ព័ត៌មាន

សិក្ខាសាលាស្តីអំពី “អាពាហ៍ពិពាហ៍”

[:kh]ភ្នំពេញ៖ ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញក្រោម​ការដឹកនាំ​និង​យកចិត្ត​ទុកដាក់​​ដោយ​លោក​អភិបាល​អូលីវីយេ​ រួមជាមួយ​គណៈកម្មការគ្រួសារ​ទាំង៤បាន​រៀបចំ​សិក្ខាសាលា​ស្តី​អំពី “​អាពាហ៍ពិពាហ៍”​​ ដើម្បី​ជួយ​ឲ្យ​គ្រីស្ត​បរិស័ទ​និង​គណៈដឹកនាំព្រះសហគមន៍​យល់​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​​អាពាហ៍ពិពាហ៍​តាម​របៀបព្រះសហគមន៍​កាតូលិក​ និងតាម​ប្រពៃណីខ្មែរ។

អង្គសិក្ខាសាលានេះ​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២ទី៣មីនា​ ២០១៨ដោយ​មាន​វាគ្មិន​មកពី​ក្រសួងធម្មការនិងសាសនាឯកឧត្តម​ សេងសុមុន្នីនិង​លោកអាចារ្យ​ អ៊ុកវាសនាព្រមទាំង​មាន​គ្រីស្ត​បរិស័ទ​មកពីព្រះសហគមន៍នានាក្នុង​ភូមិភាគ​ភ្នំពេញ​ រួមជាមួយ​តំណាង​គ្រីស្តបរិស័ទ​​នៃព្រះសហគមន៍​​​ភូមិភាគ​បាត់ដំបងនងកំពុង់ចាមចូលរួមផងដែរ។

នៅក្នុង​កិច្ចស្វាគមន៍លោក​អភិបាល​អូលីវីយេបាន​មានប្រសាសន៍ស្វាគមន៍​​ទៅ​កាន់​សិក្ខាកាម​ទាំងអស់ថា ​​ក្រុម​គ្រួសារ​​​មិនគិត​ត្រឹមតែ​ប្តីប្រពន្ធដែលរៀបការហើយ​នោះទេ តែគិត​ចាប់ពី​​យុវជន យុវនារី​ដែល​​កំពុង​រិះគិត​អំពីអាពាហ៍ពិពាហ៍​ ហើយសម្រាប់អ្នកដែល​រៀបការរួច​គឺ​​គិតពីគ្រួសារ​ដែល​មាន​ទុក្ខលំបាក គ្រួសារ​ដែល​មានសេចក្តីសុខ គ្រួសារដែលមានបញ្ហា​ ហើយ​​ទៅ​ជា​ការិយាល័យមួយយ៉ាងធំដើម្បី​ថែរក្សាជីវិត​គ្រួសារ។ លោក​បន្តថា​ ជីវិត​គ្រួសារ​មាន​តាំងពី​កុមារ​​រហូតដល់ចាស់ជរា ជីវិត​ជាប្តីប្រពន្ធ​ ជីវិត​ក្នុងការលែងលះគ្នា រួមទាំងជីវិត​កុមារកំព្រាជាដើម​ ដែលទាក់ទងទៅនឹងគ្រួសារ។ លោកអភិបាលបញ្ជាក់ថាទោះបី​បិទឆ្នាំ​គ្រួសារក៏ដោយ​ ប៉ុន្តែ​​គណៈកម្មការគ្រួសារ​ត្រូវតែ​បន្តជានិច្ច ព្រោះគ្រួសារជាជីវិត​របស់​ព្រះសហគមន៍។

លោកអភិបាល​បានបញ្ជាក់ទៀត​ថា នេះជាពេលវេលាមួយ​ដើម្បីទទួលព័ត៌មាន និង​ចំណេះ​ដឹងយ៉ាងច្បាស់​អំពីអត្ថន័យនៃ​​ប្រពៃណីដែល​យើងបានធ្វើ និងអត្ថន័យតាម​​ប្រពៃណី​ដែល​ព្រះសហគមន៍​បានបញ្ចូលទៅក្នុង​អគ្គសញ្ញានីមួយៗ។

ក្នុង​ថ្ងៃដំបូងនេះដែរ លោក​បូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា បាន​ពន្យល់​ដល់សិក្ខាកាម​អំពី​អត្ថន័យ​នៃអាពាហ៍ពិពាហ៍ និងប្រពៃណី​តាម​របៀបព្រះសហគមន៍​កាតូលិកផងដែរ។

នៅថ្ងៃបន្ទាប់​​វាគ្មិន​ដែលជា ​លោកអាចារ្យ​ អ៊ុកវាសនា បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​ពាក្យ​”អាពាហ៍​ពិពាហ៍”​​ និង​​ប្រវត្តិ​អាពាហ៍ពិពាហ៍​តាមទំនៀមទម្លាប់​​ប្រពៃណីខ្មែរ​ ព្រមទាំង​មាន​ការអនុវត្តជាក់ស្តែង​។ រីឯលោកឯកឧត្តម សេង សុមុន្នី ក៏បាន​អធិប្បាយ​អំពី​ច្បាប់នានា​នៅក្នុង​ប្រទេសកម្ពុជា​ ព្រមទាំងមាន​ការបកស្រាយនូវចម្ងល់ផ្សេងៗ​របស់សិក្ខាកាមផងដែរ។​

លោកអភិបាលអូលីវីយេ នេះជាឱកាសមួយ​ដើម្បី​ឲ្យ​យើង​គិត និង​យល់​ថែមទៀត​អំពី​អាពាហ៍​ពិពាហ៍​តាម​ប្រពៃណី ជាពិសេស​សម្រាប់ព្រះសហគមន៍​កាតូលិក​ដែល​ចូលនៅ​ក្នុង​ជីវិត​នៃប្រជាជន​កម្ពុជា​។ លោកថា​អគ្គសញ្ញា​នៅក្នុង​គ្រីស្តសាសនាមិនសូវមាន​ច្រើនប៉ុន្មានទេ គឺ​មានតែ​ពាក្យ​សច្ចា​​រវាង​ប្តី​និង​ប្រពន្ធ​ដែល​ឯកភាពរស់នៅជាមួយ​គ្នា​អស់មួយ​ជីវិត​ និង​មាន​ព្រះពរ​ពី​ព្រះ​ជាម្ចាស់​​ រួមជាមួយ​សញ្ញានៃចិញ្ចៀន​ដែល​បង្ហាញថាភ្ជាប់​ដោយភក្តីភាព សេចក្តី​ស្រឡាញ់អស់មួយជីវិត​និងដោយព្រះជាម្ចាស់គង់នៅជាមួយអស់មួយជីវិត​តែប៉ុណ្ណោះ។​ លោក​បន្ថែមថា នៅពេល​យើង​ធ្វើ​អគ្គសញ្ញាអាពាហ៍ពីពាហ៍នៅទីនេះ​យើង​បញ្ចូល​តាម​ប្រពៃណី​ខ្មែរផង​ដែរ ដោយមាន​បង្វិលពពិល មានចងដៃ មានបាចផ្កា មានដាវ មាន​ទេវតា​ចុះមកកាត់សក់ មានលាងជើង និង​សញ្ញាផ្សេងៗ​យ៉ាងច្រើនទៀតផងដែរ។

លោកបូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា បាន​មានប្រសាសន៍​ថា​ សិក្ខាសាលានេះ​ពិតជាមាន​​អត្ថន័យ និង​អត្ថប្រយោជន៍​សម្រាប់​គ្រីស្ត​បរិស័ទ ក៏ដូចជា​បូជាចារ្យ​ផងដែរ ដើម្បី​យល់ពី​អត្ថន័យ និង​ប្រៃណីអាពាហ៍ពិពាហ៍​ជាមួយ​គ្រីស្ត​សាសនា និងតាមជំនឿ​របស់​យើងជាគ្រីស្ត​បរិស័ទ​។ លោក​បន្ថែមថា​ មុនពេល​រៀបអាពាហ៍ពិពាហ៍ជា​អគ្គសញ្ញាមួយ ហើយ​អគ្គ​សញ្ញា​នោះតាមទេវវិទ្យា និងតាមជំនឿរបស់យើង​គឺ មានអត្ថន័យយ៉ាងជ្រៅ​ក្នុង​ជីវិត​របស់គូស្រករ ហើយ​​សិក្ខាសាលានេះ ​សង្ឃឹមថាបានជួយបញ្ជាក់នូវអត្ថន័យ​នៃអាពាហ៍ពិពាហ៍ដែល​ព្រះ​ជាម្ចាស់ គឺព្រះយេស៊ូ​ចូលរួមជាមួយ​យើង​នៅក្នុង​អាពាហ៍ពិពាហ៍​ ក្នុងជីវិត​ប្តីប្រពន្ធ និងកូន​ ព្រោះថា​​គ្រីស្ត​បរិស័ទ​អត់មានច្បាប់លែងលះគ្នាទេហើយនេះជា​ឧទាហរណ៍​ ដូច្នេះ​ត្រូវរៀបចំ​ខ្លួនមុននឹង​​ចូល​ពិធីអាពាហ៍ពិពាហ៍។ លោកថា​នៅក្នុង​ព្រះសហគមន៍​មានច្បាប់ជាច្រើន​ដែល​ចេញពីអត្ថន័យ​នៃ​អាពាហ៍ពិពាហ៍​នេះ។​

គួរបញ្ជាក់ផងដែរថា នេះ​ជាលើកដំបូង​ហើយ​ដែលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​សិក្ខាសាលា​ នៅក្នុងឆ្នាំ​គ្រួសាដែលមានរយៈពេលបីឆ្នាំ​ (២០១៧ដល់​២០២០) ​ដើម្បី​រិះគិត​អំពីក្រុមគ្រួសារ​ ដោយ​យកចិត្ត​ទុកដាក់​គិត​ពិចារណាអំពី​ជីវិត​នៃគ្រួសារ​​។​ ព្រះសហគមន៍​ភូមិភាគភ្នំពេញ​ក៏​បាន​​បង្កើត​ឲ្យ​មាន​គណៈកម្មការ​នៅ​ក្នុង​​​​ឆ្នាំ​​​គ្រួសារនេះ​មាន​បួន​គឺ គណៈកម្មការទីមួយ​ដែល​បាន​​រៀបចំ​សិក្ខា​សាលានេះ គណៈកម្មការ​ទីពរ​​​សម្រាប់​យុវជន​ដើម្បី​រិះគិតពីជីវិត​ជាក្រុមគ្រួ​សារ គណៈ​​​​កម្មការ​ទីបី​គឺ​សម្រាប់​អគ្គសញ្ញាអាពាហ៍ពីពាហ៍ និង​គណៈកម្មការ​ទីបួនដែល​​សំខាន់​បំផុត​​​​​​​​​ហើយ​នឹង​បង្កើតជាការិយាល័យមួយ​ទៀតគឺ​​ សម្រាប់​ថែរក្សា​​ក្រុមគ្រួសារ។ លើពីនេះ​ទៀត​ព្រះសហគមន៍ក៏​​លើកទឹកចិតកត​ឲ្យ​គ្រីស្ត​បរិស័ទ​អធិដ្ឋាន​តាមរយៈ​ក្រុមគ្រួសារដ៏វិសុទ្ធ​ផងដែរ។[:]

Leave a Reply

Your email address will not be published.