ព័ត៌មានភូមិភាគភ្នំពេញ

សិក្ខាកាមជាជនមានពិការភាពជំនាន់ទី ៣១ ទទួល វិញ្ញាបនបត្របញ្ចប់ការសិក្សា


ខេត្តកណ្តាល៖ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជនមានពិការភាព ”បន្ទាយព្រាប “ បានរៀបចំពិធីចែកវិញ្ញាបនបត្រ ដល់សិក្ខាកាមជំនាន់ទី៣១ ចំនួន ៨១នាក់ ក្នុងនោះស្រីចំនួន ១៦ នាក់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ លើមុខជំនាញវិជ្ជាជីវៈ រយៈពេលមួយឆ្នាំ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព របស់លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោកកាព្រីអែល ណាញ៉ាវ៉ា (ក្រាប៊ី) ជាប្រធានអង្គការ ជេអេសស៊ី JSC និងមានការចូលរួមពីសំណាក់មន្ត្រីរាជ្ជការ ប្រជាពលរដ្ឋ ព្រមទាំងសិក្ខាកាមយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០១៨ នៅក្នុងមណ្ឌលផ្ទាល់ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នូល ខេត្តកណ្តាល។

តាម របាយការណ៍របស់ លោក ឆាំ សិទ្ធី ប្រធានមណ្ឌល បណ្តុះបណ្តាល វិជ្ជាជីវៈជនមានពិការភាពបន្ទាយព្រាប បានឲ្យដឹងថា ៖ សិក្ខាកាមដែលទទួលវិញ្ញាបនបត្រនៅក្នុងពេលនេះមានចំនួន ៨១ នាក់ ដែលបានបញ្ចប់ការសិក្សារយៈពេលមួយឆ្នាំ លើមុខជំនាញទាំង៧ មានដូចជា កាត់ដេរ ចំនួន ៥នាក់ ជាងម៉ាស៊ីន ចំនួន ១៩នាក់ ជំនាញកសិកម្ម ចំនួន ៦នាក់ ជំនាញអេឡិចត្រូនិច ចំនួន ១៩នាក់ ជួសជុលទូរសព្ទដៃចំនួន ១៤នាក់ ផ្នែកសំអាងចំនួន ៦នាក់ និង ផ្នែកខ្សោយសតិបញ្ញា មានចំនួន ១២នាក់ ដែលពួកគេសិក្សា អំពីរបៀបរស់ដោយខ្លួនឯង ចេះសំអាត់ខ្លួនប្រាណ សំលៀកបំពាក់ ដាំដំណាំ ធ្វើម្ហូប និងការទាក់ទងក្នុងសង្គម។

លោកប្រធានមណ្ឌលបានបន្តថាចំពោះវគ្គទី៣២ ឆ្នាំ២០១៩ នឹងមានសិក្ខាកាមចំនួន ចំនួន១០០ នាក់ ក្នុងនោះ ស្រីចំនួន ៣៥នាក់។

មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជនមានពិការភាព បន្ទាយព្រាប ស្ថាបនាដោយអង្គការ Jesuit Service Cambodia JSC និងមានការសហការណ៍ជាមួយរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩១ មកម្លេះ ក្នុងគោលដៅបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនមានពិការភាព ដោយសារគ្រាប់មីន និងដោយសារសង្គ្រាម ក្នុងប្រទេស។

លោក កាព្រីអែល ណាញ៉ាវ៉ា (ក្រាប៊ី ) ប្រធានអង្គការ JSC បានអបអរសាទរ ដល់សិក្ខាកាមទាំងអស់ដែលបានទទួលជោគជ័យក្នងការសិក្សា។ លោកបានផ្តាំដល់សិក្ខាកាមទាំងអស់ សូមឲ្យយកជំនាញដែលបានរៀនទៅប្រកបរបរចិញ្ចឹមជីវិត។ ក្នុងពេលនោះលោកក៏បានផ្តល់អនុសាសន៍ដល់សិក្ខាកាមឲ្យមានបំណិនជីវិតចំនួនបីចំនុចបន្ថែមទៀតដើម្បីឲ្យជីវិតកាន់តែជោគជ័យខណៈពេលដែលពួកគេមានជំនាញមួយហើយនោះ។ លោកថាបំណិនជីវិតទាំនោះមាន ៖ ការសម្រុះសម្រួលគ្នា គឺត្រូវមានទំនាក់ទំនង និយាយគ្នា ស្តាប់គ្នា រកហេតុផលប្រកបដោយសន្តិវីធី និងដោះស្រាយបញ្ហារួមគ្នា …។ មួយទៀតគឺ សញ្ជឹងគិតពិចារណា នូវអ្វីៗដែលបានកន្លងហួសហើយ ថ្មីៗតើយើង ធ្វើបានល្អឬទេ រកចំណុចគុណសម្បត្តិ និងគុណវិបត្តិ ដើម្បីកែលំអរ ។ មួយទៀតគឺ ការតស៊ូ ព្យាយាម ព្រោះគ្រប់ផ្លូវទាំងអស់សុទ្ធតែមានបញ្ហា ត្រូវតែតស៊ូជំនះឧបស័គ្គទាំងឡាយ ។ លោកបន្តថាគ្មានជនជោគជ័យណាម្នាក់ ដែលគ្មានជំនាញពិតប្រាកដ គ្មានទំនាក់ទំនងដោះស្រាបញ្ហា គ្មានការសញ្ជឹងគិត និង ការតស៊ូនោះទេ។

យុវជន អែម រឹទ្ធី វ័យ២៥ឆ្នាំ ជាបេក្ខជនដែលបានបញ្ចប់ការសិក្សាលើ មុខជំនាញ ជួសជុលទូរស័ព្ទដៃ បានឲ្យដឹង ថាគេពិតជាមានសេចក្តីត្រេកអរណាស់ដែលមានជំនាញមួយពិតប្រាកដក្នុងដៃ ដើម្បីកសាងអនាគតឲ្យប្រសើរ។ រឹទ្ធីនិយាយថា រូបគេអស់សង្ឃឹមខ្លាំងណាស់ ពេលដែលគេដឹងថា ខ្លួនត្រូវពិការ ក្រោយពេលជួបគ្រោះថា្នក់ចរាចរណ៍។ “ខ្ញុំខ្មាស់គេណាស់ អស់សង្ឃឹម មិនចង់ចេញពីផ្ទះឡើយ”។ តែេពលចូលមកដល់មណ្ឌល គឺមានសង្ឃឹមឡើងវិញព្រោះបានជួបបងប្អូនដែលមានពិការភាព ហើយពិបាកជាងខ្លួនគេខ្លាំងណាស់ ជាហេតុជំរុញឲ្យគេមានសង្ឃឹមតស៊ូទៅមុខទៀត។

ចំណែកយុវជន ភុន វិចិត្រ ក៏មិនខុសពី យុវជន រឺទ្ធី ដែរ រូបគេ ពិការជើងស្តាំដល់គល់ភ្លៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រោះតែចិត្តឆេវឆាវ ក្រោយមានជំលោះពាក្យសំដីជាមួយបងប្អូន នាំឲ្យគេចេញម៉ូតូ ពីភ្នំពេញទៅស្រុកកំណើតនៅត្រាំកក់ខេត្តតាកែវទាំងយប់ ហើយក៏ជួបគ្រោះថ្នាក់។ វិចិត្រថា គេអស់សង្ឃឹមខ្លាំង និងស្តាយក្រោយផងដែរ តូចចិត្តខ្លួន ហើយគិតថាជីវិតនេះ “ចប់” គ្មានអនាគតឡើយ។ តែពេលទទួលដំណឹងតាមមិត្តភក្តិអំពីការជ្រើសរើសសិស្សពិការឲ្យចូលរៀនរូបគេក៏សាកល្បង និងមានសង្ឃឹមបន្តិចឡើងវិញ។ ពេលនេះគេមានជំនឿចិត្តយ៉ាងពិតប្រាកដថាគេមានអនាគត និងសេចក្តីសង្ឃឹម។ យុវជនវ័យ២៥ឆ្នាំរូបនេះ ក៏បានផ្តាំផ្ញើដល់យុវជនទាំងអស់ កុំមានចិតឆេវឆាវ ត្រូវចេះរិះគិតបន្តិច និងដោះស្រាយបញ្ហាជាមួយគ្នា និយាយគ្នា មិនប្រើកំហឹងជាទន់ឡើយ។ គេក៏បានផ្តាំទៅជនពិការទាំអស់ដែរកុំសង្ឃឹម ត្រូវតស៊ូ ជានិច្ច។

មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជនមានពិការភាព បន្ទាយព្រាប បង្កើតឡើងក្នុងឆ្នាំ ១៩៩១ ដោយសារអង្គការ JSC ក្នុងគោលបំណង បណ្តះបណ្តាលជនពិការដោយសារគ្រាប់មីន និងដោយសារសង្គ្រាម ។ ក្រោយមកដោយសារប្រទេសមានសន្តិភាព ហើយជនពិការដោយសារគ្រាប់មីនកាន់តែថយចុះ មណ្ឌលក៏ចាប់ទទួល ជនពិការតាំងពីកំណើត និងជនពិការទូទៅ។ មុនដំបូងទទួលតែអ្នកនៅភ្នំពេញ និងខេត្តកណ្តាល ក្រោយមក ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តផ្សេងៗទៀត ដែលជាខេត្តគោលដៅ។ ប៉ុន្តែរហូតដល់ពេលនេះ សិក្ខាកាម មកពីខេត្តចំនួន១៥ ទូទាំងប្រទេស។

ចំពោះការជ្រើសរើសសិស្ស គឺ បេក្ខជន បេក្ខនារី ជាជនពិការទាំងអស់ដែលមានបំណងចង់សិក្សា ជំនាញពិតប្រាកដ។ ទោះបីមិនចេះអក្ស ក៏មណ្ឌលទទួល ឲ្យមកទទួលការអប់រំអក្ខរកម្មមុន ដើម្បីឲ្យគេចេះអាន និងចេះសរសេរខ្លះៗ មុនចូលរៀជំនាញ ។ ហើយថ្មីៗមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជនមានពិការភាព បន្ទាយព្រាប ក៏មានទទួលបណ្តុះបណ្តាល ជនខ្សោយសតិបញ្ញាផងដែរ។

ចាប់តាំងពីឆ្នាំ១៩៩១ មក មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជនមានពិការភាព បន្ទាយព្រាប បានបណ្តុះបណ្តាជនមានពិការភាពបានចំនួន ២០៨៨នាក់។