ព័ត៌មាន

សូមអញ្ជើញបងប្អូនអធិដ្ឋានសម្រាប់វិញ្ញាណក្ខន្ធបងប្រុស ធារី ហិនរិច

យើងខ្ញុំសូមចូលរួមរំលែកទុក្ខក្រុមគ្រួសារបងប្រុសគោរពព្រះនាងម៉ារី ដែលបានបាត់បង់រូបបងប្រុស ធារី ហិនរិច ដែលជាបុគ្គលឆ្នើមក្នុងការប្រកាសដំណឹងល្អរបស់ព្រះយេស៊ូមកក្នុងប្រទេសកម្ពុជា។ បងប្រុស ធារី ហិនរិច បានបម្រើការងារនៅក្នុងប្រទេសកម្ពុជាជាមួយជនពិការ ជាពិសេសផ្នែកអប់រំសម្រាប់កុមារពិការកាយសម្បទា នៅសាលាបឋមសិក្សាឡាវ៉ាឡា ដើម្បីអោយពួកគាត់ទទួលបានអនាគតមួយល្អប្រសើរក្នុងពេលអនាគត។ ខាងក្រោមនេះជាប្រវត្តិរូបនិងវីរៈភាពរបស់បងប្រុសធារី ហិនរិច ដែលសរសេរឡើងដោយបងប្រុសភីធឺ ខារ៉ូល (Br Peter Carroll) ប្រធានក្រុមគ្រួសារគោរពព្រះនាងម៉ារី ៖ បងប្រុសធារី ហិនរិច ឈ្មោះពេញគឺ ធឺរិន ហ្រ្គេគ័រី ហិនរិច (Terence Gregory Heinrich) កើតនៅថ្ងៃទី ១២ ខែធ្នូឆ្នាំ ១៩៤៥ នៅម័រី (Moree NSW) ។ ឪពុកឈ្មោះវីលៀម (William) និងម្តាយឈ្មោះអាល់ដេលឡា (Adella)។ គាត់ជាកូនពៅក្នុងចំណោមបងប្អូនប្រុសស្រីបួននាក់។ ក្នុងពេលរៀននៅអនុវិទ្យាល័យលោកជាអត្តពលិកនិងជាអ្នកតស៊ូមតិម្នាក់។ គាត់បានចូលរួមក្នុងក្រុមអ្នកបួសនៅខែមករា ឆ្នាំ១៩៦៣។ ១២ខែក្រោយមកគាត់ទទួលសច្ចាលើកទី១។ ក្នុងឆ្នាំ១៩៦៩ បងប្រុសបានថ្វាយពាក្យសច្ចានិរន្តរ៍។ បងប្រុសធារី ជាមនុស្សម្នាក់ដែលតែងតែបង្ហាញវត្តមានរបស់គាត់ដោយឆន្ទៈនិងអាកប្បកិរិយាមុតមាំ។ គាត់ជាមនុស្សដែលតែងតែមានស្នាមញញឹមជាប់ជានិច្ចនិងជាមនុស្សមានប្រាស្រ័យទាក់ទងល្អជាមួយអ្នកដទៃ។ សំណេររបស់គាត់ប្រកបដោយភាពច្បាស់លាស់និងប្រាកដប្រជា ហើយសំដីវិញមានការថ្លឹងថ្លែងជាក់ច្បាស់។ រាល់អត្ថបទនិងការបញ្ជាក់របស់គាត់ តែងតែមានការត្រៀមទុកជាមុន ប្រកបដោយគំនិតច្នៃប្រឌិតនិងការបំផុសគំនិត។ ហើយជីវិតខាងផ្លូវវិញ្ញាណ និងជំនឿដ៏រឹងមាំគឺនៅជាប់ជាភ័ស្តុតាង។ ក្នុងអាយុ២៩ឆ្នាំ បងប្រុសធារី ត្រូវបានជ្រើសតាំងជានាយកសកលវិទ្យាល័យ ម៉ាសេឡង់ ជីនៀ ខូឡេក អេណូជឺរ៉ា (Marcellin Junior College Enoggera) ។ ចាប់តាំងពីពេលនោះមក លោកបានក្លាយជាអ្នកដឹកនាំមួយរូប ហើយបានបង្កើតនូវសាលារៀនជាច្រើននៅប្រទេសអូស្ត្រាលី។ លោកជាទីប្រឹក្សាប្រចាំខេត្តស៊ីដនី (Sydney Province) ក្នុងក្រុមគ្រួសារអ្នកបួសរបស់លោក។ លោកជាបុគ្គលឆ្នើមក្នុងការផ្លាស់ប្តូរនិងអភិវឌ្ឍន៍ផ្នែកសិក្សាអប់រំ។ បងប្រុសធារី ជាអ្នកមានគំនិតល្អនិងល្អឥតខ្ចោះ ជាហេតុគាត់បានធ្វើឲ្យមនុស្សជាច្រើនទុកចិត្តនិងសរសើរគាត់។ ទោះជាយ៉ាងណា គាត់ក៏នៅតែរិះគន់ខ្លួនឯងចំពោះការរស់នៅតាមបែបស្តង់ដារខ្ពស់ផងដែរ។ ក្រោយមក បងប្រុសធារី បានធ្វើបេសកកម្មនៅជំរំប្រទេសថៃ ជាពេលដែលគាត់បានរិះគិតនឹងចង់ធ្វើកិច្ចការសម្រាប់យុវជននៅក្នុងទ្វីបអាស៊ី។ ហើយក្នុងឆ្នាំ១៩៩៧ បងប្រុសធារី ហិនរិច បានមកដល់ប្រទេសកម្ពុជាជាមួយបេសកកម្មផ្នែកអប់រំ ហើយបានបង្កើតសាលាឡាវ៉ាឡានៅក្នុងខេត្តកណ្តាលដើម្បីអប់រំដល់កុមារនិងយុវជនពិការដោយសារគ្រាប់មីន និងកាយសម្បទា។ ក្នុងរយៈពេល២២ឆ្នាំនៃបេសកកម្មនេះ បងប្រុសបានខិតខំ យ៉ាងអស់ពីសមត្ថភាពក្នុងកិច្ចការបម្រើទាំងកាយចិត្តនិងវិញ្ញាណ សម្រាប់យុវជននិងបុគ្គលិកជនជាតិកម្ពុជា។