ព័ត៌មានភូមិភាគបាត់ដំបង

លោក​បូជា​ចារ្យ៖ ព្រះ​យេស៊ូ​ជា​ព្រះ​អំណោយ​ទាន​ពិសេស​សម្រាប់​យើង​ទាំង​អស់គ្នា

ព្រះសហគមន៍កាតូលិកនៅព្រែកទាល់ ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង បានប្រារព្ធ បុណ្យអបអរសាទរ ព្រះយេស៊ូប្រសូត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ដែលមាន លោក តូតែតជាអធិបតី។

ព្រះសហគមន៍ព្រែកទាល់​ជាព្រះសហគន៍​មួយ​ដែល​ស្ថិតនៅ​ក្នុង​ភូមិ​បណ្តែត​ទឹក នៃ​បឹង​ទន្លេសាប ដែល​ជាតំបន់​ការពារ​សត្វ​ស្លាប សម្រាប់​ទេសច​រទស្សនា​ដ៏ល្បី​ផង​ដែរនៅ​លើផ្ទៃបឹង​ទន្លេសាប។  

នៅក្នុង​ធម្មទេសនា លោកឪពុក តូតែត មាន​ប្រសាសន៍​ទៅកាន់​បងប្អូន​ថា ព្រះ​អំណោយ​ទានសម្រាប់​បុណ្យ​ណូ​អែល គឺព្រះយេស៊ូ ជា​ព្រះអំណោយទាន​ដ៏ធំ​បំផុត របស់​ព្រះជាម្ចាស់​ប្រទាន​ឲ្យយើង។ អំណោយ​ទានរបស់ព្រះ​ជាម្ចាស់ សំខាន់​ជាងអ្វីៗទាំងអស់ ដែល​យើងអាចទ​ទួលក្នុង​ជីវិត​។ អំណោយ​របស់​ព្រះអង្គ គឺ​ព្រះ​បុត្រា​របស់​​ព្រះអង្គតែម្តង។​

លោកឪពុកបន្តថា បងប្អូនជូនកាលព្រះសហគមន៍គ្មានអ្វីឲ្យបងប្អូន​ទេ ប៉ុន្តែឥឡូវនេះ​ព្រះជាម្ចាស់ឲ្យអំណោយពិសេសជាព្រះយេស៊ូតែម្តង ហើយយើងជាអ្នកទទួលព្រះយេស៊ូ ជាដៃជាជើង ជាមុខ ជាមាត់របស់ព្រះអង្គ ដែលត្រូវផ្តល់អំណរសប្បាយដល់អ្នកដទៃ បងប្អូន យើងមិនបាច់ទិញអាវថ្មីទេ យើង​មិន​ចាំ​បាច់​មាន​លុយ​ច្រើន​ចែក​អំណោយ​ដូចអ្នក​ដទៃទេ តែអ្វី​ដែលយើង​អាច​ឲ្យ​យ៉ាងពិ​សេសគឺព្រះយេស៊ូ យើង​ឲ្យទៅអ្នកដ​​ទៃដែរ។ ដូចនេះអំណោយដ៏ពិសេសបំផុតដែលព្រះសហគមន៍ក្នុងនាមព្រះជាម្ចាស់ ឲ្យទៅបងប្អូនគឺព្រះយេស៊ូតែម្តង ដែលជាទីពឹងរបស់យើង ដែលព្រះអង្គគង់នៅជាមួយយើងជានិច្ច។

មុននេះលោកបូជាចារ្យក៏បានបញ្ជាក់ប្រាប់បងប្អូនដែរថា ព្រះយេស៊ូយាងមកប្រកបដោយសិរីរុងរឿង ហើយ​សិរីរុងរឿង​របស់ព្រះអង្គ​គឺប្រសូត​ក្នុងភាពក្រីក្រ ប្រសូតក្នុងក្រាលសត្វ ដែលបញ្ជាក់ថា​ព្រះជាម្ចាស់គង់នៅជាមួយយើងជាអ្នកក្រីក្រ យល់ពីសុខទុក្ខរបស់បងប្អូន ពីយើង​ទាំង​អស់​គ្នា នេះជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបន្ទាប់ខ្លួន បន្ទាប់ឋានៈរបស់ព្រះអង្គ កើតជាមនុស្ស គង់នៅជា​មួយ​យើង​​​។

ជាការពិតណាស់ព្រះយេស៊ូប្រសូតពិតជានាំអំណរសប្បាយ សេចក្តីសង្ឃឹម និងសេចក្តីស្រលាញ់មនុស្សទាំងអស់។ មនុស្សទាំងអស់រីករាយ និងចែកអំណរសប្បាយជាមួយគ្នាទៅវិញទៅមក ដើម្បីបង្ហាញពីវត្តមានដ៏ពិតប្រាកដរបស់ព្រះយេស៊ូដែលគង់នៅជាមួយយើងផ្ទាល់។