ព័ត៌មានភូមិភាគភ្នំពេញ

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នឹងយាងមកប្រទេសថៃ នៅខែវិច្ឆិកាខាងមុខនេះ!

នេះជាលើកទីមួយ របស់ព្រះអង្គក្រោយ សម្តេចប៉ាប យ៉ូហាន ប៉ូល ទី ២ ៣៥ ឆ្នាំ តាមការអញ្ជើញ ពីរដ្ឋាភិបាលថៃ។

សម្តេចប៉ាប មេដឹកនាំព្រះសហគមន៍កាតូលិក នឹងយាងមកសួរសុខទុក្ខ ប្រទេសថៃ ជាផ្លូវការ នៅថ្ងៃទី ២០-២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ តាមពាក្យអញ្ជើញពីរាជរដ្ឋាភិបាលថៃ និង សភាលោកអភិបាលព្រះសហគមន៍កាតូលិកថៃ ក្នុងឱកាសពិសេស ដែលព្រះសហគមន៍កាតូលិក នៅប្រទេសថៃកំពុងប្រារព្ធបុណ្យ គម្រប់ ៣៥០ ឆ្នាំ ការស្ថាបនាភូមិភាគនៃប្រទេសសៀម និង គម្រប់ ៥០ ឆ្នាំ ទំនាក់ទំនងការទូតរវាង រាជាណាចក្រថៃនិងសន្តអាសនៈ ហើយ ជាឆ្នាំនៃមហាមង្គល ព្រះរាជពិធីបរមរាជាភិសេក ព្រះបាទសម្តេចមហាវច្ឆិរៈលង្កន ស្តេចរបស់ប្រទេសថៃដែរ។

ចាប់តាំងពីសន្តសម្តេចប៉ាប យ៉ូហាន ប៉ូលទី ២ បានយាងមកកាន់ប្រទេសថៃនៅឆ្នាំ ១៩៨៤ រហូតដល់ពេលនេះ គឺ គ្រប់ ៣៥ ឆ្នាំ ហើយនេះជាលើកទីមួយ របស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ។

ការយាងមកលើកនេះ ព្រះអង្គយាងមកក្នុងឋានៈជាភ្ញៀវរបស់រាជរដ្ឋាភិបាលថៃ ដោយដំណើរ ទៅកន្លែងផ្សេងៗ ដើម្បីសួរសុខទុក្ខគ្រីស្តបរិស័ទនិងប្រជាជនថៃ ចំនួន ៤ ថ្ងៃ គឺ នៅថ្ងៃទី ២០-២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោយមក ព្រះអង្គនឹងយាងទៅប្រទេសជប៉ុន នៅថ្ងៃ ២៣-២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩។ នេះគឺពេលវេលា ដែលគួរឲ្យកត់សម្គាល់របស់ពិភពលោក ចំពោះប្រទេសថៃ និងទ្វីប អាស៊ីយ៉ាងពិតប្រាកដ។

សភាលោកអភិបាលកាតូលិករបស់ប្រទេសថៃ នឹងថ្លៃងការណ៍សេចក្តីលំអិត នៅថ្ងៃសុក្រទី ១៣ ខែកញ្ញា ឆ្នាំ ២០១៩ ម៉ោង ១ ដល់ ៣ រសៀល នៅបន្ទប់ប្រជុំជាន់ទី ១១ នៅមន្ទីរពេទ្យសន្តលូវីស ខណ្ឌសាថន រាជធានីបាងកក។