ព័ត៌មានភូមិភាគភ្នំពេញ

សាសនា​នៅ​កម្ពុជា​រួម​គ្នា​ផ្សព្វ​ផ្សាយ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ (១៤ សីហា ២០១៩) គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ក្រសួង​ធម្មការ​និង​សាសនា និង​អង្គ​ការការីតាស​កម្ពុជា ដោយ​មាន​ការចូល​រួម​គាំទ្រ​ពី​ថ្នាក់​ដឹក​នាំ​សាសនា​រួម​មាន ព្រះពុទ្ធ​សាសនា ឥស្លាម​សាសនា ព្រះសហគមន៍​កាតូលិក និង គ្រីស្ទបរិស័ទ​ដំណឹង​ល្អ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា បាន​រៀបចំ​រួម​គ្នា នូវ​វេទិកា​ជាតិ អន្តរ​សាសនា លើក​ទី​៣ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស និង​ទាស​ភាព​សម័យ​ទំនើប នៅ​មជ្ឈម​ណ្ឌល​និង​ពិពណ៌​កោះពេជ្រ  រាជធានីភ្នំពេញ។

កម្មវិធី​នេះ ប្រារព្ធ​ឡើង​ក្រោម​អធិបតី របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស រួម​នឹង​សាសនិក​សាសនា​ធំៗ​ទាំងបី​នៅ​កម្ពុជា​​ប្រមាណ ១៧០០អង្គ​នាក់។

តំណាង​សាសនា​នានា បាន​នាំ​គ្នា​ដង្ហែ​សារ ដោយ​ថ្មើរ​ជើងប្រមាណ​ជា​៣គីឡូម៉ែត្រ ពី​ស្តូប​មិត្តភាព​កម្ពុជា​-វៀតណាម ទៅ​កាន់​ មជ្ឈមណ្ឌលនិងពិពណ៌កោះពេជ្រជា​កន្លែង​ប្រារព្ធ​កម្មវិធី។

នៅ​ក្នុង​អង្គ​ពិធី​នោះ ឯក​ឧត្តម ហ៊ឹម ឆែម ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​នៃ​វេទិកា​នេះ​គឺ ៖ ទី១. ដើម្បី​លើក​កម្ពស់​សារៈ​សំខាន់​នៃ​វេទិកា​អន្តរ​សាសនា នៅ​ព្រះ​រាជា​ណាចក្រកម្ពុជា ដែល​បង្ហាញ​ពី​ភាព​សុ​ខុដុម​នៃ​សាសនា​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា នាំ​មក​នូវ​សន្តិភាព​ជាតិ ការគោរព​សិទ្ធិ​មនុស្ស សេចក្តី​ថ្លៃ​ថ្នូរ និង​ភាព​រីក​ចម្រើន​របស់​មនុស្ស​ជាតិ។

ទី២. ដើម្បី​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​ថ្នាក់​ដឹក​នាំ​សាសនា​ទាំង​ឡាយ​ក្នុង​ការផ្សព្វ​ផ្សាយ​អប់រំ​និង​ផ្តល់ ចំណេះ​ដឹង​ដល់​ប្រជា​ពលរដ្ឋ អំពី​សីលធម៌​ក្នុង​ការរស់​នៅ ជៀស​វា​ងការ​រំលោភ​បំពាន អំពើ​ជួញ​ដូរ កេង​ប្រវ័ញ្ច​គ្រប់​រូប ភាពលើមនុស្ស​ផង​គ្នា​និង​ជួយ​ណែនាំ​ឲ្យ​ចូល​រួម​បង្ការ​ទប់​ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ឈាន​ទៅ​លុប​បំបាត់​អំពើ​ជួញ​ដូរ មនុស្ស ដែល​ជា​ទាសភាព​សម័យ​ទំនើប​គួរ​ឲ្យ​ស្អប់​ខ្ពើម។

និង​ទី៣ គឺ​ដើម្បី​ឲ្យ​សំឡេង​នៃការសូត​ធម៌ អធិដ្ឋាន​នៃ​សាសនា ផ្តល់​នូវ​ក្តីសង្ឃឹម​ដល់​ជន​រង​គ្រោះ  អ្នក​ដែល​រង​ទុក្ខ​ដោយ​សារអំពើ​ជួញ​ដូរមនស្ស និង​សូម​ឲ្យ​ពួក​គាត់​ឆាប់​ទទួល​បាន​សេរីភាពឡើង​វិញ។

លោកវេជ្ជបណ្ឌិត បេណាឌីប រ៉ូសារីយ៉ូ តំណាងអង្គការការីតាសអាស៊ីមានប្រសាសន៍ថា ជនរងគ្រោះនៃការជួញដូរភាគច្រើនគឺជាជនក្រីក្រ គ្មានចំណេះដឹង ដែលងាយស្រួលគេបោកបញ្ឆោត។ «ភាពក្រីក្រជាសត្រូវរបស់យើង។ យើង​អាច​យក​ឈ្នះ​វា​ដោយ​ផ្តល់​ឲ្យ​មនុស្ស​មានការ​អប់រំ​ ទទួល​បាន​សុខភាព​ល្អ ជីវភាព​សមរម្យ និង​មាន​ការងារ​ធ្វើ​ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ។ ហើយ​យើង​ទាំង​អស់​គ្នា​ត្រូវ​ប្តជ្ញា​ចិត្ត​ ដើម្បី​ឲ្យ​សង្គម​គ្មាន​អ្នកក្រីក្រ»។

លោក​មាន​ប្រសាសន៍​ទៀត​ថា សព្វ​ថ្ងៃនេះ ការីតាស​នៅ​ទូទាំង​ពិភព​លោក​​ធ្វើ​ការងារ​ក្នុង​តំបន់ ដោយ​លើក​ស្ទួយ​និង​សហការណ៍​រវាង​ការីតាសនិង​ការីតាស ការីតាស​និង​ដៃគូរ​នានា ទាំង​រដ្ឋាភិបាល​ផង ដើម្បី​លើក​សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស និង​ធានា​បាននូវ​កិច្ច​ការពារ​មួយ​ដ៏​ប្រសើរ។

នៅ​ត្រង់​ចំណុច​នេះ​ សម្តេចស ខេង បានមាន​ប្រសាសន៍​ថា សាសានា​ទាំង​អស់​បាន​ចូលរួម​បង្ហាញ​ពី​ចេតនា​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ទៅ​ដល់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស។ សម្តេច​ក៏​​លើក​ទឹក​ចិត្ត​ដល់​សាសនា​ទាំង​អស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចូលរួម​បន្ថែម​ទៀត​ក្នុងការ​បញ្ជ្រាប​ការយល់​ដឹង​អំពី​ការ​ជួញដូរ​មនុស្ស​នេះ​ដល់​សាសនិក​របស់​ខ្លួន​។

សម្តេច​ស ខេង «ហើយ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ ការ​អប់រំ​ផ្សព្វ​ផ្សាយ ឲ្យ​មជ្ឈដ្ឋាន​នានានៅ​ក្នុង​សាសនា​របស់​យើង ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​បាន​យល់​បាន​ដឹង​អំពី បែបផែន​ធ្វើ​សកម្មភាពរបស់​ជន​ទុច្ចរិតក្នុងការ​ជួញ​ដូរ​។ …​ គឺ​ខ្ញុំ​គិត​ថា​ពិត​ជា​មាន​ផល​ប្រយោជន៍»។

តាមរ​បាយការណ៍​របស់លោក​ជំទាវ ជូ ប៊ុន​អេង ថ្លែង​ក្នុង​អង្គពិធី បាន​ឲ្យដឹងថា កន្លង​មក​ការ​បង្ក្រាប​ចំពោះ​អំពើ​ជួញ​ដូរ​បាន​ចំនួន​៧៨​ករណី ដែល​កើន​ឡើង​ជាង​ឆ្នាំ​២០១៨ ១៦ករណី និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​បញ្ជូន​ទៅ​សាលា​ដំបូង​ចំនួន​៩៧នាក់។ ក្នុងនោះ​ដែរ​ក៏​មានជន​រង​គ្រោះ ចំនួន​២៦៣នាក់ ដែល​កើន​ឡើង​១៥៧នាក់​ បើ​ធៀប​នឹង​ឆ្នាំ​២០១៨។​ ក្នុង​ចំណោម​ជន​រងគ្រោះ មាន​អាយុ​ក្រោម​១៥​ឆ្នាំ ចំនួន​៧០នាក់ អាយុ​១៥-១៧​ឆ្នាំ ៣១នាក់ និង​ពី​១៨​ឆ្នាំ​ឡើងទៅ​មាន​ចំនួន​១៦២នាក់។

លោក​ជំទាវ​ឲ្យ​ដឹង​ទៀតថា ជន​រង​គ្រោះ​៧២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គម​កិច្ច​ និង​ចំនួន​១៩១នាក់ផ្សេងទៀត​​បាន​ប្រគល់​ជូន​គ្រួសារ​របស់​ពួកគេ​វិញ។​

លោក​ជំទាវ​បន្ថែម​ថា ការងារ​ចំណាក​ស្រុកក្រៅ​ប្រទេស​របស់​ពលករ​កន្លងមក រដ្ឋាភិបាល​បាន​ធ្វើ​ការ​សម្រប​សម្រួល និង​បាន​ផ្តល់​ឯកសារ​ផ្លូវ​ច្បាប់​ដើម្បីវិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ ភាគ​ច្រើន​ពលករ​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ពី​ប្រទេសថៃ​ប្រមាណ​ជា ជាង​២ម៉ឺន​នាក់ ដែល​ត្រូវ​នឹង​៤៣​,២១​ភាគរយ​នៃ​ពលករ​សរុប។

ក្នុងពេល​កន្លងមក​នេះ សព​ពលករ​ដែលបញ្ជូន​មក​វិញ​ជា​ផ្លូវការ​មាន​ចំនួន​៧១នាក់ ដោយ​មិន​គិត​ពី​សាក​សព​ដែល​ត្រូវ​បាន​បូជា​ ឬ​មិន​បាន​រាយការណ៍​នៅ​តាម​ប្រទេស​គោលដៅ។

មុន​ពេលបញ្ចប់​កម្មវិធី​សម្តេច​ស ខេង, លោក​ជំទាវ​ជូ ប៊ុន​អេង និង​មេដឹកនាំ​សាសនា​ទាំងអស់​បាន​បង្ហោះ​សារ​រួម​គ្នា​ដើម្បី​បញ្ជាក់​អំពី​ចេតនា​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស៕