ព័ត៌មានភូមិភាគកំពង់ចាម

សម្តេចប៉ាប ហ្វ្រង់​ស៊ីស្កូ ជ្រើសតាំង លោកឪពុក ប្រ៊ុយណូ កូសម៍ ជាអ្នកគ្រប់គ្រង​ភូមិភាគកំពង់ចាម

ក្រោយពីរទទួលយកពាក្យស្នើរសុំលាលែងពីមុខងាររបស់លោកអន់តូនីសាមី ស៊ូសៃរាជ ជាអភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគកំពង់ចាម ដែលចូលជាធរមានកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានជ្រើសតាំង លោកបូជាចារ្យ ប្រ៊ុយណូ កូសម៍ ជាអ្នកគ្រប់គ្រង (Apostolic Administrator “vacant sede and ad nutum Sanctae Sedis”) ព្រះសហគមន៍​ភូមិភាគកំពង់ចាម  បន្តពីលោកអភិបាលអន់តូនី។

លោកបូជាចារ្យ ប៊្រុយណូ កូសម៍ប្រសូត​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ១៩៦២ នៅប្រទេសបារំាង។​ លោកទទូលអគ្គសញ្ញា តែងតាំងជាបូជាចារ្យ នៅថ្ងៃទី ៣ ខែកក្កដា ​ឆ្នាំ ១៩៩៤។ លោកសិក្សានៅទេវវិទ្យាល័យ ( French Pontifical Seminary ) នៃទីក្រុងរ៉ុម ហើយលោកក៏ទទួលបានសញ្ញាប័ត្រទេវវិទ្យា (Dogmatic Theology ) ពីសាកលវិទ្យាល័យ (the Pontifical Gregorian university) ផងដែរ។

លោកឪពុក ប្រ៊ុយណូ ជាសមាជិក នៃក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស  MEP និងទទួលបានការចាត់ឲ្យមកបំពេញបេសកកម្ម បម្រើនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នា១៩៩៥ មក។ គឺ ពីឆ្នាំ ១៩៩៥ – ១៩៩៨ លោកសិក្សាភាសាខ្មែរ នៅភ្នំពេញ និង នៅស្វាយស៊ីសូផុន ខេត្តបន្ទាយមានជ័យ។ ពីឆ្នាំ ១៩៩៨  ២០១០ លោកជាសាស្ត្រាចារ្យ និងជានាយក ទេវវិទ្យាល័យ សន្ត យ៉ូហានម៉ារីវីយ៉ាណែ នៅភ្នំពេញ។ លោកក៏បានបំពេញមុខងារ ជាតំណាងពេញសិទ្ធិរបស់លោកអភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៧។ ពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៥ លោកជាបូជាចារ្យទទួលខុសត្រូវនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូចភ្នំពេញ ព្រមទាំងមណ្ឌលសកម្មភាពភ្នំពេញខាងជើង នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។   ក្នុងឆ្នាំ២០១៥ – ២០១៦ លោកបានចូលរួមទទួលបទពិសោធន៍នៅអារាម បព្វជិត បេណេឌីកតាំងនៅប្រទេសបារំាង។ ចាប់តាំងពី ឆ្នាំ២០១៦ មកដល់ពេលនេះ​លោកជា ទីប្រឹក្សា នៃ ក្រុមសាសនទូត ក្រៅប្រទេស នាក្រុងប៉ារីស ដោយទទួលខុសត្រូវ និស្សិតទេវវិទ្យាល័យ និងការអប់រំប្រចាំ។  

បើតាមសេចក្តីជូនដំណឹងក្នុងទូរសាររបស់លោកអភិបាលអន់តូនី ជូនលោកបូជាចារ្យ និងបព្វជិត បព្វជិតា ក្នុងភូមិភាគកំពង់ចាម បានឲ្យដឹងថា លោក ឪពុក ប្រ៊ុយណូ នឹងមក​បំពេញមុខងារនៅភូមិភាគកំពង់ចាម មួយខែបន្ទាប់ពីសេចក្តីប្រកាស​តែងតាំង​នេះចូល​ជាធរមាន​គី លោកនឹង​មកនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

លោកអភិបាលអន់តូនីសាមី ស៊ូសៃរាជ ដែលបានសុំលាលែងពីមុខដំណែង មានប្រសាសន៍ថា លោកមានអំណរសប្បាយស្វាគមន៍ លោកឪពុកប្រ៊ុយណូ មកបំពេញមុខងារ ជាអ្នកគ្រប់គ្រង​ព្រះសហគមន៍ភូមិភាគកំពង់ចាម។ ទាក់ទងនឹងការលាលែង​ពីមុខងារជាអភិបាលកំពង់ចាម លោកអន់តូនី បានបញ្ជាក់ថា “ដោយទទួលបានការណែនាំមួយចំនួនពីក្រុងរ៉ូម  ហើយខ្ញុំក៏បានសរសេរលិខិត សុំលាលែងពីមុខងារជាអភិបាលភូមិភាគកំពង់ចាម ហើយសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបានទទួលយក និងអនុញ្ញាតនៅថ្ងៃទី២៥ ខែកក្កដានេះ។ លោកអភិបាលបន្តថា ទោះជាយ៉ាងណាក្តី លោកក៏នៅបន្តបម្រើព្រះសហគមន៍ក្នុងភូមិភាគកំពង់ចាម​ក្នុងនាមជាបូជាចារ្យ។ “ខ្ញុំមានអំណរសប្បាយ ក្នុងការបន្តមុខងារជាបូជាចារ្យ ក្នុងភូមិភាគកំពង់ចាម”។​

ចំពោះមូលហេតុនៃការសុំលាលែងពីមុខងារជាអភិបាលភូមិភាគកំពង់ចាម លោកអន់តូនីបញ្ជាក់ថា មិនមានបញ្ហាអ្វីនោះទេ​។ ដោយសារ លោកបានបំពេញមុខងារ​ជាអភិបាលព្រះសហគមន៍ភូមិភាគនេះ ចំនួន២២ឆ្នាំកន្លងមកហើយ​។ ម្យ៉ាងទៀត លោកមានគំរូ​លោកអភិបាលមុនៗ គឺលោកអភិបាលអ៊ីវ រ៉ាមូស បានសុំលាលែង ពីមុខងារជាអភិពាល មុនកាលកំណត់ចូលនិវត្តន៍។ ដូច្នេះលោក​មិនបាច់​ចាំ​រ​ហូត​ដល់វ័យចូលនិវត្តន៍នោះទេ ដើម្បីឲ្យលោកបូជាចារ្យដែលបន្តមុខងារជាអភិបាលពីលោកអាច​មានពេល​វេលាគ្រប់គ្រាន់​ក្នុងការណែនាំ​ព្រះសហគមន៍។    

លោកបូជាចារ្យ ប្រ៊ុយណូ ដែលទើបទទួលការតែងតាំងមុខងារជាអ្នកគ្រប់គ្រងព្រះសហគមន៍ភូមិភាគកំពង់ចាម មានប្រសាសន៍​ប្រាប់អ្នកនាំសារថា លោកបានទួលដំណឹង អំពីសម្តេចប៉ាប ជ្រើសតាំងលោកឲ្យបន្តមុខងារពីលោកអន់តូនីដែលលាលែងពីដំណែងកាលពីថ្ងៃទី២ ខែកក្កដា នេះ ពីលោកអគ្គរាជទូតបុរីវ៉ាទីកង់។ លោកបន្តាថា “ខ្ញុំឆ្ងល់! តាមពិតដំណឹងនេះជាដំណឹងល្អមែន ព្រោះជាប្រទេសដែលខ្ញុំស្គាល់ ជាភូមិភាគដែលខ្ញុំស្គាល់ ជាព្រះសហគមន៍ដែលខ្ញុំស្រលាញ់។ ពេលដឹងថាខ្ញុំមានបេសកកម្មថ្មី និងមុខថ្មី ខ្ញុំសប្បាយមែនទែន ព្រោះខ្ញុំបានចាកចេញពីប្រទេសកម្ពុជា ៤ឆ្នាំហើយ។

លោកឪពុកប្រ៊ុយណូ ត្រូវបានក្រុមសាសនទូតក្រៅប្រទេសនាក្រុងប៉ារីស បោះឆ្នោតជ្រើសរើសជាទីប្រក្សានៃក្រុមនេះសម្រាប់អាណត្តិពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២២។ តែពេលលោកទទួលមុខថ្មីពីសម្តចប៉ាប ឲ្យបន្តមុខងារពីលោកអន់តូនី។ លោកបានត្រៀមខ្លួនជាស្រេចដើម្បីត្រលប់មកកម្ពុជាវិញ នៅ ចុងខែសីហានេះ។ លោកនឹងរៀនពីលោកអន់តូនី ព្រោះក្នុងរយៈពេល២២ឆ្នាំ លោកអន់តូនីបាន បម្រើព្រះសហគមន៍អស់ពីសមត្ថភាព​ កម្លាំងកាយ ចិត្ត។ លោកថា “ហេតុនេះ ខ្ញុំត្រូវការរៀនពីគាត់ ដើម្បីស្គាល់ស្ថានភាពនៅកំពង់ចាម និងទទួលបទពិសោធន៍ផ្សេងៗទៀត”។

លោកឪពុកប្រ៊ុយណូ បញ្ជាក់ថា “ខ្ញុំកំពុងត្រៀមខ្លួនទៅកំពង់ចាម ប្រកបដោយអំណរសប្បាយ សម្រាប់ព្រះសហគមន៍ដែលខ្ញុំស្រលាញ់ សម្រាប់បងប្អូនគ្រីស្តបរិស័ទ លោកឪពុក បងស្រី និងសម្រាប់បងប្អូនដែលមិនទាន់ស្គាល់អំពីព្រះយេស៊ូ និងអំពីព្រះន្ទូល”។ ក្នុងមុខងារជាបូជាចារ្យ ជាគ្រីស្តបិរស័ទ មិនមែនតែសម្រាប់យើងផ្ទាល់​គឺសម្រាប់ អ្នកដទៃដែលមិនទាន់ព្រះយេស៊ូ។ លោកថា ការបំពេញបេសកកម្មនេះ លោកមិនមែនម្នាក់ឯងនោះទេ គឺនៅជាមួយបងប្អូនគ្រីស្តបរិស័ទ។ យើងនឹងសហការគ្នា ដើម្បីផ្តល់សក្ខីភាពអំពីជំនឿរបស់យើង។ “ខ្ញុំជឿថា របៀបរស់នៅរបស់យើង នឹងជាសញ្ញាសំគាល់សម្រាប់គ្រីស្តបរិស័ទ និងសម្រាប់ អ្នកមិនទាន់ស្គាល់ព្រះយេស៊ូ”។