មាតិកា

របារក្សត្រ  ទី  ១
ពាក្យលំនាំ

ក័ណ្ឌគម្ពីរ  របាក្សត្រ  ទី១  និង  ទី២  មានប្រភពពីមជ្ឈដ្ឋានតែមួយ  ​គឺប្រហែលជាមកពីក្រុមបូជាចារ្យនៃ​ជនជាតិអ៊ីស្រាអែល។   ​ក័ណ្ឌគម្ពីរនេះ   ផ្សំគ្នា ឡើង  ​រៀបរាប់អំពីប្រវត្តិនៃប្រជាជនរបស់ព្រះជាម្ចាស់  តាំង​ពីដើមកំណើត  រហូតដល់គ្រាដែលត្រូវខ្មាំង កៀរ​យកទៅ​ជា​ឈ្លើយសឹក​នៅស្រុកបាប៊ីឡូន ។ 

ក្នុងក័ណ្ឌគម្ពីរនេះ ​  ប្រវត្តិនៃប្រជារាស្ត្រអ៊ីស្រាអែលមិនមែនបរិយាយ  ​តាមរបៀបអ្នកតែងប្រវត្តិសាស្ត្រ​សុទ្ធសាធទេ​   តែ​បរិយាយ​​តាម​របៀបទេវវិទូ ។ ​ព្រឹត្តិការណ៍ជាច្រើនក្នុងក័ណ្ឌគម្ពីររបាក្សត្រ   ទី១   និង   ទី២  ​ មានឃ្លាប្រយោគប្រហាក់ប្រហែលគ្នា​នឹងក័ណ្ឌ​គម្ពីរសា​មូ​អែល​​​​​ឬ​ពង្សាវតារក្សត្រ  ​តែមាន គោលបំណង​ប្លែកពីក័ណ្ឌគម្ពីរទាំង​នោះ​។ ​របាក្សត្រ   ទី១   និង   ទី២   សង្កត់​ទៅលើគោលគំនិតមួយ  ​គឺ  ​ព្រះជាម្ចាស់តែ​មួយ អង្គគត់  ដែលគ្រប់គ្រងប្រជា រាស្ត្ររបស់ព្រះអង្គ  ​រីឯស្តេចគ្រាន់តែជាអ្នកបំរើ របស់​ព្រះអង្គប៉ុណ្ណោះ ។​ ស្តេចមានមុខ​ងារជាតំណាងរបស់ព្រះជាម្ចាស់  ​​គ្រប់គ្រងលើប្រជាជន ក្នុងគ្រប់វិស័យ។ ក្នុងទស្សនៈនេះ  ​មានតែព្រះបាទដាវីឌមួយ​អង្គទេ  ដែលជា​ស្តេចស្មោះត្រង់នឹងព្រះជាម្ចាស់។  ​ព្រះបាទដាវីឌ វាយយកបាន​ក្រុង យេរូសាឡឹម​  ដែល​ក្រោយក្រុងនេះមានឈ្មោះថាជា​«ក្រុងដ៏វិសុទ្ធ»​ព្រោះព្រះវិហាររបស់ព្រះជា​ម្ចាស់ត្រូវបានសង់ឡើងនៅក្រុងនេះ ។ ​ព្រះបាទដាវីឌ​ដឹកនាំប្រជាជន  ​ទាំងផ្នែកនយោបាយ  ​ទាំងផ្នែក​ជំ​នឿ។​​ ក្រោយពេលព្រះបាទដាវីឌសោយទិវង្គត​  ក័ណ្ឌគម្ពីររបាក្សត្ររៀប រាប់​អំពីរជ្ជកាលនានានៃរាជ​វង្ស​របស់ស្តេច  ដែលស្នងរាជ្យ​តៗ​គ្នា  នៅក្នុងរាជាណាចក្រយូដា។

ក័ណ្ឌគម្ពីររបាក្សត្រ   ទី១ ​ចាប់ផ្តើមរៀបរាប់ប្រវត្តិនៃប្រជាជនរបស់ព្រះជាម្ចាស់  ចាប់ពីលោកអដាំ​រហូត​ដល់ព្រះបាទដាវីឌ  ដោយ​មាន​បញ្ជីរាយនាម បុព្វបុរស  (ចំពូក  ១​-​៩)។  ​បន្ទាប់មក  ​ចំពូក  ១០  ដល់  ២៩​រៀបរាប់ពីរាជ្យរបស់ព្រះបាទដាវីឌ  ​ប៉ុន្តែ  ព្រឹត្តិការណ៍ផ្សេងៗ​ដូចជាយុវភាព    ដំណើរភៀសខ្លួន ចេញពី​ព្រះបាទសាអ៊ូល​ឬ​ព្រឹត្តិការណ៍ផ្សេងៗដែលកើតឡើងក្នុងគ្រាដែល​ស្តេចគ្រងរាជ្យនៅហេប្រូន  ​រឿងរ៉ាវ​ជាមួយនាងបាត សេបា  ​ឬ​  បញ្ហាជាមួយ សម្តេចអាប់សាឡុមជាដើម  ​ពុំមានរៀបរាប់ក្នុងក័ណ្ឌ​គម្ពីរនេះ​   ដូច​នៅក្នុងក័ណ្ឌ​គម្ពីរ​សាមូអែលទេ។ ​ក័ណ្ឌគម្ពីររបាក្សត្រ ទី  ១ ​បរិយាយជាពិសេស​អំពីព្របាទដាវីឌរៀបចំ​កសាង​ព្រះវិហារ​ដោយនាំហិបនៃ​សម្ពន្ធមេត្រី​ចូល​ក្រុងយេរូសាឡឹម  ​ត្រៀមសម្ភារៈ  ​រៀបចំក្រុមបូជា​ចារ្យ    ក្រុម​លេវី​    ក្រុម​ចំរៀង  ​​ និង  ក្រុម​យាមទ្វារជាដើម។