ព័ត៌មានភូមិភាគបាត់ដំបង

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនិងការបញ្ចប់គម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុ២០១៣-២០១៨

បាត់ដំបង៖ កម្មវិធីសិក្ខាសាលាដែលរៀបចំឡើងដោយអង្គការការីតាសកម្ពុជាដើម្បីបូកសរុបលទ្ធផល គម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុ២០១៣-២០១៨ នៅឯនៅសណ្ឋាគារប្រេស៊ីដង់ ក្នុងខេត្តបាត់ដំបង នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីលោកអភិបាលអេនរីកគេ ហ្វីការេដូ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការការីតាសកម្ពុជា ឯកឧត្តមរ័ត្ន វិរៈ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន អ្នកស្រីគ្រីស្ទីន (Christine) តំណាងម្ចាស់ជំនួយពីការីតាសអាល្លឺម៉ង់ មន្ត្រីរាជការ បុគ្គលិកអង្គការ ដៃគូសហការ និងកសិករពីតាមបណ្តាខេត្តគោលដៅរបស់អង្គការការីតាសកម្ពុជា សរុបប្រមាណ៧០នាក់។

លោកគឹម រតនា នាយកប្រតិបត្តិនៃអង្គការការីតាសកម្ពុជាឲ្យដឹងថា គម្រោងបន្សាំការប្រែប្រួលអាកាសធាតុនឹងត្រូវបញ្ចប់ក្នុងចុងខែធ្នូនេះ ដែលទទួលការសហការពីអង្គការការីតាសអាល្លឺម៉ង់ដោយមានការគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់។

ក្នុងរយៈពេល៦ឆ្នាំនៃកម្មវិធីនេះ ការីតាសកម្ពុជាបានរៀបចំឲ្យមានសហគមន៍កសិករចំនួន១១ភូមិ ក្នុងខេត្តចំនួន៧ ដែលជាសហគមន៍គំរូមានគ្រួសារចំនួន២៦៩៩គ្រួសារចូលរួម។

លោកបន្តទៀតថា ក្នុងកិច្ចការងារ៦ឆ្នាំការីតាសបានខិតខំឲ្យប្រជាពលរដ្ឋឈ្វេងយល់អំពីការប្រែប្រួលអាកាសធាតុ ឥទ្ធិពលរបស់វាមកលើគ្រួសារ និងរបៀបនៃការបន្សាំខ្លួនក្នុងពេលដែលអាកាសធាតុប្រែប្រួល។ លោក គឹម រតនា “ យើងមិនត្រឹមតែផ្តល់ចំណេះដឹងដល់គាត់ទេ គឺជួយជំរុញឲ្យគាត់(កសិករ) ចូលរួមទទួលខុសត្រូវ ដោយសារបញ្ហាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុវាមិនមែនជាតួនាទីរបស់រដ្ឋាភិបាល ឬអង្គការមិនមែនរដ្ឋាភិបាលប៉ុណ្ណឹង គឺយើងទាំងអស់គ្នា ជាពិសេសកសិករផ្ទាល់ ក្នុងការឆ្លើយតប”។

លោករតនា បន្តទៀតថា កម្មវិធីដែលអង្គការការីតាសកម្ពុជាបាននិងកំពុងនោះគឺ ផ្តោតសំខាន់លើការធ្វើស្រែរបស់កសិករឲ្យធន់នឹងអាកាសធាតុ ដែលក្នុងនោះមានបច្ចេទទេស ពូជស្រូវ និងប្រព័ន្ធធារាសាស្ត្រក្នុងការបង្កបង្កើនផល ដោយជៀសផុតពីសត្វល្អិតបំផ្លាញ គ្រោះធម្មជាតិផ្សេងៗ។ រួមជាមួយគ្នានោះក៏មានផ្តល់បច្ចេកទេសចិញ្ចឹមសត្វជូនដល់កសិករតាមបែបធម្មជាតិ ដោយធន់នឹងការប្រែប្រួលអាកាសថាតុផងដែរ។

អ្នកស្រីគ្រីស្ទីន វេញើឆ្នេដឺ (Christine Wegner-Schneider) តំណាងម្ចាស់ជំនួយពីការីតាសអាល្លឺម៉ង់ឲ្យដឹងថា អ្នកស្រីបានមើលឃើញនូវការរីកចម្រើនរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺសេដ្ឋកិច្ចគ្រួសារ របស់ពួកគាត់ របៀបនៃការរស់នៅក៏បានផ្លាស់ប្តូរពីអវិជ្ជមានទៅវិជ្ជមានជាច្រើន បន្ទាប់ពីទទួលបានការគាំទ្រទាំងខាងបច្ចេកទេស និងប្រឹក្សាយោបល់ពីអង្គការការីតាសកម្ពុជា។

អ្នកស្រីគ្រីស្ទីន បន្តថា” ទោះបីគម្រោងនេះនឹងត្រូវបញ្ចប់តែក៏មិនមានន័យថានឹងត្រូវគ្មានអ្វីសោះនោះឡើយ។ ខ្ញុំត្រូវតែនិយាយថា បច្ចុប្បន្ន យើងគ្មានគម្រោងរបស់អាល្លឺម៉ង់ទៀតឡើយ។ ការផ្តល់នេះគឺមានតែម្តង។ នេះជាជំនួយមកពីរដ្ឋាភិបាលអាល្លឺម៉ង់។ ប្រហែលជាអាចមានម្តងទៀតនៅអនាគត ប៉ុន្តែតាមរូបភាពនៃគម្រោងផ្សេង”។

សិក្ខាសាលានេះមានការចែករំលែកលទ្ធផលដែលទទួលបានពីការអនុវត្ត និងការចែករំលែកអំពីចំណេះដឹងសំខាន់ៗពីការអនុវត្តរបស់អង្គការដៃគូ និងកសិករគំរូ។

អ្នកស្រី ភឿក ហាន អាយុ៥៦ឆ្នាំ កសិករមកពីខេត្តសៀមរាប បានឲ្យដឹងថា ជីវភាពរបស់អ្នកស្រីបានធូរធារជាងពេលមុន ដោយសារគម្រោងរបស់អង្គការការីតាសកម្ពុជាដែលបានផ្តល់យោបល់និងដើមទុនក្នុងការធ្វើចំការ។

កសិកររូបនេះ បានរំលឹកថា កាលពីមុនគាត់រស់នៅក្នុងភាពអស់សង្ឃឹម ដោយមិនគ្មានចំណូល ព្រោះធ្វើស្រែ ចំការ ចេះតែខាត ហើយកូនៗក៏ចំណាកស្រុកទៅធ្វើការនៅប្រទេសគេទៀត។ ប៉ុន្តែបច្ចុប្បន្ននេះ កូនចៅរបស់គាត់បានមករស់នៅជុំគ្នា និងរួមគ្នាបង្កបង្កើនផលដោយធ្វើចំការនិងចិញ្ចឹមសត្វ។ បច្ចុប្បន្នអ្នកស្រី ភឿក ហាន អាចទទួលផលបាន២លានរៀលក្នុងរដូវប្រមូលផលនីមួយៗ។

នៅក្នុងអង្គសិក្ខាសាលា ឯកឧត្តមរ័ត្ន វិរៈ មានប្រសាសន៍លើកទឹកចិត្តដល់កសិករ ឲ្យខិតខំរក្សានូវគុណភាព និងគុណតម្លៃនៃកសិកម្ម ដើម្បីឲ្យមានស្ថេរភាពតម្លៃនិងមានគុណប្រយោជន៍សម្រាប់ទាំងអស់គ្នា។