ព័ត៌មាន

សាលមហោស្រពសិល្បៈដ៏ធំ នៅចំការទៀងបានសម្ពោធហើយ

[:kh]សាលមហោស្រពសិល្បៈដែលមានទំហំ២៣ម៉ែត្រ គុណនឹង១៨ម៉ែត្រ ដែលយកគំរូតាមរចនាបថ ភូមិវប្បធម៌បានបើកសម្ពោធជាផ្លូវការក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម អ៊ុក សុជាតិ រដ្ឋលេខាធិការនៃក្រសួងប្បធម៌ និងវិចិត្រសិល្បៈ លោក អូលីវីយេ ជ្មីតអីស៊្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមន្ត្រីរាជ្ជការ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសិស្សានុសិស្សចូលរួមជាច្រើនកុះករ នៅភូមិចំការទៀង ស្រុកត្រាំកក់ ខែត្តតាកែវ កាលពីថ្ងៃទី៦ មេសា ២០១៨នេះ។ មុននឹងចាប់ផ្តើមកម្មវិធី គណៈអធិបតីទាំងអស់ បានទស្សនកិច្ចនៅមណ្ឌលសិប្បកម្ម នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលមានទីតាំងជិតវត្តអង្គមន្ត្រី និងសាលាបឋមសិក្សា ចំណេះទូទៅ និងសិល្បៈព្រះសហគមន៍កាតូលិកផងដែរ។

បន្ទាប់មកគណៈអធិបតី អញ្ជើញមកបរិវេញសាលមហាស្រព និងបានកាត់ខ្សែបូណ៌រួមគ្នា ដើម្បីដាក់សម្ពោធឲ្យប្រើប្រាស់សាលមហោស្រពសិល្បៈនៅភូមិចំការទៀងជាផ្លូវការ ដោយមានរបាំនានាជាច្រើនប្រភេទ និងមកពីភូមិភាគទាំងបីនៃព្រះសហគមន៍កាតូលិក មកសម្តែងអបអរសាទរផងដែរ។ លោកអភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយេ បានមានប្រសាសន៍ស្វាគមន៍ដល់ភ្ញៀវកិត្តិយស ក៏ដូចជាប្រជាជនទាំងអស់ ដែលបានចូលរួមនៅក្នុងអំណរសប្បាយរបស់ព្រះសហគមន៍ចំការទៀង ដែលបានប្រារព្ធកម្មវិធីសម្ពោធមហោស្រពយ៉ាងឱឡារិកនេះថា ពិធីនេះបានចូលរួមជាមួយបងប្អូនទាំងអស់ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅក្នុងប្រទេសកម្ពុជា និងថ្ងៃនេះជាថ្ងៃពិសេសដែលបានឲ្យយើងរួបរួមគ្នាជាមហាគ្រួសារតែមួយ នៅក្នុងការកសាងសេចក្តីសុខសាន្ត ដើម្បីឲ្យកម្ពុជាបន្តរីកចម្រើននៅក្នុងការគោរពគ្នាទៅវិញទៅមក និងសេរីភាព រួមជាមួយជីវិតដ៏ថ្លៃថ្នូរដែលនាំឲ្យយល់ពីតម្លៃនៃជីវិត។

លោកអភិបាលក៏បានបង្ហាញពីគោលបំណងនៃការកសាង សាលមហោស្រពដ៏ធំអស្ចារ្យនេះថា មហោស្រពជាមូលដ្ឋានយ៉ាងសំខាន់មួយ យើងមិនមែនគិតតែអំពីការសាងសង់អាគារថ្មីទៀតនោះទេ ប៉ុន្តែគិតធ្វើយ៉ាងមិចឲ្យកន្លែងហ្នឹងនាំឲ្យប្រជាជនក្នុងភូមិ ទេសចរណ៍ជាតិ អន្តរជាតិ បានស្គាល់វប្បធម៌ ប្រពៃណី សិល្បៈរបស់ខ្មែរ។ លោកបន្តថា លោកសង្ឃឹមថាកន្លែងនេះ បន្តិចម្តងៗអាចឲ្យភ្ញៀវទេសចរណ៍ ពេលគេធ្វើដំណើរទៅកែប និងកំពត អាចឈប់បាន មួយម៉ោង ឬពីរម៉ោង ដើម្បីស្គាល់សិល្បៈ ប្រពៃណី វប្បធម៌ដ៏អស្ចារ្យ ដែលសម្តែងដោយដោយសិស្សសាលាសន្តហ្វ្រង់ស្វ័រ។

ម្យ៉ាងទៀតនៅទីនេះលោកកំពុងកសាងសាលាបឋមសិក្សា ផ្នែករបាំ ដើម្បីឲ្យកូនក្មេងចាប់ផ្តើមមានឯកទេស ពីក្មេងទៅដូច្នេះពេលក្រោយទីនេះអាចមានទាំងរបាំចំរុះ ល្ខោន យីកេ សៀក និងពហុសិល្បៈ ដើម្បីឲ្យទេសចរណ៍អន្តរជាតិស្គាល់ប្រទេសកម្ពុជា ស្គាល់ការរស់នៅដ៏អស្ចារ្យនៅស្រុកស្រែផង។ លោកអភិបាលអូលីវីយេ បញ្ជាក់ថា អាចនិយាយបានថាកន្លែងនេះទៅជាតំបន់អេកូទេសចរណ៍ សិប្បកម្ម និងសិល្បៈ។ សិប្បកម្ម គឺមានភូមិសិប្បកម្ម ត្បាញសូត្រ កាត់ដេរ រោងសិប្បកម្មកែច្នៃអាហារ កែច្នៃដូងយកប្រេង សាប៊ូ និងស្កគ្រាប់ដូងជាដើម។ ខិតខំ ធ្វើយ៉ាងណាឲ្យស្រុកស្រែពោរពេញដោយជីវិតប្រសើរ និងនាំឲ្យប្រជាជនមានមោទនភាព ដោយបង្ហាញ សិល្បៈ វប្បធម៌ ប្រពៃណី របស់គេ បង្ហាញស្នាដៃរបស់គេបាន។ នាំឲ្យស្រុកស្រែទីនេះ បន្តរីកចម្រើន និងនាំឲ្យប្រជាជនមានជីវិតរស់នៅល្អ ពោរពេញដោយសេចក្តីសុខ សុភមង្គល និងនាំឲ្យប្រទេសកម្ពុជា ទៅជាប្រទេសដ៏ល្បី តាមរយៈសិល្បៈ តាមរយៈវប្បធម៌។ លោកថា ពិតមែន ស្នាដៃសិល្បៈនៃប្រទេសកម្ពុជាទៅជាទ្រព្យសម្បត្តិនៃពិភពលោក ។

តាមរបាយការណ៍របស់លោក អ៊ុំ សាមៀន អ្នកទទួលខុសត្រូវកម្មវិធីសិល្បៈបានបង្ហាញពីប្រវត្តិ និងបុព្វហេតុនៃការកសាងសាលមហោស្រពសិល្បៈនេះ។ លោកសាមៀនឲ្យដឹងថា សាលមហោស្រពសិល្បៈបានផ្តួចផ្តើមឡើង ដោយលោកអភិបាលអូលីវីយេ ក្នុងឆ្នាំ២០១៧ ដើម្បីជីកកកាយនូវវប្បធម៌របស់ខ្មែរឲ្យមានជីវិតរស់រវើកឡើងវិញ។ ក្រោយសាងសង់រួច សាលមហោស្រពនេះហើយ ក៏បានរៀបចំការសម្តែងសិល្បៈចំរុះ ល្ខោនស្បែក ល្ខោនបាសាក់ និងយីកេ និងរបាំបូរាណ ប្រជាប្រិយ៍ ផ្សេងផងដែរ ដែលសម្តែងដោយ យុវសិស្សនៃសាលាសន្តហ្វ្រង់ស្វ័រ និងក្រុមសិល្បៈមកពីភ្នំពេញ។ ក្នុងពិធីដ៏អស្ចារ្យនេះ ក៏មានការសម្តែង របាំំបូរាណ ប្រជាប្រិយ៍ ល្ខោនខោល ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រងស្វ័រ ក្រុមសិល្បៈនៃការិយាល័យសិល្បៈភូមិភាគភ្នំពេញ ក្រុមសិល្បៈនៃព្រះសហគមន៍ភូមិភាគបាត់ដំបង និងក្រុមសិល្បៈជនជាតិដើមភាគតិចពូណង ដែលមកពីព្រះសហគមន៍មណ្ឌលគីរីផងដែរ។

លោក អ៊ុក សុជាតិ រដ្ឋលេខាក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បាន កោតសរសើរដល់លោកអភិបាលអូលីវីយេ ដែលបានតស៊ូទាំងកម្លាំងស្មារតី កម្លាំងកាយ កម្លាំងចិត្ត និងសម្ភារៈ ដើម្បីរក្សាសម្បត្តិវប្បធម៌ រូបិយ និងអរូបិយរបស់ខ្មែរឲ្យមានជីវិតរស់ឡើងវិញ ដោយរក្សាអត្តសញ្ញាណដួងព្រលឹងរបស់ប្រទេសឲ្យគង់វង្សទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។ លោកបន្ថែមទៀតថា ថ្ងៃនេះមិនគ្រាន់តែបង្ករឲ្យប្រជាជនមានអំណរសប្បាយប៉ុណ្ណោះទេ តែបានផ្ទេរនូវចំណេះដឹង ទំនៀមទម្លាប់ប្រពៃណីឲ្យគេដឹង គេស្គាល់ និងចូលរួមយ៉ាងសកម្មក្នុងការចងក្រងវប្បធម៌ខ្មែរ គ្រប់ប្រភេទ គ្រប់ទម្រង់ដែលមាននៅមូលដ្ឋានរបស់យើង និងជំរុញឲ្យកម្ពុជាផ្សព្វផ្សាយវប្បធម៌ឲ្យបានទូលំទូលាយ។ លោក អ៊ុក សុជាតិ បន្តថា មហោស្រពចំការទៀង ជាពិធីមួយដែលមហាជនកំពុងពេញនិយម និងមានជំនឿយ៉ាងជ្រាលជ្រៅ ហើយក៏ជាចលករមួយដែលចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យកាន់តែស្រឡាញ់ប្រទេសកម្ពុជាផងដែរ។

លោកអភិបាលអូលីវីយេបានខិតខំអស់កម្លាំងកាយចិត្ត អភិវឌ្ឍន៍តំបន់នេះតាំងពីឆ្នាំ២០០២មកម្លេះពេលលោកជាបូជាចារ្យទទួលខុសត្រូវក្នុងតំបន់នេះ។លោកបានកសាងសាលាមត្តេយ្យ ជាមត្តេយ្យម៉ុងតេសូរីតែមួយគត់នៅជនបត់ក្នុងប្រទេសកម្ពុជា បឋមសិក្សា ចំណេះទូទៅ និងសិល្បៈ អនុវទ្យាល័យ វិទ្យាល័យចំណេះទូទៅនិងបចេ្ចកទេស និងវិទ្យាស្ថានអប់រំកំរិតឧត្តមសិក្សាកាតូលិកតែមួយគត់ផងដែរនៅកម្ពុជា។ បង្កើតឲ្យមានមណ្ឌសិក្បកម្ម សម្រាប់អភិវឌ្ឍន៍សហគម និងមណ្ឌលជនពិការ ភូមិសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ជាដើម។ល។ ចំពោះការលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខែ្មរគឺកំរិតកំពូលតែម្តង។[:]

Leave a Reply

Your email address will not be published.