ព័ត៌មានភូមិភាគភ្នំពេញ

សាលាបឋមសិក្សារបស់ព្រះសហគមន៍ ប្រជុំបូកសរុប វាយតម្លៃ និងលើកទិសដៅឆ្នាំថ្មី

នៅព្រឹក​ថ្ងៃទី២៤ ខែតុលានេះ កម្មវិធី​អប់រំ​ចំណេះ​ទូទៅ ព្រះសហគមន៍​កា​តូលិកភូមិភាគ​ភ្នំពេញ កំរិត​បឋមសិក្សា បានជួបប្រជុំ​វាយ​តម្លៃ ការសិក្សា​ឆ្នាំ២០១៨-២០១៩ និង​លើកទិស​ដៅ​ឆ្នាំ​សិក្សា ២០១៩-២០២០​សម្រាប់​មណ្ឌល​សកម្មភាព​ព្រះសហគមន៍​កាតូលិក មេគង្គ និងទន្លេបាសាក់ នៅ​ព្រះសហគមន៍​ចំប៉ា ក្នុង​ខណ្ឌច្បារ​អំពៅ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​របស់លោក​អភិបាល​អូ​លីវីយេ ដោយ​មាន​ការ​ចូលរួម​ពីសំណាក់​លោក​បូជាចារ្យ​ទទួលខុស​ត្រូវមណ្ឌល​សកម្មភាព​ទាំងពីរ គណៈកម្មការ​ព្រះសហគមន៍​ទាំងពីរ​មណ្ឌល និង​លោកគ្រូ​អ្នកគ្រូ​គ្រប់​ទាំង១៥ កន្លែង។ 

តាម​របាយការណ៍​របស់​លោក លី សុធា អ្នក​សម្របសម្រួល នៃកម្ម​វិធី​សាលាបឋមសិក្សា​ក្នុង​មណ្ឌល​សកម្មភាព​ទន្លេបាសាក់ និង​មេគង្គ បាន​ឲ្យ​ដឹង​ថា តំបន់​ទាំងពីរ​នេះ មាន​សាលា​បឋមសិក្សា ថ្នាក់ទី១ និងទី២ ចំនួន​១៥កន្លែង គឺនៅ​ខេត្តកណ្តាល និង​រាជធានីភ្នំពេញ មានគ្រូ​សរុប​ចំនួន២៧នាក់។ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ មាន​សិស្សសរុប ៦៥០នាក់ ដែល​មានថ្នាក់​ទី១​ចំនួន​៣៧០នាក់ និង​ថ្នាក់ទី២​ចំនួន​២៨០នាក់។ លោក លី សុធា បាន​បន្តថា លទ្ធផល​ប្រចាំឆ្នាំ​សិក្សា ២០១៨ – ២០១៩ ថ្នាក់ទី១ មាន​សិស្ស​ជាប់​មធ្យម​ភាគ​៧០% និង​បោះបង់​ការសិក្សា​ចំនួន៧,៣% ។ ចំណែក​ថ្នាក់ទី២ មាន​សិស្ស​ជាប់​មធ្យម​ភាគ​៦៧,៨៦% និង​បោះបង់​ការ​សិក្សា​ចំនួន១១% ។ យុវ​សិស្ស​បោះការសិក្សា​ភាគច្រើនជាកុមារី។ 

លោកសុធា បន្ថែមថា ក្នុង​ឆ្នាំសិក្សា​២០១៨-២០១៩នេះ សាលា​បាន​បញ្ជូន​សិស្ស​ថ្នាក់ទី២ ដែលបាន​ជាប់មធ្យម​ភាគ​ទៅ ចុះឈ្មោះ​ចូលរៀន​ថ្នាក់ទី៣ នៅ​សាលារដ្ឋ បាន​ចំនួន​១៣៦នាក់ ដែល​ទទួល​លទ្ធផល សិស្ស​ជាប់​មធ្យម​ភាគចំនួន ៨៣,៨២% និងបោះបង់​ការ​សិក្សា ចំនួន ១៦,១៨%។ សម្រាប់ ឆ្នាំសិក្សាថ្មី សាលា​នឹងបញ្ជូន​បន្ថែម​នូវ​សិស្ស ចំនួន ១៩០​នាក់​ទៀត​ទៅ​សាលារដ្ឋ។ 

លោកលី​សុធា​បន្តថា សម្រាប់ ឆ្នាំសិក្សា២០១៩-២០២០ មាន​សិស្ស​សរុប​ចំនួន ៦០០នាក់​ដែល​បាន​ចុះឈ្មោះ​គឺ ថ្នាក់ទី១ថ្មី សិស្ស​សរុប​ចំនួន ២៨៨​នាក់ សិស្ស​ស្រីចំនួន ១៣៤នាក់។ ថ្នាក់ទី២ថ្មី សិស្សសរុប ២៧៣នាក់ សិស្សស្រី ១៤១នាក់។ 

ក្រៅ​ពីកម្ម​វិធីអប់​រំ​ចំណេះ​ដឹង​ទូទៅ ព្រះសហគមន៍​ក៏មាន​បើក​ថ្នាក់​បង្រៀន​កុំព្យូទ័រ​បាន​ចំនួន៣​វគ្គ​មក​ហើយ ដែល​ក្នុងមួយ​វគ្គ​ទទួល​សិស្ស​១០នាក់។ កម្មវិធី​សិក្សា​មាន​ដូចជា Microsoft word Excel និង PowerPoint បន្ថែម​ទៀត។ លទ្ធផល​បញ្ចប់​វគ្គទី៣ សិស្ស​ប្រឡង​ជាប់មធ្យ​ម​ភាគទាំងអស់ ។ ពួក​គេចេះ​វាយអត្ថបទ បង្ហោះ​អក្សរ ឬ រូបភាព ធ្វើតារាង ។ល។ 

នៅក្នុង​អង្គប្រជុំ​ក៏បាន​ចែក​រំលែក​ពីភាព​ងាយ​ស្រួល និងផល​លំបាក​របស់​លោកគ្រូ អ្នកគ្រូ​ផងដែរ ព្រមទាំង​បានរិះគិត​រកមូល​ហេតុ​ដែល​នាំឲ្យ​សិស្ស​បោះបង់​ការសិក្សា​ដែល​ភាគ​ច្រើន​ជាកុមារី​ផង។ 

មាន​ប្រសាសន៍​ក្នុង​ពេល​នោះ លោកអូលីវីយេអភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​មាន​ប្រសាសន៍​ថា ដំណោះ​ស្រាយ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​កម្មវិធីអប់រំ​ជោគជ័យ គឺត្រូវរួម​សហការ​គ្នា និង​ចូលរួម​ទាំង​អស់​គ្នា ទាំង​លោក​បូជាចារ្យ បងប្រុស បងស្រី គណៈ​កម្មការ​ព្រះសហគមន៍ លោក​គ្រូអ្នកគ្រូ ព្រម​ទាំង​អាណាព្យា​បាល មាតា​បិតា​សិស្ស។ លោក​បាន​ទទូច និង​លើកទឹក​ចិត្ត​ដល់​លោកបូជាចារ្យ បងស្រី​តាម​ព្រះសហគមន៍​ទាំងអស់​ត្រូវ​លើក​ទឹកចិត្តគ្រីស្តប​រិស័ទ​ជាមាតាបិតា​ឲ្យជំរុញ​និង​នាំកូនៗ​ឲ្យ​ទៅ​សាលា​រៀន។ លោកបន្តថា «សម្រាប់គ្រីស្តបរិស័ទ ការរារាំងកូន មិនឲ្យចូលរៀនជាអំពីបាប»។ លោក​អភិបាល​ក៏​បាន​លើក​ទឹកចិត្ត លោក​គ្រូអ្នកគ្រូ​ឲ្យយក​ចិត្តទុក​ដាក់​ជាមួយ​កុមារ​ទាំងអស់ ដើម្បី​អប់រំ​គេឲ្យជា​មនុស្ស​ពេញ​លក្ខណៈ​ដែល​រីកចម្រើន ខាងរូបកាយ ខួរក្បាល និង ផ្លូវវិញ្ញាណ។ 
ក្នុង​អង្គប្រជុំ​នេះ​ក៏មាន​ចែក​រង្វាន់​លើក​ទឹក​ចិត្ត​សិស្ស​ពូកែ ដែល​បាន​ជាប់​ចំណាត់​ថ្នាក់ពីលេខ ១ ដល់​លេខ៣ ដែល​មាន​ប័ណ្ណ​សរសើរ ថវិកា និង​សម្ភារ​សិក្សា សម្រាប់​សិស្ស​ថ្នាក់ទី១ ទី២ រួម​ទាំង​សិស្ស​ថ្នាក់​កុំព្យូទ័រ។ លោក​អភិបាល​ក៏បាន​ចែក​ជូន​នូវវត្ថុអនុស្សាវ​រីយ៍​ជាក្រមា សាប៊ូ និងស្ករគ្រាប់ដូង ជូន​ដល់​លោក​គ្រូអ្នកគ្រូ​ទាំងអស់​ក្នុង​បរិយាកាស​យ៉ាង​សប្បាយ​រីករាយ៕ លី សុវណ្ណា