ពង្សាវតារក្សត្រ  ទី  ១ (០៥)

១(១៤.២១) ព្រះបាទ ​សាឡូម៉ូន​គ្រប់គ្រង​លើ​នគរ​ទាំង​ប៉ុន្មាន​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​ ស្រុក​ភីលីស្ទីន និង​ព្រំប្រទល់​ស្រុក​អេស៊ីប នគរ​ទាំង​នោះ​នាំ​សួយសារអាករ​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន ហើយ​នៅ​ជា​ចំណុះ​ស្ដេច​រហូត​ដល់​ទ្រង់​អស់​ព្រះជន្ម។

២(២២) ស្បៀង​ អាហារ​ប្រចាំ​ថ្ងៃ សំរាប់​ផ្គត់ផ្គង់​ក្នុង​វាំង​របស់​ព្រះបាទ​សាឡូម៉ូន មាន​ដូច​ត​ទៅ: ម្សៅម៉ដ្ដ​ប្រាំ​បួន​តោន ម្សៅ​ធម្មតា​ដប់​ប្រាំ​បី​តោន ៣(២៣) គោ​បំប៉ន​ដប់​ក្បាល គោ​ធម្មតា​ម្ភៃ​ក្បាល ចៀម​មួយ​រយ​ក្បាល ព្រម​ទាំង​សត្វ​ផ្សេងៗ​ជា​ច្រើន​ទៀត ដូច​ជា​ប្រើស ឈ្លូស ក្ដាន់ និង​មាន់​ទា​បំប៉ន។ ៤(២៤) ព្រះបាទ​សាឡូម៉ូន​ ត្រួតត្រា​លើ​ទឹក​ដី​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត ចាប់​ពី​ក្រុង​ទីបសា​រហូត​ដល់​ក្រុង​កាសា។ ស្ដេច​ទាំង​ប៉ុន្មាន​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត ស្ថិត​នៅ​ក្រោម​អំណាច​ព្រះបាទ​សាឡូម៉ូន​ទាំង​អស់។ ពេល​នោះ មាន​សុខ​សន្តិភាព​គ្រប់​ទិសទី។ ៥(២៥) ក្នុង​រជ្ជកាល​របស់​ ព្រះបាទ​សាឡូម៉ូន ប្រជាជន​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល​ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរសាបា រស់​នៅ​ដោយ​សុខសាន្ត ក្រោម​ដើម​ទំពាំងបាយជូរ និង​ដើម​ឧទុម្ពរ​របស់​ខ្លួន​។ ៦(២៦)​ព្រះបាទ​សាឡូម៉ូន​មាន​សេះ​បួន​ម៉ឺន​ក្បាល សំរាប់​ទឹម​រទេះ​ចំបាំង និង​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​ក្បាល​ទៀត​សំរាប់​ពល​ទ័ព​សេះ។ ៧(២៧) រៀង​រាល់​ខែ មាន​រាជ​ប្រតិភូ​មួយ​រូប ទទួល​ភារកិច្ច​ផ្គត់ផ្គង់​ស្បៀង​អាហារ សំរាប់​ព្រះបាទ​សាឡូម៉ូន និង​អស់​អ្នក​ដែល​បរិភោគ​រួម​តុ​ជា​មួយ​ព្រះរាជា។ រាជប្រតិភូ​ទាំង​នោះ​ពុំ​បាន​អោយ​ស្ដេច​ខ្វះ​ខាត​អ្វី​ឡើយ។ ៨(២៨) រាជប្រតិភូ​ទាំង​នោះ​ ផ្ដល់​ស្រូវ និង​ចំបើង​សំរាប់​សេះ ព្រម​ទាំង​សត្វ​ផ្សេងៗ​ទៀត​ដែល​ជា​ជំនិះ នៅ​តាម​កន្លែង​ដែល​គេ​ត្រូវ​ការ ដូច​ស្ដេច​បាន​កំណត់​ទុក។

ប្រាជ្ញាញាណ​របស់​ព្រះបាទ​សាឡូម៉ូន
៩(២៩) ព្រះជាម្ចាស់​ប្រទាន​ ប្រាជ្ញា និង​សុភនិច្ឆ័យ​យ៉ាង​លើសលប់​ដល់​ព្រះបាទ​សាឡូម៉ូន ធ្វើ​អោយ​ស្ដេច​មាន​ការ​យល់​ដឹង​ទូលំទូលាយ ដូច​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ។ ១០(៣០) ព្រះរាជា​មាន​ប្រាជ្ញា​ឈ្លាសវៃ លើស​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​កើត និង​នៅ​ស្រុក​អេស៊ីប។ ១១(៣១) ព្រះរាជា​មាន​ប្រាជ្ញា​ លើស​មនុស្ស​ផង​ទាំង​ពួង គឺ​លើស​លោក​អេតន ពី​អំបូរ​អេសរ៉ា លោក​ហេម៉ន ព្រម​ទាំង​លោក​កាល់កូល និង​លោក​ដារដា ជា​កូន​របស់​លោក​ម៉ាហូល។ កិត្តិនាម​របស់​ព្រះរាជា​ល្បី​សុសសាយ រហូត​ដល់​ប្រជាជាតិ​នានា​ដែល​នៅ​ជុំវិញ។ ១២(៣២) ព្រះបាទ​សាឡូម៉ូន​ថ្លែង​សុភាសិត បី​ពាន់​ឃ្លា និង​តែង​ចំរៀង​មួយ​ពាន់​ប្រាំ​បទ។ ១៣(៣៣) ព្រះរាជា​រៀប​រាប់​អំពី ​រុក្ខជាតិ​គ្រប់​ប្រភេទ តាំង​ពី​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​នៅ​តាម​កំពែង។ ព្រះរាជា​រៀប​រាប់​អំពី​សត្វ​ចតុប្បាទ សត្វ​ស្លាប សត្វ​លូន​វារ និង​ត្រី​ផង​ដែរ។ ១៤(៣៤) ស្ដេច​ទាំងឡាយ​នៅ​លើ​ ផែនដី បាន​ឮ​គេ​និយាយ​អំពី​ប្រាជ្ញា​ញាណ​របស់​ព្រះបាទ​សាឡូម៉ូន ក៏​ចាត់​មនុស្សម្នា​ពី​គ្រប់​ជាតិ​សាសន៍ អោយ​មក​ស្ដាប់​រាជឱង្ការ​របស់​ព្រះបាទ​សាឡូម៉ូន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។

ព្រះបាទ​សាឡូម៉ូន​រៀបចំ​សង់​ព្រះវិហារ
(២របាក្សត្រ ២:២-១៥)
១៥(១) ព្រះបាទ​ហ៊ីរ៉ាម​ជា​ស្ដេច ​ក្រុង​ទីរ៉ុស និង​ជា​មិត្តភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​ព្រះបាទ​ដាវីឌ ជ្រាប​ថា​គេ​បាន​អភិសេក​ព្រះបាទ​សាឡូម៉ូន អោយ​ស្នង​រាជ្យ​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា ស្ដេច​ក៏​ចាត់​រាជ​បំរើ​ទៅ​គាល់​ព្រះបាទ​សាឡូម៉ូន។ ១៦(២) ព្រះបាទ​សាឡូម៉ូន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ទូល​ព្រះបាទ​ហ៊ីរ៉ាម​ដូច​ត​ទៅ​៖ ១៧(៣) «ព្រះករុណា​ជ្រាប​ហើយ​ថា ព្រោះ​តែ​សង្គ្រាម​កើត​មាន​ឥត​ស្រាកស្រាន្ត​ពី​គ្រប់​ទិសទី ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​ទូលបង្គំ ពុំ​អាច​សង់​ព្រះដំណាក់​ថ្វាយ​ព្រះអម្ចាស់​ ជា​ព្រះ​របស់​លោក​បាន​ទេ​រហូត​ទាល់​តែ ​ព្រះអម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​អោយ​នៅ​ក្រោម​បាទា​របស់​លោក។ ១៨(៤) ឥឡូវ​នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​ទូលបង្គំ​ប្រោស​ប្រទាន​សេចក្ដី​សុខសាន្ត​នៅ​គ្រប់​ទិសទី គឺ​គ្មាន​មារ​សត្រូវ គ្មាន​គ្រោះ​កាច​ទៀត​ទេ។ ១៩(៥) ដូច្នេះ​ទូលបង្គំ​មាន​បំណង​សង់​ព្រះដំណាក់​មួយ​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ទូលបង្គំ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​ ថ្លែង​មក​កាន់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ​ថា “បុត្រ​របស់​អ្នក ដែល​យើង​នឹង​តែងតាំង​អោយ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​អ្នក នឹង​សង់​ដំណាក់​សំរាប់​យើង”។ ២០(៦) សូម​ព្រះករុណា​បញ្ជា​គេ​ កាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់ អោយ​ទូលបង្គំ​ផង។ អ្នក​បំរើ​របស់​ទូលបង្គំ​នឹង​ធ្វើ​ការ​រួម​ជា​មួយ​អ្នក​បំរើ​របស់​ព្រះករុណា ដ្បិត​ព្រះករុណា​ជ្រាប​ហើយ​ថា ក្នុង​ចំណោម​ពួក​ទូលបង្គំ គ្មាន​នរណា​ម្នាក់​ប្រសប់​កាប់​ឈើ ដូច​អ្នក​ស្រុក​ស៊ីដូន​ទេ។ ទូលបង្គំ​នឹង​បង់​ប្រាក់​ឈ្នួល​អោយ​អ្នក​បំរើ​របស់​ព្រះករុណា តាម​ព្រះករុណា​បង្គាប់»។

២១(៧) កាល​ព្រះបាទ​ហ៊ីរ៉ាម​ទទួល​សារ​ពី​ព្រះបាទ​សាឡូម៉ូន ទ្រង់​មាន​អំណរ​ជា​ខ្លាំង រួច​មាន​រាជឱង្ការ​ថា៖ «ថ្ងៃ​នេះ សូម​លើក​តម្កើង​ព្រះអម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​បុត្រ​មួយ​អង្គ​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាសវៃ ដល់​ព្រះបាទ​ដាវីឌ​ដើម្បី​គ្រប់គ្រង​លើ​ប្រជាជន​ដ៏​ច្រើន​នេះ»។ ២២(៨) បន្ទាប់​មក ព្រះបាទ​ហ៊ីរ៉ាម​ចាត់​គេ អោយ​ទៅ​ទូល​ព្រះបាទ​សាឡូម៉ូន​ថា៖ «ទូលបង្គំ​បាន​ទទួល​សារ​របស់​ព្រះករុណា​ហើយ ទូលបង្គំ​នឹង​ផ្ដល់​ឈើ​ទាំង​ប៉ុន្មាន​ដែល​ព្រះករុណា​ត្រូវ​ការ គឺ​ឈើ​តាត្រៅ និង​ឈើ​កកោះ។ ២៣(៩) ពួក​អ្នក​បំរើ​របស់​ ទូលបង្គំ​នឹង​ដឹក​ឈើ​ហ៊ុប​ទាំង​នោះ ពី​ភ្នំ​លីបង់​ទៅ​ដល់​មាត់​សមុទ្រ ហើយ​ចង​ជា​ក្បូន បណ្ដែត​តាម​សមុទ្រ រហូត​ដល់​កន្លែង​ដែល​ព្រះករុណា​កំណត់​ទុក។ នៅ​ទី​នោះ ពួក​អ្នក​បំរើ​របស់​ទូលបង្គំ​នឹង​ស្រាយ​ក្បូន ហើយ​អ្នក​បំរើ​របស់​ព្រះករុណា មក​ទទួល​យក​ឈើ​ហ៊ុប​ទាំង​នោះ។ រីឯ​ថ្លៃ​ឈ្នួល​វិញ សូម​ព្រះករុណា​ផ្គត់ផ្គង់​ស្បៀង​អាហារ ដែល​ទូលបង្គំ​ត្រូវ​ការ​សំរាប់​ចិញ្ចឹម​អ្នក​បំរើ​ក្នុង​វាំង​របស់​ទូលបង្គំ ​ផង»។ ២៤(១០) ព្រះបាទ​ហ៊ីរ៉ាម​ថ្វាយ​ឈើ​តាត្រៅ និង​ឈើ​កកោះ​ទាំង​ប៉ុន្មាន តាម​សេចក្ដី​ត្រូវ​ការ​របស់​ព្រះបាទ​សាឡូម៉ូន។ ២៥(១១) ព្រះបាទ​សាឡូម៉ូន​បាន​ ផ្ដល់​ស្បៀង​អាហារ​រៀង​រាល់​ឆ្នាំ មាន​ស្រូវ​ចំនួន​ប្រាំ​មួយ​ពាន់​តោន និង​ប្រេង​ឆា​គុណភាព​ល្អ​ចំនួន​ប្រាំ​បួន​ពាន់​លីត្រ សំរាប់​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​ក្នុង​វាំង​របស់​ព្រះបាទ​ហ៊ីរ៉ាម។

២៦(១២) ព្រះអម្ចាស់​ ប្រទាន​ប្រាជ្ញា​ដល់​ព្រះបាទ​សាឡូម៉ូន​តាម​ព្រះបន្ទូល​សន្យា។ ព្រះបាទ​សាឡូម៉ូន និង​ព្រះបាទ​ហ៊ីរ៉ាម ចង​សម្ពន្ធមិត្ត​ជា​មួយ​គ្នា ហើយ​មាន​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក​ដោយ​​សុខសាន្ត។

ព្រះបាទ​សាឡូម៉ូន​រៀបចំ​កំណែន
(២របាក្សត្រ ១:១៨, ២:១, ១៦-១៧)
២៧(១៣) ព្រះបាទ​សាឡូម៉ូន​កេណ្ឌ​មនុស្ស​ចំនួន​បី​ម៉ឺន​នាក់ ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល មក​ធ្វើ​ពលកម្ម ២៨(១៤) ស្ដេច​ចាត់​ពួក​គេ​អោយ​ ទៅ​ធ្វើ​ការ​នៅ​ភ្នំ​លីបង់ តាម​វេន​ចំនួន​មួយ​ម៉ឺន​នាក់ ក្នុង​មួយ​ខែ ក្រោម​ការ​ត្រួតត្រា​របស់​លោក​អដូនីរ៉ាម។ ពួក​គេ​ធ្វើ​ការ​នៅ​ភ្នំ​លីបង់​មួយ​ខែ ហើយ​វិល​មក​នៅ​ផ្ទះ​វិញ​ពីរ​ខែ។ ២៩(១៥)​ព្រះបាទ​សាឡូម៉ូន​ប្រើ​មនុស្ស​ចំនួន​ប្រាំពីរ​ម៉ឺន​នាក់ សំរាប់​លីសែង និង​ប្រាំបី​ម៉ឺន​នាក់​សំរាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ។ ៣០(១៦) ក្រៅ​ពី​ពួក​ពលករ ព្រះបាទ​សាឡូម៉ូន​តែងតាំង​អ្នក​ទទួល​ខុស​ត្រូវ ចំនួន​បី​ពាន់​បី​រយ​នាក់​ទៀត សំរាប់​ត្រួតត្រា​លើ​ការងារ​របស់​ពលករ​ផង។ ៣១(១៧) ព្រះរាជា​បង្គាប់​អោយ​គេ​គាស់​ថ្ម​ធំៗ យក​មក​ដាប់​យ៉ាង​ល្អ​ប្រណីត សំរាប់​ធ្វើ​គ្រឹះ​ព្រះដំណាក់។ ៣២(១៨)​ពួក​ពលករ​របស់​ព្រះបាទ​ សាឡូម៉ូន និង​ព្រះបាទ​ហ៊ីរ៉ាម ព្រម​ទាំង​ជាង​ពី​ស្រុក​កេបាល​នាំ​គ្នា​ដាប់​ថ្ម ហើយ​រៀបចំ​ត្រៀម​ឈើ និង​ថ្ម​សំរាប់​សង់​ព្រះដំណាក់។