របារក្សត្រ  ទី  ១ (១៤)

ព្រះបាទ​ដាវីឌ​គង់​នៅ​ក្រុង​យេរូសាឡឹម
(២​សាម៉ូអែល ៥:១១-១៦)
 ព្រះបាទ​ហ៊ីរ៉ាម​ជា​ស្ដេច ​ក្រុង​ទីរ៉ុស បាន​ចាត់​អ្នក​នាំ​សារ​អោយ​មក​គាល់​ព្រះបាទ​ដាវីឌ ដោយ​នាំ​ឈើ​តា​ត្រៅ ជាង​ដាប់​ថ្ម និង​ជាង​សំណង់ ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះអម្ចាស់​តែងតាំង​ទ្រង់​ជា​ស្ដេច​លើ​ស្រុក​ អ៊ីស្រាអែល ហើយ​រាជ​សម្បត្តិ​របស់​ទ្រង់​ចំរុង​ចំរើន កាន់​តែ​ខ្លាំង​ឡើងៗ ដោយសារ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។

 នៅ​ក្រុង​យេរូសាឡឹម ព្រះបាទ​ដាវីឌ​បាន​យក​មហេសី​ផ្សេងៗ​ទៀត ហើយ​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។ បុត្រ​របស់​ស្ដេច ដែល​ប្រសូត​នៅ​ក្រុង​យេរូសាឡឹម​មាន​នាម​ដូច​ត​ទៅ: សាំមូអា សូបាប់ ណាថាន សាឡូម៉ូន  យីបហារ អេលីសួ អែលផាលេត  ណូកា នេផេក យ៉ាភីអា អេលីសាម៉ា បេលីយ៉ាដា និង​អេលីផេលេត។

ព្រះបាទ​ដាវីឌ​ទទួល​ជ័យជំនះ​លើ​ជន​ជាតិ​ភីលីស្ទីន
(២​សាម៉ូអែល ៥:១៧-២៥)
 កាល​ជន​ជាតិ​ភីលីស្ទីន​ឮ​ ថា ព្រះបាទ​ដាវីឌ​បាន​ទទួល​ពិធី​ចាក់​ប្រេង​អភិសេក ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល ពួក​គេ​លើក​គ្នា​មក​តាម​ចាប់​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្ដេច​ក៏​ចេញ​ទៅ​តទល់​នឹង​ពួក​គេ។ ៩ ជន​ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផាអ៊ីម។ ១០ ព្រះបាទ​ដាវីឌ​ទូល​សួរ​ ព្រះជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះអង្គ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ​ឬ​ទេ?»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ទៅ​ចុះ! យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក»។ ១១ ពួក​ភីលីស្ទីន​លើក​ទ័ព​ មក​ដល់​បាលពេរ៉ាស៊ីម ហើយ​ព្រះបាទ​ដាវីឌ​ក៏​វាយ​ប្រហារ​ពួក​គេ​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​មាន​រាជឱង្ការ​ថា៖ «ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​ខ្មាំង​សត្រូវ​បាក់​ទ័ព ដោយ​ថ្វី​ដៃ​ខ្ញុំ ដូច​ជា​ទឹក​បាក់​ទំនប់​ដែរ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “បាលពេរ៉ាស៊ីម”​។ ១២ កងទ័ព​ភីលីស្ទីន​បោះ​បង់​ចោល​ព្រះ​របស់​ពួក​គេ​នៅ​ទី​នោះ ហើយ​ព្រះបាទ​ដាវីឌ​ចេញ​បញ្ជា​អោយ​គេ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល​ទៅ។

១៣ ជន​ជាតិ​ភីលីស្ទីន ​បាន​មក​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផាអ៊ីម​សា​ជា​ថ្មី។ ១៤ ព្រះបាទ​ដាវីឌ​ទូល​សួរ​ ព្រះជាម្ចាស់​ម្ដង​ទៀត ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​ឡើង​តាម​ក្រោយ​ពួក​គេ​ឡើយ ចូរ​វាង​ទៅ​ម្ខាង​ទៀត ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​វិញ។ ១៥ កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ចេញ​ទៅ​ច្បាំង​ចុះ ដ្បិត​ព្រះជាម្ចាស់​នាំ​មុខ​អ្នក វាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីន»។ ១៦ ព្រះបាទ​ដាវីឌ​ធ្វើ​តាម ​បញ្ជា​របស់​ព្រះជាម្ចាស់ ស្ដេច​វាយ​ឈ្នះ​កងទ័ព​ភីលីស្ទីន ហើយ​ដេញ​តាម​ពួក​គេ​តាំង​ពី​ក្រុង​កាបូន រហូត​ដល់​ក្រុង​កេស៊ែរ។ ១៧ កិត្តិនាម​របស់​ព្រះបាទ​ដាវីឌ ក៏​ល្បី​ខ្ចរខ្ចាយ​គ្រប់​ស្រុក ហើយ​ព្រះអម្ចាស់​បាន​ធ្វើ​អោយ​ប្រជាជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ព្រះបាទ​ដាវីឌ។