ពង្សាវតារក្សត្រ  ទី  ១ (០៣)

ព្រះបាទ​សាឡូម៉ូន​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះ​បាទ​ផារ៉ោន
 ព្រះបាទ​សាឡូម៉ូន​បាន​ចង​ សម្ពន្ធមិត្ត​ជា​មួយ​ព្រះ​ចៅ​​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ដោយ​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះ​បាទ​ផារ៉ោន។ ព្រះរាជា​នាំ​មហេសី​មក​គង់​ក្នុង​បុរី​ព្រះបាទ​ដាវីឌ រហូត​ទាល់​តែ​វាំង​របស់​ស្ដេច ព្រម​ទាំង​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ និង​កំពែង​ក្រុង​យេរូសាឡឹម​ត្រូវ​បាន​សង់​ចប់​សព្វ​គ្រប់។

 នៅ​គ្រា​នោះ​ប្រជាជន​តែងតែ​ថ្វាយ​យញ្ញបូជា​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ព្រោះ​គេ​ពុំ​ទាន់​បាន​សង់​ព្រះ​ដំណាក់​ថ្វាយ​ព្រះអម្ចាស់​នៅ​ឡើយ។ ព្រះបាទ​សាឡូម៉ូន​ស្រឡាញ់​ព្រះអម្ចាស់ និង​ប្រព្រឹត្ត​តាម​ដំបូន្មាន​ដែល​ព្រះបាទ​ដាវីឌ ជា​បិតា​បាន​ផ្ដែផ្ដាំ ប៉ុន្តែ ព្រះរាជា​ក៏​ធ្វើ​ពិធី​ថ្វាយ​យញ្ញបូជា និង​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។

ព្រះបាទ​សាឡូម៉ូន​ទូល​សូម​ប្រាជ្ញា​ពី​ព្រះជាម្ចាស់
(២របាក្សត្រ ១:២-១៣)
 ថ្ងៃ​មួយ ព្រះរាជា​យាង​ទៅ​កាបូន ដើម្បី​ថ្វាយ​យញ្ញបូជា ដ្បិត​ទី​នោះ​ជា​កន្លែង​សក្ការៈ​សំខាន់​ជាង​គេ។ ព្រះបាទ​សាឡូម៉ូន​បាន​ថ្វាយ​សត្វ​មួយ​ពាន់​ជា​តង្វាយ​ដុត​ទាំង​មូល នៅ​លើ​អាសនៈ​នោះ។ ៥ ក្នុង​ពេល​ដែល​ព្រះបាទ​សាឡូម៉ូន​គង់​នៅ​កាបូន ព្រះអម្ចាស់​បាន​សំដែង​អោយ​ស្ដេច​ឃើញ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់។ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​អោយ!»។ ព្រះបាទ​សាឡូម៉ូន​ទូល​ថា៖ «ព្រះអង្គ​បាន​សំដែង​ព្រះហឫទ័យ​សប្បុរស​ដ៏​ធំធេង​ចំពោះ​បិតា​ទូលបង្គំ គឺ​ព្រះបាទ​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ ព្រោះ​បិតា​ទូលបង្គំ​រស់​នៅ​ដោយ​ភក្ដីភាព​សុចរិត និង​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ។ ព្រះអង្គ​នៅ​តែ​សំដែង​ព្រះហឫទ័យ​សប្បុរស​ដ៏​ធំធេង​ចំពោះ​បិតា​ទូលបង្គំ ដោយ​ប្រោស​ប្រទាន​អោយ​​ស្ដេច​មាន​បុត្រ​មួយ​អង្គ ឡើង​ស្នង​រាជ្យ​នៅ​ថ្ងៃ​នេះ។ ៧ ​បពិត្រ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ ព្រះអង្គ​បាន​តែងតាំង​ទូលបង្គំ អោយ​ឡើង​ស្នង​រាជ្យ​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា​ទូលបង្គំ។ ប៉ុន្តែ ទូលបង្គំ​នៅ​ក្មេង​ខ្ចី​ពេក មិន​ទាន់​ចេះ​គ្រប់គ្រង​ស្រុក​នៅ​ឡើយ។ ៨ ទូលបង្គំ​ត្រូវ​ដឹក​នាំ​ប្រជាជន​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស គឺ​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា។ ហេតុ​នេះ​សូម​ព្រះអង្គ​ ប្រោស​ប្រទាន​អោយ​ទូលបង្គំ​មាន​ប្រាជ្ញា​ឈ្លាស​វៃ ដើម្បី​គ្រប់គ្រង​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​អោយ​ទូលបង្គំ​ចេះ​វិនិច្ឆ័យ ស្គាល់​ការ​ល្អ ការ​អាក្រក់ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់គ្រង​លើ​ប្រជារាស្ត្រ​ដ៏​ច្រើន ឥត​គណនា​របស់​ព្រះអង្គ​បាន​?»​។

១០ ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ នឹង​ការ​ទូល​សូម​របស់​ព្រះបាទ​សាឡូម៉ូន​ណាស់ ១១ ព្រះអង្គ​ក៏​មាន​ ព្រះបន្ទូល​ថា៖ «អ្នក​មិន​បាន​ទូល​សូម​អោយ​មាន​អាយុ​វែង មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ឬ​អោយ​ខ្មាំង​សត្រូវ​របស់​អ្នក​ត្រូវ​វិនាស​ឡើយ តែ​អ្នក​ទូល​សូម​អោយ​មាន​ប្រាជ្ញា​ឈ្លាសវៃ និង​ការ​យល់​ដឹង ដើម្បី​គ្រប់គ្រង​ប្រជារាស្ត្រ ដោយ​យុត្តិធម៌។ ១២ ដូច្នេះ យើង​នឹង​ធ្វើ​តាម​ការ​ទូល​សូម​របស់​អ្នក គឺ​យើង​អោយ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដែល​គ្មាន​នរណា​ម្នាក់ អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្ដី ឬ​ទៅ​អនាគត​ក្ដី។ ១៣ លើស​ពី​នេះ​យើង​ក៏​ ផ្ដល់​អោយ​អ្នក​មាន​អ្វីៗ​ដែល​អ្នក​មិន​បាន​ទូល​សូម​យើង​ដែរ គឺ​ទ្រព្យ​សម្បត្តិ​ភាព​ថ្កុំថ្កើង​រុងរឿង។ ក្នុង​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្ដេច​ណា​មួយ​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ។ ១៤ មួយ​វិញ​ទៀត ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​បទ​បញ្ជា​របស់​យើង ដូច​ដាវីឌ ជា​បិតា​របស់​អ្នក នោះ​យើង​នឹង​អោយ​អ្នក​មាន​អាយុ​វែង»។

១៥ ព្រះបាទ ​សាឡូម៉ូន​តើន​ឡើង​ហើយ​ជ្រាប​ថា ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​ស្ដេច តាម​រយៈ​សុបិន​និមិត្ត​នេះ។ ព្រះរាជា​យាង​ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ ហើយ​ទៅ​ថ្វាយបង្គំ​ព្រះអម្ចាស់ នៅ​មុខ​ហិប​នៃ​សម្ពន្ធមេត្រី*។ ព្រះរាជា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព រួច​ជប់លៀង​នាម៉ឺន​មន្ត្រី​ទាំង​អស់។

ស្ត្រី​ពីរ​នាក់​ដណ្ដើម​កូន​គ្នា
១៦ មាន​ស្ត្រី​ពេស្យា​ពីរ​នាក់​ចូល​មក​គាល់​ព្រះបាទ​សាឡូម៉ូន។ ១៧ ស្ត្រី​ម្នាក់​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់! ខ្ញុំ​ម្ចាស់ និង​ស្ត្រី​ម្នាក់​នេះ រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា។ នៅ​ពេល​ដែល​ស្ត្រី​នេះ​ស្នាក់​នៅ​ជា​មួយ​ខ្ញុំ​ម្ចាស់​សំរាល​បាន​កូន​មួយ។ ១៨ បី​ថ្ងៃ​ក្រោយ​ខ្ញុំ​ ម្ចាស់​សំរាល​កូន នាង​នេះ​ក៏​សំរាល​បាន​កូន​មួយ​ដែរ។ នៅ​ក្នុង​ផ្ទះ​គ្មាន​អ្នក​ផ្សេង​ទេ គឺ​មាន​តែ​ខ្ញុំ​ម្ចាស់​ពីរ​នាក់​ប៉ុណ្ណោះ។ ១៩ យប់​មួយ កូន​របស់​ស្ត្រី​នោះ​ស្លាប់ ដោយ​នាង​ដេក​សង្កត់​លើ។ ២០ លុះ​ដល់​ពាក់​កណ្ដាល​ អធ្រាត្រ ពេល​ខ្ញុំ​ម្ចាស់​កំពុង​ដេក​លក់ នាង​ក៏​ក្រោក​ឡើង​ចូល​មក​បី​កូន​ខ្ញុំ​ម្ចាស់ ដែល​ដេក​នៅ​ជិត​ខ្ញុំ​ម្ចាស់ យក​ទៅ​ដាក់​ដេក​ក្បែរ​នាង រួច​នាង​យក​កូន​របស់​នាង​ដែល​ស្លាប់​នោះ មក​ដាក់​ជិត​ខ្ញុំ​ម្ចាស់​វិញ។ ២១ ព្រឹក​ឡើង កាល​ខ្ញុំ​ម្ចាស់​ភ្ញាក់​ពី​ដំណេក ដើម្បី​បំបៅ​កូន​ខ្ញុំ​ម្ចាស់​ឃើញ​ថា កូន​ស្លាប់​បាត់​ទៅ​ហើយ។ លុះ​ខ្ញុំ​ម្ចាស់​ពិនិត្យ​មើល​យ៉ាង​ច្បាស់​លាស់ ក៏​ឃើញ​ថា មិន​មែន​ជា​កូន​របស់​ខ្ញុំ​ម្ចាស់​ទេ»។ ២២ ពេល​នោះ ស្ត្រី​ម្នាក់​ទៀត​ស្រែក​ឡើង​ថា៖ «មិន​ពិត​ទេ! កូន​របស់​ខ្ញុំ​នៅ​រស់ គឺ​កូន​របស់​នាង​ទេ​ដែល​ស្លាប់»។ ប៉ុន្តែ ស្ត្រី​ទី​មួយ​ឆ្លើយ​ថា «មិន​មែន​ទេ! កូន​នាង​ស្លាប់​ហើយ គឺ​កូន​ខ្ញុំ​ទេ​ដែល​នៅ​រស់»។ ដូច្នេះ ស្ត្រី​ទាំង​ពីរ​នាក់​ក៏​ប្រកែក​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច។

២៣ ព្រះរាជា ​មាន​រាជឱង្ការ​ថា៖ «ក្នុង​ចំណោម​នាង​ទាំង​ពីរ មាន​ម្នាក់​ពោល​ថា “កូន​ដែល​នៅ​រស់​ជា​កូន​របស់​ខ្ញុំ ហើយ​កូន​ដែល​ស្លាប់​ជា​កូន​របស់​នាង”។ រីឯ​ម្នាក់​ទៀត​ពោល​ថា “មិន​មែន​ទេ! កូន​របស់​នាង​ស្លាប់​ហើយ គឺ​កូន​របស់​ខ្ញុំ​ទេ​ដែល​នៅ​រស់!”»។ ២៤ ព្រះរាជា​បង្គាប់​ថា៖ «ចូរ​យក​ដាវ​មក​អោយ​យើង»។ ពេល​គេ​យក​ដាវ​មក​ដល់ ២៥ ទ្រង់​មាន​រាជឱង្ការ​ថា៖ «ចូរ​កាប់​កូន​នេះ​ជា​ពីរ​ចំណែក ហើយ​ចែក​មួយ​ចំហៀង​ម្នាក់ៗ​អោយ​ស្ត្រី​ទាំង​ពីរ​ចុះ»។ ២៦ ស្ត្រី​ជា​ម្ដាយ​របស់​ កូន​ដែល​នៅ​រស់ មាន​ចិត្ត​អាណិត​មេត្តា​កូន​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក៏​ទូល​ព្រះរាជា​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់ ខ្ញុំ​ម្ចាស់​សូម​អង្វរ​ព្រះករុណា​មេត្តា​ប្រទាន​កូន​ដែល​នៅ​រស់​អោយ​ស្ត្រី ​នេះ​ចុះ! សូម​កុំ​សម្លាប់​វា​ឡើយ»។ ចំណែក​ឯ​ស្ត្រី​ម្នាក់​ទៀត​ពោល​ថា៖ «សូម​កាប់​កូន​នេះ​ជា​ពីរ​ទៅ! ធ្វើ​ដូច្នេះ កូន​នេះ​នឹង​មិន​បាន​មក​ខ្ញុំ ឬ​បាន​ទៅ​នាង​ឡើយ»។ ២៧ ពេល​នោះ ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «កុំ​សម្លាប់​កូន​នេះ! ចូរ​ប្រគល់​វា​អោយ​ស្ត្រី​ទី​មួយ​ចុះ ដ្បិត​នាង​ពិត​ជា​ម្ដាយ​របស់​កូន​ដែល​នៅ​រស់​មែន!»។

២៨ ប្រជាជន ​អ៊ីស្រាអែល​ទាំង​មូល​បាន​ដឹង​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះបាទ​សាឡូម៉ូន ហើយ​ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះរាជា ព្រោះ​ពួក​គេ​យល់​ឃើញ​ថា ព្រះជាម្ចាស់​ប្រទាន​ប្រាជ្ញាញាណ​មក​ស្ដេច ដើម្បី​កាត់​ក្ដី​នេះ។