របារក្សត្រ  ទី  ១ (១៧)

ព្រះបាទ​ដាវីឌ​មាន​បំណង​សង់​ព្រះវិហារ
(២​សាម៉ូអែល ៧:១-១៧)
 នៅ​ពេល​ដែល​ព្រះបាទ​ដាវីឌ ​មាន​រាជ​វាំង​គង់​នៅ​ស្រួលបួល​ហើយ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ព្យាការី​ណាថាន​ថា៖ «មើល៍ ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ពី​ឈើ​តាត្រៅ រីឯ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់ ស្ថិត​នៅ​ក្នុង​ពន្លា​ធ្វើ​អំពី​ក្រណាត់​សំពត់!»។ ២ លោក​ណាថាន​ទូល​ព្រះបាទ​ ដាវីឌ​ថា៖ «ការ​អ្វី​ដែល​ព្រះករុណា​សព្វ​ព្រះហឫទ័យ​ធ្វើ សូម​ព្រះករុណា​ធ្វើ​ចុះ ដ្បិត​ព្រះជាម្ចាស់​គង់​ជា​មួយ​ព្រះករុណា​ហើយ»។

 ប៉ុន្តែ នៅ​យប់​នោះ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ណាថាន​ដូច​ត​ទៅ៖ «ចូរ​ទៅ​ប្រាប់​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ មិន​មែន​អ្នក​ទេ​ដែល​នឹង​សង់​ដំណាក់​អោយ​យើង​នៅ។ តាំង​ពី​ថ្ងៃ​ដែល​យើង​បាន ​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ គឺ​យើង​នៅ​តែ​ក្នុង​ជំរំ និង​ព្រះពន្លា ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ គ្រប់​ទី​កន្លែង​ដែល​យើង​ ធ្វើ​ដំណើរ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល យើង​បាន​តែងតាំង​អោយ​មាន​ឲ្យមានវិរបុរស គ្រប់គ្រង​លើ​ប្រជារាស្ត្រ​របស់​យើង តែ​យើង​មិន​បាន​បង្គាប់​វិរបុរស​ណា​ម្នាក់ អោយ​សង់​ដំណាក់​ពី​ឈើ​តាត្រៅ​សំរាប់​យើង​ទេ! ឥឡូវ​នេះ ចូរ​ប្រាប់​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង​ថា ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ដូច​ ត​ទៅ: កាល​អ្នក​នៅ​ជា​គង្វាល​ចៀម​នៅ​ឡើយ យើង​បាន​យក​អ្នក​ពី​វាល​ស្មៅ​មក ដើម្បី​អោយ​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង។ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ​គ្រប់​ទី​កន្លែង ដែល​អ្នក​ទៅ យើង​បាន​កំចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក ហើយ​យើង​ក៏​នឹង​ធ្វើ​អោយ​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ល្បីល្បាញ ដូច​វរជន​ទាំងឡាយ​នៅ​លើ​ផែនដី​ដែរ។ យើង​បាន​ប្រគល់​ស្រុក​មួយ ​អោយ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង យើង​អោយ​គេ​តាំង​ទី​លំនៅ​ជាប់លាប់​រហូត ឥត​មាន​នរណា​មក​យាយី​ពួក​គេ​ទៀត​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​មក​ឈ្លានពាន​លើ​ពួក​គេ ១០ ដូច​កាល​ពី​មុន នៅ​គ្រា​ដែល​យើង​តែងតាំង​វិរបុរស ​អោយ​គ្រប់គ្រង​លើ​អ៊ីស្រា​អែល ជា​ប្រជារាស្ត្រ​របស់​យើង។ យើង​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន អោយ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក។ យើង​ប្រកាស​អោយ​អ្នក​ដឹង​ថា យើង​នឹង​ប្រទាន​អោយ​អ្នក​មាន​សន្តតិវង្ស​មួយ​ផង។ ១១ ពេល​ណា​អ្នក​លា​ចាក​លោកនេះ ទៅ​ជួបជុំ​នឹង​បុព្វបុរស​របស់​អ្នក យើង​នឹង​អោយ​ពូជពង្ស​របស់​អ្នក​មួយ​រូប​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​អោយ​រឹងមាំ។ ១២ គឺ​បុត្រ​នោះ​ហើយ​ដែល​នឹង​សង់​ដំណាក់​មួយ​សំរាប់​យើង។ យើង​នឹង​ពង្រឹង​រាជ​សម្បត្តិ​របស់​គេ​អោយ​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។ ១៣ យើង​នឹង​ធ្វើ​ជា​ឪពុក​ របស់​គេ ហើយ​គេ​ធ្វើ​ជា​កូន​របស់​យើង។ យើង​មិន​ដក​សេចក្ដី​មេត្តា​ករុណា​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ចេញ​ពី​ស្ដេច​ដែល​គ្រង​រាជ​មុន​អ្នក​ឡើយ។ ១៤ យើង​នឹង​អោយ​គេ​ គ្រប់គ្រង​លើ​ដំណាក់​របស់​យើង និង​នគរ​របស់​យើង​រហូត​ត​ទៅ ហើយ​រាជ​សម្បត្តិ​របស់​គេ​ក៏​នឹង​បាន​រឹងមាំ​រហូត​ត​ទៅ​ដែរ»។

១៥ លោក​ណាថាន​ទូល​ថ្វាយ​ព្រះបាទ​ដាវីឌ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ​ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​នោះ។

ការ​អធិស្ឋាន​របស់​ព្រះបាទ​ដាវីឌ
(២​សាម៉ូអែល ៧:១៨-២៩)
១៦ ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ​គាល់​ព្រះអម្ចាស់ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះជាអម្ចាស់ តើ​ទូលបង្គំ និង​គ្រួសារ​របស់​ទូលបង្គំ​ជា​អ្វី បាន​ជា​ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ទូលបង្គំ​ទទួល​ឋានៈ​ខ្ពង់ខ្ពស់​បែប​នេះ? ១៧ ឱ​ព្រះជាម្ចាស់​អើយ​ ចំពោះ​ព្រះអង្គ នេះ​គឺ​ជា​ការ​តិចតួច​ទេ បាន​ជា​ព្រះអង្គ​សន្យា​ដល់​កូន​ចៅ​ទូលបង្គំ ដែល​នៅ​ជំនាន់​ក្រោយៗ​ដែរ។ បពិត្រ​ព្រះជាអម្ចាស់ ព្រះអង្គ​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​ទូលបង្គំ ហាក់​បី​ដូច​ទូលបង្គំ ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់។ ១៨ តើ​ទូលបង្គំ​មាន​អ្វី​ ទូល​ថ្វាយ​ព្រះអង្គ​ចំពោះ​កិត្តិយស ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ បើ​ព្រះអង្គ​ជ្រាប​អំពី​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​យ៉ាង​ច្បាស់​ហើយ​នោះ? ១៩ ​ព្រះអម្ចាស់​ អើយ​ព្រះអង្គ​សំដែង​ស្នា​ព្រះហស្ដ​ដ៏​ឧត្ដុង្គឧត្ដម​ទាំង​នេះ អោយ​ទូលបង្គំ​ឃើញ ស្រប​តាម​ព្រះហឫទ័យ​សប្បុរស ដោយ​យល់​ដល់​អ្នក​បំរើ​របស់​ព្រះអង្គ។ ២០ ព្រះអម្ចាស់​ អើយ គ្មាន​នរណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ទេ។ តាម​ដែល​យើង​ខ្ញុំ​ធ្លាប់​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ព្រះអង្គ ក៏​គ្មាន​ព្រះ​ឯ​ណា​ទៀត​ដែរ។ ២១ នៅ​លើ​ផែនដី​នេះ គ្មាន​ប្រជារាស្ត្រ​ណា​មួយ​ដូច​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដែល​ព្រះ​របស់​ពួក​គេ​បាន​ទៅ​រំដោះ​ពួក​គេ យក​មក​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ខ្លួន​ឡើយ។ ព្រះអង្គ​ធ្វើ​អោយ​កិត្តិនាម​របស់​ព្រះអង្គ​ល្បីល្បាញ ដោយ​សំដែង​ការ​អស្ចារ្យ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះអង្គ​បណ្ដេញ​ប្រជាជាតិ​ទាំងឡាយ​ចេញ​ពី​មុខ​ប្រជារាស្ត្រ​របស់​ព្រះអង្គ គឺ​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ​មក​ពី​ស្រុក​អេស៊ីប។ ២២ ព្រះអម្ចាស់​ អើយ! ព្រះអង្គ​បាន​ជ្រើស​រើស​ជន​ជាតិ​អ៊ីស្រាអែល អោយ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​រហូត​ត​ទៅ ហើយ​ព្រះអង្គ​ក៏​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ។ ២៣ ឱ​ព្រះអម្ចាស់​ អើយ​ឥឡូវ​នេះ សូម​សំរេច​តាម​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​ចំពោះ​ទូលបង្គំ និង​កូន​ចៅ​ទូលបង្គំ​រហូត​ត​ទៅ សូម​អោយ​ព្រះបន្ទូល​នេះ សំរេច​ជា​រូប​រាង​ឡើង! ២៤ សូម​សំរេច​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ ដើម្បី​អោយ​ព្រះនាម​របស់​ព្រះអង្គ​បាន​ឧត្ដុង្គ​ឧត្ដម​ជានិច្ច ហើយ​សូម​អោយ​គេ​នៅ​តែ​ពោល​ថា “ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទ្រង់​ពិត​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មែន!”។ សូម​ប្រោស​ប្រទាន​អោយ​ពូជពង្ស​របស់​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​បាន​ស្ថិតស្ថេរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ ផង។ ២៥ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ប្រោស​អោយ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​សព្វ​ព្រះហឫទ័យ​តែងតាំង​ពូជពង្ស​របស់​ទូលបង្គំ​អោយ​ឡើង​ស្នង​រាជ្យ ​ទូលបង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​មាន​ចិត្ត​ក្លាហាន ទូល​ពាក្យ​អធិស្ឋាន​នេះ​ថ្វាយ​ព្រះអង្គ។ ២៦ បពិត្រ​ព្រះអម្ចាស់! មាន​តែ​ព្រះអង្គ​ទេ​ដែល​ជា​ព្រះជាម្ចាស់។ ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​ប្រទាន​សុភមង្គល​នេះ​មក​ទូល​បង្គំ​។ ២៧ ឱ​ព្រះអម្ចាស់​ អើយ ឥឡូវ​នេះ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ប្រទាន​ពរ ដល់​ពូជពង្ស​របស់​ទូលបង្គំ ដើម្បី​អោយ​គេ​បាន​ស្ថិតស្ថេរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ត​រៀង​ទៅ ដ្បិត​ព្រះអង្គ​ប្រទាន​ពរ​ដល់​នរណា អ្នក​នោះ​នឹង​ទទួល​ព្រះពរ​អស់កល្ប​ជានិច្ច»។