ពង្សាវតារក្សត្រ  ទី  ១ (១៩)

ព្យាការី​អេលី​នៅ​លើ​ភ្នំ​ហូរ៉ែប
 ព្រះបាទ​អខាប់​រៀប​រាប់​ អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​លោក​អេលី​បាន​ប្រព្រឹត្ត និង​អំពី​ការ​ដែល​លោក​បាន​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះ​បាល​ដោយ​មុខ ​ដាវ ប្រាប់​ម្ចាស់​ក្សត្រី​យេសាបិល។ ២ ម្ចាស់​ក្សត្រី​យេសាបិល​ ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ប្រាប់​លោក​អេលី​ថា៖ «ថ្ងៃ​ស្អែក នៅ​ពេល​ថ្មើរ​នេះ ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​លោក ដូច​លោក បាន​ប្រហារ​ជីវិត​ព្យាការី​ទាំង​នោះ​ទេ សូម​ព្រះ​ទាំងឡាយ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!»។ ៣ លោក​អេលី​ភ័យ​ខ្លាច​ ហើយ​ក្រោក​ឡើង រត់​ចេញ​ទៅ ដើម្បី​អោយ​រួច​ជីវិត។ លោក​ទៅ​ដល់​បៀរ-សេបា ក្នុង​ស្រុក​យូដា លោក​ទុក​អ្នក​បំរើ​អោយ​នៅ​ទី​នោះ។ ៤ រីឯ​លោក​វិញ លោក​ធ្វើ​ដំណើរ​កាត់​វាល​រហោស្ថាន ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​ទូលអង្វរ​សុំ​ស្លាប់​ទាំង​ពោល​ថា៖ «ព្រះអម្ចាស់​ អើយ! ទូលបង្គំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ព្រះអង្គ​ដក​ជីវិត​ទូលបង្គំ​ចុះ! ដ្បិត​ទូលបង្គំ​មិន​ប្រសើរ​ជាង​ដូនតា​របស់​ទូលបង្គំ​ទេ»។ ៥ បន្ទាប់​មក លោក​ទំរេត​ខ្លួន​សម្រាន្ដ​លង់លក់​ក្រោម ដើម​ដង្កោ​នោះ​ទៅ។ ពេល​នោះ មាន​ទេវទូត*​មួយ​រូប​មក​ដាស់​លោក ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង បរិភោគ​ទៅ!»។ ៦ លោក​អេលី​ក្រឡេក​ទៅ​ ឃើញ​មាន​នំបុ័ង ដែល​គេ​ទើប​នឹង​ដុត​លើ​ថ្ម​ក្ដៅៗ និង​ទឹក​មួយ​ក្អម នៅ​លើ​ក្បាល​ដំណេក លោក​ក៏​ពិសា​នំបុ័ង និង​ទឹក​រួច​សម្រាន្ដ​លក់​ជា​ថ្មី។ ៧ ពេល​នោះ ទេវទូតរបស់​ព្រះអម្ចាស់​មក​ដាស់​លោក​ម្ដង​ទៀត ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង​បរិភោគ​ទៅ ដ្បិត​លោក​ត្រូវ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ»។ លោក​ក៏​ក្រោក​ឡើង ពិសា​នំបុ័ង និង​ទឹក។ អាហារ​នេះ​ធ្វើ​អោយ​លោក​មាន​កម្លាំង ដើរ​បាន​សែសិប​ថ្ងៃ​សែសិប​យប់ រហូត​ដល់​ភ្នំ​ហូរ៉ែប​ជា​ភ្នំ​របស់​ព្រះជាម្ចាស់។

ព្រះអម្ចាស់​ប្រទាន​អោយ​ព្យាការី​អេលី​មាន​សេចក្ដី​ក្លាហាន​ឡើង​វិញ
 កាល​ទៅ​ដល់​ភ្នំ​ហូរ៉ែប​ហើយ លោក​អេលី​ចូល​ទៅ​ស្នាក់​ក្នុង​គុហា​នៅ​ពេល​យប់។ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ដូច​ត​ទៅ៖ «អេលី​អើយ​អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។ ១០ លោក​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល! ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់។ រីឯ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ផ្ដាច់​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ពួក​គេ​រំលំ​អាសនៈ​របស់​ព្រះអង្គ និង​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះអង្គ​ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ទូលបង្គំ​ទៀត»។ ១១ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ក្រៅ ហើយ​ឈរ​លើ​ភ្នំ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់»។ ព្រះអង្គ​យាង​កាត់​តាម​នោះ​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ធ្វើ​អោយ​កក្រើក​ភ្នំ បំបែក​ថ្ម នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់​មិន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ។ បន្ទាប់​ពី​ខ្យល់ មាន​រញ្ជួយ​ដី ប៉ុន្តែ ព្រះអម្ចាស់​មិន​គង់​នៅ​ក្នុង​ដី​ដែល​រញ្ជួយ​នោះ​ទេ។ ១២ ក្រោយ​ពី​រញ្ជួយ​ដី មាន​ភ្លើង ប៉ុន្តែ ព្រះអម្ចាស់​មិន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ។ បន្ទាប់​ពី​ភ្លើង​មាន​ឮ​សូរ​សំឡេង​ស្រាលៗ​យ៉ាង​ស្រទន់។ ១៣ កាល​ព្យាការី​អេលី​ឮ ​សំឡេង​នោះ លោក​យក​អាវ​ធំ​មក​គ្រប​មុខ ហើយ​ចេញ​ទៅ​ឈរ​នៅ​មាត់​គុហា។ លោក​ឮ​ព្រះសូរសៀង​ថា៖ «អេលី​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។ ១៤ លោក​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល! ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់។ រីឯ​ជន​ជាតិ​អ៊ីស្រាអែល​ផ្ដាច់​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ពួក​គេ​រំលំ​អាសនៈ​របស់​ព្រះអង្គ និង​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះអង្គ​ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ទូលបង្គំ​ទៀត»។ ១៥ ​ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ធ្វើ​ដំណើរ​កាត់​វាល​រហោស្ថាន​ឆ្ពោះ​ទៅ​កាន់​ក្រុង​ដាម៉ាស​ចុះ! កាល​ទៅ​ដល់​ហើយ ត្រូវ​ចាក់​ប្រេង​អភិសេក​ហាសាអែល អោយ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី។ ១៦ បន្ទាប់​មក ត្រូវ​ចាក់​ប្រេង​អភិសេក​យេហ៊ូ ជា​កូន​របស់​នឹម​ស៊ី អោយ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល រួច​ចាក់​ប្រេង​តែងតាំង​អេលីសេ ជា​កូន​របស់​សាផាត​នៅ​អបែលមេហូឡា អោយ​ធ្វើ​ជា​ព្យាការី​ជំនួស​អ្នក។ ១៧ ពេល​នោះ នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​ហាសាអែល​នឹង​ត្រូវ​យេហ៊ូ​សម្លាប់ ហើយ​នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​យេហ៊ូ នឹង​ត្រូវ​អេលីសេ​សម្លាប់។ ១៨ ប៉ុន្តែ យើង​នឹង​ទុក​ជីវិត​មនុស្ស​ប្រាំពីរ​ពាន់​នាក់​នៅ​ស្រុក​អ៊ីស្រាអែល គឺ​អស់​អ្នក​ដែល​ពុំ​បាន​លុត​ជង្គង់​ថ្វាយបង្គំ​ព្រះ​បាល ហើយ​មិន​បាន​ថើប​ព្រះ​នេះ​ទេ»។

លោក​អេលី​តែងតាំង​លោក​អេលីសេ ជា​ព្យាការី
១៩ លោក​អេលី​ចាក​ចេញ​ពី ​ទី​នោះ​ទៅ​ជួប​នឹង​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត​កំពុង​តែ​ភ្ជួរ​ស្រែ។ មាន​អ្នក​ភ្ជួរ​ទាំង​អស់​ដប់ពីរ​នាក់ លោក​អេលីសេ​ភ្ជួរ​ក្រោយ​គេ​បង្អស់។ លោក​អេលី​ចូល​ទៅ​ជិត​គាត់ រួច​ដោះ​អាវ​ធំ​របស់​លោក​បោះ​ទៅ​លើ​គាត់។ ២០ លោក​អេលីសេ​ទុក​គោ​ចោល ហើយ​រត់​ទៅ​តាម​លោក​អេលី​ជំរាប​ថា៖ «សូម​អនុញ្ញាត​អោយ​ខ្ញុំ​ប្របាទ​ទៅ​លា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្របាទ​សិន រួច​ខ្ញុំ​ប្របាទ​នឹង​ទៅ​តាម​លោក»។ លោក​​​អេលី​ឆ្លើយ​ថា៖ «ទៅ​វិញ​ចុះ​ខ្ញុំ​មិន​ឃាត់​អ្នក​ទេ!»។ ២១ ​លោក​អេលីសេ​ចាក​ចេញ​ពី​ លោក​អេលី ត្រឡប់​មក​កន្លែង​ភ្ជួរ​វិញ។ គាត់​យក​គោ​ទាំង​ពីរ​ក្បាល​ទៅ​សម្លាប់​ធ្វើ​ជា​យញ្ញបូជា យក​នង្គ័ល​ធ្វើ​ជា​អុស​ដុត​ចំអិន​សាច់ ចែក​អស់​អ្នក​ដែល​នៅ​ទី​នោះ​បរិភោគ។ បន្ទាប់​មក គាត់​ក្រោក​ឡើង ដើរ​តាម​លោក​អេលី ហើយ​នៅ​បំរើ​លោក។