ព័ត៌មានភូមិភាគភ្នំពេញ

អធិដ្ឋានពេញមួយយប់ លើកទី ៧៧ សម្រាប់ការត្រាស់ហៅ

ភ្នំពេញ៖ ព្រះវិហារសន្តយ៉ូសែបផ្សារតូច នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំការអធិដ្ឋាន សម្រាប់ការត្រាស់ហៅ លើកទី ៧៧ នៅរាត្រីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៨ ។

អធិដ្ឋានសម្រាប់ការត្រាស់ហៅ ជាកម្មវិធីអធិដ្ឋាន នៃព្រះសហគមន៍ភូមិភាគភ្នំពេញ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១១ មក ក្នុងគោលបំណងទូលអង្វរព្រះជាម្ចាស់ ដើម្បីប្រទានអ្នកបម្រើមកក្នុងព្រះសហគមន៍ដែលជាស្រែព្រះអង្គបន្ថែមទៀត។

នៅក្នុងធម្មទេសនាលោកអូលីវីយេ ជ្មីតហស្ល៊ែរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគ ភ្នំពេញ ដែលជាអធិបតីមានប្រសាសន៍ទៅកាន់បងប្អូនថា៖ តាំងពីដើមរៀងមកព្រះជាម្ចាស់ ត្រាស់ហៅយើង។ ព្រះអង្គទៅរកមនុស្សម្នាក់ៗ ស្វែករកគេដោយផ្ទាល់ព្រះអង្គ។ ព្រះជាម្ចាស់ជ្រើសរើសយើងឲ្យធ្វើជាអ្នកបម្រើព្រះអង្គ។

លោកក៏បានបង្ហាញអំពីរបៀប ដែលព្រះនាងម៉ារីឆ្លើយតបចំពោះព្រះជាម្ចាស់ គឺព្រះជាម្ចាស់ មករកព្រះនាងម៉ារី និងព្រះអង្គជ្រើសរើសព្រះនាង។ ទោះបីព្រះនាងម៉ារីមិនបានត្រៀមខ្លួន តែព្រះនាងព្រមឆ្លើយតបនឹងការត្រាស់ហៅនេះ។ នៅក្នុងពេលនោះដែរលោកអភិបាល ក៏បានបញ្ជាក់លក្ខណៈទាំង១០ នៃអាកប្បកិរិយារបស់គ្រីស្តបរិស័ទដែលជាបុត្រធីតា របស់ ព្រះជាម្ចាស់ ត្រូវប្រព្រឹត្តក្នុងរដូវរង់ចាំនេះ។

ក្នុងចំនុចទាំង១០នេះ លោកអភិបាលលើកយក ចំនុចមួយចំនួនមកញ្ជាក់ដូចតទៅ៖ “ជឿ” ជឿទុកចិត្តលើព្រះជាម្ចាស់ ផ្ញើជីវិតលើព្រះអង្គ ដូចព្រះនាងម៉ារី ដែលបានផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់។ មួយទៀត គឺត្រូវ “ស្វែងរក” ត្រៀមខ្លួនជានិច្ច ដើម្បីស្វែងរកព្រះអង្គក្នុងដួងចិត្តផ្ទាល់ខ្លួនរបស់យើង និង ក្នុងបងប្អូនឯទៀតៗ។ មួយទៀត គឺ “មានចិត្តសប្បុរស” ស្រឡាញ់ព្រះយេស៊ូគ្រីស្ត ស្រឡាញ់បងប្អូនឯទៀតៗ ដើម្បីឲ្យមនុស្សទាំងអស់មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ព្រោះព្រះអង្គជាសេចក្តីស្រឡាញ់។ លោកថាទាំងអស់នេះនឹងណែនាំឲ្យបងប្អូនស្រឡាញ់ព្រះជាម្ចាស់ និងមានបទពិសោធនៃសេចក្តីស្រឡាញ់នេះ។

លោកអភិបាលក៏បានបញ្ជាក់ចំណុចបន្តទៀត គឺ “អរព្រះគុណព្រះជាម្ចាស់” ដូចព្រះនាងម៉ារី។ ក្នុងរដូវរងចាំនេះ តើធ្វើដូចម្តេច ដើម្បីអរព្រះគុណព្រះម្ចាស់? សូមរកចំណុចមួយ ក្នុងមួយថ្ងៃៗ។ មួយទៀត ចំពោះយើងជាបុត្រធីតា របស់ព្រះជាម្ចាស់ ក៏ត្រូវតែប្រកាសដំណឹងល្អ អំពីអំណរសប្បាយដែលយើងនឹងទទួល គឺព្រះយេស៊ូប្រសូតហើយ!

ចុងក្រោយនៃអាកប្បកិរិយារបស់បុត្រធីតានៃព្រះជាម្ចាស់ដែលត្រូវប្រព្រឹត្តគឺ “អធិដ្ឋាន” ត្រូវប្រុងស្មារតី អធិដ្ឋានជានិច្ច ដើម្បីមើលឃើញ ស្តាប់ឮនូវការត្រាស់ហៅរបស់ព្រះជាម្ចាស់ក្នុងជីវិតរបស់យើងផ្ទាល់។

បន្ទាប់ពីអភិបូជារួច កម្មវិធីអធិដ្ឋានបានបន្ត ដោយការតាំងព្រះកាយព្រះគ្រីស្ត ហើយគ្រីស្តបរិស័ទចូលមកអធិដ្ឋាននៅមុខព្រះកាយពេញមួយយប់រហូតដល់ម៉ោង៦ព្រឹក នៃថ្ងៃបន្ទាប់។ អធិដ្ឋានសម្រាប់ការត្រាស់ហៅ បានប្រារព្ធវិលជុំមួយខែម្តងតាមមណ្ឌលសកម្មភាពទាំង៩ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។