របារក្សត្រ  ទី  ១ (១៦)

 កាល​ដង្ហែ​ហិប​របស់​ ព្រះជាម្ចាស់​ទៅ​ដល់​ហើយ គេ​ក៏​តម្កល់​នៅ​កណ្ដាល​ព្រះពន្លា ដែល​ព្រះបាទ​ដាវីឌ​បាន​បម្រុង​ទុក រួច​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញបូជា​មេត្រីភាព នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។ កាល​ព្រះបាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព​ចប់​សព្វ​គ្រប់​ហើយ ស្ដេច​ក៏​ប្រទាន​ពរ​ដល់​ប្រជាជន ក្នុង​នាម​ព្រះអម្ចាស់។ បន្ទាប់​មក ព្រះរាជា​ប្រទាន​ម្ហូប​អាហារ​ដល់​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់ ទាំង​ប្រុស​ទាំង​ស្រី ម្នាក់ៗ​ទទួល​បាន​នំបុ័ង​មួយ​ដុំ ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំងបាយជូរ​ក្រៀម​មួយ​ដុំ។

 ព្រះបាទ​ដាវីឌ​ចាត់​ក្រុម​លេវី​ខ្លះ អោយ​បំរើ​ការងារ​នៅ​ខាង​មុខ​ហិប​របស់​ព្រះអម្ចាស់ ដើម្បី​ធ្វើ​ពិធី​រំលឹក លើក​តម្កើង និង​ច្រៀង​សរសើរ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល គឺ​មាន​លោក​អេសាភ ជា​មេ​ដឹក​នាំ បន្ទាប់​មក មាន​លោក​សាការី​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​យីអែល លោក​សេមីរ៉ាម៉ូត លោក​យេហ៊ីអែល លោក​ម៉ាទីទីយ៉ា លោក​អេលីយ៉ាប លោក​បេណាយ៉ា លោក​អូបេដអេដុម និង​លោក​យេអែល ដែល​សុទ្ធ​តែ​ជា​អ្នក​លេង​ភ្លេង គឺ​មាន​ឃឹម និង​ពិណ ហើយ​លោក​អេសាភ​ជា​អ្នក​វាយ​ឈិង។ លោក​បូជាចារ្យ​បេណាយ៉ា និង​លោក​យ៉ាហាស៊ីអែល​ផ្លុំ​ត្រែ នៅ​មុខ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះជាម្ចាស់​ជានិច្ច។ គឺ​ថ្ងៃ​នោះ​ហើយ ដែល​ព្រះបាទ​ដាវីឌ​បាន​ចាត់​លោក​អេសាភ ព្រម​ទាំង​បង​ប្អូន​របស់​គាត់ អោយ​ប្រារព្ធ​ពិធី​លើក​តម្កើង​ព្រះអម្ចាស់​ជា​លើក​ដំបូង​បង្អស់។

ទំនុកតម្កើង
៨ «ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់
ចូរប្រកាសព្រះនាមព្រះអង្គ!
ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ
ប្រាប់ប្រជាជាតិនានា!
៩ ចូរច្រៀងតម្កើងព្រះអង្គ
ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ!
ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើ!
១០ ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា
ជាប្រជារាស្ត្ររបស់ព្រះដ៏វិសុទ្ធ!
អស់អ្នកស្វែងរកព្រះអម្ចាស់អើយ
ចូរសប្បាយចិត្តចុះ!
១១ ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា
ចូរស្វែងរកព្រះភក្ត្រព្រះអង្គ
ឥតឈប់ឈរឡើយ!
១២ ចូរនឹកដល់ការអស្ចារ្យផ្សេងៗ
ដែលព្រះអង្គបានធ្វើ
ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និងការជំនុំជំរះ
ទាំងប៉ុន្មានដែលព្រះអង្គបានសំរេច។
១៣ អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែល
ដែលជាអ្នកបំរើរបស់ព្រះអង្គ
អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប
ដែលព្រះអង្គបានជ្រើសរើស!
១៤ មានតែព្រះអម្ចាស់ទេ ដែលជាព្រះរបស់យើង
ព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។
១៥ ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច
គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់
មួយពាន់តំណ
១៦ គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយ
លោកអប្រាហាំ
ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យា
ជាមួយលោកអ៊ីសាក។
១៧ ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះ
ជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រី
អស់កល្បជានិច្ចជាមួយជនជាតិអ៊ីស្រាអែល។
១៨ គឺព្រះអង្គមានព្រះបន្ទូលថា:
«យើងនឹងប្រគល់ស្រុកកាណានអោយអ្នក
ទុកជាចំណែកមត៌ក»។
១៩ នៅគ្រានោះ អ្នករាល់គ្នាជាក្រុមមួយដ៏តូច
ដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។
២០ អ្នករាល់គ្នាធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ
ពីនគរមួយទៅនគរមួយទៀត។
២១ ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតអោយនរណាម្នាក់
សង្កត់សង្កិនអ្នករាល់គ្នាទេ
ដើម្បីការពារអ្នករាល់គ្នា
ព្រះអង្គបានបន្ទោសស្ដេចនានាថា:
២២ «កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេង
អភិសេកនេះឡើយ
កុំធ្វើបាបព្យាការីរបស់យើងអោយសោះ!»។
២៣ មនុស្សនៅលើផែនដីទាំងមូលអើយ
ចូរច្រៀងថ្វាយព្រះអម្ចាស់!
ចូរប្រកាសជារៀងរាល់ថ្ងៃ
អំពីការសង្គ្រោះរបស់ព្រះអង្គ។
២៤ ចូរប្រកាសអំពីសិរីរុងរឿងរបស់ព្រះអង្គ
នៅក្នុងចំណោមប្រជាជាតិនានា
ហើយប្រកាសអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់
ព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់!
២៥ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត
ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។
២៦ ព្រះទាំងប៉ុន្មានរបស់សាសន៍នានា
សុទ្ធតែឥតបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ។
២៧ មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពី
ព្រះភក្ត្ររបស់ព្រះអង្គ
ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយ
ឫទ្ធិបារមី និងអំណរសប្បាយ។
២៨ ប្រជាជាតិទាំងឡាយអើយ
ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់
ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ
២៩ ចូរលើកតម្កើងសិរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់!
ចូរនាំគ្នាយកតង្វាយចូលមកចំពោះព្រះភក្ត្ររបស់ព្រះអង្គ!
ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់
នៅពេលព្រះអង្គសំដែងភាពវិសុទ្ធរបស់ព្រះអង្គ!
៣០ មនុស្សនៅលើផែនដីទាំងមូលអើយ
ចូរញាប់ញ័រនៅចំពោះព្រះភក្ត្រព្រះអង្គចុះ!
ពិភពលោករឹងមាំ ឥតរង្គើសោះឡើយ
៣១ ចូរអោយផ្ទៃមេឃមានអំណរសប្បាយ
និងអោយផែនដីបានរីករាយដ៏លើសលប់!
ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា
ព្រះអម្ចាស់គ្រងរាជ្យ!
៣២ ចូរអោយសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ
បន្លឺសំឡេងយ៉ាងអឺងកង!
ចូរអោយស្រែចំការ និងអ្វីៗនៅទីនោះ
ត្រេកអរសប្បាយ!
៣៣ ចូរអោយព្រៃព្រឹក្សាទាំងប៉ុន្មានស្រែកហ៊ោ
នៅចំពោះព្រះភក្ត្រព្រះអម្ចាស់!
ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី។
៣៤ ចូរលើកតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
៣៥ ចូរទូលព្រះអង្គថា:
ព្រះសង្គ្រោះរបស់យើងខ្ញុំអើយ
សូមជួយសង្គ្រោះយើងខ្ញុំផង
សូមប្រមូលផ្ដុំយើងខ្ញុំ ហើយយកយើងខ្ញុំ
ចេញពីចំណោមប្រជាជាតិនានា
ដើម្បីអោយយើងខ្ញុំលើកតម្កើង
ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ និងបានខ្ពស់មុខ
ដោយសរសើរតម្កើងព្រះអង្គ!
៣៦ សូមលើកតម្កើងព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
តាំងពីដើមរៀងមក
ហើយអស់កល្បតរៀងទៅ!»។

ពេល​នោះ ប្រជាជន​ទាំង​មូល​ឆ្លើយ​ថា «អាម៉ែន សូម​សរសើរ​តម្កើង​ព្រះជាម្ចាស់!»។

៣៧ ព្រះបាទ​ដាវីឌ​ចាត់​លោក​អសាភ និង​បង​ប្អូន​របស់​គាត់​អោយ​បំពេញ​មុខងារ នៅ​មុខ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ឥត​ដែល​អាក់ខាន​ដូច​បាន​កំណត់​ទុក។ ៣៨ ស្ដេច​ចាត់​លោក​ អូបេដ-អេដុម​ជា​កូន​របស់​លោក​យេឌូទូន និង​លោក​ហូសា ព្រម​ទាំង​បង​ប្អូន​របស់​គាត់​ហុកសិប​ប្រាំ​បី​នាក់ អោយ​ធ្វើ​ជា​ឆ្មាំ​ទ្វារ។ ៣៩ ស្ដេច​ក៏​ចាត់​លោក​បូជាចារ្យ​សាដុក និង​បូជាចារ្យ​ឯ​ទៀតៗ ជា​បង​ប្អូន​របស់​គាត់ អោយ​បំពេញ​មុខងារ​នៅ​មុខ​ព្រះពន្លា​របស់​ព្រះអម្ចាស់ ដែល​ស្ថិត​លើ​ទួល​ខ្ពស់ នៅ​កាបូន ៤០ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍​ចំពោះ​ព្រះអម្ចាស់ លើ​អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត ទាំង​ព្រឹក ទាំង​ល្ងាច ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន មាន​ចែង​ទុក​ក្នុងវិន័យ ដែល​ព្រះអម្ចាស់​បាន​បង្គាប់​ដល់​ប្រជាជន​អ៊ីស្រាអែល។ ៤១ លោក​ហេម៉ន និង​លោក​យេឌូទូន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​គេ​បាន​ជ្រើស​រើស​តាម​ឈ្មោះ ដើម្បី​លើក​តម្កើង​ព្រះអម្ចាស់ ក៏​មក​ចូល​រួម​ជា​មួយ​បូជាចារ្យ​ទាំង​នោះ​ដែរ ដ្បិត​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ! ៤២ លោក​ហេម៉ន និង​លោក​យេឌូទូន​ក៏​ទទួល​ខុស​ត្រូវ​លើ​ត្រែ និង​ឈិង​របស់​ពួក​តន្ត្រីករ ព្រម​ទាំង​ឧបករណ៍​ឯ​ទៀតៗ សំរាប់​ប្រគំ​បទ​ចំរៀង​ថ្វាយ​ព្រះជាម្ចាស់។ កូន​ចៅ​របស់​លោក​យេឌូទូន​ក៏​មាន​មុខងារ ជា​ឆ្មាំ​នៅ​មាត់​ទ្វារ​ដែរ។

៤៣ ប្រជាជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ព្រះបាទ​ដាវីឌ​ក៏​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​រាជវង្ស។