ព័ត៌មាន

អបអរសាទរបុណ្យព្រះយេស៊ូយាងមក

បងប្អូនជាទីស្រឡាញ់ បុណ្យព្រះយេស៊ូប្រសូតជិតមកដល់ហើយ! តាមប្រពៃណីនៃព្រះសហគមន៍កាតូលិកសាកល គឺព្រះសហគមន៍ចាត់ចែងជារដូវផ្សេងៗ ដើម្បីឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់ជាមួយព្រះបន្ទូល និងព្រះជាម្ចាស់កាន់តែខ្លាំងឡើង និងជិតស្និទ្ធឡើងៗ។

ចាប់ពីថ្ងៃអាទិត្យ ទី២ ខែធ្នូ ឆ្នាំ២០១៨នេះទៅ គឺក្នុងព្រះសហគមន៍កាតូលិកចូលក្នុងរដូវរង់ចាំ មុនដល់ថ្ងៃព្រះយេស៊ូប្រសូត។

ហេតុអ្វីរដូវរង់ចាំ? តើចាំនរណា?

ច្បាស់ណាស់គឺចាំព្រះយេស៊ូ។ តើព្រះយេស៊ូប្រសូតម្តងទៀតឬ បើព្រះអង្គបានប្រសូតជាង២០០០ឆ្នាំមកហើយនោះសំណួរនេះពិតជាត្រូវរិះគិតទាំងអស់គ្នា។ ពិតណាស់ក្នុងរដូវរង់ចាំនេះ មានព្រះបន្ទូលដែលរំឭកឲ្យអ្នកជឿទាំងអស់ រៀបចំចិត្តគំនិត រៀបចំផ្លូវថ្វាយព្រះអម្ចាស់ដែលយាងមក។ រៀបចំផ្លូវដែលក្រហូង ដែលជង្ហុកឲ្យរៀបស្មើ។ ផ្លូវទាំងនោះគឺចិត្តគំនិតរបស់យើង គឺត្រូវប្រុងស្មារតីជានិច្ច ក្នុងការទទួលព្រះអង្គក្នុងជីវិតរបស់ខ្លួនផ្ទាល់។ព្រះជាម្ចាស់បានស្រលាញ់មនុស្សហួសពីការស្មាន គឺរហូតបានចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គ គឺព្រះយេស៊ូឲ្យយាងមកប្រសូតជាមនុស្សដូចយើង។ ព្រះអង្គបានបូជាព្រះជន្មផ្ទាល់នៅលើឈើឆ្កាង ដើម្បីសង្គ្រោះយើងរាល់គ្នា។ ដើម្បីឲ្យយើងម្នាក់ៗបានទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ដែលជាប្រភពនៃសេចក្តីស្រលាញ់។ ព្រះអង្គក៏បានប្រទានឲ្យយើងម្នាក់ៗមានមុខងារប្រកាសដំណឹងល្អ អំពីការសង្គ្រោះដល់មនុស្សទាំងអស់។តើខ្ញុំត្រូវប្រព្រឹត្តដូចម្តេច ក្នុងនាមជាបុត្រធីតារបស់ព្រះជាតើខ្ញុំត្រូវធ្វើដូចម្តេចក្នុងការនាំដំណឹងល្អទៅដល់បងប្អូនឯទៀតៗតាមពិតទៅ ម្នាក់ៗមានអំណោយទានរៀងៗខ្លួន។លោក អូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ធ្លាប់បានក្រើនរំឭកនៅក្នុងធម្មទេសនាថាព្រះជាម្ចាស់បានស្រឡាញ់យើង តើធ្វើដូចម្តេច ដើម្បីទទួលបានសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់នោះបាន ដូចព្រះនាងម៉ារីតើធ្វើដូចម្តេចដើម្បីទទួលបានការសង្គ្រោះគឺ កែប្រែចិត្តគំនិត។ សូមមើលគំរូរបស់ព្រះនាងម៉ារី។ ពេលយើងសូត្រផ្គាំនៅដំណាក់កាលនីមួយៗ តាំងពីព្រះនាងបានទទួលដំណឹងពីទេវទូតកាព្រីអែល រហូតដល់ព្រះជាម្ចាស់លើកព្រះនាងទាំងរូបកាយឡើងស្ថានបរមសុខ គឺព្រះនាងនៅជាប់នឹងជាម្ចាស់ជានិច្ច។
ចុះតើធ្វើដូចម្តេចដើម្បីនៅជាប់ជាមួយព្រះជាម្ចាស់ជានិច្ច? គឺស្តាប់ព្រះបន្ទូល និងអធិដ្ឋាន ។ លោកអភិបាលក៏បានបញ្ជាក់ដែរថា យើងជាប្រជារាស្ត្រ និងជាបុត្រធីតារបស់ព្រះជាម្ចាស់ តើយើងត្រូវអនុវត្តន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណា ក្នុងជីវិតរស់នៅរបស់យើង? គឺជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ អ្នកតូច អ្នកគ្មានទីពឹង ។ល។ ពេលយើងនិយាយអំពីការកែប្រែចិត្តគំនិត យើងអាចមានសំណួរថា ខ្ញុំគ្មានអ្វីត្រូវកែនោះទេ គ្មានបានប្រព្រឹត្តមិនគប្បីផងនោះ។ ត្រង់ចំណុចនេះ ម្នាក់ៗគឺតែងមានជានិច្ច។ ភាពអំនួតហួសហេតុរបស់យើង នាំឲ្យភ្លេចបងប្អូនឯទៀត នាំឲ្យយើងមើលងាយអ្នកដទៃ។ សូមមើលអំពី៖

  • ចិត្តច្រណែនរបស់យើង
  • ភាពលោភលន់របស់យើង
  • ចិត្តស្អប់គុំគួន
  • ចិត្តចង្អៀតចង្អល់
  • ភាពអាត្មានិយម
  • កំហឹង ចិត្តក្រេវក្រោធ
  • ការចាប់កំហុស  រិះគន់ជាន់ពន្លិច ក្នុងន័យបំផ្លាញបងប្អូនឯទៀតៗ
  • ភាពព្រងើយកន្តើយនឹងព្រះជាម្ចាស់
  • មិនបានយកចិត្តទុកដាក់អំពីគ្រួសារ និងចំពោះបងប្អូនដែលការយើងចាំបាច់…។ល។

តើខ្ញុំត្រូវផ្លាស់ប្តូរចិត្ត ដូចម្តេច ដើម្បីរៀបចំចិត្តគំនិតទទួលព្រះយេស៊ូដែលនឹងយាងមក?