ព័ត៌មាន

សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណានិងការអភិវឌ្ឍ ឈ្វេងយល់អំពីការការពារបរិស្ថាន ធម្មជាតិ

[:kh]ភ្នំពេញ៖ សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណានិងការអភិវឌ្ឍ ចំនួនជាង២០ ស្ថាប័ន បានជួបជុំក្នុងជំនួបប្រចាំឆ្នាំរបស់ខ្លួន នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។ ការជួបជុំនេះ បានប្រព្រឹត្តទៅនៅមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញថ្មី ក្រោមអធិបតីភាពលោកអូលីវីយេ ជ្មីតហស្ល៊េរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោករ័ត្ន វីរៈ ទីប្រឹក្សានៃក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ បានរិះគិតលើប្រធានបទអំពីការការពារបរិស្ថាន “Laudato Si ” and the Journey to care for Enviroment ដោយមានការណែនាំដោយវាគ្មិន សំខាន់ៗមកក្រសួងបរិស្ថាន និងលោកបូជាចារ្យកាព្រីអែល មកពីក្រុមគ្រួសារសហជីវិនព្រះយេស៊ូ ។

ជាកិច្ចស្វាគមន៍លោក អូលីវីយេ ជាអធិបតី បានមានប្រសាសន៍ស្វាគមន៍ ប្រកបដោយភាពកក់ក្តៅចំពោះវត្តមាន នៃតំណាងអង្គការទាំងអស់ដែលបានអញ្ជើញចូលរួម។ លោកថា នេះជាអំណរសប្បាយដែលជួបជុំគ្នា ប្រចាំឆ្នាំ។ ពេលជួបជុំគ្នាយើងតែងរិះគិតលើប្រធានបទមួយ ថ្ងៃនេះយើងរិះគិតអំពីធម្មជាតិ និងបរិស្ថាន។ លោកបន្តថា ព្រះសហគមន៍កំនត់យកឆ្នាំនេះ ជាឆ្នាំគ្រួសារ ពិតណាស់វាមានការទាក់ទងគ្នា។ គ្រួសារនិមួយៗរស់យ៉ាងជិតស្និទ្ធនឹងបរិស្ថានធម្មជាតិ ដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់។ នាំឲ្យយើងនឹកឃើញព្រះជាម្ចាស់ ប្រទានឲ្យគ្រួសារដំបូង បង្កើតកូនចៅដូចហ្វូងផ្កាយនៅលើមេឃ និងទទួលខុសត្រូវទាំងស្រុងលើធម្មជាតិ និងបរិស្ថាន។ នាសព្វថ្ងៃនេះមាតាបិតាទាំងអស់មានតួនាទីអប់រំកូនចៅឲ្យស្រលាញ់បរិស្ថាន។ ក្នុងនោះដែរដោយមានវត្តមានមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន លោកអភិបាលក៏បានថ្លែងអំណរគុណម្តងទៀត ដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានបានប្រគល់វិហារដ៏ចំណាស់លើភ្នំបូកគោ ឲ្យមកព្រះសហគមន៍ដើម្បីថែរក្សា និងកាន់កាប់ទុកជាប្រយោជន៍ប្រតិបត្តិតាមជំនឿសាសនា។

ក្នុងពេលនេះដែរលោកបូជាចារ្យ ការព្រីអែល មកពីក្រុមគ្រួសារសហជីវិនព្រះយេស៊ូ បានបង្ហាញចំនុចមួយចំនួននៅក្នុសារលិខិតរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលមានចំណងជើងថា “ សូមកោតសរសើរព្រះជាម្ចាស់របស់ខ្ញុំ” ដែលជាលិខិតដែលវែងជាងគេចំណោមលិខិតទាំងឡាយរបស់សម្តេចប៉ាប ដែលរិះគិតអំពីបរិស្ថានធម្មជាតិ។ លោកបូជាចារ្យបានលើកយកជំពូកទីមួយមកនិយាយ ដែលសម្តេចប៉ាបលើកឡើងថា “យើងមានបញ្ហា” គឺយើងមើលមិនឃើញអ្វីៗដែលបានកើតឡើងនៅជុំវិញពិភពលោកទាំងមូល។ ហើយសកម្មភាពតូចៗជាច្រើនអាចធ្វើឲ្យមានឥទ្ធិពលយ៉ាងខ្លាំង។ អ្នកដែលនឹងរងគ្រោះពីឥទ្ធិពលនេះមុនគេ និងខ្លាំងជាងគេគឺ អ្នកក្រីក្រជាងគេ។ ក្នុងលិខិតនេះដែរចំនុចដែលជាបញ្ហាគឺយើងទាំងអស់គ្នា មិនចេះប្រើកម្លាំង ឬបច្ចេកទេសដែលយើមាន ដោយយុត្តិធម៌ ប្រាជ្ញា និង មនសិការ ។ លោកបូជាចារ្យក៏បានលើកឡើងនូវគន្លឹះ ដែលយើងម្នាក់ៗតែយកចិត្តទុកដាក់ គឺ រុក្ខជាតិ សត្វ និងអ្វីៗទាំងអស់ព្រះជាម្ចាស់ជាអ្នកបង្កើត វាមានតម្លៃ និងឯករាជ្យភាពរបស់វា។ យើងទាំងអស់គ្នាត្រូវបានរួមបញ្ចូលយ៉ាងជិតស្និទ្ធជាមួយគ្នា។

បញ្ហាសង្គម និង បរិស្ថានគឺជាបញ្ហាតែមួយ។ ហេតុនេះម្នាក់ៗអាចធ្វើបានចំពោះកិច្ចការរួម គឺ យកពេលខ្លះគយគន់សោភណ្ឌភាពនៅជុំវិញខ្លួន។ អ្វីៗដែលបង្រៀន និងរៀន ក្នុងក្រុមគ្រួសារ គឺមានសារៈសំខាន់សម្រាប់សង្គមរបស់យើង។ សកម្មភាពនៃការបង្ការ និងការពារបរិស្ថាន គឺជាការងារដ៏ថ្លៃថ្នូមួយ។ សូមពិនិត្យមើលវប្បធម៌ទំនើប មិនកុំឆាប់ទទួលអ្វី ដែលអ្នកមើលឃើញក្នុងសង្គមថាល្អ ១០០%។ សូមពិនិត្យមើលបែបផែននៃជីវិតរស់នៅផ្ទាល់ខ្លួន។ តើរបៀបដែលអ្នកធ្វើប៉ះពាល់ដល់បរិស្ថាន និងអ្នកដទៃឬទេ? ។

អង្គប្រជុំក៏បានឈ្វេងយល់អំពីផែនការសកម្មភាពជាតិស្តីពីបរិស្ថាន ឆ្នាំ២០១៦­-២០២៣ ដែលមានគោលដៅយុទ្ធសាស្ត្រ ជំរុញការកែទម្រង់ស៊ីជម្រៅនិងការធ្វើទំនើបកម្មការគ្រប់គ្រង និងការអភិរក្សបរិស្ថាន និងធនធានធម្មជាតិតាមរយៈសកម្មភាព មានផែនការច្បាស់លាស់និងអនុវត្តបានត្រឹមត្រូវ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនិងផលិតភាពនៃការប្រើប្រាស់ធនធាន យន្តការហិរញ្ញប្បទាននិរន្តភាព និងកាត់បន្ថយកាកសំណល់ និងការបំពុល ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខមាលភាពប្រជាពលរដ្ឋ ។ ការបង្វែការគ្រប់គ្រង និង ផ្តល់ជូនដីសប្បទានសេដ្ឋកិច្ចទៅក្នុងសមត្ថកិច្ចរបស់ក្រសួងកសិកម្មក៏ជាផ្នែកមួយ នៃកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងបរិស្ថានដែរ ដើម្បីធ្វើឲ្យមានភាពច្បាសលាស់។ ក្រសួងបរិស្ថានគ្រប់គ្រងតែតំបន់ព្រៃអភិរក្ស និងឧទ្យានជាតិ ដែលសព្វថ្ងៃមានផ្ទៃដីប្រមាណជា ២លានហិតា។ ក្នុងស្មារតីនៃការ ពារ ថែរក្សាបរិស្ថាន ។ សិក្ខាកាមទាំងអស់មិនគ្រាន់តែអង្គុយស្តាប់ទទួលយកខ្លឹមសារនៃបទបង្ហាញជាទ្រឹស្តី គឺបានរួមគ្នាដាំដើមឈើរួមគ្នាផងដែរ ក្នុងបរិវេណនៃមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញថ្មី នៃភូមិភាគភ្នំពេញ ក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាល។

គួរបញ្ជាក់ថា សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណា និងការអភិវឌ្ឍ តែងតែជួបប្រជុំគ្នាជាប្រចាំ ចំនួន៣ដងក្នុងមួយឆ្នាំ ដើម្បីចែករំលែកអំណរសប្បាយ និងភាតរភាពរវាងគ្នានិងគ្នា។ ក្នុងអង្គប្រជុំនីមួយៗ តែងរិះគិតទៅលើប្រធានផ្សេងៗ ដែលស៊ីជម្រៅទៅនឹងបេសកកម្មរបស់ខ្លួនកំពុងបំពេញនៅក្នុងប្រទេសកម្ពុជា[:]

Leave a Reply

Your email address will not be published.