ព័ត៌មានភូមិភាគបាត់ដំបង

អគារ​សិក្សា​ថ្មី​ជា​កូនសោរ​ជួយអភិវឌ្ឍ​ប្រទេស

អគារ​សិក្សា​សាលា​សន្តសិលា​​ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​របស់​លោក​គីគេ ហ្វីការេដូ ជា​អភិបាល​ព្រះសហគមន៍​កាតូលិក​​ភូមិភាគ​បាត់​ដំបង សម្រាប់​មត្តេយ្យ​សិក្សា​និង​ថ្នាក់​អប់រំ​បន្ថែម​សម្រាប់​សិស្ស​បឋម​សិក្សា​ និង​មាន​ការ​ចូលរួម​ពី​សំណាក់​​តំណាង​មន្ទីរ​អប់រំ មន្ទីរ​ធម្មការនិង​សាសនា អាជ្ញាធរ​ក្នុងតំបន់ លោក​គ្រូអ្នកគ្រូ និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​រូប  ​ស្ថិត​នៅ​ក្នុង​បរិវេណ​ព្រះ​វិហារ​សន្ត​សិលា នៃ​ព្រះសហគមន៍កំពង់​ឆ្នាំង ក្នុងទីរួម​ខេត្ត​កំពង់​ឆ្នាំងកាលពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

ក្នុងកម្មវិធីនេះ លោក​អភិបាល​គីគេ​ បាន​មាន​ប្រសាសន៍​ថ្លែ​ងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ម្ចាស់​ជំនួយ វត្ត​មាន​របស់​បងស្រី​និង​លោក​បូជាចារ្យ និង​ការ​គាំ​ទ្រ​ពី​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ព្រះសហគមន៍​អាច​​មាន​សកម្មភាព​នៅ​ក្នុង​ខេត្ត្​កំពង់​ឆ្នាំង​នេះ។ លោក​អភិបាល​មាន​ប្រសាសន៍ទៀត​ថា សាលា​នេះ មាន​សកម្ម​ភាព​ជា​យូរ​ហើយ ហើយ​អគារ​សិក្សា​ថ្មីនេះ នឹង​មាន​ប្រយោជន៍​ច្រើន​ដល់​​កុមារ​ដែល​រស់នៅ​ក្នុង​តំបន់ ហើយ​ក៏​ជួយ​ដល់​ឪពុកម្តាយ​ដើម្បីឲ្យ​កូន​ៗ​របស់​ពួកគាត់​ទទួល​ការ​អប់រំ​ដែលមាន​ករុកោសល្យ​ល្អ។ 

edf

លោក​អភិបាល​បាន​មាន​ប្រសាសន៍​ទៀតថា អគារ​នេះ ក៏​នឹង​បញ្ជាក់​អំពី​វត្ត​មាន​របស់​ព្រះ​សហគមន៍ គឺ​ធ្វើ​ដើម្បី​ប្រយោជន៍​រួម​ មិន​មែន​ត្រឹម​តែ​គ្រីស្ត​បរិស័ទ​ប៉ុណ្ណោះទេ គឺ​ជួយ​អ្នកក្រីក្រ​ អ្នក​ខ្វះ​ខាត​ឲ្យ​មាន​ការ​អប់រំនិងកា​រីក​ចម្រើន ដើម្បី​អនាគត​នៃ​ប្រទេស​ជាតិ។ លោក​បញ្ជាក់​ទៀត​ថា «បើ​សិន​ជា​យើង​ចេះចូលរួម  យើង​អប់រំ​សម្រាប់​កូនក្មេង យើង​កំពុង​ចូលរួម​កសាង​សង្គម​មួយ ប្រទេស​ជាតិ​ដែល​មាន​អនាគត។ យើង​ចង់​មាន​អនាគត​ យើង​ត្រូវ​មាន​ចំណេះ​ដឹង។ អប់រំ​ជា​កូន​សោរឲ្យ​យើង​ទៅ​ខាង​មុខ​ ឲ្យ​អភិវឌ្ឍ​ប្រទេស»។ 

កម្មវិធី​សិក្សា​របស់​សាលា​សន្ត​សិលា​នេះ​បាន​បើក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មាន​សាលា​មត្តេយ្យ​សម្រាប់​កុមារ​តូចៗ។ ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ ដោយ​សារ​មើល​ឃើញ​នូវ​តម្រូវការ​បន្ថែម​​របស់​ឪពុកម្តាយ​កុមារ ទើប​ព្រះសហគមន៍​សាង​សង់​អគារ​បន្ថែម និងមាន​កម្មវិធី​សិក្សា​រហូត​ដល់​ពេល​រសៀល គឺ​រៀន​ចាប់​ពី​ម៉ោង​៧:៣០នាទី​ព្រឹក ដល់​រសៀល​ម៉ោង​៣។ ក្នុងនោះ​ដែរ​ក៏​មាន​បន្ថែម​នូវ​អាហារ​ថ្ងៃត្រង់​មួយ​ពេល​ទៀត​សម្រាប់​កុមារ។

បងស្រី​រ៉ូហ្សា ដែល​ជា​អ្នក​គ្រប់​គ្រង​សាលា​សន្ត​សិលា មាន​ប្រសាសន៍​ថា សាលា​នេះ​គឺ​មាន​ទិសដៅជួយ​សម្រួល​ដល់​ឪពុក​ម្តាយ​កុមារ ដែល​មាន​កិច្ច​ការ​រវល់​នឹង​របរ​ទទួល​ទាន។ បងស្រី​រ៉ូហ្សា «កូនសិស្ស​ក្រីក្រ ឪពុក​ម្តាយ​ទុក​នៅ​ផ្ទះ​អត់​មាន​អ្នក​ណា​ជួយ​មើល អត់​មាន​អ្នក​ណា​បង្រៀន។ បំណង​របស់​លោក​ពុក​ បងស្រី គឺ​ជួយ​មើល​ថែ​កូនសិស្ស និង​អប់រំ។ ឪពុក​ម្តាយ​គេ​ទុក​ចិត្ត​ថា​ គេ​(កូនៗ)រៀន​ចេះ​ច្រើន»។ 

សាលា​មត្តេយ្យ​នេះ បាន​បើក​បវេសនកាល​របស់ខ្លួន​កាលពី​ដើម​ខែ​វិច្ឆិកា ហើយ​មាន​សិស្ស​ចូលរៀន​ចំនួន​៤៥នាក់ដែល​មក​ពី​តំបន់​នានា​ក្នុង​ក្រុង​កំពង់​ឆ្នាំង។ អគារ​សិក្សា​នេះ បាន​ទទួល​ការ​ឧបត្ថម្ភពី​សំណាក់​សប្បុរសជន​ក្រៅប្រទេស​រួម​មាន សិង្ហបុរី ហុងកុង​ និង​អ៊ីតាលី៕

ដោយ​ កែវ កញ្ញា