ព័ត៌មានភូមិភាគភ្នំពេញ

សាលាទំនើបថ្មីពីរកន្លែងនៅស្រុកត្រាំកក់ ខេត្តតាកែវត្រូវបានសម្ភោធដាក់ឲ្យដំណើរការ

សាលាបឋមសិក្សាសន្តហ្រ្វង់ស្វ័រ និង វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសឯកជនសន្តហ្រ្វង់ស្វ័រ ដែលបង្កើងឡើងដោយលោកអភិបាលអូលីវីយេ ជ្មីតហស្លេរបានសម្ភោធដាក់ចូលទៅក្នុងថ្នាលបណ្តុះបណ្តាលនិងអប់រំកូនខ្មែរ កាលពី ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាព របស់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

សាលាបឋមសិក្សាសន្តហ្រ្វង់ស្វ័រដែលមានទីតាំងស្ថិតនៅ ភូមិចំការទៀង ឃុំគុស ស្រុក ត្រាំកក់ ខេត្តតាកែវ បានសាងសង់ឡើង នៅលើផ្ទៃដី១០.៤៦៥ ម៉ែត្រការ៉េ មានអាគារបួនខ្នង ។ ទីនោះគឺជាសាលារៀនបឋមសិក្សា ដែលបំពាក់ ទៅដោយសំភារៈពិសោធន៍ មានកុំព្យូទ័តរ មានស្ទូបឌីយូ ហើយ កម្មវិធីរៀនទៀតសោត គឺ មានគ្រប់យ៉ាង ដែលទំនើប តាមវិធីម៉ុងតេសេរី ពិតប្រាកដ ហើយក៏មានកម្មវិធីកំសាន្ត ដែល មាន កម្មវិធីអប់រំសិល្បៈ តន្រ្តីទាំងបុរាណ និង សម័យ ព្រមទាំងប្រពណៃណីដ៏រស់រវើក ។ ដោយឡែក សម្រាប់វិទ្យាល័យចំណេះទូទៅនិង បច្ចេកទេសឯកជនសន្តហ្រ្វង់ស័្វរ គឺមានទីតាំងស្ថិតនៅភូមិអង្គគគី ឃុំតាភេម ស្រុក និង ខេត្តដដែល ប៉ុន្តែនេះគឺជាសាលាអាចនិយាយបាន ថា មានកម្មវិធីបណ្តុះបណ្តាលនិងកម្មវិធីសិក្សាឥតខ្ចោះមួយនៅក្នុងប្រទេស ដោយសាលា នេះ មានតាំងពី បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បណ្ណាល័យ អន្តេវាសិកដ្ឋាន អាហារ ដ្ឋាន ផ្ទះបាយ តារាងបាល់ទាត់ សណ្ឋាគារគំរូ ភោជនីយដ្ឋានគំរូ កន្លែងហ្វឹកហាត់ជំនាញ កសិកម្ម និងទេសចរណ៍ កសិដ្ឋានគំរូ ដែលមានទាំងបរិក្ខា និង សំភារៈផ្គត់ផ្គង់ត្រឹមត្រូវ តាមស្តង់ដា ។ សាលាទាំងពីរនេះបានកើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោក អូលីវិយេ ជ្មីតហស្លេរ ក្រោមការគាំទ្រពីដៃគូអភិវឌ្ឈន៍នានា ជាពិសេសគឺសប្បុរសជននៃប្រទេសសិង្ហបុរី និង កាតូលិកមីសិនអូស្ត្រាលី។

លោក យ៉ុន សំអាត នាយកវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសឯកជនសន្តហ្រ្វង់ស្វ័របានឲ្យដឹងថា ក្នុងឆ្នាំសិក្សាថ្មី២០១៨-២០១៩សាលាបឋមសិក្សា សន្តហ្វ្រង់ស្វ័រមានសិស្សពីរថ្នាក់គឺថ្នាក់ទី១និងថ្នាក់ទី២ ដោយមានសិស្សសរុបចំនួន៦៨នាក់ក្នុងនោះស្រី៣៣នាក់។ លោកនាយក យ៉ុន សំអាត បន្តថា សាលាបឋមសន្តហ្វ្រង់ស្វ័រ មានអគារសិក្សាយ៉ាងល្អ មានទីធ្លាធំទូលាយ មានសួនច្បារ បរិយាកាសក្នុងនិងក្រៅថ្នាក់ ល្អប្រសើរ មានបរិស្ថានល្អ ស្របតាមស្តង់ដាចូចនីករ នៃសាលាកុមារមេត្រី។ រីឯការការបង្រៀន និងរៀន ធានាបាននូវគុណភាព និងភាពស័ក្តិសិទ្ធិនៃការអប់រំប្រកបដោយបរិយាប័ន្ន។ លោកបានបន្តទៀតថា ក្រៅពីកម្មវិធីសិក្សាជាមូលដ្ឋាន សាលាក៏មានកម្មវិធីបង្រៀនផ្នែកសិល្បៈទាំងបុរាណ សម័យ គំនូរ ថ្នាក់មូលដ្ឋាន ក្នុង១សប្តាហ៍បីថ្ងៃ ដោយសិស្សម្នាក់ៗអាចជ្រើសជំនាញតាមឧបនិស្ស័យនៅឆ្នាំបន្តបន្ទាប់។

ចំណែកឯវិទ្យាល័យ បច្ចេកទេសសន្តហ្វ្រង់ស្វ័រ លោកសំអាត បានបញ្ជាក់ថា វិទ្យាល័យនេះមានថ្នាក់រៀនសរុបចំនួន ៤ថ្នាក់ក្នុងនោះ ចែកជាពីរជំនាញគឺជំនាញក្សេត្រសាស្រ្តចំនួន ៣ថ្នាក់មានសិស្សសរុបចំនួន៦៩នាក់ ក្នុងនោះស្រី ២៤នាក់ និង ជំនាញទេសចរណ៍ ចំនូន ១ ថ្នាក់ មានសិស្សសរុបចំនួន ២៩នាក់ក្នុងនោះស្រី មានចំនួន១៣ នាក់ ។

លោកបានបន្តថា សិស្សានុសិស្សដែលកំពុងរៀននៅទីនេះគឺ មកពីស្រុកនានា ក្នុងខេត្តតាកែវ រាជធានីភ្នំពេញ បាត់ដំបង កោះកុង ព្រះសីហនុ ព្រៃវែង… ។ លោកបានបន្តថា សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ កន្លងទៅ លទ្ធផលសម្រាប់សិស្សឆ្នាំទី៣ (ថ្នាក់ទី១២) ប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ១០០% ក្នុងនោះ និទ្ទេស A ចំនួន ២ នាក់ ស្រី ។

លោកអភិបាល អូលីវីយេ ជ្មីតហស្លេរ ជាស្ថាបនិកនៃសាលាទាំងពីរនេះបានឲ្យដឹងថាលោកកសាងសាលារៀនទាំងនេះក្នុងគោលចំណងចូលរួមក្នុងវិស័យអប់រំ កសាងធនធានមនុស្សដែលមានមូលដ្ឋានគ្រិះដ៏រឹងមាំ ដើម្បី អភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយ ចំណេះជំនាញយ៉ាងច្បាស់លាស់ក្នុងកំរិតខ្ពស់។ លោកអភិបាលបន្តថា វិទ្យាល័យបច្ចេកទេសសន្តហ្វ្រង់ស្វ័រ ជាវិទ្យាល័យតែមួយគត់នៅក្នុងខេត្តតាកែវដែលបណ្តុះបណ្តាលលើផ្នែកបច្ចេកទេសលើមុខជំនាញ កសិកម្ម និងទេសចរណ៍។ លោកបន្ថែមថា វិស័យកសិកម្មត្រូវតែជាអទិភាពសម្រាប់ប្រទេសកម្ពុជា និងសំខាន់បំផុត ហេតុនេះលោកខិតខំធ្វើយ៉ាងជួយឲ្យយុវជន ជាសិស្ស មានបច្ចេទេសជាន់ខ្ពស់អំពីកសិកម្មទំនើបដោយយកចិត្តទុកដាក់ការពារថែរក្សាបរិស្ថានធម្មជាតិ មិនប្រើគីមី ដើម្បីថែរក្សាសុខភាពប្រជាជនឲ្យល្អ ដើម្បីមានកម្លាំងចិត្ត និងកម្លាំងកាយ ក្នុងការ កសាងប្រទេសជាតិតទៅមុខ។ ចំពោះទេចរណ៍លោកថា ជាវិស័យមួយដ៏ល្អ និងកំពុងរីកចម្រើនខ្លាំងនៅកម្ពុជា។

លោកអភិបាលបានបន្តថា សាលានេះនឹងចូលរួមបណ្តុះបណ្តាលសិស្ស ឲ្យចេះយកចិត្តទុកដាក់ការពារ បរិស្ថាន និងសាលាថែរក្សាឲ្យមានស្តង់ដាអាស៊ាន ដើម្បី ឲ្យសិស្សឆាប់បានការងារធ្វើ។ លោកអភិបាលក៏មានបានបង្ហាញផែនការ មួយចំនួនក្នុងការបង្កើត ជាអេកូទេសចរណ៍កសិកម្មផងដែរ ដែលនាំទេសចរណ៍រីកចម្រើនដោយថែរក្សាការពារ បរិស្ថានធម្មជាតិ។

លោកបន្ថថា ចំពោះ សាលាបឋមសិក្សាសន្តហ្វ្រង់ស្វ័រ មិនគ្រាន់តែបង្រៀនចំណេះដឹងទូទៅប៉ុណ្ណោះគឺ មានបញ្ចូលម៉ោងកំព្យុទ័រច្បាស់លាស់ ម៉ោងបណ្ណាល័យ ធ្វើសួនបន្លែ និង បីពេលរសៀលក្នុងមួយសប្តាហ៍បញ្ចូលកម្មវិធីបង្រៀនសិល្បៈ។ ការបង្រៀនសិល្បៈក្នុងគោលបំណងចូលរួមការពារទ្រព្យសម្បត្តិវប្បធម៌យើងដូចជា របាំប្រពៃណី ប្រជាប្រីយ៍ ល្ខោនខោល ល្ខោនបាសាក់ និងយីកេជាដើម…។ នាឱកាសនោះ លោក ហង់ ជួនណារ៉ុន បានកោតសរសើរដល់លោកអភិបាល អូលីវិយេ ដែលបានខិតខំនិងចូលរួមយ៉ាងសកម្មក្នុងវិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះនស្តង់ដាអប់រំរបស់សាលាមត្តេយ្យម៉ុនតេសុរី នៅភូមិចំការទៀង ដែលបង្កើតឡើងដោយលោកអភិបាលអូលីវិយេផងដែរ។

នៅក្នុងពិធីនោះដើម្បី ជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកអភិបាលអូលីវីយេ ក្នុងចូលរួមជាមួយរាជដ្ឋាភិបាលកម្ពុជាក្នុងការ បណ្តុះបណ្តាល កសាង និងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា លោករដ្ឋមន្ត្រីក៏បានបំពាក់មេដាយ សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោកអូលីវីយេ ជាស្ថាបនិកផងដែរ។

សូមចុច link ខាងក្រោមដើម្បីមើលរូប

https://www.facebook.com/media/set/?set=a.1942332332562821&type=1&l=cd82108f95