របារក្សត្រ  ទី  ១ (២២)

 ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «ទី​នេះ​ជា​ព្រះដំណាក់​របស់​ព្រះជាអម្ចាស់ ហើយ​ទី​នេះ​ក៏​ជា​អាសនៈ​ថ្វាយ​តង្វាយ​ដុត​សំរាប់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ!»។

ព្រះបាទ​ដាវីឌ​រៀបចំ​សង់​ព្រះវិហារ
 ព្រះបាទ​ដាវីឌ​ចេញ​បញ្ជា​ អោយ​ប្រមូល​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ស្ដេច​ក៏​ចាត់​ពួក​គេ​អោយ​ធ្វើ​ជា​អ្នក​ដាប់​ថ្ម សំរាប់​សង់​ព្រះដំណាក់​ថ្វាយ​ព្រះជាម្ចាស់។ ស្ដេច​បាន​ត្រៀម​ដែក​យ៉ាង ​សន្ធឹក​សន្ធាប់ ដើម្បី​ធ្វើ​ដែក​គោល​សំរាប់​សន្លឹក​ទ្វារ និង​ធ្វើ​ទំពក់។ ស្ដេច​ក៏​បាន​ត្រៀម​លង្ហិន​យ៉ាង​ច្រើន ដែល​ពុំ​អាច​ថ្លឹង​បាន ព្រម​ទាំង​ឈើ​តាត្រៅ​ ច្រើន​ឥត​គណនា ដ្បិត​អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​ទីរ៉ុស បាន​នាំ​ឈើ​តាត្រៅ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​មក​ថ្វាយ​ស្ដេច។ ព្រះបាទ​ដាវីឌ​ទ្រង់​ព្រះតម្រិះ​ថា៖ «សាឡូម៉ូន​ជា​បុត្រ​របស់​យើង​នៅ​ក្មេង​ខ្ចី ហើយ​ខ្វះ​បទ​ពិសោធ​ផង រីឯ​ព្រះដំណាក់​ដែល​សង់​ថ្វាយ​ព្រះអម្ចាស់ ត្រូវ​តែ​ថ្កុំថ្កើង​រុងរឿង ហើយ​ល្បីល្បាញ​ជាង​គេ​ទាំង​អស់ ក្នុង​ចំណោម​ស្រុក​នានា។ ហេតុ​នេះ យើង​ត្រូវ​តែ​ត្រៀម​សម្ភារៈ​សាង​សង់​សំរាប់​បុត្រ​របស់​យើង»។ ព្រះបាទ​ដាវីឌ​បាន​ត្រៀម​សម្ភារៈ​សាង​សង់​ជា​ច្រើន មុន​ពេល​ស្ដេច​សោយ​ទិវង្គត។

 ព្រះបាទ​ដាវីឌ​ត្រាស់​ហៅ​សម្ដេច​សាឡូម៉ូន ជា​បុត្រ​មក​ផ្ដែផ្ដាំ​អោយ​សង់​ព្រះដំណាក់​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​សម្ដេច​សាឡូម៉ូន​ថា៖ «បុត្រ​អើយ! បិតា​មាន​បំណង​សង់​ព្រះដំណាក់​សំរាប់​លើក​តម្កើង​ព្រះនាម​ព្រះអម្ចាស់ ជា​ព្រះ​របស់​បិតា។ ប៉ុន្តែ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​បិតា​ថា “អ្នក​បាន​បង្ហូរ​ឈាម​ច្រើន​ណាស់ ហើយ​អ្នក​ក៏​បាន​ធ្វើ​សង្គ្រាម​ដ៏​ធំៗ​ផង។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សំរាប់​នាម​របស់​យើង​ទេ ដ្បិត​អ្នក​បាន​បង្ហូរ​ឈាម​យ៉ាង​ច្រើន​លើ​ផែនដី នៅ​ចំពោះ​មុខ​យើង។ អ្នក​នឹង​បង្កើត​បុត្រ​ មួយ​អង្គ ជា​មនុស្ស​ដែល​និយម​សុខ​សន្តិភាព ហើយ​យើង​នឹង​ផ្ដល់​សុខ​សន្តិភាព​ដល់​គេ ដោយ​មិន​អោយ​ខ្មាំង​សត្រូវ​នៅ​ជុំវិញ​មក​យាយី​ឡើយ។ បុត្រ​នោះ​នឹង​មាន​ឈ្មោះ​ថា សាឡូ​ម៉ូន ដ្បិត​ក្រោម​រាជ្យ​របស់​គេ​យើង​នឹង​ផ្ដល់​អោយ​អ៊ីស្រាអែល​មាន​សន្តិភាព និង​សុខសាន្តត្រាណ។ ១០ គឺ​បុត្រ​នោះ​ហើយ ដែល​នឹង​សង់​ដំណាក់​មួយ​សំរាប់​នាម​យើង។ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​ធ្វើ​ជា​ឪពុក​របស់​គេ​ដែរ។ យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​អោយ​នៅ​ស្ថិតស្ថេរ​លើ​ស្រុក​ អ៊ីស្រាអែល​រហូត​ត​ទៅ!”។ ១១ ឥឡូវ​នេះ សូម​ព្រះអម្ចាស់​ គង់​ជា​មួយ​បុត្រ ដើម្បី​អោយ​បុត្រ​សង់​ព្រះដំណាក់​របស់​ព្រះអង្គ បាន​សំរេច​ដោយ​ជោគ​ជ័យ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​ទុក​ពី​បុត្រ។ ១២ សូម​ព្រះអម្ចាស់​ ប្រោស​ប្រទាន​អោយ​បុត្រ​ចេះ​គិត​ពិចារណា និង​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ពេល​ដែល​ព្រះអង្គ​ប្រទាន​អោយ​បុត្រ​គ្រប់​គ្រង​​លើ​ស្រុក​អ៊ីស្រាអែល ដោយ​កាន់​តាម​វិន័យ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​បុត្រ។ ១៣ ប្រសិន​បើ​បុត្រ​កាន់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ វិន័យ និង​បទ​បញ្ជា ដែល​ព្រះអម្ចាស់​ បាន​បង្គាប់​មក​លោក​ម៉ូសេ សំរាប់​ជន​ជាតិ​អ៊ីស្រាអែល នោះ​បុត្រ​នឹង​បាន​ចំរុង​ចំរើន​មិន​ខាន។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ១៤ បិតា​ខ្នះខ្នែង​ត្រៀម​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប​សំរាប់​ព្រះដំណាក់​របស់​ព្រះអម្ចាស់។ រីឯ​លង្ហិន និង​ដែក​មាន​ច្រើន​សន្ធឹក​សន្ធាប់​ពុំ​អាច​ថ្លឹង​បាន​ទេ។ បិតា​បាន​ត្រៀម​ឈើ និង​ថ្ម​ដែរ បើ​បុត្រ​ចង់​បន្ថែម​ទៀត​ក៏​បាន។ ១៥ មាន​ពួក​ជាង​ជា​ច្រើន​ ដែល​អាច​ចូល​រួម​ក្នុង​ការ​សាង​សង់​ជា​មួយ​បុត្រ គឺ​ជាង​ឈើ ជាង​ដាប់​ថ្ម ជាង​ចម្លាក់​ថ្ម និង​ឈើ ព្រម​ទាំង​ជាង​ដ៏​ចំណាន​ដែល​ប៉ិនប្រសប់​ក្នុង​កិច្ចការ​គ្រប់​ប្រភេទ។ ១៦ រីឯ​មាស ប្រាក់ លង្ហិន និង​ដែក​មាន​ចំនួន​ច្រើន​ឥត​គណនា។ ចូរ​បុត្រ​ក្រោក​ឡើង​បំពេញ​កិច្ចការ​នេះ​ចុះ! សូម​ព្រះអម្ចាស់​គង់​ជា​មួយ​បុត្រ!»។

១៧ ព្រះបាទ​ដាវីឌ​បាន​ផ្ដាំ​មន្ត្រី​អ៊ីស្រាអែល​ទាំង​អស់ អោយ​ជួយ​ជ្រោមជ្រែង​សម្ដេច​សាឡូម៉ូន​ជា​បុត្រ ដោយ​មាន​រាជឱង្ការ​ថា៖ ១៨ «ព្រះអម្ចាស់ ជា​ព្រះ​របស់​អស់​លោក គង់​នៅ​ជា​មួយ​អស់​លោក​ហើយ។ ព្រះអង្គ​ប្រទាន​អោយ​អស់​លោក​បាន​សំរាក​គ្រប់​ទិសទី ដ្បិត​ព្រះអង្គ​បាន​ប្រគល់​អ្នក​ស្រុក​នេះ​អោយ​ស្ថិត​នៅ​ក្រោម​ការ​ គ្រប់គ្រង​របស់​យើង ហើយ​ស្រុក​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះអម្ចាស់ និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែរ។ ១៩ ឥឡូវ​នេះ សូម​តាំង​ចិត្ត តាំង​គំនិត​ស្វែង​រក​ព្រះអម្ចាស់ ជា​ព្រះ​របស់​អស់​លោក។ សូម​ក្រោក​ឡើង​នាំ​គ្នា​សង់​ទីសក្ការៈ​របស់​ព្រះជាអម្ចាស់ ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់ និង​គ្រឿង​បរិក្ខារ​ដ៏​សក្ការៈ​របស់​ព្រះជាម្ចាស់ ទៅ​តម្កល់​ទុក​ក្នុង​ព្រះដំណាក់​ដែល​នឹង​សង់​ឡើង សំរាប់​ព្រះនាម​របស់​ព្រះអម្ចាស់»។