ពង្សាវតារក្សត្រ  ទី  ១ (១៥)

ព្រះបាទ​អប៊ីយ៉ា​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២របាក្សត្រ ១៣:១-៣, ២២-២៣)
 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជកាល​ព្រះបាទ​យេរ៉ូ​បោម ជា​កូន​របស់​លោក​នេបាត​ព្រះបាទ​អប៊ីយ៉ា ឡើង​សោយរាជ្យ​នៅ​ស្រុក​យូដា។ ២ ស្ដេច​សោយរាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច មាន​នាម​ថា​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អប៊ីសាឡុម​។ ព្រះបាទ​អប៊ីយ៉ា​ប្រព្រឹត្ត​អំពើ​បាប​គ្រប់​យ៉ាង ដូច​បិតា​ធ្លាប់​ប្រព្រឹត្ត​ដែរ។ ស្ដេច​ពុំ​មាន​ព្រះហ​ឫទ័យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដូច​ព្រះបាទ​ដាវីឌ​ជា​អយ្យកោ​ឡើយ។ ៤ ដោយ​យល់​ដល់​ព្រះបាទ​ដាវីឌ ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច​បាន​ប្រោស​ប្រទាន​អោយ​ស្ដេច​មាន​បុត្រា​មួយ​អង្គ ដើម្បី​កុំ​អោយ​រាជវង្ស​នេះ​ផុត​រលត់ ហើយ​អោយ​ក្រុង​យេរូសាឡឹម​នៅ​ស្ថិតស្ថេរ​ជា​ដរាប ៥ ដ្បិត​ព្រះបាទ​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ហើយ​ពុំ​ងាក​ចេញ​ពី​សេចក្ដី​ដែល​ព្រះអង្គ​បាន​បង្គាប់​អោយ​ធ្វើ​ឡើយ លើកលែង​តែ​កំហុស ដែល​ស្ដេច​បាន​ប្រព្រឹត្ត​ចំពោះ​លោក​អ៊ូរី ជា​ជន​ជាតិ​ហេត​មួយ​ប៉ុណ្ណោះ។

 ព្រះបាទ​រ៉ូបោម និង​ព្រះបាទ​យេរ៉ូបោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ព្រះបាទ​រ៉ូបោម។

 រីឯ​រាជ​ កិច្ច​ផ្សេងៗ​ទៀត ដែល​ព្រះបាទ​អប៊ីយ៉ា​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​ យូដា។ ព្រះបាទ​អប៊ីយ៉ា​ក៏​ធ្វើ​សង្គ្រាម​ជា​មួយ​ព្រះបាទ​យេរ៉ូបោម​ដែរ។ កាល​ព្រះបាទ​អប៊ីយ៉ា​សោយ​ ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ។ ព្រះបាទ​អេសា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។

ព្រះបាទ​អេសា​សោយរាជ្យ​នៅ​ស្រុក​យូដា
(២របាក្សត្រ ១៤:១-២, ១៥:១៦-១៩, ១៦:១-៦, ១១-១៤)
 នៅ​ឆ្នាំ​ទី​ម្ភៃ នៃ​រជ្ជកាល​ព្រះបាទ​យេរ៉ូបោម ជា​ស្ដេច​អ៊ីស្រា​អែល ព្រះបាទ​អេសា​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា​។ ១០ ​ស្ដេច​សោយ​រាជ្យ​បាន​សែសិប​មួយ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម មាតា​​របស់​ស្ដេច​មាន​នាម​ថា​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អប៊ី​សា​ឡុម។

១១ ព្រះបាទ​អេសា​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ​ហឫ​ទ័យ​ព្រះអម្ចាស់​ដូច​ព្រះបាទ​ដាវីឌ ជា​អយ្យកោ​ដែរ។ ១២ ស្ដេច​បាន​កំចាត់​ពួក​ ប្រុសៗ​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​សក្ការៈ ចេញ​ពី​ស្រុក ហើយ​លុប​បំបាត់​ព្រះ​ក្លែងក្លាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​អយ្យកោ​បាន​កសាង​ផង​ ។ ១៣ ស្ដេច​បាន​ហូត​ងារ​មហា​ក្សត្រិ​យានី ពី​ព្រះនាង​ម៉ាកា ជា​មាតា ព្រោះ​មាតា​បាន​កសាង​រូប​ដ៏​គំរក់​មួយ ជា​តំណាង​ព្រះ​អាសេរ៉ា។ ព្រះបាទ​អេសា​កំទេច​រូប​ដ៏​គំរក់​នោះ រួច​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។ ១៤ ក៏​ប៉ុន្តែ ទោះ​បី​ស្ដេច​ស្រឡាញ់​ព្រះអម្ចាស់​ដោយ​ស្មោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។ ១៥ ស្ដេច​បាន​នាំ​តង្វាយ ដែល​បិតា និង​ស្ដេច​ផ្ទាល់​បាន​ញែក​ជា​របស់​សក្ការៈ គឺ​មាន​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់។

១៦ ព្រះបាទ ​អេសា និង​ព្រះបាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្ដេច​ទាំង​ពីរ។ ១៧ ព្រះបាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំវិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​អោយ​ប្រជាជន​របស់​ព្រះបាទ​អេសា ជា​ស្ដេច​ស្រុក​យូដា​អាច​ចេញ​ចូល​បាន។ ១៨ ព្រះបាទ​អេសា​បាន​ប្រមូល​មាស​ប្រាក់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​ក្នុង​ឃ្លាំង​ព្រះ​រាជវាំង ប្រគល់​ទៅ​អោយ​ពួក​រាជ​បំរើ ហើយ​ចាត់​ពួក​គេ​អោយ​ទៅ​គាល់​ព្រះបាទ​បេន-ហាដាដ ជា​បុត្រ​របស់​ព្រះបាទ​តាបរីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះបាទ​ហេស៊ីយ៉ូន ស្ដេច​ស្រុក​ស៊ីរី ដែល​គង់​នៅ​ក្រុង​ដាម៉ាស​ទូល​ថា៖ ១៩ «ទូលបង្គំ​សូម​ចង​ សម្ពន្ធ​មិត្ត​ជា​មួយ​ព្រះករុណា ដូច​បិតា​របស់​ទូលបង្គំ​បាន​ចង​ជា​មួយ​បិតា​របស់​ព្រះករុណា​ដែរ។ ទូលបង្គំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ​មក​ថ្វាយ​ព្រះករុណា។ សូម​ព្រះករុណា​ផ្ដាច់​ចំណង​សម្ពន្ធ​មិត្ត​ជា​មួយ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទៅ ដើម្បី​កុំ​អោយ​ស្ដេច​នោះ​លើក​ទ័ព​មក​វាយ​ទូល​បង្គំ»។ ២០ ព្រះបាទ​បេនហាដាដ​យល់​ ព្រម​តាម​សំណូមពរ​របស់​ព្រះបាទ​អេសា ហើយ​ចាត់​មេទ័ព​អោយ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រាអែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-បេត-ម៉ាកា ព្រម​ទាំង​តំបន់​គីនេរ៉ែត​ទាំង​មូល និង​ស្រុក​ណែបថាលី​ទាំង​មូល។ ២១ កាល​ព្រះបាទ​បាសា ជ្រាប​ពី​ដំណឹង​នេះ ទ្រង់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា ហើយ​យាង​មក​គង់​នៅ​ក្រុង​ទៀរសា​វិញ។ ២២ ពេល​នោះ ព្រះបាទ​អេសា​ប្រមូល​ជន​ជាតិ​យូដា​ទាំង​មូល ឥត​ខ្វះ​អ្នក​ណា​ម្នាក់​ឡើយ ដើម្បី​ជញ្ជូន​ថ្ម និង​ឈើ ដែល​ព្រះបាទ​បាសា​ប្រើ​សំរាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ព្រះបាទ​អេសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា ក្នុង​ទឹក​ដី​បេនយ៉ាមីន និង​ក្រុង​មីសប៉ា។

២៣ រាជ​កិច្ច​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​អេសា គឺ​វីរភាព​ដ៏​អង់អាច និង​អ្វីៗ ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ប្រព្រឹត្ត​ព្រម​ទាំង​ការ​សង់​ ទីក្រុង​​នានា សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ នៅ​គ្រា​ដែល​ស្ដេច​មាន​ព្រះជន្ម​ចាស់​ជរា នោះ​ទ្រង់​កើត​រោគា​នៅ​ព្រះបាទា។ ២៤ កាល​ព្រះបាទ​អេសា​សោយ​ ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ​ជា​អយ្យកោ។ ព្រះបាទ​យ៉ូសាផាត​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

ព្រះបាទ​ណាដាប់​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល
២៥ នៅ​ឆ្នាំ​ទី​ពីរ​នៃ​ រជ្ជកាល​ព្រះបាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​ណាដាប់ ជា​បុត្រ​ព្រះបាទ​យេរ៉ូបោម​បាន​ឡើង​សោយ​រាជ្យ​​លើ​ស្រុក​អ៊ីស្រាអែល ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។ ២៦ ស្ដេច​បាន​ធ្វើ​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ និង​ដើរ​តាម​ផ្លូវ​របស់​បិតា គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

២៧ លោក​ បាសា​ជា​កូន​របស់​លោក​អហ៊ីយ៉ា ក្នុង​កុលសម្ព័ន្ធ​អ៊ីសាកា បាន​ក្បត់​ព្រះបាទ​ណាដាប់ ហើយ​ធ្វើ​គុត​ស្ដេច​នៅ​គីបតូន ជា​ក្រុង​របស់​ពួក​ភីលីស្ទីន ក្នុង​គ្រា​ដែល​ស្ដេច និង​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​កំពុង​ឡោមព័ទ្ធ​ក្រុង​នោះ។ ២៨ លោក​បាសា​ធ្វើ​គុត​ស្ដេច នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះបាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។ ២៩ ពេល​ឡើង​គ្រង​រាជ្យ​ហើយ ​ព្រះបាទ​បាសា​ប្រហារ​ជីវិត​រាជវង្ស​របស់​ព្រះបាទ​យេរ៉ូ​បោម​​ទាំង​អស់ គ្មាន​ទុក​អោយ​សល់​អ្នក​ណា​ម្នាក់​ឡើយ គឺ​បំផ្លាញ​អោយ​ផុត​ពូជ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​ថ្លែង​តាម​រយៈ​ព្យាការី​អហ៊ីយ៉ា នៅ​ស៊ីឡូ។ ៣០ ហេតុការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​បាប​ដែល​ព្រះបាទ​យេរ៉ូបោម​ប្រព្រឹត្ត ហើយ​នាំ​ប្រជា​ជន​​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ជា​ហេតុ​បណ្ដាល​អោយ​​​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទ្រង់​ព្រះពិ​រោធ​។

៣១ រាជ​ កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​ណាដាប់ និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។

៣២ ព្រះបាទ ​អេសា និង​ព្រះបាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្ដេច​ទាំង​ពីរ។

ព្រះបាទ​បាសា​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល
៣៣ នៅ​ឆ្នាំ​ទី​បី​នៃ​ រជ្ជកាល​ព្រះបាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​បាសា​ជា​កូន​របស់​លោក​អហ៊ីយ៉ា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល នៅ​ក្រុង​ទៀរសា អស់​រយៈ​ពេល​ម្ភៃ​បួន​ឆ្នាំ។ ៣៤ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ និង​ដើរ​តាម​ផ្លូវ​របស់​ព្រះបាទ​យេរ៉ូបោម គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។