របារក្សត្រ  ទី  ១ (២៤)

ក្រុម​បូជាចារ្យ
 កូន​ចៅ​របស់​លោក​អរ៉ុន ចែក​ជា​ក្រុមៗ​ដូច​ត​ទៅ: កូន​ប្រុស​របស់​លោក​អរ៉ុន​មាន ណាដាប់ អប៊ីហ៊ូ អេឡាសារ និង​អ៊ីតាម៉ារ។ ២ លោក​ណាដាប់ និង​អប៊ីហ៊ូ​បាន​ស្លាប់​មុន​ឪពុក ហើយ​គ្មាន​កូន​ទេ។ ដូច្នេះ មាន​តែ​លោក​អេឡាសារ និង​លោក​អ៊ីតាម៉ារ​ប៉ុណ្ណោះ ដែល​បំពេញ​មុខងារ​ជា​បូជាចារ្យ។  ព្រះបាទ​ដាវីឌ​ព្រម​ទាំង​ លោក​សាដុក ជា​ពូជពង្ស​របស់​លោក​អេឡាសារ និង​លោក​អហ៊ីមេឡេក ជា​ពូជពង្ស​របស់​លោក​អ៊ីតាម៉ារ​បាន​បែង​ចែក​បូជាចារ្យ​ជា​ក្រុមៗ តាម​មុខងារ​របស់​ពួក​គេ។ ៤ ប៉ុន្តែ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​អេឡាសារ មាន​មេ​ក្រុម​គ្រួសារ​ច្រើន​ជាង​មេ​ក្រុម​គ្រួសារ​កូន​ចៅ​របស់​លោក​ អ៊ីតាម៉ារ​។ ហេតុ​នេះ​គេ​បែង​ចែក​កូន​ចៅ​របស់​លោក​អេឡាសារ ជា​ដប់​ប្រាំ​មួយ​ក្រុម​គ្រួសារ ហើយ​កូន​ចៅ​លោក​អ៊ីតាម៉ារ​ជា​ប្រាំ​បី​ក្រុម​គ្រួសារ ព្រម​ទាំង​មាន​មេ​ដឹក​នាំ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ផង។  ការ​បែង​ចែក​នេះ​ធ្វើ​ឡើង ដោយ​ចាប់​ឆ្នោត ហើយ​មាន​ចំនួន​ស្មើៗ​គ្នា ដ្បិត​អ្នក​គ្រប់គ្រង​ការងារ​នៅ​ក្នុង​ទីសក្ការៈ និង​អ្នក​គ្រប់គ្រង​ការងារ​របស់​ព្រះជាម្ចាស់ សុទ្ធ​តែ​មក​ពី​ចំណោម​កូន​ចៅ​របស់​លោក​អេឡាសារ ក៏​ដូច​ជា​ពី​ចំណោម​កូន​ចៅ​របស់​លោក​អ៊ីតាម៉ារ​ដែរ។ ៦ លោក​លេខាធិការ​សេម៉ាយ៉ា ជា​កូន​របស់​លោក​នេតាណាអែល ពី​កុលសម្ព័ន្ធ​លេវី បាន​ចុះ​ឈ្មោះ​ពួក​គេ​នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច នៅ​ចំពោះ​មុខ​ពួក​មន្ត្រី លោក​បូជាចារ្យ​សាដុក លោក​អហ៊ីមេឡេក ជា​កូន​របស់​លោក​អប៊ីយ៉ាថារ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​បូជាចារ្យ និង​ពួក​លេវី។ គេ​ចាប់​ឆ្នោត​ឆ្លាស់​គ្នា​រវាង​ក្រុម​គ្រួសារ​របស់​លោក​អេឡាសារ និង​ក្រុម​គ្រួសារ​របស់​លោក​អ៊ីតាម៉ារ​។ ៧ ឆ្នោត​ទី​មួយ​ត្រូវ​លើ​លោក​យេហូយ៉ារីម ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​យេយ៉ាដា ឆ្នោត​ទី​បី​ត្រូវ​លើ​លោក​ហារីម ឆ្នោត​ទី​បួន​ត្រូវ​លើ​លោក​សេអូរីម  ឆ្នោត​ទី​ប្រាំ​ត្រូវ​លើ​លោក​ម៉ាល់គីយ៉ា ឆ្នោត​ទី​ប្រាំ​មួយ​ត្រូវ​លើ​លោក​មីយ៉ាមីន ១០ ឆ្នោត​ទី​ប្រាំពីរ​ត្រូវ​លើ​លោក​ហាកូស ឆ្នោត​ទី​ប្រាំ​បី​ត្រូវ​លើ​លោក​អប៊ីយ៉ា ១១ ឆ្នោត​ទី​ប្រាំ​បួន​ត្រូវ​លើ​លោក​យូស៊ូអា ឆ្នោត​ទី​ដប់​ត្រូវ​លើ​លោក​សេកានីយ៉ា ១២ ឆ្នោត​ទី​ដប់​មួយ​ត្រូវ​លើ​លោក​អេលីយ៉ាស៊ីប ឆ្នោត​ទី​ដប់ពីរ​ត្រូវ​លើ​លោក​យ៉ាគីម ១៣ ឆ្នោត​ទី​ដប់​បី​ត្រូវ​លើ​លោក​ហ៊ូផា ឆ្នោត​ទី​ដប់បួន​ត្រូវ​លើ​លោក​យេសេបេអាំ ១៤ ឆ្នោត​ទី​ដប់​ប្រាំ​ត្រូវ​លើ​លោក​ប៊ីលកា ឆ្នោត​ទី​ដប់​ប្រាំ​មួយ​ត្រូវ​លើ​លោក​អ៊ីមែរ ១៥ ឆ្នោត​ទី​ដប់​ប្រាំពីរ​ត្រូវ​លើ​លោក​ហេសៀរ ឆ្នោត​ទី​ដប់​ប្រាំ​បី​ត្រូវ​លើ​លោក​ហាភីសេស ១៦ ឆ្នោត​ទី​ដប់​ប្រាំ​បួន​ត្រូវ​លើ​លោក​ពេតាយ៉ា ឆ្នោត​ទី​ម្ភៃ​ត្រូវ​លើ​លោក​អេសេខ្យាស ១៧ ឆ្នោត​ទី​ម្ភៃ​មួយ​ត្រូវ​លើ​លោក​យ៉ាគីន ឆ្នោត​ទី​ម្ភៃ​ពីរ​ត្រូវ​លើ​លោក​កាមូល ១៨ ឆ្នោត​ទី​ម្ភៃ​បី​ត្រូវ​លើ​លោក​ដេឡាយ៉ា ឆ្នោត​ទី​ម្ភៃ​បួន​ត្រូវ​លើ​លោក​មាស៊ីយ៉ា។

១៩ អ្នក​ទាំង​នេះ​បាន​ទទួល​ភារកិច្ច តាម​មុខងារ​របស់​ខ្លួន ចូល​ទៅ​បំរើ​ការងារ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ស្រប​តាម​ក្បួន​ច្បាប់ ដែល​លោក​អរ៉ុន ជា​បុព្វបុរស​របស់​ពួក​គេ​បាន​ចែង​ទុក ដូច​ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្គាប់​មក​លោក។

បញ្ជី​រាយ​នាម​ក្រុម​លេវី​មួយ​ចំនួន​ទៀត
២០ រីឯ​កូន​ចៅ​លេវី​ឯ​ទៀតៗ ​មាន​ដូច​ត​ទៅ: ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​អាំរ៉ាម​មាន លោក​សេប៊ូអែល និង​ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សេប៊ូអែល​មាន លោក​យេដេយ៉ា។ ២១ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​រេហាបយ៉ា​មាន លោក​យីស៊ីយ៉ា ជា​មេ​លើ​ក្រុម​គ្រួសារ។ ២២ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីសារ​មាន លោក​សេឡូម៉ុត ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សេឡូម៉ុត​មាន លោក​យ៉ាហាត់។ ២៣ រីឯ​កូន​ចៅ​របស់​លោក​ ហេប្រូន​មាន លោក​យេរីយ៉ា​ជា​កូន​ទី​មួយ លោក​អម៉ារីយ៉ា​ជា​កូន​ទី​ពីរ លោក​យ៉ាស៊ីអែល​ជា​កូន​ទី​បី និង​លោក​យេកាម៉ាអាំ​ជា​កូន​ទី​បួន។ ២៤ កូន​ចៅ​របស់​លោក​អ៊ូស៊ីអែល​មាន លោក​មីកា។ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​មីកា មាន​លោក​សាមៀរ។ ២៥ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីស៊ីយ៉ា ជា​ប្អូន​របស់​លោក​មីកា មាន​លោក​សាការី។ ២៦ កូន​ចៅ​របស់​លោក​មេរ៉ារី​មាន លោក​ម៉ាលី លោក​មូស៊ី និង​លោក​យ៉ាស៊ីយ៉ា។ ២៧ កូន​ចៅ​របស់​លោក​យ៉ាស៊ីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​មេរ៉ារី​មាន លោក​សូហាំ លោក​សាគួរ និង​លោក​អ៊ីបរី។ ២៨ លោក​អេឡាសារ​ជា​កូន​របស់​លោក​ម៉ាលី​គ្មាន​កូន​ប្រុស​ទេ។ ២៩ កូន​ចៅ​របស់​លោក​គីស​មាន លោក​យេរ៉ាមេអែល។ ៣០ កូន​ចៅ​របស់​លោក​មូស៊ី មាន​លោក​ម៉ាលី អេឌែរ និង​យេរេម៉ូត។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។ ៣១ អ្នក​ទាំង​នោះ​ក៏​ដូច​ កូន​ចៅ​របស់​លោក​អរ៉ុន ជា​បង​ប្អូន​របស់​ខ្លួន​ដែរ គេ​ត្រូវ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបាទ​ដាវីឌ នៅ​ចំពោះ​មុខ​លោក​សាដុក និង​លោក​អហ៊ីមេឡេក ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី ដើម្បី​បំពេញ​មុខងារ​របស់​ខ្លួន គឺ​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បង​គេ ក៏​ដូច​ជា​មេ​ក្រុម​គ្រួសារ​ដែល​ក្មេង​ជាង​គេ​ដែរ។