របារក្សត្រ  ទី  ១ (២៨)

ព្រះបាទ​ដាវីឌ​ស្នើ​តែងតាំង​សម្ដេច​សាឡូម៉ូន​អោយ​ឡើង​ស្នង​រាជ្យ
 ព្រះបាទ​ដាវីឌ​បាន​កោះ​ហៅ ​មេ​ដឹក​នាំ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល មេ​ដឹក​នាំ​កុលសម្ព័ន្ធ មេ​បញ្ជាការ​កងពល​នានា​ដែល​បំរើ​ស្ដេច មេ​កង មេ​ក្រុម អស់​អ្នក​ដែល​គ្រប់គ្រង​លើ​រាជ្យ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ស្ដេច ព្រម​ទាំង​ពួក​រាជ​បុត្រ ពួក​មហាតលិក ពួក​វីរជន និង​ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ អោយ​មក​ជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម។  ព្រះបាទ​ដាវីឌ​ក្រោក​ឈរ​ឡើង រួច​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​គេ​ថា៖

«បង​ប្អូន និង​ប្រជារាស្ត្រ​របស់​ខ្ញុំ​អើយ​ចូរ​ស្ដាប់! ខ្ញុំ​មាន​បំណង​សង់​ព្រះដំណាក់​សំរាប់​តម្កល់​ហិប​សម្ពន្ធមេត្រី ​របស់​ព្រះអម្ចាស់ ហើយ​ជា​កំណល់​ព្រះបាទា​របស់​ព្រះ​នៃ​យើង។ ខ្ញុំ​បាន​ត្រៀម​សម្ភារៈ​សង់​ព្រះដំណាក់​នេះ  ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “អ្នក​ធ្វើ​សង្គ្រាម ហើយ​បង្ហូរ​ឈាម​ច្រើន​ណាស់។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សំរាប់​នាម​យើង​ទេ”។ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជ្រើស​រើស​ខ្ញុំ ពី​ក្នុង​ចំណោម​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល អោយ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​រហូត​ត​ទៅ។ ព្រះអង្គ​បាន​ជ្រើស​រើស​កុលសម្ព័ន្ធ​យូដា អោយ​ធ្វើ​ជា​អ្នក​នាំ​មុខ​គេ ក្នុង​កុលសម្ព័ន្ធ​យូដា ព្រះអង្គ​ជ្រើស​រើស​គ្រួសារ​ឪពុក​របស់​ខ្ញុំ ហើយ​ក្នុង​ចំណោម​កូន​របស់​ឪពុក​ខ្ញុំ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​លើក​ខ្ញុំ​អោយ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ ទាំង​មូល។  ព្រះអម្ចាស់​ ប្រោស​ប្រទាន​អោយ​ខ្ញុំ​មាន​បុត្រា​ជា​ច្រើន ហើយ​ក្នុង​ចំណោម​បុត្រា​របស់​ខ្ញុំ ព្រះអង្គ​ជ្រើស​រើស​សាឡូម៉ូន អោយ​គ្រង​រាជ្យ​លើ​អ៊ីស្រាអែល ជា​អាណាចក្រ​របស់​ព្រះអង្គ។  ព្រះអង្គ​មាន​ព្រះបន្ទូល​ មក​ខ្ញុំ​ថា “សាឡូម៉ូន​ជា​បុត្រ​របស់​អ្នក នឹង​សង់​ដំណាក់ ព្រម​ទាំង​ទីលាន​របស់​យើង ដ្បិត​យើង​ជ្រើស​រើស​គេ​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ។  ប្រសិន​បើ​គេ​គោរព ហើយ​ប្រតិបត្តិ​តាម​បទ​បញ្ជា និង​វិន័យ​របស់​យើង​យ៉ាង​ខ្ជាប់ខ្ជួន​ដូច​សព្វ​ថ្ងៃ​យើង​នឹង​ធ្វើ​អោយ​រាជ្យ ​របស់​គេ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច”។ ឥឡូវ​នេះ នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ដែល​ជា​ក្រុមជំនុំ​របស់​ព្រះអម្ចាស់ ហើយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​នៃ​យើង ដែល​ទ្រង់​ព្រះសណ្ដាប់​អ្នក​រាល់​គ្នា ចូរ​នាំ​គ្នា​ស្វែង​យល់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​អស់​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​នៅ​តែ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នេះ ព្រម​ទាំង​រក្សា​ទុក​ជា​មត៌ក អោយ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ។ រីឯ​បុត្រ​វិញ សាឡូម៉ូន​អើយ! ចូរ​ទទួល​ស្គាល់​ព្រះជាម្ចាស់ ជា​ព្រះ​របស់​បិតា ហើយ​គោរព​បំរើ​ព្រះអង្គ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិត​ព្រះអម្ចាស់​ ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​បុត្រ​ស្វែង​រក​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​អោយ​បុត្រ​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​បុត្រ​បោះ​បង់​ចោល​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​លះបង់​ចោល​បុត្រ​រហូត​ត​ទៅ។ ១០ ​ឥឡូវ​នេះ ចូរ​ពិចារណា​ចុះ ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ជ្រើស​រើស​បុត្រ អោយ​សង់​ព្រះដំណាក់​ទុក​ជា​ទីសក្ការៈ។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​បំពេញ​ការងារ​ចុះ!»។

១១ ព្រះបាទ ​ដាវីឌ​បាន​ប្រគល់​គំរោង​សាង​សង់​ទីសក្ការៈ ព្រម​ទាំង​បន្ទប់​អម​ឃ្លាំង បន្ទប់​នៅ​ជាន់​ខាង​លើ សាល​ខាង​ក្នុង និង​កន្លែង​សំរាប់​តម្កល់​ហិប​នៃ​សន្ធិសញ្ញា អោយ​សម្ដេច​សាឡូម៉ូន។ ១២ ព្រះបាទ​ដាវីឌ​ប្រគល់​គំរោង​នៃ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​បាន​គិតគូរ​នឹង​ធ្វើ​សំរាប់​ទីលាន​នៃ​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​បន្ទប់​ទាំង​អស់ ដែល​នៅ​ជុំវិញ​សំរាប់​ដាក់​ទ្រព្យ​នៃ​ព្រះដំណាក់ និង​របស់​របរ​ដ៏​សក្ការៈ។ ១៣ ស្ដេច​ប្រគល់​បញ្ជី​ពួក ​បូជាចារ្យ និង​ពួក​លេវី ដែល​បែង​ចែក​ជា​ក្រុមៗ ព្រម​ទាំង​កិច្ចការ​ផ្សេងៗ ដែល​ត្រូវ​បំពេញ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​សំរាប់​ប្រើប្រាស់​ក្នុង​ព្រះដំណាក់ ១៤ ស្ដេច​ក៏​បាន​ប្រាប់​ អំពី​ទម្ងន់​ដែល​ត្រូវ​ការ ដើម្បី​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​អស់​ពី​មាស និង​ប្រាក់ សំរាប់​ការ​ប្រើប្រាស់​គ្រប់​បែប​យ៉ាង ១៥ ព្រម​ទាំង​ទម្ងន់​របស់​ ជើង​ចង្កៀង​មាស និង​ចង្កៀង​មាស ទម្ងន់​របស់​ជើង​ចង្កៀង​ប្រាក់ និង​ចង្កៀង​ប្រាក់ ស្រប​តាម​ការ​ប្រើប្រាស់​របស់​ចង្កៀង​នីមួយៗ ១៦ ទម្ងន់​មាស​របស់​តុ​នីមួយៗ ដែល​ត្រូវ​ប្រើ​សំរាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះអម្ចាស់ ព្រម​ទាំង​ទម្ងន់​របស់​តុ​ដែល​ធ្វើ​ពី​ប្រាក់ ១៧ ទម្ងន់​របស់​សម ផើង សំរាប់​ប្រោះ​ឈាម ថូ​សំរាប់​ពិធី​ច្រួចស្រា​ធ្វើ​ពី​មាស​សុទ្ធ ព្រម​ទាំង​ទម្ងន់​របស់​ពែង​មាស និង​ទម្ងន់​របស់​ពែង​ប្រាក់​នីមួយៗ ១៨ ទម្ងន់​របស់​អាសនៈ​ធ្វើ ​ពី​មាស​សុទ្ធ សំរាប់​ថ្វាយ​គ្រឿង​ក្រអូប និង​គំរូ​របស់​រទេះ រូប​ខេរូប៊ីម​ធ្វើ​ពី​មាស ដែល​ត្រដាង​ស្លាប​លើ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់។ ១៩ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «របស់​ទាំង​នេះ​មាន​កត់ត្រា​ទុក ក្នុង​ឯកសារ ដែល​បិតា​បាន​ទទួល​ពី​ព្រះអម្ចាស់។ ក្នុង​ឯកសារ​នេះ មាន​ពន្យល់​យ៉ាង​លំអិត​អំពី​របៀប​ធ្វើ តាម​គំរូ»។

២០ ព្រះបាទ ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​សម្ដេច​សាឡូម៉ូន​ជា​បុត្រ​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ហើយ​បំពេញ​ការងារ​អោយ​បាន​សំរេច! កុំ​ភ័យ​ខ្លាច ឬ​តក់ស្លុត​អោយ​សោះ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​របស់​បិតា​នឹង​គង់​ជា​មួយ​បុត្រ រហូត​ដល់​ការងារ ​សាង​សង់​ព្រះដំណាក់​របស់​ព្រះអម្ចាស់​បាន​សំរេច​ចប់​សព្វ​​​គ្រប់ ព្រះអង្គ​មិន​បោះ​បង់​ចោល​បុត្រ អោយ​នៅ​តែ​ឯង​ឡើយ។ ២១ ពួក​បូជាចារ្យ និង​ពួក​លេវី បាន​ត្រូវ​បែង​ចែក​ជា​ក្រុមៗ សំរាប់​បំរើ​ការងារ​ទាំង​ប៉ុន្មាន ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ហើយ​ក៏​មាន​មនុស្ស​ស្ម័គ្រ​ចិត្ត និង​មាន​ថ្វី​ដៃ​នៅ​ជា​មួយ​បុត្រ ដើម្បី​ជួយ​សំរេច​ការងារ​នេះ។ រីឯ​ពួក​មេ​ដឹក​នាំ និង​ប្រជាជន​ទាំង​មូល ក៏​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​បុត្រ​ដែរ»។

តង្វាយ​សំរាប់​ការ​សាង​សង់​ព្រះវិហារ
 ព្រះបាទ​ដាវីឌ​មាន​ រាជឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ព្រះជាម្ចាស់​បាន​ជ្រើស​រើស​សាឡូម៉ូន ជា​បុត្រ​របស់​ខ្ញុំ​តែ​ម្នាក់​គត់​ដែល​នៅ​ក្មេង​ខ្ចី។ រីឯ​ការងារ​ដែល​ត្រូវ​បំពេញ​ធំធេង​ណាស់ ដ្បិត​ព្រះដំណាក់​ដែល​យើង​សង់​នេះ មិន​មែន​សំរាប់​មនុស្ស​ទេ គឺ​ថ្វាយ​ព្រះជាអម្ចាស់។ ២ ខ្ញុំ​បាន​ខំ​ប្រឹងប្រែង​ អស់​ពី​កម្លាំង​កាយ ដើម្បី​ត្រៀម​សម្ភារៈ​សង់​ព្រះដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​ប្រមូល​មាស សំរាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​មាស ប្រាក់​សំរាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ប្រាក់ លង្ហិន​សំរាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​លង្ហិន ដែក​សំរាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ដែក ឈើ​សំរាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ឈើ ព្រម​ទាំង​ត្បូង​មណីជោតិរស ត្បូង​សំរាប់​ដាំ​លំអ ត្បូង​ចំរុះ​ពណ៌ ពេជ្រ​គ្រប់​ប្រភេទ និង​ថ្ម​កែវ​ដ៏​ច្រើន​ឥត​គណនា។ ៣ មួយ​វិញ​ទៀត ខ្ញុំ​បាន​យក​មាស​ប្រាក់ ដែល​ជា​សម្បត្តិ​របស់​ខ្ញុំ​ផ្ទាល់​មក​ថ្វាយ សំរាប់​ព្រះដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ បន្ថែម​ពី​លើ​របស់​របរ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ត្រៀម​សំរាប់​ព្រះដំណាក់​ដ៏វិសុទ្ធ ព្រោះ​ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ខ្លាំង​ណាស់ ៤ គឺ​ខ្ញុំ​ប្រគល់​មាស​ពី​ ស្រុក​អូភារ ចំនួន​បី​ពាន់​ហាប និង​ប្រាក់​សុទ្ធ​ចំនួន​ប្រាំពីរ​ពាន់​ហាប សំរាប់​ពាស​ជញ្ជាំង​អាគារ​ទាំង​ប៉ុន្មាន។ ៥ ថ្ងៃ​នេះ​តើ​នរណា​ខ្លះ​ស្ម័គ្រ​ចិត្ត​ថ្វាយ​មាស ប្រាក់ ដល់​ព្រះអម្ចាស់ ដើម្បី​អោយ​ពួក​ជាង​ទង​យក​ទៅ​សិត​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន អំពី​មាស​អំពី​ប្រាក់?»។

 ពេល​នោះ មេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល មេ​កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការងារ​របស់​ស្ដេច នាំ​គ្នា​ស្ម័គ្រ​ចិត្ត ថ្វាយ​ជា​តង្វាយ​សំរាប់​ ការងារ​នៃ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ គឺ​មាន​មាស​ប្រាំ​ពាន់​ហាប ប្រាក់​កាក់​ ចំនួន​មួយ​ម៉ឺន ប្រាក់​សុទ្ធ​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ហាប និង​ដែក​មួយ​សែន​ហាប។ អស់​អ្នក​ដែល​មាន​ត្បូង​ ពេជ្រ ក៏​បាន​យក​ទៅ​ប្រគល់​អោយ​លោក​យេហ៊ីអែល ជា​ពូជពង្ស​របស់​លោក​គែរសូន ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​ព្រះដំណាក់​របស់​ព្រះអម្ចាស់។ ប្រជាជន​មាន​អំណរ​សប្បាយ ព្រោះ​គេ​បាន​ថ្វាយ​តង្វាយ​ដល់​ព្រះអម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ព្រះបាទ​ដាវីឌ​ក៏​មាន​ព្រះហឫទ័យ​រីករាយ​ជា​ខ្លាំង​ដែរ។

ពាក្យ​អធិស្ឋាន​របស់​ព្រះបាទ​ដាវីឌ
១០ ព្រះបាទ​ដាវីឌ​លើក​តម្កើង​ព្រះអម្ចាស់ នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​ទាំង​មូល ស្ដេច​មាន​រាជា​ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីស្រាអែល ជា​បុព្វបុរស​របស់​យើង​តាំង​ពី​អស់កល្ប​ជានិច្ច រហូត​ដល់​អស់កល្ប​ត​រៀង​ទៅ! ១១ ព្រះអម្ចាស់​ អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម ប្រកប​ដោយ​ឫទ្ធានុភាព ព្រះបារមី​តេជានុភាព និង​សិរីរុងរឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ។ ព្រះអម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។ ១២ ព្រះអង្គ​ជា​ប្រភព​នៃ​ ទ្រព្យ​សម្បត្តិ និង​សិរីរុងរឿង ហើយ​ព្រះអង្គ​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់។ ព្រះចេស្ដា និង​ឫទ្ធានុភាព ស្ថិត​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ ហើយ​ដោយសារ​ព្រះបារមី​របស់​ព្រះអង្គ ព្រះអង្គ​អាច​ពង្រីក និង​ពង្រឹង​អ្វីៗ​ទាំង​អស់​អោយ​បាន​រឹងមាំ។ ១៣ បពិត្រ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! ឥឡូវ​នេះ យើង​ខ្ញុំ​សូម​អរ​ព្រះគុណ និង​កោត​សរសើរ​ព្រះនាម​ដ៏​ថ្កុំថ្កើង​របស់​ព្រះអង្គ។ ១៤ តើ​ទូលបង្គំ​ជា​អ្វី? តើ​ប្រជារាស្ត្រ​របស់​ទូលបង្គំ​ជា​អ្វី​ដែរ បាន​ជា​យើង​ខ្ញុំ​អាច​នាំ​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​បែប​នេះ មក​ថ្វាយ​ព្រះអង្គ? អ្វីៗ​ទាំង​អស់​ដែល​យើង​ខ្ញុំ​មាន សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ដែរ ហើយ​អ្វីៗ​ដែល​យើង​ខ្ញុំ​យក​មក​ថ្វាយ​ព្រះអង្គ ក៏​ជា​របស់​ដែល​ព្រះអង្គ​ប្រទាន​មក​យើង​ខ្ញុំ​ដែរ។ ១៥ នៅ​ចំពោះ​ព្រះភក្ត្រ​ របស់​ព្រះអង្គ យើង​ខ្ញុំ​គ្រាន់​តែ​ជា​ជន​បរទេស និង​ជា​អ្នក​ដែល​ស្នាក់​នៅ​បណ្ដោះអាសន្ន ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ​ដែរ។ អាយុ​ជីវិត​របស់​យើង​ខ្ញុំ​នៅ​លើ​ផែនដី​នេះ ប្រៀប​ដូច​ជា​ស្រមោល គ្មាន​អ្វី​នៅ​ស្ថិតស្ថេរ​ឡើយ។ ១៦ ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូណ៌​ដែល​យើង​ខ្ញុំ​ត្រៀម​ទុក​សង់​ព្រះដំណាក់ សំរាប់​ព្រះនាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ សុទ្ធ​តែ​ជា​ព្រះអំណោយ​ទាន​របស់​ព្រះអង្គ។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ។ ១៧ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ស្ទង់​មើល​ចិត្ត​មនុស្ស ហើយ​សព្វ​ព្រះហឫទ័យ​នឹង​សេចក្ដី​ស្មោះ​ត្រង់។ ហេតុ​នេះ ទូលបង្គំ​ស្ម័គ្រ​ចិត្ត​យក​តង្វាយ​ទាំង​នេះ មក​ថ្វាយ​ព្រះអង្គ​ដោយ​ចិត្ត​ស្មោះ ហើយ​ទូលបង្គំ​ក៏​មាន​អំណរ​ដោយ​ឃើញ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដែល​ជួបជុំ​នៅ​ទី​នេះ នាំ​យក​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​មក​ថ្វាយ​ព្រះអង្គ​ដែរ។ ១៨ ឱ​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រាអែល ជា​បុព្វបុរស​របស់​យើង​ខ្ញុំ សូម​ប្រោស​ប្រទាន​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​គំនិត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ​ជានិច្ច​ផង។ ១៩ សូម​ប្រោស​ប្រទាន​អោយ​ សាឡូម៉ូន ជា​កូន​របស់​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់ កាន់​តាម​បទ​បញ្ជា​ដំបូន្មាន និង​ច្បាប់​របស់​ព្រះអង្គ ហើយ​ប្រតិបត្តិ​តាម​ឥត​ងាក​រេ​ឡើយ ដើម្បី​អោយ​គេ​សង់​ព្រះដំណាក់​ដែល​ទូលបង្គំ​ត្រៀម​ទុក​នេះ»។

២០ បន្ទាប់​មក ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ចូរ​លើក​តម្កើង​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ។ ពួក​គេ​ក្រាប​ចុះ ថ្វាយបង្គំ​ព្រះអម្ចាស់ និង​គោរព​ស្ដេច។

ព្រះបាទ​សាឡូម៉ូន​ឡើង​គ្រង​រាជ្យ
២១ លុះ​ស្អែក​ឡើង ពួក​គេ​នាំ​គ្នា​ថ្វាយ​យញ្ញបូជា និង​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះអម្ចាស់ គឺ​មាន​គោ​បា ១ ០០០ ក្បាល ចៀម​ឈ្មោល ១ ០០០ ក្បាល និង​កូន​ចៀម ១ ០០០ ក្បាល ដោយ​មាន​ស្រា​ដែល​ត្រូវ​ច្រួច​ថ្វាយ​ជា​មួយ ព្រម​ទាំង​យញ្ញបូជា​យ៉ាង​ច្រើន​ទៀត សំរាប់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល។ ២២ នៅ​ថ្ងៃ​នោះ ពួក​គេ​បរិភោគ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ក្រោម​បរិយាកាស​ដ៏​សែន​រីករាយ។ ពួក​គេ​ប្រកាស​សា​ជា​ថ្មី តែងតាំង​សម្ដេច​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ ជា​ព្រះមហាក្សត្រ ព្រម​ទាំង​ចាក់​ប្រេង​អភិសេក​ស្ដេច អោយ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ រួច​ចាក់​ប្រេង​តែងតាំង​លោក​សាដុក​ជា​បូជាចារ្យ។ ២៣ ព្រះបាទ​សាឡូម៉ូន​បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះអម្ចាស់ ដើម្បី​ស្នង​រាជ​សម្បត្តិ​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា ប្រកប​ដោយ​ជោគ​ជ័យ ហើយ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ក៏​នាំ​គ្នា​ស្ដាប់​បង្គាប់​ព្រះបាទ​សាឡូម៉ូន។ ២៤ មេ​ដឹក​នាំ​ទាំង​អស់ ព្រម​ទាំង​កងទ័ព និង​បុត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះបាទ​សាឡូម៉ូន។ ២៥ ព្រះអម្ចាស់​ លើក​តម្កើង​ព្រះបាទ​សាឡូម៉ូន​អោយ​កាន់​តែ​ឧត្ដុង្គឧត្ដម នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ហើយ​ប្រោស​ប្រទាន​រាជ្យ​របស់​ស្ដេច​បាន​ថ្កុំថ្កើង​លើស​ស្ដេច​ស្រុក​ អ៊ី​ស្រា​​​អែល​មុនៗ។

ព្រះបាទ​ដាវីឌ​សោយ​ទិវង្គត
២៦ ព្រះបាទ​ដាវីឌ​ជា​បុត្រ​របស់​លោក​យេសាយ បាន​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ ២៧ ស្ដេច​សោយ​រាជ្យ​លើ​ ស្រុក​អ៊ីស្រាអែល​អស់​រយៈ​ពេល​សែសិប​ឆ្នាំ គឺ​ប្រាំពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាមសិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ ២៨ ព្រះបាទ​ដាវីឌ​សោយ​ ទិវង្គត​ក្នុង​វ័យ​ជរា គឺ​បន្ទាប់​ពី​មាន​អាយុ​វែង សម្បូណ៌​សប្បាយ​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្ដុកស្ដម្ភ និង​ប្រកប​ដោយ​ភាព​ថ្កុំថ្កើង​រុង​រឿង។ ព្រះបាទ​សាឡូម៉ូន​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ ត​ពី​បិតា។ ២៩ រាជកិច្ច​របស់​ព្រះបាទ​ ដាវីឌ​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​លោក​សាម៉ូអែល ជា​គ្រូ​ទាយ សៀវភៅ​កិច្ចការ​របស់​លោក​យ៉ូណាថាន ជា​ព្យាការី និង​សៀវភៅ​កិច្ចការ​របស់​លោក​កាដ ជា​គ្រូ​ទាយ​ដែរ។ ៣០ គេ​ក៏​រៀប​រាប់​អំពី​ រាជ​សម្បត្តិ និង​វិរភាព​ដ៏​អង់អាច​របស់​ស្ដេច ព្រម​ទាំង​ហេតុការណ៍​ផ្សេងៗ ដែល​កើត​មាន​នៅ​រជ្ជកាល​របស់​ស្ដេច​ក្នុង​ស្រុក​អ៊ីស្រាអែល និង​ក្នុង​អាណាចក្រ​ដទៃ​ទៀត។