ពង្សាវតារក្សត្រ  ទី  ១ (១៣)

ទីសក្ការៈ​នៅ​បេតអែល​ត្រូវ​វិនាស
 មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះជាម្ចាស់ បាន​ធ្វើ​ដំណើរ​ពី​ស្រុក​យូដា តាម​បញ្ជា​របស់​ព្រះអម្ចាស់ លោក​មក​ដល់​បេតអែល នៅ​ពេល​ព្រះបាទ​យេរ៉ូបោម​ កំពុង​តែ​ឈរ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។   លោក​ស្រែក​ប្រឆាំង​នឹង​អាសនៈ ដោយ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដូច​ត​ទៅ៖ «អាសនៈ​អើយ! អាសនៈ! ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: នៅ​ក្នុង​ពូជពង្ស​របស់​ដាវីឌ​នឹង​មាន​កូន​ប្រុស​មួយ​រូប​កើត​មក កូន​នោះ មាន​ឈ្មោះ​ថា យ៉ូស្យាស។ យ៉ូស្យាស​នឹង​យក​ពួក​បូជាចារ្យ​នៃ​កន្លែង​សក្ការៈ តាម​ទួល​ខ្ពស់ៗ​មក​បូជា​នៅ​លើ​អាសនៈ គឺ​ពួក​បូជាចារ្យ​ដែល​ធ្លាប់​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។ គេ​ក៏​យក​ឆ្អឹង​របស់​មនុស្ស មក​ដុត​នៅ​លើ​អាសនៈ​នេះ​ដែរ»។ ៣ នៅ​ថ្ងៃ​ដដែល​នោះ អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ក៏​ប្រកាស​ទៀត​ថា៖ «ព្រះអម្ចាស់​ ប្រទាន​ទី​សំគាល់​មួយ ដើម្បី​បញ្ជាក់​ថា ព្រះអង្គ​ពិត​ជា​មាន​ព្រះបន្ទូល​មែន គឺ​អាសនៈ​នឹង​ត្រូវ​បាក់​បែក ហើយ​ផេះ​នៅ​លើ​អាសនៈ​ក៏​នឹង​ធ្លាក់​ខ្ចាត់ខ្ចាយ​ដែរ»។

 ពេល​ ព្រះបាទ​យេរ៉ូបោម​ឮ​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ​ជាម្ចាស់ ស្រែក​ប្រឆាំង​នឹង​អាសនៈ នៅ​បេតអែល ទ្រង់​ក៏​លាត​ព្រះហស្ដ​ពី​លើ​អាសនៈ រួច​បញ្ជា​ថា៖ «ចូរ​ចាប់​ជន​នេះ​ទៅ!»។ ពេល​នោះ ព្រះហស្ដ​ដែល​ស្ដេច​លើក​ចង្អុល​ទៅ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ ក៏​ស្ពឹក កំរើក​លែង​រួច។ អាសនៈ​បាក់​បែក ហើយ​ផេះ​នៅ​លើ​អាសនៈ​ក៏​ធ្លាក់ ដូច​ទី​សំគាល់​ដែល​អ្នក​ជំនិត​ព្រះជា​ម្ចាស់​ប្រកាស ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។  ព្រះរាជា​មាន​រាជឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​ព្រះជាម្ចាស់​ថា៖ «សូម​លោក​ជួយ​ទូលអង្វរ​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក សូម​អធិស្ឋាន​អោយ​ខ្ញុំ​ផង ដើម្បី​អោយ​ដៃ​របស់​ខ្ញុំ​អាច​កំរើក​វិញ​បាន»។ អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ទូលអង្វរ​ព្រះអង្គ ហើយ​ព្រះហស្ដ​របស់​ស្ដេច​ក៏​អាច​បត់​មក​វិញ​បាន​ដូច​ដើម។ ព្រះរាជា​មាន​រាជឱង្ការ​ ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ថា៖ «សូម​អញ្ជើញ​ចូល​ដំណាក់​​ខ្ញុំ​ស្រស់ស្រូប​សិន រួច​ហើយ​ខ្ញុំ​នឹង​ជូន​រង្វាន់​លោក»។  អ្នក​ជំនិត​របស់​ ព្រះជាម្ចាស់​ទូល​ព្រះរាជា​វិញ​ថា៖ «ទោះ​បី​ព្រះករុណា ​ប្រទាន​រាជ្យ​ទ្រព្យ​ចំនួន​ពាក់​កណ្ដាល​អោយ​ទូលបង្គំ ក៏​ទូលបង្គំ​មិន​ចូល​ក្នុង​ដំណាក់​របស់​ព្រះករុណា​ដែរ ទូលបង្គំ​ក៏​មិន​ទទួល​ទាន​អាហារ និង​ទឹក​នៅ​ទី​នេះ​ឡើយ ដ្បិត​ព្រះអម្ចាស់​បាន​ហាម​ទូលបង្គំ​មិន​អោយ​ទទួល​ទាន​អាហារ ឬ​ទឹក​ទេ ហើយ​ព្រះអង្គ​ក៏​មិន​អោយ​ទូលបង្គំ​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដដែល​ដែរ»​។ ១០ បន្ទាប់​មក អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត គឺ​លោក​មិន​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​លោក​មក​បេតអែល​នោះ​ឡើយ។

អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ត្រូវ​សត្វ​សឹង្ហ​សម្លាប់
១១ គ្រា​នោះ មាន​ព្យាការី​ចាស់​មួយ​រូប​រស់​នៅ​បេតអែល។ កូន​ប្រុស​របស់​គាត់​បាន​រៀប​រាប់​អំពី​ព្រឹត្តិការណ៍​ទាំង​ប៉ុន្មាន​ដែល​ អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​បាន​ធ្វើ​នៅ​បេតអែល និង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ទូល​ព្រះរាជា​នៅ​ថ្ងៃ​នោះ។ ១២ ឪពុក​សួរ​កូន​ថា៖ «តើ​លោក​ចាក​ចេញ​ទៅ​តាម​ផ្លូវ​ណា?»។ កូនៗ​ក៏​ប្រាប់​ឪពុក​ពី​ផ្លូវ​ដែល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ពី​ស្រុក​ យូដា​វិល​ត្រឡប់​ទៅ​វិញ។ ១៣ ពេល​នោះ ឪពុក​បង្គាប់​អោយ​កូនៗ​ចង​កែប​លា។ កូនៗ​ក៏​ចង​កែប​លា ហើយ​ឪពុក​ក៏​ឡើង​ជិះ។ ១៤ គាត់​ចេញ​ទៅ​តាម​អ្នក​ ជំនិត​របស់​ព្រះជាម្ចាស់ ហើយ​តាម​ទាន់​នៅ​ពេល​ដែល​លោក​កំពុង​អង្គុយ​ក្រោម​ដើម​ជ្រៃ។ គាត់​សួរ​លោក​ថា៖ «តើ​លោក​ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ ដែល​មក​ពី​ស្រុក​យូដា​ឬ?»។ លោក​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ១៥ គាត់​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ពិសា​អាហារ នៅ​ផ្ទះ​ខ្ញុំ​សិន»។ ១៦ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​ជា​មួយ​លោក ខ្ញុំ​មិន​អាច​ចូល​ទៅ​ផ្ទះ​លោក ហើយ​ក៏​មិន​អាច​ទទួល​ទាន​អាហារ ឬ​ទឹក​ជា​មួយ​លោក​នៅ​ទី​នោះ​បាន​ដែរ ១៧ ដ្បិត​ព្រះអម្ចាស់​ បាន​ហាម​ខ្ញុំ​ថា: “អ្នក​មិន​ត្រូវ​បរិភោគ​អាហារ ឬ​ទឹក​នៅ​ទី​នោះ​ទេ! ហើយ​ក៏​មិន​ត្រូវ​វិល​ត្រឡប់​មក​វិញ តាម​ផ្លូវ​ដែល​អ្នក​ទៅ​ឡើយ”»។ ១៨ ព្យាការី​ចាស់​ពោល​ទៅ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ថា៖ «ខ្ញុំ​ក៏​ជា​ព្យាការី​ដែរ មាន​ទេវទូតបាន​មក​ប្រាប់​ខ្ញុំ ក្នុង​នាម​របស់​ព្រះអម្ចាស់​ដូច​ត​ទៅ: “ចូរ​ទៅ​នាំ​គាត់​មក​ផ្ទះ​អ្នក ដើម្បី​អោយ​គាត់​បរិភោគ​អាហារ និង​ទឹក​ផង”»។ តាម​ពិត​គាត់​និយាយ​កុហក​ទេ។ ១៩ អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ក៏​ត្រឡប់​ទៅ​ជា​មួយ​គាត់ ហើយ​បរិភោគ​អាហារ និង​ទឹក នៅ​ផ្ទះ​របស់​គាត់​ផង។

២០ នៅ​ពេល​ដែល​លោក​ទាំង​ពីរ​អង្គុយ​រួម​តុ​ជា​មួយ​គ្នា ព្រះ​អ​ម្ចា​ស់​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​ដែល​បាន​នាំ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​មក​វិញ។ ២១ គាត់​ពោល​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា​ថា៖ «ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​ដូច​ត​ទៅ: ដោយ​អ្នក​មិន​ធ្វើ​តាម​បង្គាប់​របស់​ព្រះអម្ចាស់ ហើយ​មិន​កាន់​តាម​បទ​បញ្ជា​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ទេ ២២ គឺ​អ្នក​វិល​មក​វិញ បរិភោគ​អាហារ និង​ទឹក​នៅ​កន្លែង​ដែល​ព្រះអង្គ​ហាមប្រាម ដូច្នេះ សព​របស់​អ្នក​នឹង​មិន​ត្រូវ​គេ​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ដូនតា​អ្នក​ឡើយ»។

២៣ ក្រោយ​ពី​បាន​បរិភោគ​អាហារ និង​ទឹក​រួច ព្យាការី​ចាស់​ចង​កែប​លា​ជូន​ព្យាការី​ដែល​គាត់​បាន​នាំ​ត្រឡប់​មក​វិញ។ ២៤ លោក​ក៏​ចាក​ចេញ​ទៅ​ហើយ នៅ​តាម​ផ្លូវ​លោក​បាន​ជួប​នឹង​សឹង្ហ​មួយ វា​សម្លាប់​លោក ទុក​សាកសព​ចោល​នៅ​លើ​ផ្លូវ។ សត្វ​លា និង​សត្វ​សឹង្ហ ឈរ​នៅ​ជិត​សាកសព។ ២៥ មនុស្សម្នា​ដែល​ធ្វើ​ ដំណើរ​កាត់​តាម​នោះ ឃើញ​សាកសព​របស់​លោក​នៅ​លើ​ផ្លូវ ហើយ​ឃើញ​សឹង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ។ ពួក​គេ​ក៏​យក​រឿង​នេះ ទៅ​និយាយ​នៅ​ក្នុង​ក្រុង​ដែល​ព្យាការី​ចាស់​នោះ​រស់​នៅ។ ២៦ កាល​ព្យាការី​ដែល​បាន​ អញ្ជើញ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​មក​ផ្ទះ គាត់​ឮ​ដំណឹង​នេះ​ក៏​ពោល​ថា៖ «គាត់​ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ ដែល​មិន​ធ្វើ​តាម​បង្គាប់​ព្រះអង្គ។ ព្រះអម្ចាស់​បាន​ប្រគល់​គាត់​ទៅ​ក្នុង​ក្រញាំ​សឹង្ហ វា​ហែក​សម្លាប់​គាត់​ស្រប​តាម​សេចក្ដី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​គាត់»។ ២៧ បន្ទាប់​មក ព្យាការី​ចាស់​នោះ ពោល​ទៅ​កាន់​កូនៗ​របស់​គាត់​ថា៖ «ចូរ​ចង​កែប​លា​អោយ​ពុក!»។ កូនៗ​ក៏​ចង​កែប​លា​ជូន​គាត់។ ២៨ ពេល​នោះ គាត់​ចេញ​ដំណើរ​ទៅ ឃើញ​សាកសព នៅ​កណ្ដាល​ផ្លូវ។ សត្វ​លា និង​សត្វ​សឹង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ ប៉ុន្តែ សឹង្ហ​ពុំ​បាន​ហែក​សាកសព​ស៊ី​ទេ ហើយ​ក៏​ពុំ​បាន​ខាំ​សត្វ​លា​ដែរ។ ២៩ គាត់​លើក​សាកសព​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ ដាក់​លើ​ខ្នង​លា​នាំ​ទៅ​បេតអែល ដើម្បី​ធ្វើ​ពិធី​កាន់​ទុក្ខ និង​បញ្ចុះសព។ ៣០ គាត់​យក​សាកសព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ខ្លួន​ផ្ទាល់ រួច​យំ​ស្រណោះ​ថា “ប្អូន​អើយ​ម្ដេច​ក៏​វេទនា​ម៉្លេះ!”។ ៣១ ក្រោយ​ពី​បាន​បញ្ចុះ​សព ​រួច​ហើយ គាត់​ផ្ដាំ​កូនៗ​ថា៖ «កាល​ណា​ពុក​ស្លាប់ ចូរ​កូន​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ ដែល​យើង​បញ្ចុះ​សព​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់។ ត្រូវ​តម្កល់​ធាតុ​ពុក​នៅ​ទន្ទឹម​នឹង​ធាតុ​របស់​លោក​ផង ៣២ ដ្បិត​ព្រះបន្ទូល​ដែល​លោក​ប្រកាស ក្នុង​នាម​ព្រះអម្ចាស់​ប្រឆាំង​នឹង​អាសនៈ​នៅ​បេតអែល ព្រម​ទាំង​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​នានា​នៃ​ស្រុក​សាម៉ារី មុខ​ជា​សំរេច​ពុំខាន»។

៣៣ ទោះ​បី​ មាន​ហេតុការណ៍​កើត​ឡើង​យ៉ាង​នេះ​ក្ដី ក៏​ព្រះបាទ​យេរ៉ូបោម​នៅ​តែ​ពុំ​ព្រម​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់។ ស្ដេច​នៅ​តែ​បន្ត​តែងតាំង​មនុស្ស​ក្នុង​ចំណោម​ប្រជាជន ជា​បូជាចារ្យ សំរាប់​បំរើ​ការ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ បើ​មាន​នរណា​ចង់​បំរើ​កិច្ចការ​នេះ ស្ដេច​ក៏​តែងតាំង​គេ​អោយ​បំរើ​ការ​ក្នុង​កន្លែង​សក្ការៈ តាម​ទួល​ខ្ពស់ៗ។ ៣៤ អំពើ​ទាំង​នេះ នាំ​អោយ​រាជវង្ស​របស់​ព្រះបាទ​យេរ៉ូបោម​ប្រព្រឹត្ត​អំពើ​បាប ហេតុ​នេះ​ហើយ​បាន​ជា​រាជវង្ស​នេះ​ត្រូវ​រលាយ​សូន្យ​បាត់​ពី​ផែនដី។