ព័ត៌មាន

អង្គការការីតាសកម្ពុជា ប្រារព្ធទិវានៃការអធិដ្ឋាន និងការយល់ដឹងប្រឆាំង នឹងការជួញដូរមនុស្ស

[:kh]ភ្នំពេញ៖ អង្គការការីតាសកម្ពុជា បានប្រារព្ធពិធីអធិដ្ឋាន នៅថ្ងៃទិវាសាកល នៃការអធិដ្ឋាន និងយល់ដឹង ប្រឆាំងការជួញដូរមនុស្ស នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងស្នាក់ការរបស់ខ្លួននាក្រុងភ្នំពេញ។ កម្មវិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកអភិបាលអេនរីកេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាអង្គការការីតាស់កម្ពុជ និងលោកបូជាចារ្យសួន ហង្សលី ជាតំណាងពេញសិទ្ធិលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំ បុគ្គលិក អង្គការការីតាស់កម្ពុជា ព្រមទាំងបងប្អូនគ្រីស្តបរិស័ទ ជាច្រើនរូប។

កញ្ញាសុភក្ត្រ មន្ត្រីអង្គការការីតាស់ ផ្នែកប្រឆាំងការជួញដូរមនុស្ស បានបញ្ជាក់ថា កម្មវិធីនៅថ្ងៃនេះ គឺជាការអធិដ្ឋានសម្រាប់ជនរងគ្រោះនានា ពីការជួញដូរ និងរំលោភបំពាន ព្រមទាងជាការបបង្ហាញឱ្យឃើញ និងចូលរួមលើកទឹកចិត្តដល់ជនរងគ្រោះ ដើម្បីឱ្យពួកគេបន្តជីវិតរស់នៅក្នុងក្រុមគ្រួសារ ហើយនិងក៏ជាសារមួយចូលរួមបង្កើននូវការយល់ដឹងអំពីបញ្ហានៃការជួញដូរមនុស្សនេះផងដែរ ។

កញ្ញាបន្តថា តាមរយៈការអធិដ្ឋានរបស់យើងនៅថ្ងៃនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីបទពិសោធន៍របស់អ្នកដែលរងទុក្ខលំបាកទាំងនោះទេ គឺបានបង្ហាញឱ្យឃើញបញ្ហានេះ ដែលប៉ះពាល់ចំពោះសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយថែមទាំងផ្តល់នូវការលើកទឹកចិត្តដល់អ្នករស់រានមានជីវិតទៀតផង។ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអេនរីកេ ហ្វីការេដូ បានមានប្រសាសន៍ថា យោងតាមប្រសាសន៍របស់សម្តេចប៉ាប ហ្វ្រង់ ស៊ីស្កូ ព្រះសហគមន៍កាតូលិកសកលបានរៀបចំកម្មវិធីអធិដ្ឋាន សម្រាប់ជនរងគ្រោះដោយសារការជួញដូរមនុស្ស នេះសម្តេចប៉ាប ចង់ឱ្យយើងអធិដ្ឋាន ចង់ឱ្យយើងចូលរួមទាំងអស់គ្នា ដើម្បីឱ្យយើងស្តែងចេញជាសកម្មភាព ដើម្បីឱ្យយើងការពារថែរក្សាអ្នកតូចតាច ដោយគោរពតម្លៃរបស់មនុស្សដូចគ្នា ។

ជាមួយគ្នានោះលោកគឹម រតនា នាយកប្រតបត្តិអង្គការការីតាស់ កម្ពុជាបានចាប់អារម្មណ៍ថា ការអធិដ្ឋានជួយយើងឱ្យមានពន្លឺកាន់តែច្បាស់ និងមានកម្លាំងបន្ថែមទៀត ដើម្បីចូលរួមយ៉ាងសកម្ម ដើម្បីកាត់បន្ថយ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនេះ ។ លោកបន្តថា ជាមួយគ្នានេះយើងក៏ធ្វើសកម្មភាពជួយអប់រំដល់ប្រជាពលរដ្ឋុំោ្យឆ្វេងយល់អំពីអំពើនៃការជួញដូរមនុស្ស ។ យើងជួយជនរងគ្រោះ ដែលកំពុងតែរងគ្រោះ ដើម្បីឱ្យគេមានទិសដៅនៃជីវិតបានល្អប្រសើរឡើង ដោយមានសេចក្តីសង្ឃឹមក្នុងការរស់នៅក្នុងក្រុមគ្រួសារ ។ ក្រុមប្រឹក្សាសម្រាប់យុត្តិធម៌និងសន្តិភាពនិងសហប្រតិបត្តិការអន្តរជាតិ របស់បុរីវ៉ាទីកង់ បានកំណត់យកថ្ងៃទី០៨ ខែកុម្ភៈ ជាថ្ងៃអធិដ្ឋានប្រចាំឆ្នាំ សម្រាប់ការយល់ដឹង ប្រឆាំងនឹងការជួញដូរមនុស្សជាសកល ។

ថ្ងៃទី៨ ខែកុម្ភៈ នេះក៏ជាថ្ងៃបុណ្យគោរព សន្តី យ៉ូសែហ្វីន បាឃីតា Josephine Bakhita ដែជាឧបការីសម្រាប់ជនរងគ្រោះដោយការរំលោភបំពាន និងការជួញដូរ។ កុមារី យ៉ូសែហ្វីន បាឃីតា ត្រូវបានគេចាប់ពង្រត់ និងលក់បន្តបន្ទាប់គ្នា ឱ្យធ្វើជាទាសករនៅក្នុងប្រទេសស៊ូដង់ និងអ៊ីតាលី។ ក្រោយមកJosephine Bakhita ត្រូវបានដោះលែង។ នាងបានក្លាយជាដូនជីកាតូលិក ហើយបានឧទ្ទិសជីវិតរបស់នាង ដើម្បីចែករំលែកនូវបទពិសោធន៍អំពីសេចក្តីបញ្ជាក់អំពីជីវិតទាសភាព អំពីការចាកចេញពីទាសភាព ការលួងលោមប្រជាជនក្រីក្រនិងអ្នកដែលរងទុក្ខវេទនា។

ព្រះសហគមន៍កាតូលិកបានប្រកាសទទួលស្គាល់ យ៉ូសែហ្វីន បាឃីតា ជាសន្តីនៅក្នុងឆ្នាំ២០០០ ។ បើតាមសមាគមវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យាសហរដ្ឋអាមេរិក បានឱ្យដឹងថា ជនរងគ្រោះដោយសារការជួញដូរមនុស្ស ទទួលរងនូវជម្ងឺមួយចំនួនដែលជះឥទ្ធិពលដល់ប្រព័ន្ធខួរក្បាល ជាពិសេសគឺមានជម្ងឺបាក់ស្បាត ដែលអាចជះឥទ្ធិពលអវិជ្ជមាន ឬអាចមានផលអាក្រក់ ប៉ះពាល់ដល់សារធាតុគីមី និងប្រព័ន្ធប្រសាទក្នុងខួរក្បាល ។ រោគសញ្ញានៃជម្ងឺបាក់ស្បាត លេចចេញនូវរូបភាព ឬនឹកឃើញអតីតកាលធ្វើឱ្យរន្ធត់ភ្លាមៗក្នុងខួរក្បាល ការយល់សុបិន្តអាក្រក់ គេងមិនលក់ គេងតិច ការគិតអវិជ្ជមាន ការភ័យខ្លាច ឆាប់ខឹង ខ្មាស់អៀន អាម៉ាស់ អាកប្បកិរិយា ឡេះឡះ (មិនប្រុងប្រយ័ត្ន) ឆេវឆាវ និងមួរម៉ៅជាដើម ។ ការប៉ះទង្គិចផ្លូវចិត្តឱ្យផ្លាស់ប្តូរជីវសាស្ត្ររបស់ប្រព័ន្ធប្រសាទរបស់បុគ្គលម្នាក់ៗ ទៅជាប្រព័ន្ធនៃភាពតានតឹង ។

នេះអាចធ្វើឱ្យបុគ្គលម្នាក់នោះតែងតែស្ថិតក្នុងស្ថានភាពមមើមមាយ ហោះហើរ ឬជាប់គាំង ។ បុគ្គលដែលមានការប៉ះទង្គិចផ្លូវចិត្ត បង្ហាញការផ្លាស់ប្តូរលើកំរិតអ័រម៉ូន ដែលពាក់ព័ន្ធ និងមានភាពតានតឹង ដែលស្រដៀងនឹងកំរិតនៃការផ្លាស់ប្តូរអ័រម៉ូនរបស់ទាហានក្នុងសមរភូមិ។ អង្គការការីតាសកម្ពុជាបានប្រារព្ធពិធីនេះក្នុងឆ្នាំ២០១៧ជាលក្ខណៈអន្តរសាសនាថ្នាក់ជាតិផង និងមានកិច្ចសហការយ៉ាស្អិតរមួតពីរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងពិធីអធិដ្ឋានសម្រាប់ការយល់ដឹងប្រឆាំងនឹងការជួញដូរមនុស្សនាឱកាសនោះ ក៏មានការអានសារលិខិតរបស់សម្តេចប៉ាបហ្វ្រង់ ស៊ីស្កូ អធិដ្ឋានធម៌សកល អុជទៀនរៀបជារូបបេះដូង ជានិមិត្តរូបនៃសេចក្តីស្រឡាញ់ និងឧទ្ធិសដលើជនរង់គ្រោះទាំង ទាំងអ្នករស់ និងស្លាប់។ មាន ផ្តិតបាតដៃជាមួយពណ៌ផ្សេងៗ លើផ្ទាំងក្រណាត់សដោយបញ្ជាក់អត្ថន័យប្រឆាំងការជួញដូរមនុស្ស ។

អង្គការការីតាសកម្ពុជាជាអង្គមួយនៃព្រះសហគមន៍កាតូលិក ដែលបានខិតខំយ៉ាងខ្លាំងក្នុងការតស៊ូមតិប្រឆាំងការជួញដូរមនុស្ស។ កន្លងទៅអង្គការការីតាស់កម្ពុជាបានសហការយ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការអន្តរជាតិជាដៃគូនៅក្រៅប្រទេសបានជួយពលករកម្ពុជាជាច្រើន ដែលរងគ្រោះដោយការលក់ដូរ និងកេងប្រវ័ញ្ញជាទាសភាព នៅក្រៅប្រទេស បានជាច្រើននាក់ផងដែរ។ ក្រៅពីនេះអង្គការការីតាសមានគម្រោងជាច្រើនទៀតដូចជា៖ គម្រោងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ កម្មវិធីអភិវឌ្ឍយុវជន កម្មវិធីអភិវឌ្ឍសហគមន៍ កម្មវិធីសុខភាព កម្មវិធីសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយគ្រោះធម្មជាតិនិងគ្រោះថ្នាក់ផ្សេងៗ…។ល។

អត្ថបទដោយ ឡុង សម្ផស្ស និង ដាលីស[:]

Leave a Reply

Your email address will not be published.