ពង្សាវតារក្សត្រ  ទី  ១ (០៤)

នាម៉ឺន​មន្ត្រី​របស់​ព្រះបាទ​សាឡូម៉ូន
 ព្រះបាទ​សាឡូម៉ូន​គ្រង​រាជ្យ លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ ២ មន្ត្រី​ជាន់​ខ្ពស់​របស់​ស្ដេច​មាន​រាយ​នាម​ដូច​ត​ទៅ​: លោក​អសារីយ៉ា ជា​កូន​របស់​លោក​បូជាចារ្យ​សាដុក  លោក​អេលីហូរ៉ែប និង​លោក​អហ៊ីយ៉ា ជា​កូន​របស់​លោក​ស៊ីសា ជា​លេខាធិការ។ លោក​យ៉ូសាផាត ជា​កូន​របស់​លោក​អហ៊ីលូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។ ៤ លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា ជា​មេ​បញ្ជាការ​របស់​កងទ័ព លោក​សាដុក និង​លោក​អប៊ីយ៉ាថារ​ជា​បូជាចារ្យ។ លោក​អសារីយ៉ា ជា​កូន​របស់​លោក​យ៉ូណាថាន ជា​ប្រមុខ​លើ​ពួក​រាជ​ប្រតិភូ។ លោក​សាប៊ូដ ជា​កូន​របស់​លោក​ណាថាន​ជា​បូជាចារ្យ និង​ជា​មន្ត្រី​ជំនិត​របស់​ស្ដេច។ លោក​អហ៊ីសា ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ព្រះ​រាជវាំង។ លោក​អដូនីរ៉ាម ជា​កូន​របស់​លោក​អាប់ដា ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន។

 ព្រះបាទ​ សាឡូម៉ូន​តែងតាំង​រាជប្រតិភូ​ដប់ពីរ​រូប អោយ​គ្រប់គ្រង​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល អស់​លោក​ទាំង​នោះ មាន​ភារកិច្ច​ផ្គត់ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្ដេច និង​អស់​អ្នក​នៅ​ក្នុង​វាំង គឺ​ម្នាក់ៗ​ត្រូវ​ផ្គត់ផ្គង់​ស្បៀង​អាហារ​មួយ​ខែ​ក្នុង​មួយ​ឆ្នាំ។  ​រាជប្រតិភូ​ទាំង​នោះ​មាន​រាយ​នាម​ដូច​ត​ទៅ: កូន​របស់​លោក​ហួរ​គ្រប់គ្រង​លើ​តំបន់​ភ្នំ​អេប្រាអ៊ីម។ កូន​របស់​លោក​ដេគែរ គ្រប់គ្រង​លើ​តំបន់​ម៉ាកាស សាលប៊ីមបេតសេម៉េស ហេឡូន និង​បេតហាណាន។ ១០ កូន​របស់​លោកហេសេឌ​គ្រប់គ្រង​លើ​តំបន់​អារូបូត ព្រម​ទាំង​ស្រុក​សូកូ និង​ស្រុក​ហេភែរ​ទាំង​មូល។ ១១ កូន​របស់​លោក​ អប៊ីណាដាប់ គ្រប់គ្រង​លើ​ស្រុក​ឌ័រ​ទាំង​មូល លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ ព្រះនាង​តាផាត ជា​បុត្រី​ព្រះបាទ​សាឡូម៉ូន។ ១២ លោក​បាណា ជា​កូន​របស់​លោក​អហ៊ីលូដ គ្រប់គ្រង​លើ​តំបន់​តាណាក់ និង​មេគីដូ ព្រម​ទាំង​តំបន់​បេតសេអាន​ទាំង​មូល។ តំបន់​បេតសេអាន​មាន​ព្រំប្រទល់​រហូត​ដល់​សាតន ដែល​ស្ថិត​នៅ​ខាង​ក្រោម​យីសរេអែល។ តំបន់​នេះ​លាត​សន្ធឹង​ពី​បេតសេអាន រហូត​ដល់​អេបិល-មេហូឡា និង​រហូត​ទៅ​ដល់​ខាង​នាយ​យុកមេអាម។ ១៣ កូន​របស់​លោក​ កេប៊ែរ គ្រប់គ្រង​នៅ​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ លោក​គ្រប់គ្រង​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអៀរ ជា​កូន​របស់​លោក​ម៉ាណាសេ នៅ​ស្រុក​កាឡាដ និង​តំបន់​អារកូប​ក្នុង​ស្រុក​បាសាន ដែល​មាន​ក្រុង​ធំៗ​ចំនួន​ហុកសិប ជា​ទីក្រុង​មាន​កំពែង​ដ៏​រឹងមាំ និង​មាន​រនុក​ធ្វើ​ពី​លង្ហិន។ ១៤ លោក​អហ៊ីណាដាប់ ជា​កូន​របស់​លោក​អ៊ីដូ គ្រប់គ្រង​លើ​តំបន់​ម៉ាហាណាអ៊ីម។ ១៥ លោក​អហ៊ីម៉ាស់ គ្រប់​គ្រង​​លើ​ទឹក​ដី​ណែបថាលី។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ព្រះ​នាង​បាសមាត ជា​បុត្រី​របស់​ព្រះបាទ​សាឡូម៉ូន។ ១៦ ​លោក​បាណា ជា​កូន​របស់​លោក​ហ៊ូសាយ​គ្រប់គ្រង​លើ​ទឹក​ដី​អស៊ែរ និង​បាឡូត។ ១៧ លោក​យ៉ូសាផាត ជា​កូន​របស់​លោក​បារូអា គ្រប់គ្រង​លើ​ទឹក​ដី​អ៊ីសាកា។ ១៨ លោក​ស៊ីម៉ៃ ជា​កូន​របស់​លោក​អេឡា គ្រប់គ្រង​លើ​ទឹក​ដី​បេនយ៉ាមីន។ ១៩ លោក​កេប៊ែរ ជា​កូន​របស់​លោក​អ៊ូរី គ្រប់គ្រង​លើ​ស្រុក​កាឡាដ ព្រម​ទាំង​ទឹក​ដី​របស់​ព្រះបាទ​ស៊ីហុន ស្ដេច​នៃ​ជន​ជាតិ​អាម៉ូរី និង​ស្រុក​របស់​ព្រះ​បាទ​អុក ស្ដេច​ស្រុក​បាសាន។ ក្នុង​តំបន់​នេះ​ទាំង​មូល​មាន​រាជ​ប្រតិភូ តែ​មួយ​រូប​ប៉ុណ្ណោះ។

២០ ប្រជាជន ​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន​ឥត​គណនា​ដូច​គ្រាប់​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ។ ពួក​គេ​មាន​ស្បៀង​អាហារ​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សប្បាយ​រីករាយ។