ចំការទំពាំងបាយជូររបស់លោកណាបុត
១ ក្រោយព្រឹត្តិការណ៍ទាំង នោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយីសរេអែល មានបុរសម្នាក់ឈ្មោះណាបុតគាត់មានចំការទំពាំងបាយជូរមួយនៅជិតរាជវាំងព្រះបាទអខាប់ ជាស្ដេចនៅក្រុងសាម៉ារី។ ២ ថ្ងៃមួយ ព្រះបាទអខាប់មានរាជឱង្ការទៅកាន់លោកណាបុតថា៖ «ចូរប្រគល់ចំការទំពាំងបាយជូររបស់អ្នកមកអោយយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចំការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចំការទំពាំងបាយជូរមួយល្អជាងចំការនេះទៅអ្នក ឬប្រសិនបើអ្នកចង់បានប្រាក់វិញ យើងនឹងបង់អោយតាមតម្លៃចំការ»។ ៣ លោកណាបុតទូលព្រះបាទអខាប់ថា៖ «សូមព្រះអម្ចាស់ធ្វើជាសាក្សីចុះ ថាទូលបង្គំគ្មានសិទ្ធិប្រគល់ដី ដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាបានទេ»។ ៤ ព្រះបាទអខាប់យាងចូលទៅ ក្នុងវាំងវិញទាំងមួម៉ៅ និងក្រេវក្រោធ ព្រោះតែពាក្យសំដីដែលលោកណាបុតជាអ្នកស្រុកយីសរេអែលទូលថា “ទូលបង្គំគ្មានសិទ្ធិប្រគល់ដី ដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាបានទេ”។ ស្ដេចផ្ទំលើព្រះទែនបែរព្រះភក្ត្រទៅជញ្ជាំង ហើយមិនព្រមសោយព្រះស្ងោយឡើយ។ ៥ ម្ចាស់ក្សត្រីយេសាបិល ជាមហេសី យាងមកគាល់ស្ដេចហើយទូលសួរថា៖ «ហេតុអ្វីបានជាព្រះករុណាមានព្រះហឫទ័យមួម៉ៅ មិនព្រមសោយព្រះស្ងោយដូច្នេះ?»។ ៦ ស្ដេចមានរាជឱង្ការដូច តទៅ៖ «យើងនិយាយជាមួយណាបុតជាអ្នកស្រុកយីសរេអែលថា “ចូរលក់ចំការទំពាំងបាយជូររបស់អ្នក មកអោយយើង ឬប្រសិនបើអ្នកមិនចង់បានប្រាក់ទេ យើងនឹងប្រគល់ចំការទំពាំងបាយជូរមួយទៀតជាថ្នូរ”។ ប៉ុន្តែ គាត់ឆ្លើយថា “ទូលបង្គំមិនប្រគល់ចំការទំពាំងបាយជូររបស់ទូលបង្គំ ថ្វាយព្រះករុណាទេ!”»។ ៧ ម្ចាស់ក្សត្រីយេសាបិល ជាមហេសីទូលថា៖ «តើព្រះករុណាមិនមែនជាស្ដេចលើស្រុកអ៊ីស្រាអែលទេឬ! សូមតើនឡើង សោយព្រះស្ងោយ ហើយរីករាយក្នុងព្រះហឫទ័យចុះ ចាំខ្ញុំម្ចាស់ទៅយកចំការទំពាំងបាយជូររបស់លោកណាបុតជាអ្នកស្រុកយីសរេអែលមកថ្វាយ»។
៨ ម្ចាស់ក្សត្រីយេសាបិល សរសេររាជសារក្នុងនាមព្រះបាទអខាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេអោយយកទៅជូនពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំដែលនៅក្រុងជាមួយលោកណាបុត។ ៩ ក្នុងរាជសារទាំងនោះ ម្ចាស់ក្សត្រីយេសាបិលបានសរសេរថា៖ «ចូរប្រកាសអោយប្រជាជនធ្វើពិធីតមអាហារ ហើយអោយលោកណាបុតអង្គុយនៅកន្លែងគណៈអធិបតី។ ១០ត្រូវអោយមនុស្ស ខិលខូចពីរនាក់មកអង្គុយនៅទល់មុខគាត់ ដើម្បីធ្វើជាសាក្សី ចោទប្រកាន់គាត់ថា“លោកបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!”។ បន្ទាប់មក ចូរនាំគាត់ទៅក្រៅ រួចយកដុំថ្មគប់សម្លាប់ចោលទៅ»។
១១ ពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ ដែលរស់នៅក្នុងក្រុងជាមួយលោកណាបុត ធ្វើតាមសេចក្ដីដែលម្ចាស់ក្សត្រីយេសាបិលបានបញ្ជាក្នុងរាជសារ។ ១២ ពួកគេប្រកាសពិធីតមអាហារ ហើយអោយលោកណាបុតអង្គុយនៅកន្លែងគណៈអធិបតី។ ១៣មនុស្សខិលខូចពីរនាក់ មកអង្គុយនៅទល់មុខលោកណាបុតរួចចោទប្រកាន់លោកនៅចំពោះមុខប្រជាជនថា៖ «លោកណាបុតបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!»។ ដូច្នេះ គេនាំលោកណាបុតចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់លោក។ ១៤ គេចាត់មនុស្សអោយទៅទូល ម្ចាស់ក្សត្រីយេសាបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបុតហើយ»។ ១៥ កាលម្ចាស់ក្សត្រី យេសាបិលជ្រាបថា គេបានយកដុំថ្មគប់សម្លាប់លោកណាបុតហើយនោះ ម្ចាស់ក្សត្រីក៏ទូលព្រះបាទអខាប់ថា៖ «សូមតើនឡើង យាងទៅចាប់យកចំការទំពាំងបាយជូររបស់ណាបុតជាអ្នកស្រុកយីសរេអែល ដែលមិនព្រមលក់ថ្វាយព្រះករុណាចុះ ដ្បិតណាបុតស្លាប់បាត់បង់ជីវិតហើយ»។ ១៦ កាលព្រះបាទអខាប់ ជ្រាបថា លោកណាបុតស្លាប់ហើយ ទ្រង់ក៏តើនឡើង យាងចុះទៅចាប់យកចំការទំពាំងបាយជូររបស់លោកណាបុតជាអ្នកស្រុកយីសរេអែល។
ព្រះអម្ចាស់ដាក់ទោសព្រះបាទអខាប់ និងម្ចាស់ក្សត្រីយេសាបិល
១៧ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលី ជាអ្នកភូមិទីសបេថា៖ ១៨ «ចូរក្រោកឡើងទៅជួប អខាប់ ជាស្ដេចអ៊ីស្រាអែលនៅក្រុងសាម៉ារី។ ឥឡូវនេះ អខាប់ស្ថិតនៅក្នុងចំការទំពាំងបាយជូររបស់ណាបុត ដែលខ្លួនទើបចាប់យកបាន។ ១៩ ត្រូវប្រាប់អខាប់ដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថាហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេដូច្នេះ?” អ្នកត្រូវពោលទៀតថា ព្រះអម្ចាស់មានព្រះបន្ទូលថា “ឆ្កែបានលិទ្ធឈាមរបស់ណាបុតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកផ្ទាល់នៅកន្លែងនោះដែរ”»។
២០ ព្រះបាទ អខាប់មានរាជឱង្ការមកលោកថា៖ «នែ៎សត្រូវអើយ! តើលោកមកជួបយើងទៀត ហើយឬ?»។ លោកអេលីទូលថា៖ «ទូលបង្គំមកគាល់ព្រះករុណា ព្រោះព្រះករុណាលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ២១ ព្រះអម្ចាស់មាន ព្រះបន្ទូលថា: “យើងនឹងធ្វើអោយគ្រោះកាចកើតមានចំពោះអ្នក យើងនឹងលុបបំបាត់ពូជពង្សរបស់អ្នក យើងនឹងប្រហារប្រុសៗក្នុងក្រុមគ្រួសារអខាប់ ទាំងអ្នកងារ ទាំងអ្នកជា អោយអស់ពីស្រុកអ៊ីស្រាអែល។ ២២ យើងនឹងធ្វើអោយ ពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាត និងដូចពូជពង្សរបស់បាសា ជាកូនរបស់អហ៊ីយ៉ាដែរ ព្រោះអ្នកធ្វើអោយយើងខឹង ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទៀតផង”។
២៣ ព្រះអម្ចាស់មានព្រះបន្ទូល អំពីម្ចាស់ក្សត្រីយេសាបិលថា “ឆ្កែនឹងហែកស៊ីយេសាបិល នៅជើងកំពែងក្រុងយីសរេអែល។ ២៤ កូនចៅរបស់អខាប់ដែល ស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាល នឹងត្រូវត្មាតចឹកស៊ីដែរ”»។
២៥ មិនដែលមាននរណា ដូចព្រះបាទអខាប់ទេ គឺស្ដេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ក្រោមការញុះញង់របស់ម្ចាស់ក្សត្រីយេសាបិល ជាមហេសី។ ២៦ ស្ដេចបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដោយគោរពថ្វាយបង្គំព្រះក្លែងក្លាយ ដូចជនជាតិអាម៉ូរី ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខប្រជាជនអ៊ីស្រាអែល។
២៧ កាល ព្រះបាទអខាប់ឮព្រះបន្ទូលទាំងនោះហើយ ទ្រង់ហែកព្រះពស្ដ្រចោល រួចស្លៀកបាវ និងតមអាហារ។ ពេលផ្ទំក៏ស្ដេចស្លៀកបាវដែរ ហើយយាងយឺតៗ។ ២៨ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលី ជាអ្នកភូមិទីសបេថា៖ ២៩ «អ្នកឃើញទេ អខាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអខាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើអោយគ្រោះកាច កើតមានដល់គេក្នុងពេលដែលគេនៅមានជីវិតទេ តែយើងនឹងធ្វើអោយគ្រោះកាចកើតមានចំពោះពូជពង្សរបស់គេ នៅជំនាន់ ក្រោយ»។