ព័ត៌មានភូមិភាគភ្នំពេញ

អដ្ឋិធាតុរបស់គូស្រករសន្តលូវីស និងសន្តីហ្សឺលី បានមកដល់ទឹកដីខេត្តកំពត

នៅថ្ងៃនេះអដ្ឋិធាតុរបស់គូស្រករសន្តលូវីស និងសន្តីហ្សឺលី បានមកដល់ព្រះសហគមន៍សន្ត យ៉ូសែបជុំគីរី ខេត្តកំពតហើយ ដោយមានគ្រីស្តបរិស័ទមកទទួលយ៉ាងច្រើនកុះករ ហើយបានធ្វើពិធីដង្ហែចម្ងាយប្រមាន១គីឡូម៉ែត្រ ដើម្បីប្រារព្ធពិធីនៅក្នុងព្រះវិហារ។

ក្នុងដំណើរអដ្ឋិធាតុនេះ លោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ ជាធភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានធ្វើដំណើររួមជាមួយតាំងពីថ្ងៃចាប់ផ្តើមរហូតដល់ពេលនេះ។ 

តាមកន្លែងនីមួយៗមានរៀបចំពិធីអភិបូជា និងអធិដ្ឋានដើម្បីអោយគ្រីស្តបរិស័ទបានយល់បន្ថែមអំពីជំនឿ។ ក្នុងនោះដែរក្នុងធម្មទេសនា នៅព្រះវិហារអូគូស្ទីន លោកអភិបាលបានអប់រំគ្រីស្តបរិស័ទអោយយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់ពួកគេ ដោយបង្ហាញក្តីស្រឡាញ់រវាងប្តីនិងប្រពន្ធអោយកានលតែជិតស្និទ្ធ ដើម្បីអោយផលផ្លែនេះបានដល់កូនៗ ដែលធ្វើអោយគ្រួសារមានភាពកក់ក្តៅ និមានសុភមង្គល។

លោកអភិបាលអូលីវីយេ មានប្រសាសន៍ថា  លូវីស ដែលជាប្តីខិតខំអប់រំនិងយកចិត្តទុកដាក់ជាមួយកូនៗរបស់គាត់។ រីឯហ្សឺលីជាម្តាយ ធ្វើជាប្រពន្ធដ៏ល្អនិងអប់រំកូនៗដោយក្តីស្រឡាញ់។ 

លោកមានប្រសាសន៍ទៀតថាគ្រប់ពេលវេលា  ប្តីប្រពន្ធសន្តបុគ្គលនេះ តែងលើកទឹកចិត្តគ្នាទោះនៅឆ្ងាយ ឬជិតគ្នាក្តី ដូចជាការសរសេរសំបុត្រដើម្បីបង្ហាញការនឹករលឹកដល់គ្នាជាដើម។

លោកអភិបាលបានលើកឧទាហរណ៍យ៉ាងដូច្នេះ ” ប្រពន្ធសរសេរយ៉ាងដូច្នេះ ខ្ញុំស្រឡាញ់បងលើសពីជីវិតរបស់ខ្ញុំ។  ពេលបងចេញទៅឆ្ងាយ ខ្ញុំដូចជាត្រីមួយដែលអស់ទឹក។…ប្តីសរសេរតបវិញថា ពេលវេលាដើរយឺតណាស់ ដោយសារយើងនៅឆ្ងាយពីគ្នា បងចង់ទៅប្រញាប់មែនទែនដើម្បីនៅជាប់នឹងអូនវិញ។”

លោកអភិបាលបានរំលឹកថា  គ្រួសារសុខសាន្ត គឺប្តីប្រពន្ធ ដែលជាឪពុកម្តាយស្រឡាញ់គ្នាទៅវិញទៅមក ថែរក្សាសេចក្តីស្រឡាញ់និងលើកទឹកចិត្តគ្នាទៅវិញទៅមក  ហើយចេះសម្រុះសម្រួលគ្នា ដើម្បីកូនទទួលភាពកក់ក្តៅ  និងស្រឡាញ់កូន ហើយនាំកូនអោយស្រឡាញ់គ្នា៕