ស្ដេចស្រុកស៊ីរីឡោមព័ទ្ធក្រុងសាម៉ារី
១ ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី បានប្រមូលកងទ័ពទាំងមូល ហើយមានស្ដេចសម្ពន្ធមិត្តសាមសិបពីរអង្គ ព្រមទាំងកងពលសេះ និងរទេះចំបាំងរួមជាមួយផង លើកគ្នាមកឡោមព័ទ្ធ និងវាយលុកក្រុងសាម៉ារី។ ២ ស្ដេចស្រុកស៊ីរីចាត់អ្នកនាំសារអោយទៅទូលព្រះបាទអខាប់ ជាស្ដេចអ៊ីស្រាអែលដូចតទៅ៖ ៣ ព្រះបាទបេនហាដាដមានរាជឱង្ការថា៖ «មាសប្រាក់ ពួកស្រីស្នំ និងបុត្រាដ៏មានរូបល្អរបស់ព្រះករុណា សុទ្ធតែជារបស់យើង»។ ៤ ស្ដេចអ៊ីស្រាអែលមាន រាជឱង្ការតបថា៖ «បពិត្រព្រះករុណាជាអម្ចាស់ទូលបង្គំ និងអ្វីៗទាំងប៉ុន្មានដែលទូលបង្គំមានសុទ្ធជាកម្មសិទ្ធិរបស់ ព្រះករុណាដូចព្រះករុណាមានរាជឱង្ការមែន»។ ៥ អ្នកនាំសារមកគាល់ ព្រះបាទអខាប់ជាថ្មីទូលថា៖ «ព្រះបាទបេនហាដាដមានរាជឱង្ការដូចតទៅ: យើងបានចាត់គេអោយមកទូលព្រះករុណាថា ត្រូវប្រគល់មាស ប្រាក់ ពួកស្រីស្នំ និងបុត្រារបស់ព្រះករុណាមកអោយយើង។ ៦ ដូច្នេះ ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងចាត់អ្នកបំរើអោយមកជួបព្រះករុណា ពួកគេនឹងប្រមូលអ្វីៗទាំងអស់នៅក្នុងដំណាក់ព្រះករុណា និងក្នុងផ្ទះសម្បែងរបស់រាជបំរើ គឺពួកគេប្រមូលយករបស់របរ ទាំងប៉ុន្មានដែលព្រះករុណាស្រឡាញ់ពេញ ចិត្ត»។
៧ ស្ដេច ស្រុកអ៊ីស្រាអែលកោះហៅព្រឹទ្ធាចារ្យ*ទាំងអស់ក្នុងស្រុក ហើយមានរាជឱង្ការថា៖ «សូមអស់លោកពិចារណាមើល ស្ដេចនោះចង់បង្ករឿងហេតុជាមួយយើងហើយ! ដ្បិតស្ដេចបានចាត់គេអោយមកទាមទារពួកស្រីស្នំ និងបុត្រា ព្រមទាំងមាសប្រាក់របស់យើង ហើយយើងពុំបានបដិសេធទេ!»។ ៨ ពួកព្រឹទ្ធាចារ្យ និងប្រជាជនទាំងមូលទូលព្រះបាទអខាប់៖ «សូមព្រះករុណាកុំសណ្ដាប់ និងយល់ព្រមតាមពាក្យស្ដេចនោះឡើយ!»។ ៩ ពេលនោះ ស្ដេចក៏មានរាជឱង្ការទៅកាន់ពួកអ្នកនាំសាររបស់ព្រះបាទបេនហាដាដថា៖ «ចូរទៅទូលព្រះករុណាជាអម្ចាស់ដូចតទៅ: សេចក្ដីទាំងប៉ុន្មាន ដែលព្រះករុណាចាត់គេ អោយមកទាមទារពីទូលបង្គំលើកដំបូងនោះ ទូលបង្គំសុខចិត្តធ្វើតាម តែទូលបង្គំពុំអាចធ្វើតាមសេចក្ដីដែលព្រះករុណាទាមទារ ជាលើកទីពីរនេះបានទេ»។ អ្នកនាំសារយកពាក្យនេះទៅទូលព្រះបាទបេនហាដាដវិញ។
១០ ព្រះបាទ បេនហាដាដចាត់គេអោយមកទូលព្រះបាទអខាប់ទៀតថា៖ «យើងនឹងអោយពលទាហានរបស់យើងកំទេចក្រុងសាម៉ារី សូម្បីតែធូលីដីមួយក្បង់ក៏មិនសល់ដែរ! បើយើងមិនធ្វើដូច្នេះទេ សូមព្រះទាំងឡាយដាក់ទោសយើងចុះ!»។ ១១ ស្ដេចអ៊ីស្រាអែល ប្រាប់គេអោយទូលព្រះបាទបេនហាដាដដូចតទៅ: «“អ្នកដែលចេញទៅច្បាំង មិនត្រូវអួតអាងដូចអ្នកច្បាំងឈ្នះនោះឡើយ!”»។ ១២ ព្រះបាទបេនហាដាដឮ ពាក្យនេះ នៅពេលកំពុងសោយសុរាជាមួយស្ដេចសម្ពន្ធមិត្ត នៅក្នុងពន្លា។ ស្ដេចបញ្ជាពលទាហានថា៖ «ចូររៀបចំខ្លួនប្រយុទ្ធ!»។ ពួកគេក៏រៀបចំទ័ពបម្រុងនឹងវាយលុកទីក្រុង។
ព្រះបាទអខាប់ទទួលជ័យជំនះ
១៣ ពេលនោះ មានព្យាការីម្នាក់ ចូលមកគាល់ព្រះបាទអខាប់ ជាស្ដេចអ៊ីស្រាអែលដោយទូលថា៖ «ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: តើអ្នកឃើញកងទ័ពដ៏សន្ធឹកសន្ធាប់នេះទេ? យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។ ១៤ ព្រះបាទអខាប់សួរថា៖ «តើព្រះអង្គប្រគល់ពួកគេមកអោយខ្ញុំតាមរយៈនរណា?»។ ព្យាការីទូលស្ដេចថា៖ «ព្រះអម្ចាស់ មានព្រះបន្ទូលថា តាមរយៈពួកសេនាជន ដែលចៅហ្វាយខេត្តទាំងប៉ុន្មានជ្រើសរើស»។ ព្រះបាទអខាប់មានរាជឱង្ការទៀតថា៖ «តើនរណានាំទ័ពចេញទៅច្បាំង?»។ ព្យាការីឆ្លើយថា៖ «ព្រះករុណា!»។ ១៥ ព្រះបាទអខាប់យាង ត្រួតពលសេនាជនរបស់ពួកចៅហ្វាយខេត្ត ឃើញមានចំនួនពីររយសាមសិបពីរនាក់។ បន្ទាប់មក ស្ដេចត្រួតពលទ័ពអ៊ីស្រាអែល ឃើញមានចំនួនទាំងអស់ប្រាំពីរពាន់នាក់។
១៦ អ៊ីស្រាអែល លើកទ័ពចេញទៅ នៅពេលថ្ងៃត្រង់។ ពេលនោះ ព្រះបាទបេនហាដាដកំពុងសោយសុរាស្រវឹង ជាមួយស្ដេចសម្ពន្ធមិត្តទាំងសាមសិបពីរអង្គទៀតនៅក្នុងពន្លា។ ១៧ ពួកសេនាជនរបស់ ចៅហ្វាយខេត្តចេញមុនគេ។ ព្រះបាទបេនហាដាដចាត់គេអោយទៅមើលសភាពការណ៍ គេក៏រាយការណ៍ថ្វាយស្ដេចថា៖ «មានមនុស្សចេញពីទីក្រុងសាម៉ារី»។ ១៨ ស្ដេចមានរាជឱង្ការថា៖ «ទោះបីពួកគេចេញមកសុំចុះចូលក្ដី ឬចេញមកច្បាំងក្ដី ត្រូវចាប់ពួកគេទាំងរស់»។ ១៩ សេនាជនរបស់ចៅហ្វាយខេត្ត នាំគ្នាចេញពីទីក្រុង ហើយមានកងទ័ពចេញមកតាមក្រោយ។ ២០ ពួកគេវាយសត្រូវរៀងៗ ខ្លួន ធ្វើអោយពួកស៊ីរីបាក់ទ័ព ហើយអ៊ីស្រាអែលនាំគ្នាដេញតាម។ រីឯព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរីជិះសេះរត់ទៅជាមួយពលទ័ពសេះខ្លះទៀត។ ២១ ស្ដេចស្រុកអ៊ីស្រាអែលចេញមកវាយពលទ័ពសេះ និងរទេះចំបាំង ធ្វើអោយកងទ័ពស៊ីរីបរាជ័យយ៉ាងធ្ងន់។ ២២ ពេលនោះ ព្យាការីចូលទៅគាល់ស្ដេចអ៊ីស្រាអែល ហើយទូលថា៖ «សូមព្រះករុណាក្លាហានឡើង ហើយសូមទ្រង់ព្រះតម្រិះមើលថា តើព្រះករុណាត្រូវធ្វើយ៉ាងណា ដ្បិតឆ្នាំក្រោយស្ដេចស្រុកស៊ីរីមុខជាលើកទ័ពមកច្បាំងនឹង ព្រះករុណាទៀតមិនខាន»។
ព្រះបាទអខាប់ទទួលជ័យជំនះជាថ្មី
២៣ ពួកមន្ត្រីរបស់ស្ដេច ស្រុកស៊ីរីទូលស្ដេចថា៖ «ព្រះរបស់ជនជាតិអ៊ីស្រាអែល ជាព្រះនៃតំបន់ភ្នំ ហេតុនេះហើយបានជាពួកគេខ្លាំងពូកែជាងពួកយើង។ ប៉ុន្តែ ប្រសិនបើយើងវាយលុកពួកគេនៅតំបន់វាលទំនាបវិញ នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន។ ២៤ សូមព្រះករុណាធ្វើដូចតទៅ គឺដកស្ដេចសម្ពន្ធមិត្តទាំងអស់ ចេញពីមុខតំណែង ហើយតែងតាំងចៅហ្វាយខេត្តជំនួសវិញ។ ២៥ រីឯព្រះករុណាវិញ សូមប្រមូលទ័ពអោយបានច្រើន ស្មើនឹងចំនួនទ័ពដែលព្រះករុណាបានបាត់បង់ គឺមានពលទ័ពសេះ និងរទេះចំបាំងស្មើនឹងទ័ពលើកមុនដែរ។ បន្ទាប់មក យើងចេញទៅវាយលុកពួកគេនៅតំបន់វាលទំនាប នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន»។ ស្ដេចក៏យល់ព្រមធ្វើតាមយោបល់របស់មន្ត្រីទាំងនោះ។
២៦ មួយឆ្នាំក្រោយមក ព្រះបាទបេនហាដាដយាងត្រួតពលទាហានស៊ីរី ហើយលើកទ័ពឆ្ពោះទៅក្រុងអាផេក ដើម្បីច្បាំងនឹងអ៊ីស្រាអែល។ ២៧ ព្រះបាទអខាប់យាង ត្រួតពលទ័ពអ៊ីស្រាអែល ហើយចែកស្បៀងអាហារអោយ រួចលើកទ័ពចេញទៅច្បាំងនឹងកងទ័ពស៊ីរី។ កងទ័ពអ៊ីស្រាអែលបោះជំរំ ទល់មុខនឹងកងទ័ពស៊ីរី។ កងទ័ពអ៊ីស្រាអែលប្រៀបបាននឹងពពែពីរហ្វូងតូចៗ រីឯកងទ័ពស៊ីរីវិញ ស្ថិតនៅពាសពេញតំបន់នោះ។ ២៨ អ្នកជំនិតរបស់ព្រះជាម្ចាស់ ចូលគាល់ស្ដេចអ៊ីស្រាអែលហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយជនជាតិស៊ីរីពោលថាព្រះអម្ចាស់ ជាព្រះនៃតំបន់ភ្នំ គឺមិនមែនជាព្រះនៃវាលទំនាបទេនោះ យើងនឹងប្រគល់កងទ័ពដ៏សន្ធឹកសន្ធាប់នេះមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាព្រះអម្ចាស់មែន»។ ២៩ កងទ័ពទាំងពីរបោះ ជំរំទល់មុខគ្នា អស់រយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ការប្រយុទ្ធក៏កើតឡើង ហើយកងទ័ពអ៊ីស្រាអែលវាយកងពលថ្មើរជើងរបស់ជនជាតិស៊ីរី ស្លាប់អស់មួយសែននាក់ ក្នុងពេលតែមួយថ្ងៃ។ ៣០ រីឯទាហានដែលនៅ សេសសល់ នាំគ្នារត់ចូលក្នុងក្រុងអាផេក តែត្រូវកំពែងក្រុងរំលំសង្កត់ស្លាប់អស់ពីរម៉ឺនប្រាំពីរពាន់នាក់។
ព្រះបាទអខាប់ទុកជីវិតអោយស្ដេចស្រុកស៊ីរី
ព្រះបាទបេនហាដាដរត់ទៅដល់ទីក្រុង ហើយចូលទៅពួនក្នុងបន្ទប់មួយ។ ៣១ ពួកមន្ត្រីទូលថា៖ «ទូលបង្គំឮគេនិយាយថាស្ដេចអ៊ីស្រាអែល សុទ្ធតែជាស្ដេចដែលមានចិត្តមេត្តាករុណា ដូច្នេះ ទូលបង្គំទាំងអស់គ្នានឹងយកបាវមកស្លៀក ហើយយកខ្សែពួរមកពាក់ក រួចនាំគ្នាចេញទៅបង្ហាញខ្លួនចំពោះស្ដេចអ៊ីស្រាអែល នោះប្រហែលជាស្ដេចនឹងទុកជីវិតព្រះករុណា»។ ៣២ ពួកគេនាំគ្នាយកបាវ មកស្លៀក យកខ្សែមកពាក់នៅក រួចចេញទៅគាល់ស្ដេចស្រុកអ៊ីស្រាអែល ហើយទូលថា៖ «ព្រះបាទបេនហាដាដ ជាអ្នកបំរើរបស់ព្រះករុណាទូលថា “សូមព្រះករុណាមេត្តាទុកជីវិតអោយទូលបង្គំផង”»។ ព្រះបាទអខាប់មានរាជឱង្ការថា៖ «តើព្រះរាជានៅមានព្រះជន្មទេឬ? ទ្រង់ក៏ជាបងប្អូននឹងយើងដែរ!»។ ៣៣ កាលពួកមន្ត្រីឃើញថា ឱកាសល្អហុចអោយដូច្នេះ ពួកគេក៏ប្រញាប់ទូលស្ដេចវិញថា៖ «ព្រះបាទបេនហាដាដ ពិតជាបងប្អូនរបស់ព្រះករុណាមែន!»។ ព្រះបាទអខាប់មានរាជឱង្ការថា៖ «ចូលទៅយាងព្រះរាជាមក»។ ព្រះបាទបេនហាដាដក៏ចេញមកគាល់ព្រះបាទអខាប់ ហើយព្រះបាទអខាប់អោយព្រះបាទបេនហាដាដ ឡើងជិះរាជរថជាមួយ។ ៣៤ ព្រះបាទបេនហាដាដមាន រាជឱង្ការទៅកាន់ព្រះបាទអខាប់ថា៖ «ទូលបង្គំសូមប្រគល់ក្រុងទាំងប៉ុន្មាន ដែលបិតារបស់ទូលបង្គំបានដណ្ដើមយកពីបិតារបស់ព្រះករុណា ថ្វាយព្រះករុណាវិញ។ ព្រះករុណាអាចនាំយកផលិតផលក្នុងស្រុករបស់ព្រះករុណា ទៅលក់ក្នុងក្រុងដាម៉ាស ដូចបិតារបស់ទូលបង្គំធ្លាប់នាំយកផលិតផលទៅលក់នៅក្រុងសាម៉ារីដែរ»។ ព្រះបាទអខាប់មានរាជឱង្ការថា៖ «រីឯទូលបង្គំវិញ ទូលបង្គំនឹងចុះសន្ធិសញ្ញាជាមួយព្រះករុណា រួចទូលបង្គំនឹងបើកអោយព្រះករុណាយាងត្រឡប់ទៅស្រុកវិញ»។ ព្រះបាទអខាប់ក៏ចុះសន្ធិសញ្ញាជាមួយព្រះបាទបេនហាដាដ រួចហើយបើកអោយព្រះបាទបេនហាដាដ យាងត្រឡប់ទៅស្រុកវិញ។
ព្រះជាម្ចាស់ដាក់ទោសព្រះបាទអខាប់
៣៥ មានបុរសម្នាក់ ដែលជាសមាជិករបស់ក្រុមព្យាការី ពោលទៅមិត្តរបស់ខ្លួន ក្នុងនាមព្រះអម្ចាស់ថា៖ «ចូរវាយខ្ញុំមក!»។ ប៉ុន្តែ អ្នកនោះមិនព្រមវាយទេ។ ៣៦ ព្យាការីនោះក៏ពោលទៅកាន់មិត្តរបស់ខ្លួនថា៖ «ដោយអ្នកមិនធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូច្នេះ កាលណាអ្នកចាកចេញពីខ្ញុំទៅ សត្វសឹង្ហនឹងសម្លាប់អ្នកជាមិនខាន»។ ពេលអ្នកនោះចេញទៅជួបសត្វសឹង្ហ ហើយសឹង្ហក៏សម្លាប់គាត់។ ៣៧ បន្ទាប់មក ព្យាការីជួបបុរសម្នាក់ទៀតហើយពោលថា៖ «ចូរវាយខ្ញុំមក!»។ បុរសនោះក៏វាយគាត់រហូតដល់ធ្វើអោយគាត់មានរបួស។ ៣៨ ព្យាការីនោះក៏ក្លែងខ្លួន ហើយឃ្លុំមុខជិតដើម្បីកុំអោយនរណាស្គាល់ រួចចេញទៅរង់ចាំព្រះបាទអខាប់នៅតាមផ្លូវ។ ៣៩ កាលស្ដេចយាងកាត់តាម ផ្លូវនោះ គាត់ក៏ស្រែកទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំបានចេញទៅច្បាំង ពេលនោះ មានម្នាក់ចេញពីសមរភូមិ ហើយនាំឈ្លើយសឹកម្នាក់មកអោយទូលបង្គំ ដោយបញ្ជាថា “ចូរមើលឈ្លើយសឹកនេះផង! ប្រសិនបើគេរត់រួច អ្នកត្រូវយកជីវិតសងជំនួស ឬត្រូវយកប្រាក់ប្រាំបួនរយតម្លឹងមកសងខ្ញុំ”។ ៤០ ប៉ុន្តែ កាលទូលបង្គំជាប់រវល់ធ្វើនេះធ្វើនោះ ឈ្លើយសឹកក៏រត់បាត់ទៅ»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការមកគាត់ថា៖ «អ្នកកាត់ទោសខ្លួនឯងស្រាប់ហើយ!»។ ៤១ ព្យាការីបកក្រណាត់ឃ្លុំមុខចេញភ្លាម ហើយស្ដេចស្រុកអ៊ីស្រាអែលក៏ស្គាល់ថាជាព្យាការី។ ៤២ គាត់ទូលស្ដេចថា៖ «ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ដោយអ្នកលែងមនុស្សដែលយើងបានកាត់ទោសប្រហារជីវិត អ្នកត្រូវស្លាប់ជំនួសគេ ហើយប្រជារាស្ត្ររបស់អ្នក ក៏ត្រូវស្លាប់ជំនួសប្រជារាស្ត្ររបស់គេដែរ»។ ៤៣ ស្ដេចស្រុកអ៊ីស្រាអែល យាងត្រឡប់ទៅវាំង នៅក្រុងសាម៉ារី ទាំងមួម៉ៅ និងក្រេវក្រោធ។