ព័ត៌មានភូមិភាគភ្នំពេញ

អដ្ឋិធាតុសន្តលីវីស និងសន្តីហ្សឺលី ម៉ាតាំងមកដល់ព្រះសហគមន៍ព្រៃកប្បាស

នៅរសៀលម្សិលមិញនេះ(២៦ សីហា ២០១៩) អដ្ឋិធាតុរបស់គូស្រករសន្តលូវីស និងសន្តីហ្សឺលី ម៉ាតាំងបានមកដល់ព្រះសហគមន៍កាតូលិកសន្តីតេរេសា ព្រៃកប្បាសស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

កុមារកាយឫទ្ធិនិងគ្រីស្តបរិស័ទប្រមាណ៦០នាក់បានឈរអមដំណើរអដ្ឋិធាតុនិងបានដង្ហែ មួយជុំបរិវេនព្រះវិហារមុននឹងចាប់ផ្តើមពិធីអភិបូជា ដោយមានលោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។

លោកអភិបាលអូលីវីយេ មានប្រសាសន៍ក្នុងអង្គពិធីថា ព្រះជាម្ចាស់បានជ្រើសរើសពួកគេក្នុងជីវិតជាគ្រួសារ។ លោកអភិបាលអូលីវីយេ ” គ្រួសារនេះមើលទៅធម្មតាតែមិនធម្មតាដែរ”។ ពួកគាត់មិនធ្វើអ្វីអស្ចារ្យទេ ដោយគ្រាន់តែយកចិត្តទុកដាក់មើលថែរក្សាប្តីប្រពន្ធ យកចិត្តទុកដាក់ចិញ្ចឹមកូន អប់រំពួកគេ បញ្ជូនពួកគេទៅសាលារៀននិងយកចិត្តទុកដាក់រកស៊ីចិញ្ចឹមកូនៗប៉ុណ្ណោះ។ នេះជាជីវិតធម្មតាក្នុងការស្រឡាញ់ព្រះជាម្ចាស់។

លោកអភិបាលបានលើកទឹកចិត្តក្រុមគ្រួសារនៃគូស្រករទាំងអស់ ឱ្យខិតខំព្យាយាម “អធិដ្ឋាន ទូលអង្វរព្រះជាម្ចាស់ជួយយើង មិនមែនឱ្យកូនៗយើងទាំងអស់ជាបព្វជិតបព្វជីតា តែឱ្យយើងក្លាយជាឪពុកដ៏ល្អ ម្តាយល្អ និងយកចិត្តទុកដាក់ថែរក្សាគ្រួសារយើង កូនយើង”។

លោកអភិបាលបន្តថា ទោះបីជាគ្រួសារក្រីក្រក៏ដោយ ហើយទោះបីយើងមានបទពិសោធមិនល្អអំពីគ្រួសារនៅពេលយើងដឹងក្តីក៏ដោយ សូមយកចិត្តទុកដាក់បង្កើតគ្រួសារមួយដែលផ្ទុយពីអ្វីដែលបានជួបដូចសន្តីហ្សឺលី ជាម្តាយរបស់សន្តីតេរេសា។

លោកអភិបាលបន្ថែមថា ហ្សឺលី មិនបានទទួលសេចក្តីស្រឡាញ់ពីម្តាយរបស់គាត់ទេ ព្រោះម្តាយស្រឡាញ់តែប្អូនពៅ។ លោកអភិបាលបញ្ជាក់ថា “ប៉ុន្តែពេលគាត់ក្លាយជាម្តាយ គាត់ខិតខំអស់ពីសមត្ថភាព ដោយសារគាត់មិនចង់ឱ្យគ្រួសារ និងកូនៗគាត់មានបទពិសោធដូចគាត់ពីដើម។ គាត់ចង់ឱ្យគ្រួសារមានសេចក្តីសុខ ហើយគាត់បានជោគជ័យ”។

លោកអភិបាលសូមឱ្យគ្រីស្តបរិស័ទ ទុកគ្រួសារមួយនេះជាគំរូ និងអរគុណព្រះជាម្ចាស់សម្រាប់ការមកដល់របស់ពួកគាត់។

អដ្ឋិធាតុរបស់គូស្រករនៃសន្តបុគ្គលនេះ នឹងធ្វើដំណើរទៅកាន់ព្រះសហគមន៍នានាក្នុងភូមិភាគភ្នំពេញ ហើយបន្តដំណើរទៅព្រះសហគមន៍ភូមិភាគកំពង់ចាមនិងបាត់ដំបង ដែលមានរយៈពេល៣សប្តាហ៍ ពីថ្ងៃទី២៦ សីហា ដល់ថ្ងៃទី១៦កញ្ញា។

សន្តលូវីសនិងសន្តីហ្សឺលី ម៉ាតាំង ជាឪពុកម្តាយរបស់សន្តីតេរេសានៃព្រះកុមារយេស៊ូ។ សន្តលូវីស​ ម៉ាតាំង កើតនៅឆ្នាំ ១៨២៣ ជាជាងជួសជុលនាឡិកាដៃ សន្តីហ្សឺលី កើតនៅឆ្នាំ១៨១៣ាជាងដេរស្បែកជើង។

ពួកគាត់បានរៀបការនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ១៨៥៨ ហើយបានបង្កើតកូនចំនួន៩នាក់ តែមានតែ៥នាក់ប៉ុណ្ណោះដែលឆ្លងផុតកុមារភាព។ កូនៗទាំង៥នាក់របស់ពួកគាត់បានក្លាយជាបព្វជីតាទាំងអស់ ហើយក្នុងនោះមានម្នាក់ឈ្មោះតេរេសា បានក្លាយជាសន្តី។

ដោយសារតែវីរភាពនៃជីវិតគ្រួសារនេះ ព្រះសហគមន៍កាតូលិកមានគ្រួសារគំរូមួយ។ ពួកគាត់បានក្លាយជាគូស្រករដំបូងគេដែលត្រូវបានប្រកាសេជាសន្តបុគ្គលរួមគ្នា កាលពីថ្ងៃទី១៨ តុលា ២០១៥៕