ព័ត៌មាន

សិក្ខាសាលាអ្នកគ្រួមត្តេយ្យភូមិភាគភ្នំពេញ

[:kh]

តាកែវ៖ អ្នកគ្រូសាលាមតេ្តយ្យ ដែលមកពីសាលាមត្តេយ្យនានា ទាំង៩មណ្ឌលកម្មភាព និងអង្គការ​មួយចំនួនរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចំនួន៥៤នាក់ បានចូលរួម សិក្ខាសាលា​រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅព្រះសហគមន៍កាតូលិក​សន្តី​ម៉ារីញញឹម ភូមិចំកាទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ សិក្ខាសាលាសម្រប​សម្រួល​ដោយ អ្នកស្រី ង៉ុយ ច័ន្ទគឹមដាវី គ្រួបង្គោលមកពីរក្រសួងអប់រំយុវជន និងកីឡា និងជាអ្នកសម្រប​សម្រួលសាលាមត្តេយ្យរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញ។

បើតាមប្រសាសន៍របស់អ្នកស្ត្រី ឡៃ មករា ជានាយិការការិយាល័យសិក្សា​របស់​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ឲ្យដឹងថាព្រះសហគមន៍តែងរៀបចំសិក្ខាសាលា​ក្នុង​មួយ​ឆ្នាំ២ដង។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលដៅ៖ ជួយរំលឹកដល់អ្នកគ្រូមតេ្តយ្យទាំងអស់​ឲ្យ​ចេះ​រៀបចំរបាយការណ៍បង្រៀនរបស់ខ្លួន ការតុបតែងថ្នាក់រៀនឲ្យមានការចាប់អារម្មណ៍ ការ​ទំនាក់​ទំនងជាមួយកុមារ ក៏ដូចជាគរុកោសល្យក្នុងការបង្រៀនកុមារឲ្យឆាប់ចាប់បាន។ លោកស្រី​ឡៃមករា បានបន្តថា ការជួបជុំនេះដែរ គឺជាពេលវេលមួយដែលអ្នកគ្រូទាំងអស់ ចែករំលែកបទ​ពិសោធន៍គ្នាទៅវិញទៅមកជុំវិញការបង្រៀន និងព្យាយាមស្វែងរកមូលហេតុ​ដែលនាំឲ្យកូនក្មេង​រៀនមិនពូកែ ឬមិនចង់រៀនជាដើម។  ក្នុងនោះ ក៏មានការបូកសរុបការងារ​របស់អ្នកគ្រូទាំងអស់​ក្នុង​រយៈពេលកន្លងមកផងដែរ។ លោកស្រី មករា បានបន្តថា ថ្នាក់សាលាមតេយ្យរបស់​ព្រះសហគមន៍​យើងមានចំនួន ៣កំរិត គឺកំរិតខ្ពស់ កំរិតទាប និងចំរុះ ដែលមានចំនួនថ្នាក់រៀន​សរុប​ចំនួន២៧ថ្នាក់។  ក្នុងឆ្នាំសិក្សាថ្មី ដែលត្រូវចាប់ផ្តើមក្នុងដើមខែតុលាខាងមុខនេះ និងបង្កើត​ថ្នាក់សាលាមត្តេយ្យមួយបន្ថែមទៀត។

នាយិការ ការិយាល័យអប់រំរូបនេះបានបញ្ជាក់ថា៖ សព្វថ្ងៃនេះគ្រូសាលាមត្តេយ្យរបស់​ព្រះសហគមន៍ មានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការបង្រៀន។ ទោះប្បីជាមាន​អ្នកគ្រួ​ខ្លះរៀនសូត្របានតិចតួច ឬមិនមានសញ្ញាប័ត្របាក់ឌុបក៏ដោយ។ ក៏ប៉ុន្តែអ្នកគ្រូសាលា​មតេ្តយ្យ​ទាំងអស់ បានទទួលការបណ្តុះបណ្តាលផ្នែកបង្រៀន ឬហៅថាគរុកោសល្យ ពីអង្គរកា​គ្រួសា​យើងដែលជាអង្គរកាមួយទទួលស្គាល់ដោយ ក្រសួងអប់រំយុវជន និងកីឡា ជុំវិញ​ចំណេះ​និងជំនាញទាក់ទងនិងការបង្រៀន។

លោកស្រីបន្តទៀតថា សម្រាប់អនាគត ព្រះសហគមន៍ មានគំរោង រៀបចំសិក្ខាសាលា​បន្ថែមទៀត ដើម្បីជួយឲ្យអ្នកគ្រូទាំងអស់កាន់តែមានជំនាញខ្ពស់ក្នុងបង្រៀន និងចេញវិញ្ញាប័ន​ប័ត្រ​ឲ្យអ្នកគ្រួទាំងអស់ ដែលនេះជាការបញ្ជាក់អំពីរសមត្ថភាព​ក្នុងការបំពេញការងាររបស់​ពួក​គាត់ ក្នុងពេលបច្ចុប្បន្ននេះ។ លោកស្រីបញ្ជាក់ថា វិញ្ញាប័នប័ត្រនេះ ពួកគាត់អាចប្រើប្រាស់​បាន​នៅ​ថ្ងៃក្រោយទៀត ក្នុងករណីស្វែងរកការងារខាងក្រៅពីព្រះសហគមន៍កាតូលិក។

សូមបញ្ជាក់ថា ព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជា បានយកចិត្តទុកដាក់បណ្តុះ​បណ្តាល​ចំណេះដឹងដល់កុមារ និងយុវជនកម្ពុជា ជាពិសេសអស់អ្នក ដែលនៅតាមទីដាច់​ស្រយាល ឲ្យមានឱកាសបានចូលរៀន ដោយបង្កើតសាលាមត្តេយ្យជាច្រើនកន្លែង ថ្នាក់វិទ្យា​ល័យ​និងថ្នាក់ឧត្តមសិក្សា ព្រមទាំងថ្នាក់ជំនាញ់វិជ្ជាជីវៈផងដែរ។[:]

Leave a Reply

Your email address will not be published.