឡេ​ម៉ៃស៍ រួច​វាយ​ដណ្ដើម​យក​ក្រុងនោះ។ ប្រជា​ជន​អបអរ​សាទរ​ហើយ​តែង​តាំង លោក​ជា​ស្ដេច​របស់​ពួក​គេ​ផង។ កាល​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ជ្រាប​ដំណឹង​នេះ លោក​ប្រមូល​កង​ទ័ព​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា ហើយ​យាង​ចេញ​ទៅ​ច្បាំង​នឹង​ព្រះ​បាទ​អឡិចសង់​នោះ។ ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ផ្ញើ​សារ​មួយ​ច្បាប់ ជូន​លោក​យ៉ូណាថាន​សុំ​សន្តិ​ភាព ដោយ​សន្យា​ជាច្រើន​ជាមួយ​លោក​ផង។ ព្រះ​រាជា​ឈ្វេង​យល់​ថា៖ «យើងត្រូវ​ចុះ​សន្ធិ​សញ្ញា​សន្តិ​ភាព​ជាមួយ​ពួក​យូដា​យ៉ាង​ប្រញាប់ ក្រែង​ពួក​គេ​រួប​រួម​ជាមួយ​ព្រះ​បាទ​អឡិច​សង់ ប្រឆាំង​នឹង​យើង។ នៅ​ពេល​នោះ លោក​​​​​​​​​​​​​យ៉ូណាថាន​មុខ​ជា​នឹក​គិត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ ដែល​យើង​បាន​ធ្វើ​ដល់​លោក ដល់​បង​ប្អូន​លោក និង​ជន​ជាតិ​លោក​មិន​ខាន»។ ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​អនុញ្ញាត ឲ្យ​លោក​យូណា​ថាន​កេណ្ឌ​ទ័ព និង​គ្រឿង​សស្រ្តា​វុធ ព្រម​ទាំង​ធ្វើ​ទៅ​ជា​សម្ព័ន្ធ​មិត្ត​របស់​ទ្រង់​ផង។ ព្រះ​រាជា​ចេញ​បញ្ជា​ឲ្យ​ដោះ​លែង អស់​អ្នក​ដែល​ព្រះ​អង្គ​ចាប់​យក​ជា​ចំណាប់​ខ្មាំង ហើយ​ឃុំ​ឃាំង​ក្នុង​បន្ទាយ​ក្រុង​យេរូ​សាឡឹម​ប្រគល់ ឲ្យ​លោក​យូណាថាន​វិញ។ ពេល​នោះ លោក​យ៉ូណាថាន​អញ្ជើញ​ទៅ​ដល់​ក្រុង​យេរូ​សាឡឹម ហើយ​អាន​សារ​នៅ​ចំពោះ​មុខ​ប្រជា​ជន​ទាំង​​​​មូល និង​ឲ្យ​ពល​ទាហាន​នៅ​ក្នុង​បន្ទាយ​ស្តាប់។ ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង​ដោយ​ឮ​ថា ព្រះ​ករុណា​អនុញ្ញាត​ឲ្យ លោក​យ៉ូណាថាន​ប្រមូល​កង​ទ័ព។ ពួក​ទាហាន​នៅ​ក្នុង​បន្ទាយ ប្រគល់​អ្នក​ដែល គេ​ចាប់​ទុក​ជា​ថ្នូរ​ឲ្យ​ទៅ​លោក​យ៉ូណាថាន ហើយ​លោក​ក៏​ប្រគល់​ឲ្យ​ពួក​គេ ឲ្យ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន​ដែរ។ ១០លោក​យ៉ូណាថាន​តាំង​ទី​លំនៅ​ក្នុង​ក្រុង​យេរូ​សាឡឹម ហើយ​ចាប់​ផ្ដើម​ជួស​ជុល និង​សង់​ក្រុង​នេះ​ឡើង​វិញ។ ១១លោក​បង្គាប់​ឲ្យ​មេជាង​សង់​កំពែង និង​យក​ថ្ម​ដាប់​ធ្វើ​ជា​កំពែង​ការពារ ជុំវិញ​ភ្នំ​ស៊ីយ៉ូន​ផង។ ពួក​មេ​ជាង​ក៏​ធ្វើ​តាម​បញ្ជា​របស់​លោក​ដែរ។ ១២ពួក​សាសន៍​ដទៃ​ដែល​រស់​នៅ ក្នុង​ក្រុង​នានា ដែល​លោក​បាកឃី​ដែស​បាន​សង់​នោះ រត់​បាត់​អស់​ទៅ ១៣គឺ​ពួក​គេ​បោះ​បង់​កន្លែង​របស់​ខ្លួន ហើយ​វិល​ទៅ​កាន់​ស្រុក​រៀងៗ​ខ្លួន​វិញ។ ១៤ប៉ុន្តែ នៅ​ក្រុង​បេតសួរ គេ​ទុក​ជន​ជាតិ​យូដា​ខ្លះ​ដែល​បោះ​បង់​ចោល​វិន័យ និង​បទ​បញ្ជា​របស់​លោក​ម៉ូសេ​ឲ្យ​នៅ​ក្នុង​ក្រុង ព្រោះ​ក្រុង​នេះ​ជាទី​ជំរក​របស់​លោក​គេ។

១៥ព្រះ​បាទ​អឡិច​សង់​ជ្រាប​អំពី​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ចំពោះ​លោក​យ៉ូណា​ថាន។ មាន​គេ​ទូល​រៀប​រាប់​អំពី​ការ​ធ្វើ​សង្គ្រាម និង​សេចក្ដី​អង់​អាច​ក្លាហាន​របស់​លោក​យ៉ូណា​ថាន និង​បង​ប្អូន​របស់​លោក ព្រម​ទាំង​ទុក្ខ​វេទនា​របស់​ពួក​គេ​ផង។ ១៦ព្រះ​រាជា​មាន​រាជ​ឱង្ការ​ថា៖ «យើង​មិន​អាច​រក​នរណា​ម្នាក់​ដូច​លោក​យ៉ូណា​ថាន​ទេ! យើង​ត្រូវ​តែ​ចង​មិត្ត​ភាព និង​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​លោក​ចាប់​ពី​ពេល​នោះ​ទៅ»។ ១៧ព្រះ​រាជា​សរសេរ​រាជ​សារ​មួយ​ច្បាប់​ ជូន​លោក​យ៉ូណាថាន មាន​សេចក្ដី​ដូច​តទៅ៖​ ១៨«ព្រះ​បាទ​អឡិច​សង់​ជម្រាប​មក​លោក​យ៉ូណាថាន​ ជា​បង​ប្អូន សូម​ជ្រាប។ ១៩យើង​ឮ​គេ​ពោល​ថា លោក​ជា​វីរ​ជន​មួយ​រូប​ប្រកប​ដោយ​សេចក្ដី​ក្លាហាន គួរ​ធ្វើ​ជា​មិត្ត​របស់​យើង។ ២០ហេតុនេះ​ហើយ តាំង​ពី​ថ្ងៃ​នេះ យើង​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​មហា​បូជា​ចារ្យ សម្រាប់​ជាតិ​របស់​លោក​រហូត​តទៅ។ យើង​ប្រគល់​ឲ្យ​លោក​មាន​ឋានៈ​ជា​មិត្ត​របស់​ព្រះ​ករុណា​ផង​ដែរ។ លោក​ត្រូវ​គាំទ្រ​យើង និង​នៅ​ជា​មិត្ត​របស់​យើង កាន់​តាម​យើង»។ ព្រះ​រាជា​ប្រទាន​អាវ​ធំ​ព៌ណ​ក្រហម និង​មកុដ​មាស​ឲ្យ​លោក​ផង​ដែរ។

២១លោក​យ៉ូណាថាន​ពាក់​អាវ​ដ៏​សក្ការៈ ជា​មហា​បូជា​ចារ្យ​នៅ​ថ្ងៃ​ទី​​​​​​​​​​៧ ក្នុង​ឆ្នាំ ១៦០ គឺ​ក្នុង​ឱកាស​បុណ្យ​បារាំ។ លោក​ប្រមូល​កង​ទ័ព ហើយ​ផលិត​គ្រឿង​អាវុធ​ជាច្រើន។

ព្រះបាទដេម៉េទ្រីយ៉ូស ប្រទានអភ័យឯកសិទ្ធ​ដល់ជនជាតិយូដា
២២ពេល​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ជ្រាប​រឿង​នេះ​ទ្រង់​ទាស់​ព្រះ​ហឫ​ទ័យ ហើយ​មាន​រាជ​ឱង្ការ​ថា៖ «តើ​យើង​បាន​ប្រព្រឹត្ត​អ្វី​ខុស ទើប​ព្រះ​បាទ​អឡិច​សង់​ទាក់​ទាញ​ជន​ជាតិ​យូដា​ឲ្យ​ស្រលាញ់ និង​គាំទ្រ​គេ​មុន​យើង​ដូច្នេះ! ២៤យើង​និង​ផ្ញើ​សារ​មួយ​ច្បាប់​លើក​ទឹក​ចិត្ត​ពួក​គេ ដោយ​ប្រទាន​ឋានន្តរ​សក្តិ​ដ៏​ខ្ពង់​ខ្ពស់ និង រាជ​អំណាច​ជា​ច្រើន​ដើម្បី​ឲ្យ​ពួក​គេ​គាំទ្រ​យើង!»។ ២៥ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​សរសេរ​រាជ សារ​មាន​សេចក្ដី​ដូច​តទៅ៖ ​«ព្រះ​បាទ​ដេម៉េ​យ៉ូស​ជម្រាប​មក​ជន​ជាតិ​យូដា សូម​ជ្រាប! ២៦យើង​ទទួល​ដំណឹង​ថា អស់​លោក​នៅ​តែ​គោរព​សន្ធិ​សញ្ញា​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា។ អស់​លោក​នៅ​តែ​ជា​មិត្ត​របស់​យើង ហើយ​ក៏​មិន​បាន​ចូល​ដៃ​ជាមួយ​សត្រូវ​របស់​យើង​ដែរ។ ដូច្នេះ យើង​មាន​អំណរ​ជា​ខ្លាំង! ២៧ប្រសិន​បើ​អស់​លោក​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​យើង​តទៅ​ទៀត យើង​នឹង​ប្រទាន​រង្វន់​ដល់​អស់​លោក។ ២៨យើង​នឹង​ឈប់​ឲ្យ​អស់​លោក​បង់​ពន្ធ​អាករ​ជា​ច្រើន ហើយ​យើង​ប្រទាន​អំណោយ​ជា​ច្រើន​ថែម​ទៀត​ផង។ ២៩តាំង​ពី​ថ្ងៃ​នេះ​តទៅ ប្រជា​ជាតិ​យូដា​ទាំង​អស់ មិន​ត្រូវ​បង់​ពន្ធ​អាករ​ប្រចាំ​ឆ្នាំ ពន្ធ​អំបិល ព្រម​ទាំង​មកុដ​មាស​ផង! ៣០ម្យ៉ាង​ទៀត តាំង​ពី​ថ្ងៃ​នេះ​តទៅ យើង​លែង​ទាម​ទារ​មួយ ភាគ​បី​នៃ​ភោគ​ផល​នានា និង​ពាក់​កណ្តាល​ជា​ផ្លែ​ឈើ​ដែល​អស់​លោក​ត្រូវ​ប្រគល់​ឲ្យ​យើង។ យើង​លែង​ទាម​ទារ​ពន្ធ​ទាំង​នោះ​ពី​ស្រុក​យូដា និង​តំបន់​ទាំង​បី​នៃ​ស្រុក​សាម៉ារី ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្រុក​យូដា ព្រម​ទាំង​ស្រុក​កាលី​ឡេ​ផង។ ៣១ក្រុង​យេរូ​សាឡឹម​នឹង​ទៅ​ជា​ក្រុង​ដ៏​វិសុទ្ធ​ទាំង​អ្នក​ក្រុង ទាំង​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ក្រុង​នោះ មិន​ត្រូវ​បង់​ពន្ធ​ដារ និង​តង្វាយ​មួយ​ភាគ​ដប់​នៃ​ភោគ​ផល​ឡើយ។ ៣២យើង​ឈប់​គ្រប់​គ្រង បន្ទាយ​ក្រុង​យេរូ​សាឡឹម ហើយ​ប្រគល់​ក្រុង​នេះ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មហា​បូជា​ចារ្យ​វិញ លោក​អាច​ជ្រើស​រើស​កង​ទ័ព​សម្រាប់​ការពារ​ក្រុង​នេះ​ផង។ ៣៣យើង​នឹង​ដោះ​លែង​ជន​ជាតិ​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​យូដា ទោះបី​នៅ​កន្លែង​ណា​ក៏​ដោយ ក្នុង​រាជា​ណាចក្រ​របស់​យើង​ឲ្យ​មាន​សេរី​ភាព​ដោយ​មិន​បាច់​បង់​ថ្លៃ​លោះ​ខ្លួន​វិញ​ទេ គឺ​ពួក​គេ​រួច​ពី​ពន្ធ​អាករ ទាំង​ខ្លួន​គេ ទាំង​សត្វ​របស់​គេ​ផង។ ៣៤មិន​ត្រូវ​ទារ ពន្ធ​ដារ ឬ​បំណុល​ពី​ជន​ជាតិ​យូដា​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​ក្នុង​រាជា​ណាចក្រ​របស់​យើង នៅ​ថ្ងៃ​ធ្វើ ​ពិធី​ទាំង​ឡាយ​នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​បុណ្យ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​បុណ្យ​ដែល​គេ​ប្រារព្ធ​តាម​ពេល​កំណត់ ក្នុង​កំឡុង​ពេល​បី​ថ្ងៃ​មុន និង​បី​ថ្ងៃ​ក្រោយ​ផង។ ៣៥គ្មាន​នរណា​ម្នាក់​មាន​សិទ្ធ​ទាម​ទារ​ឲ្យ​គេ​បង់​ប្រាក់ ឬ​ធ្វើ​ឲ្យ​គេ​បារម្ភ​អំពី​រឿង​អ្វី​មួយ​នៅ​ថ្ងៃ​ទាំង​នោះ​ឡើយ។ ៣៦គេ​អាច​កេណ្ឌ​ប្រជា​ជន​យូដា​រហូត​ដល់​បី​ម៉ឺន​នាក់​ ឲ្យ​ចូល​បំរើ​កង​ទ័ព​របស់​ព្រះ​រាជា ហើយ​ពួក​គេ​នឹង​ទទួល​ប្រាក់​ខែ ​ដូច​ទាហាន​ឯទៀត ក្នុង​រាជា​ណាចក្រ​ដែរ។ ៣៧ត្រូវ​ចាត់​ពួក​គេ​ខ្លះ​នៅ​ក្នុង​បន្ទាយ​ដ៏​សំខាន់ៗ ត្រូវ​តែង​តាំង​ជន​ជាតិ​យូដា​ខ្លះ​ទៀត ឲ្យ​បំពេញ​មុខ​ងារ​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​រាជា​ណា​ចក្រ។ ត្រូវ​ជ្រើស​រើស​មេ​ដឹក​នាំ និង​មន្ត្រី​របស់​ពួក​គេ ក្នុង​ចំណោម​ជន​ជាតិ​គេ ហើយ​គេ​មាន​សិទ្ធ​គោរព​វិន័យ​របស់​គេ ដូច​ព្រះ​រាជា​បាន​ចេញ​បញ្ជា​សម្រាប់​ស្រុក​យូដា។ ៣៨ចំពោះ​អាណា​ខេត្ត​បី​ដែល​ជន​ជាតិ​យូដា​ដណ្ដើម​យក​ពី​ស្រុក​សាម៉ារី ចូរ​ស្ថិត​នៅ​ចំណុះ​ស្រុក​យូដា និង​ជា​ស្រុក​តែ​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មហា​បូជា​ចារ្យ​តែ​ម្នាក់​ប៉ុណ្ណោះ។

៣៩យើង​ប្រគល់​ក្រុង​ផ្ទោឡេ​ម៉ៃស៍ និង​ទឹក​ដី​ដែល​ជាប់​នៅ​ក្រុង​នេះ ថ្វាយ​ព្រះ​វិហារ​ក្រុង​យេរូ​សាឡឹម ដើម្បី​យក​បច្ច័យ សម្រាប់​ចំណាយ​ក្នុង​ពិធី​បុណ្យ។ ៤០រីឯ​យើង​វិញ យើង​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​ចំនួន​មួយ​ម៉ឺន​ប្រាំ​ពាន់​ណែន​ជា​រៀង​រាល់​ឆ្នាំ​ ពី​រាជ​ទ្រព្យ តាម​ពន្ធ​ដែល​គេ​ប្រមូល​ទុក​នោះ។ ៤១ម្យ៉ាង​ទៀត តាំង​ពី​ពេល​នេះ​តទៅ រាជ​ការ​នឹង​ផ្តល់​ប្រាក់​ដើម្បី​ជុស​ជុល​ព្រះ​វិហារ ជា​ថ្នូរ​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​មុន​បាន​បង់​ពី​ឆ្នាំ​មុនៗ​មក ៤២ហើយ​ផ្តល់​ប្រាក់​ប្រាំ​ពាន់​ណែន​ទៀត​ដែល​រាជ​ការ ធ្លាប់​ទាម​ទារ​ពី​បច្ច័យ​នៃ​ព្រះ​វិហារ​ជា​រៀង​រាល់​ឆ្នាំ​ មក​ក្រុម​បូជា​ចារ្យ​ដែល​បំពេញ​ការ​ងារ​របស់​ខ្លួន។ ៤៣អស់​អ្នក​ដែល​រត់​ទៅ​ជ្រក​នៅ​ក្នុង​ព្រះ​វិហារ​យេរូ​សាឡឹម ឬ​ក្នុង​បរិវេណ​ព្រះ​វិហារ ព្រោះ​មិន​បាន​បង់​ពន្ធ​ដារ ឬ​ព្រោះ​មូល​ហេតុ​ផ្សេងៗ​ទៀត នឹង​បាន​រូច​ខ្លួន​ទោះ​នៅ​កន្លែង​ណា​ក៏​ដោយ ក្នុង​រាជា​ណាចក្រ​របស់​យើង។

៤៤ចំណែក​ឯ ប្រាក់​ចំណាយ​ក្នុង​ការ​សង់ ឬ​ជួស​ជុល​ទី​សក្ការៈ ត្រូវ​យក​ពី​រាជ​ទ្រព្យ។ ៤៥ប្រាក់​ដែល​ត្រូវ​ចំណាយ​ក្នុង​ការ​សង់​ជញ្ជាំង និង​កំពែង​ក្រុង​យេរូ​សាឡឹម ឬ​កំពែង​ក្រុង​ផ្សេងៗ​នៅ​ស្រុក​យូដា ក៏​ត្រូវ​យក​ពី​រាជ​ទ្រព្យ​ដែរ»។

ព្រះបាទដេម៉េទ្រីយ៉ូស​សោយទិវង្គត
៤៦ពេល​លោក​យ៉ូណាថាន​និង​ប្រជាជន បាន​ឮ​សេចក្ដី​ក្នុង​រាជ​សារ​នោះ ពួក​គេ​មិន​ព្រម​ជឿ​និង​ចាប់​អារម្មណ៍​ទេ ព្រោះ​គេ​នៅ​តែ​នឹក​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​បាន​ប្រព្រឹត្ត នៅ​ស្រុក​អ៊ីស្រា​អែល ហើយ​នឹក​ឃើញ​ពី​ការ​ជិះ​ជាន់​សង្កត់​សង្កិន​របស់​ស្ដេច​ទៅ​លើ​ពួក​គេ។ ៤៧ដូច្នេះ ពួក​គេ​សម្រេច​ចិត្ត​គាំទ្រ​ព្រះ​បាទ​អឡិច​សង់ ព្រោះ​គេ​យល់​ថា ព្រះ​បាទ​អឡិច​សង់​មាន​ព្រះ​បន្ទូល​មក គេ​ដោយ​ចង់​សន្តិភាព ហើយ​ពួក​គេ​ធ្វើ​សម្ព័ន្ធ​មិត្ត​របស់​ស្ដេច​រហូត។ ៤៨ព្រះ​បាទ​អឡិច​សង់​ប្រមូល​កង​ទ័ព​ជា​ច្រើន ហើយ​ចេញ​ទៅ​ច្បាំង​នឹង​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស។ ៤៩ប៉ុន្តែ នៅ​ពេល​ដែល​កង​ទ័ព​នៃ ស្ដេច​ទាំង​ពីរ​ប្រយុទ្ធ​គ្នា​កង​ទ័ព​ របស់​ព្រះ​បាទ​អឡិច​សង់​នាំ​គ្នា​រត់។ ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ដេញ​តាម​ពួកគេ ហើយ​ក៏​មាន​ជ័យ​ជម្នះ លើ​កង​ទ័ព​របស់​សត្រូវ ៥០ទ្រង់​ប្រយុទ្ធ​យ៉ាង​ខ្លាំង ​រហូត​ដល់​ពេល​ថ្ងៃ​លិច ប៉ុន្តែ ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ក៏​សោយ​ទីវង្គត​នៅ​ថ្ងៃ​នោះ​ទៅ។

ព្រះបាទអឡិចសង់បាឡាសចង​សម្ពន្ធមិត្តជាមួយលោកយ៉ួណាថាន
៥១ព្រះ​បាទ​អឡិច​សង់​ចាត់​រាជ​ទូត ឲ្យ​នាំ​រាជ​សារ​ទៅ​គាល់​ព្រះ​បាទ​ផ្ទូលេមេ​ជា​ព្រះ​មហា​ក្សត្រ ស្រុក​អេស៊ីប​ដែល​មាន​សេចក្ដី​ដូច​តទៅ៖ ៥២យើង​វិល​ត្រឡប់​មក​កាន់​រាជា​ណាចក្រ​របស់​យើង​វិញ គង់​លើ​បល្ល័ង្ក​នៃ​អយ្យ​កោ​របស់​យើង ​ហើយ​កាន់​អំណាច ព្រម​ទាំង​កម្ទេច​កង​ទ័ព​ដេម៉េ​ទ្រីយ៉ូស។ យើង​គ្រប់​គ្រង​ស្រុក​របស់​យើង​ទាំង​មូល។ ៥៣យើង​ច្បាំង​នឹង​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស គឺ​កម្ទេច​ទាំង​ស្ដេច ទាំង​កង​ទ័ព ហើយ​ដណ្ដើម​យក​រាជ​បល្ល័ង្ក​ទៀត​ផង។ ៥៤ឥឡូវ​នេះ យើង​សុំ​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ព្រះ​ករុណា មេត្តា ប្រោស​ប្រណី​លើក​រាជ​បុត្រី​របស់​ព្រះ​ករុណា ឲ្យ​ធ្វើ​ជា​ព្រះ​មហេសី​របស់​យើង យើង​ក៏​ទៅ​ជា​បុត្រ​សុណិសា​របស់​អង្គ​ដែរ។ យើង​នឹង​រៀប​បណ្តាការ​ថ្វាយ​ព្រះ​ករុណា​និង​ព្រះ​នាង ឲ្យ​សក្តិ​សម​នឹង​ឋានៈ​របស់​ព្រះ​ករុណា»។

៥៥ព្រះ​បាទ​ផ្ទូលេមេ​ឆ្លើយ​តប​ថា៖ «សូម​អបអរ​សាទរ​ថ្ងៃ​ដែល​ព្រះ​រាជ​យាង​ត្រឡប់ ចូល​ក្នុង​ស្រុក​អយ្យកោ​របស់​ព្រះ​រាជា​វិញ! សូម​អបអរ​សាទរ​ព្រះ​រាជា​ឡើង​គង់​លើ​រាជ​បល្ល័ង្ក​ផង!។ ៥៦ឥឡូវ​នេះ យើង​យល់​ព្រម​តាម​សំណូម​ពរ ដែល​ព្រះ​រាជា​បាន​សរសេរ​នោះ សូម​ព្រះ​រាជា​មក​ជួប​យើង​នៅ​ក្នុង​ក្រុង​ផ្ទោឡេ​ម៉ៃស៍ ដើម្បី​ពិភាក្សា​គ្នា។ យើង​នឹង​លើក​រាជ​បុត្រី​របស់​យើង​ថ្វាយ​តាម​សំណូម​ពរ​នោះ»។ ៥៧នៅ​ឆ្នាំ ១៦២ ព្រះ​បាទ​ផ្ទោលេមេ និង នាង​ក្លេអូប៉ាត្រ​ជា​បុត្រី​យាង​ចេញ​ពី​ស្រុក​អេស៊ីប មក​ដល់​ក្រុង​ផ្ទោឡេ​ម៉ៃស៍។ ៥៨ព្រះ​បាទ​អឡិច​សង់​យាង​ចេញ​ទៅ​ទទួល​ព្រះ​បាទ​ផ្ទូលេមេ។ ព្រះ​បាទ​ផ្ទូលេមេ​ក៏​លើក​ព្រះ​នាង​ក្លេអូប៉ាត្រ ជា​បុត្រី​ថ្វាយ​ព្រះ​បាទ​អឡិច​សង់ ហើយ​រៀប​អភិសេក​យ៉ាង​ឱឡារិក នៅ​ក្រុង​ផ្ទោឡេ​ម៉ៃស៍ តាម​ទំនៀម​ទម្លាប់​របស់​ព្រះ​មហា​ក្សត្រ។ ៥៩ព្រះ​បាទ​អឡិច​សង់​សរសេរ​លិខិត​មួយ​ច្បាប់ អញ្ជើញ​លោក​យ៉ូណាថាន​ឲ្យ​មក​គាល់។ ៦០លោក​យ៉ូណា​ថាន​អញ្ជើញ​ទៅ​កាន់​ក្រុង​ផ្ទោឡេ​ម៉ៃស៍ យ៉ាង​អធិក​អធម ហើយ​លោក​ក៏​ចូល​ទៅ​គាល់​ស្ដេច​ទាំង​ពីរ​អង្គ​នៅ​ក្រុង​នោះ។ លោក​នាំ យក​ជំនូន​ជាច្រើន គឺ​មាស​និង​ប្រាក់ ថ្វាយ​ព្រះ​មហា​ក្សត្រ និង​មន្ត្រី​របស់​ស្ដេច​ទាំង​ពីរ ហើយ​បាន គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​មហា​ក្សត្រ​ទាំង​ពីរ​អង្គ​នោះ។ ៦១ប៉ុន្តែ នៅ​ពេល​នោះ​មាន​ជន​ពាល​ខ្លះ​ដែល​ជា អ្នក​បង្ក​ភាព​អន្តរាយ​ដល់​ប្រជា​ជន​អ៊ីស្រា​អែល​ព្រួត​ដៃ​គ្នា ​ប្រឆាំង​នឹង​លោក​យ៉ូណា​ថាន ហើយ​នាំ​គ្នា​ចោទ​ប្រកាន់​លោក​ទៅ​ព្រះ​មហា​ក្សត្រ។ ប៉ុន្តែ ព្រះ​បាទ​អឡិច​សង់​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​សេចក្ដី​ចោទ​ប្រកាន់​នោះ​ទេ។ ៦២ព្រះ​រាជា​បញ្ជា​ឲ្យ​ផ្លាស់​សម្លៀក​បំពាក់​របស់​លោក​យ៉ូណា​ថាន​ចេញ និង​បំពាក់​អាវ​ផាយ​ព៌ណ​ស្វាយ​របស់​ស្ដេច​វិញ។ ៦៣ព្រះ​រាជា​ប្រោស​ប្រទាន​ឲ្យ​លោក​យ៉ូណាថាន​អង្គុយ​នៅ​ក្បែរ​ព្រះអង្គ ហើយ​មាន​រាជ​ឱង្ការ​ប្រាប់​នាម៉ឺន​មន្ត្រី​ថា៖ «សូម​នាំ​លោក​យ៉ូណា​ថាន​ទៅ​កណ្តាល​ទី​ក្រុង ហើយ​ប្រកាស​ថា មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ប្តឹង​លោក ពី​មូល​ហេតុ​ណា​មួយ​ឡើយ! ឬ​សូម​កុំ​ឲ្យ​នរណា​ម្នាក់​រក​រឿង​លោក ដោយ​ប្រការ​ណា​មួយ​ឡើយ»។ ៦៤ពេល​ជន​ពាល​ដែល​ចោទ​ប្រកាន់​លោក​យ៉ូណា​ថាន ឃើញ​ថា លោក​ទទួល​កិត្តិយស​តាម​សេចក្ដី​ប្រកាស​របស់​ព្រះ​មហា​ក្សត្រ បែប​នេះ និង​ឃើញ​ថា​លោក​ពាក់​អាវ​ផាយ​ព៌ណ​ស្វាយ​របស់​ស្ដេច​ដូច្នេះ ពួកគេ​ក៏​រត់​បាត់​អស់​ទៅ។ ៦៥ព្រះ​មហា​ក្សត្រ​ផ្តល់​កិត្តិ​យស​ឲ្យ​លោក​យ៉ូណាថាន​ ដោយ​ចុះ​ឈ្មោះ​លោក​ក្នុង​ចំណោម​មិត្ត​ភក្តិ​ជិត​ដិត​របស់​ស្ដេច ហើយ​តែង​តាំង​លោក​ជា​មេ​ដឹក​នាំ និង​ជា​ទេសា​ភិបាល​ផង។ ៦៦លោក​យ៉ូណាថាន​វិល​ត្រឡប់​ទៅ​កាន់​ក្រុង​យេរូ​សាឡឹម​វិញ​ដោយ​សុខ​សាន្ត និង​អំណរ​សប្បាយ​រីក​រាយ។

លោកយ៉ូណាថានមានជ័យជម្នះ​លើលោកអាប៉ូឡូនីយ៉ូស
៦៧នៅ​ឆ្នាំ ១៦៥ សម្ដេច​ដេម៉េ​ទ្រីយ៉ូស​យាង​ចេញ​ពី​ក្រុង​កោះ​ក្រែត មក​ដល់​ស្រុក​ស៊ីរី​ជា​ទឹក​ដី របស់​ព្រះ​អយ្យកោ​សម្ដេច។ ៦៨ពេល​ព្រះ​បាទ​អឡិច​សង់​ជ្រាប​ដំណឹង​នេះ ទ្រង់​ទាស់​ព្រះ​ហឫ​ទ័យ ហើយ​យាង​ត្រឡប់​ទៅ​កាន់​ក្រុង​អន់ទី​យ៉ូក​វិញ។ ៦៩ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​តែង​តាំង​លោក​អាប៉ូឡូ​នីយ៉ូស ធ្វើ​ជា​ទេសា​ភិបាល ក្នុង​ស្រុក​សេឡើ​ស៊ីរី។ លោក​អាប៉ូឡូ​នីយ៉ូស​ប្រមូល​កង​ទ័ព​ជា​ច្រើន មក​បោះ​ទីតាំង​នៅ​ក្បែរ​ក្រុង​យ៉ាមនីយ៉ា ហើយ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​យ៉ូណាថាន ជា​មហា​បូជា​ចារ្យ​ថា៖ ៧០«មាន​តែ​លោក​ម្នាក់​គត់​ដែល​ប្រឆាំង​នឹង​យើង! គេ​ចំអក​ដាក់​យើង ហើយ​យើង​ត្រូវ​អាម៉ាស់​ដោយ​សារ​តែ​លោក! ហេតុ​អ្វី​បាន​ជា​លោក​កាន់​អំណាច​នៅ​លើ​ភ្នំ​នេះ​ប្រឆាំង​នឹង​យើង​ដូច្នេះ? ៧១ប្រសិន​បើ​លោក​ជឿ​ទុក​ចិត្ត​លើ​កង​ទ័ព​របស់​លោក​មែន​នោះ ចូរ​មក​វាយ​ហើយ​ប្រយុទ្ធ​នឹង​យើង ដើម្បី​សាក​ល្បង​កម្លាំង​គ្នា ដ្បិត​យើង​មាន​កម្លាំង​ពី​ក្រុង​ទាំង​ឡាយ​ជា​ជំនួយ។ ៧២ចូរ​ស៊ើប​សួរ​ឲ្យ​ច្បាស់​នោះ​លោក​ពិត​ជា​ដឹង​ថា យើង​ជា​នរណា ហើយ​នរណា​ខ្លះ​ជា​អ្នក​រួម​តយុទ្ធ​ជាមួយ​យើង​ដែរ។ គេ​តែង​ពោល​ថា អ្នក​រាល់​គ្នា​ពុំ​អាច​ទប់​ទល់ នឹង​កម្លាំង​ទ័ព​របស់​យើង​បាន​ទេ ព្រោះ​ដូន​តា​របស់​អ្នក បាន​បរាជ័យ​ពីរ​ដង​រួច​ទៅ​ហើយ​នៅ​ស្រុក​របស់​ខ្លួន។ ៧៣អ្នក​ពុំ​អាច​ទប់​ទល់​នឹង​ទ័ព​សេះ​របស់​យើង​បាន​ទេ ហើយ​នៅ​ទីវាល​នោះ​ជា​កន្លែង​គ្មាន​ភ្នំ​គ្មាន​ផ្ទាំង​ថ្ម​លាក់​ខ្លួន គ្មាន​ទី​រត់​គេច គ្មាន​ជំរក​ភៀស​ខ្លួន អ្នក​ពុំ​អាច​ទប់​ទល់​នឹង​កង​ទ័ព​របស់​យើង​ដែល​មាន​គ្នា​ច្រើន​យ៉ាង​នេះ​បាន​ដែរ!»។ ៧៤ពេល​ លោក​យ៉ូណាថាន​ឮ​ពាក្យ​របស់​លោក​អាប៉ូឡូ​នីយ៉ូស​ដូច្នេះ លោក​ជ្រួល​ច្របល់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង។ លោក​ជ្រើស​រើស​យក​ទ័ព​មួយ​ម៉ឺន​នាក់​ចេញ​ពី​ក្រុង​យេរូ​សាឡឹម។ លោក​ស៊ីម៉ូន​ជា​បង​ក៏​នាំ​កង​ទ័ព​ទៅ​ជួយ​លោក​ដែរ។ ៧៥លោក​បោះ​ទ័ព​នៅ​ខាង​មុខ​ក្រុង​យ៉ូប៉េ។ ប្រជា​ជន​បិទ​ទ្ធារ​ក្រុង​មិន​ឲ្យ​លោក​ចូល​ទេ ព្រោះ​មាន​កង​ទ័ព​របស់​លោក​អាប៉ូឡូ​នីយ៉ូស​នៅ​ក្នុង​ក្រុង​នោះ។ លោក​យ៉ូណាថាន​ចាប់​ផ្ដើម​វាយ​សម្រុក។ ៧៦ពេល​នោះ ប្រជា​ជន​នាំ​គ្នា​ភ័យ​ខ្លាច​ក៏​បើក​ទ្ធារ​ក្រុង ហើយ​លោក​យ៉ូណាថាន​ក៏​ដណ្ដើម​យក បាន​ក្រុង​យ៉ូប៉េ​មក​គ្រប់​គ្រង។ ៧៧កាល​លោក​អាប៉ូឡូ​នីយ៉ូស​ជ្រាប​ដំណឹង​នេះ គាត់​លើក​ទ័ព​សេះ ចំនួន​បី​ពាន់​នាក់ និង​កង​ទ័ព​ថ្មើរ​ជើង​ជាច្រើន​ធ្វើ​ដំណើរ​តម្រង់​ទៅ​ក្រុង​អាសូតូ ដូច​ជា​មាន​បំណង​កាត់​ស្រុក។ ប៉ុន្តែ ពេល​នោះ​លោក​ចូល​ក្នុង​វាយ​ដោយ​ទុក​ចិត្ត លើ​ទ័ព​សេះ​ដ៏​ច្រើន​របស់​លោក។ ៧៨លោក​យ៉ូណាថាន​ដេញ​តាម​គាត់ នៅ​ក្បែរ​ក្រុង​អាសូតូ​ហើយ​កង​ទ័ព​ទាំង​ពីរ​ប្រយុទ្ធ​គ្នា។ ៧៩លោក​អាប៉ូឡូ​នីយ៉ូស បាន​ទុក​ទ័ព​សេះ​មួយ​ពាន់​នាក់​ខាង​ក្រោយ​កង​ទ័ព​របស់​លោក​យ៉ូណាថាន។ ៨០លោក​យ៉ូណាថាន​ដឹង​ពី​គម្រោង​ការ ដែល​គេ​ពួន​វាយ​ស្ទាក់​លោក​ពី​ក្រោយ។ ទ័ព​សេះ​របស់​លោក​អាប៉ូឡូ​នីយ៉ូស​ ឡោម​ព័ទ្ធ​កង​ទ័ព​របស់​លោក​យ៉ូណាថាន ហើយ​បាញ់​ព្រួញ​លើ​កង​ទ័ព​អ៊ីស្រា​អែល តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។ ៨១ប៉ុន្តែ​កង​ទ័ព​របស់​លោក​យ៉ូណា​ថាន​ទប់​ទល់​យ៉ាង​អង់​អាច ​តាម​បញ្ជា​របស់​លោក បណ្ដាល​ឲ្យ​សេះ​របស់​សត្រូវ អស់​កម្លាំង​ជា​ខ្លាំង។ ៨២ពេល​នោះ​ស្រាប់​តែ​លោក​ស៊ីម៉ូន​នាំ កង​ទ័ព​របស់​ខ្លួន​វាយ​ប្រហារ​កង​ទ័ព​របស់​សត្រូវ ក្នុង​ពេល​សេះ​កំពុង​តែ​អស់​កម្លាំង ហើយ​លោក​ស៊ីម៉ូន​វាយ​កម្ទេច​កង​ទ័ព​ខ្មាំង​ដែល​បាក់​ទ័ព​រត់​អស់។ ៨៣ទ័ព​សេះ​រត់​ខ្ចាត់​ខ្ចាយ​នៅ​តាម​វាល។ ពល​ទាហាន​បាក់​ទ័ព​រត់​មក​ដល់​ក្រុង​អាសូតូ ហើយ​ចូល​លាក់​ខ្លួន​ក្នុង​ព្រះ​វិហារ​របស់​ព្រះ​ដា​កូន​ ជា​ទី​សក្ការៈ​នៃ​ព្រះ​របស់​គេ ដើម្បី​ឲ្យ​បាន​រួច​ជីវិត។ ៨៤លោក​យ៉ូណាថាន​ដុត​ក្រុង​នោះ និង​ក្រុង​ដែល​នៅ​ជុំវិញ​ចោល។ លោក​រឹប​អូស​យក​ជយ​ភណ្ឌ ហើយ​ដុត​ទី​សក្ការៈ​របស់​ព្រះ​ដា​កូន ព្រម​ទាំង​អស់​អ្នក ដែល​ចូល​លាក់​ខ្លួន​នៅ​ទី​នោះ។ ៨៥មាន​មនុស្ស​ប្រមាណ​ប្រាំបី​ពាន់​នាក់ ស្លាប់​ដោយ​មុខ​ដាវ ឬ​ដោយ​ភ្លើង នៅ​ថ្ងៃ​នោះ។ ៨៦លោក​យ៉ូណាថាន​ចាក​ចេញ​ពី​នោះ ហើយ​បោះ​ទីតាំង​នៅ​ក្បែរ​ក្រុង​អាស្កា​ឡូន។ ប្រជា​ជន​ចេញ​ពី​ក្រុង​ មក​ទទួល​ស្វាគមន៍​លោក​យ៉ូណា​ថាន​យ៉ាង​អធិក​អធម។ ៨៧លោក​យ៉ូណាថាន​និង​កង​ទ័ព​ត្រឡប់​ទៅ​ក្រុង​យេរូ​សាឡឹម​វិញ ទាំង​នាំ​យក​ជយ​ភណ្ឌ​ជា​ច្រើន ទៅ​ជាមួយ​ផង។ ៨៨ពេល​ព្រះ​បាទ​អឡិច​សង់​ជ្រាប​ហេតុ​ការណ៍​ទាំង​នោះ ទ្រង់​ប្រទាន​កិត្តិ​យស​ដ៏​ខ្ពង់​ខ្ពស់​ឲ្យ​លោក យ៉ូណាថាន​ថែម​ទៀត គឺ​ព្រះ​រាជា​ប្រទាន​ក្លាស់​មាស​ឲ្យ​លោក​ ដូច​ព្រះ​រាជា​ធ្លាប់​ប្រទាន​ឲ្យ​ញាតិ​វង្ស​ដែរ។ ស្ដេច​ក៏​ប្រមូល​ក្រុង​អក្ការ៉ូន និង​តំបន់​ជុំ​វិញ​ក្រុង​នេះ​ឲ្យ​លោក​យ៉ូណាថាន​ត្រួត​ត្រា​ដែរ។