របារក្សត្រ  ទី  ១ (២៧)

ការ​ចាត់​ចែង​អាជ្ញាធរ​ទាហាន
 នេះ​ជា​បញ្ជី​ជន​ជាតិ​ អ៊ីស្រាអែល ដែល​ត្រូវ​បំរើ​ការងារ​ថ្វាយ​ស្ដេច តាម​ចំនួន​មេ​ក្រុម​គ្រួសារ មេ​បញ្ជា​ការ មេ​កង មេ​ក្រុម និង​នាយ​ទាហាន ដែល​ជា​ជំនួយ​របស់​ស្ដេច ក្នុង​ការ​ចែក​វេន​កងពល ចេញ​ទៅ​ប្រតិបត្តិ​ការ​រៀង​រាល់​ខែ​ក្នុង​មួយ​ឆ្នាំៗ។ កងពល​នីមួយៗ មាន​ទាហាន ២៤ ០០០ នាក់។

 កងពល​ទី​ មួយ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​មួយ ដឹក​នាំ​ដោយ​លោក​យ៉ាសូបាម ជា​កូន​របស់​លោក​សាប់ឌី។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ លោក​យ៉ាសូបាម ជា​ពូជពង្ស​របស់​លោក​ពេរេស។ ក្នុង​ខែ​ទី​មួយ​នោះ គាត់​ជា​អ្នក​ដឹក​នាំ​មេ​បញ្ជាការ​កងទ័ព​ទាំង​អស់។ កងពល​ទី​ពីរ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ពីរ ដឹក​នាំ​ដោយ​លោក​ដូដាយ ជា​ពូជពង្ស​របស់​លោក​អហូអា។ កងពល​របស់​គាត់​មាន​ទាហាន​២៤ ០០០ នាក់ ហើយ​មាន​លោក​មីកឡូត ជា​សហ​មេ​បញ្ជាការ។ មេ​បញ្ជាការ​របស់​កងពល​ទី ​បី ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​បី គឺ​លោក​បេណាយ៉ា ជា​កូន​របស់​បូជាចារ្យ​យេហូយ៉ាដា។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ លោក​បេណាយ៉ា ជា​វីរបុរស​ម្នាក់​ក្នុង​ចំណោម​វីរបុរស​ទាំង​សាមសិប​នាក់ ហើយ​គាត់​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ​ផង។ លោក​អាំមីសាដាប់​ជា​កូន​របស់​គាត់​ក៏​ស្ថិត​នៅ​ក្នុង​កងពល​នេះ​ដែរ។ កងពល​ទី​បួន​ដែល​ចេញ​ ប្រតិបត្តិការ​នៅ​ខែ​ទី​បួន ដឹក​នាំ​ដោយ​លោក​អសាអែល ជា​ប្អូន​របស់​លោក​យ៉ូអាប់។ កូន​របស់​គាត់ គឺ​លោក​សេបាឌីយ៉ា ជា​មេ​បញ្ជាការ​រង។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។  កងពល​ទី​ប្រាំ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ប្រាំ ដឹក​នាំ​ដោយ​លោក​មេ​បញ្ជាការ​សាមូត​នៃ​អំបូរ​យីសរ៉ា។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ កងពល​ទី​ប្រាំ​មួយ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ប្រាំ​មួយ ដឹក​នាំ​ដោយ​លោក​អ៊ីរ៉ា ជា​កូន​របស់​លោក​អ៊ីកែស ជា​អ្នក​ក្រុង​តេកូអា។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ ១០ កងពល​ទី​ប្រាំពីរ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ប្រាំពីរ ដឹក​នាំ​ដោយ​លោក​ហេលែស ជា​ពូជពង្ស​របស់​លោក​ពេឡូន ក្នុង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ ១១ កងពល​ទី​ប្រាំ​បី ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ប្រាំ​បី ដឹក​នាំ​ដោយ​លោក​ស៊ីបបេកាយ ជា​ពូជពង្ស​របស់​លោក​ហ៊ូសាយ នៃ​អំបូរ​សេរ៉ា។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ ១២ កងពល​ទី​ប្រាំ​បួន ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ប្រាំ​បួន ដឹក​នាំ​ដោយ​លោក​អប៊ីយេស៊ែរ ជា​អ្នក​ភូមិ​អាណាតូត ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ ១៣ កងពល​ទី​ដប់ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ដប់ ដឹក​នាំ​ដោយ​លោក​ម៉ារ៉ាយ ជា​អ្នក​ស្រុក​នេតូផា នៃ​អំបូរ​សេរ៉ា។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ ១៤ កងពល​ទី​ដប់​មួយ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ដប់​មួយ ដឹក​នាំ​ដោយ​លោក​បេណាយ៉ា ជា​អ្នក​ស្រុក​ពីរ៉ាតូន ក្នុង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ ១៥ កងពល​ទី​ដប់ពីរ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ដប់ពីរ ដឹក​នាំ​ដោយ​លោក​ហែលដាយ ជា​អ្នក​ស្រុក​នេតូផា នៃ​អំបូរ​អូតនីអែល។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

ការ​ចាត់​ចែង​អាជ្ញាធរ​ស៊ីវិល
១៦ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នានា នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ដូច​ត​ទៅ:

​មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​រូបេន គឺ​លោក​អេលីយេស៊ែរ ជា​កូន​របស់​លោក​ស៊ីគរី។ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ស៊ីម៉ូន គឺ​លោក​សេផាទីយ៉ា ជា​កូន​របស់​លោក​ម៉ាកា។ ១៧ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​លេវី គឺ​លោក​ហាសាប៊ីយ៉ា ជា​កូន​របស់​លោក​កេមូអែល។ រីឯ​មេ​ដឹក​នាំ​កូន​ចៅ​របស់​លោក​អរ៉ុន គឺ លោក​សាដុក។ ១៨ មេ​ដឹក​នាំ​កុលសម្ព័ន្ធ ​យូដា គឺ​លោក​អេលីហ៊ូ ជា​បង​របស់​ព្រះបាទ​ដាវីឌ។ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​អ៊ីសាកា​មាន​លោក​អូមរី ជា​កូន​របស់​លោក​មីកាអែល។ ១៩ មេ​ដឹក​នាំ​កុលសម្ព័ន្ធ ​សាប៊ូឡូន គឺ​លោក​យីសម៉ាយ៉ា ជា​កូន​របស់​លោក​អូបាឌីយ៉ា។ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ណែបថាលី គឺ​លោក​យេរីម៉ុត ជា​កូន​របស់​អាសរីអែល។ ២០ មេ​ដឹក​នាំ​កុលសម្ព័ន្ធ ​អេប្រាអ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​អសាស៊ីយ៉ា។ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល គឺ​លោក​យ៉ូអែល ជា​កូន​របស់​លោក​ពេដាយ៉ា។ ២១ មេ​ដឹក​នាំ​កុលសម្ព័ន្ធ ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ស្រុក​កាឡាដ គឺ លោក​អ៊ីដូ ជា​កូន​របស់​លោក​សាការី។ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​បេនយ៉ាមីន គឺ​លោក​យ៉ាស៊ី ជា​កូន​របស់​លោក​អាប់នែរ។ ២២ មេ​ដឹក​នាំ​កុលសម្ព័ន្ធ ​ដាន់ គឺ​លោក​អសារីយ៉ាល ជា​កូន​របស់​លោក​យេរូហាំ។ អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​នានា នៃ​ជន​ជាតិ​អ៊ីស្រាអែល។

២៣ ព្រះបាទ​ដាវីឌ​ ពុំ​បាន​រាប់​ចំនួន​អស់​អ្នក​ដែល​មាន​អាយុ​តិច​ជាង​ម្ភៃ​ឆ្នាំ​ទេ ដ្បិត​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​នឹង​ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល កើន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។ ២៤ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា​ចាប់​ផ្ដើម​ជំរឿន​ប្រជាជន តែ​ពុំ​បាន​បង្ហើយ​ទេ ដ្បិត​ព្រះអម្ចាស់​ ទ្រង់​ព្រះពិរោធ ទាស់​នឹង​អ៊ីស្រាអែល​ព្រោះ​តែ​ការ​នេះ។ ដូច្នេះ ចំនួន​សរុប​របស់​ប្រជាជន ពុំ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ព្រះបាទ​ដាវីឌ​ឡើយ។

អ្នក​គ្រប់គ្រង​រាជ្យ​ទ្រព្យ
២៥ លោក​អាសម៉ាវេត កូន​របស់​លោក​អឌីអែល ជា​អ្នក​មើល​ខុស​ត្រូវ​លើ​រាជ្យ​ទ្រព្យ។ រីឯ​ទ្រព្យ​សម្បត្តិ​នៅ​តាម​ស្រែ​ចំការ តាម​ក្រុង តាម​ភូមិ និង​តាម​ដំណាក់​នានា មាន​លោក​យ៉ូណាថាន កូន​របស់​លោក​អ៊ូស៊ីយ៉ា ជា​អ្នក​មើល​ខុស​ត្រូវ។ ២៦ លោក​អេសរី​ជា​កូន​របស់​លោក​កេលូប មើល​ខុស​ត្រូវ​លើ​ពួក​កសិករ ដែល​ធ្វើ​ស្រែ​ចំការ​ថ្វាយ​ស្ដេច។ ២៧ លោក​ស៊ីម៉ាយ​ជា​អ្នក​ ក្រុង​រ៉ាម៉ា មើល​ខុស​ត្រូវ​លើ​ចំការ​ទំពាំងបាយជូរ​របស់​ស្ដេច។ លោក​សាបឌី ជា​អ្នក​ស្រុក​សេផាម មើល​ខុស​ត្រូវ​លើ​កន្លែង​ទុក​ស្រា​ទំពាំងបាយជូរ​នៅ​តាម​ចំការ។ ២៨ លោក​បាលហាណន ជា​អ្នក​ក្រុង​កេឌែរ មើល​ខុស​ត្រូវ​លើ​ចំការ​អូលីវ និង​ចំការ​ឧទុម្ពរ​នៅ​តំបន់​វាល​ទំនាប។ លោក​យ៉ូអាស ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ដាក់​ប្រេង។ ២៩ ​លោក​ស៊ីតរ៉ាយ​ជា​អ្នក​ ស្រុក​សារ៉ូន មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ​នៅ​ស្រុក​សារ៉ូន។ លោក​សាផាត ជា​កូន​របស់​លោក​អាដឡាយ មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ នៅ​តាម​ជ្រលង​ភ្នំ។ ៣០ លោក​អូប៊ីល​ជា​ជន​ជាតិ​អ៊ីស្មាអែល មើល​ខុស​ត្រូវ​លើ​ហ្វូង​អូដ្ឋ។ លោក​យេដីយ៉ា​ជា​អ្នក​ស្រុក​មេរ៉ូណូត មើល​ខុស​ត្រូវ​លើ​ហ្វូង​លា។ ៣១ លោក​យ៉ាស៊ីស​ជា​ជន​ជាតិ ​ហាការ មើល​ខុស​ត្រូវ​លើ​ហ្វូង​ចៀម និង​ពពែ។ អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​របស់​ ព្រះបាទ​ដាវីឌ។

អ្នក​ជំនិត​របស់​ព្រះបាទ​ដាវីឌ
៣២ លោក​យ៉ូណាថាន ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ព្រះបាទ​ដាវីឌ មាន​នាទី​ជា​ទី​ប្រឹក្សា​របស់​ស្ដេច។ លោក​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ជ្រៅ​ជ្រះ។ លោក​យេហ៊ីអែល ជា​កូន​របស់​លោក​ហាក់មូនី ជា​គ្រូ​បាធ្យាយ​បុត្រ​របស់​ស្ដេច។ ៣៣ លោក​អហ៊ីតូផែល ក៏​ជា​ទី​ប្រឹក្សា​របស់​ស្ដេច​ដែរ។ លោក​ហ៊ូសា​ជា​ជន​ជាតិ​អារគី ជា​មិត្ត​របស់​ស្ដេច។ ៣៤ លោក​យេហូយ៉ាដា​ជា​កូន​ របស់​លោក​បេណាយ៉ា និង​លោក​អប៊ីយ៉ាថារ​បាន​បន្ត​មុខងារ​របស់​លោក​អហ៊ីតូផែល។ លោក​យ៉ូអាប់​ជា​មេ​បញ្ជាការ​កងទ័ព​របស់​ស្ដេច។