ព័ត៌មានភូមិភាគភ្នំពេញ

លោកអូលីវិយេ៖ យើងជាគ្រីស្តត្រូវយកគំរូតាមព្រះនាងម៉ារី

នៅ​ថ្ងៃ​បុណ្យ​គោរព​ព្រះនាងម៉ារី​ជាមាតា​នៃ​ព្រះសគមន៍កាតូលិក កាល​ពី​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ២០១៩ នៅ លោក​អភិបាលអូលីវីយេ​បាន ជំរុញ​ឲ្យ​គ្រីស្ត​បរិស័​ទាំងអស់ ដែល​ជួប​ជុំគ្នា​នៅ​ព្រះសហគមន៍​អរិយក្សត្រ ឲ្យ​យក​គំរូ​តាម​ព្រះនាងម៉ារី។

លោក​អភិបាល​បាន​លើក​ឡើង​នូវ​សកម្មភាព​សំខាន់ៗក្នុងជីវិត​របស់​ព្រះនាងម៉ារី​យ៉ាងនេះ​ថា ព្រះនាង​ម៉ារីស្ម័គ្រចិត្ត​ដោយ​អំណរ​សប្បាយ​ក្នុង​ការ​ទទួល​យក​ព្រះយេស៊ូ​នៅ​ក្នុង​ផ្ទៃ។​ ព្រះនាង​ម៉ារី​​បាន​ប្រសូត​ព្រះយេស៊ូ​មក​លើ​ផែន​​ដីយើង។ នេះជាអំណរ​សប្បាយ​របស់​ព្រះ​នាង​ម៉ារី​ពិត​មែន។

លោកថា ព្រះនាងម៉ារីជា​សាវ័ក​ដំបូងបង្អស់​ដែល​នៅជិត​ព្រះយេស៊ូ ក្នុង​ដំណាក់កាល​ដ៏សំខាន់​បំផុត គឺពេល​​ព្រះអង្គ​រងទុក្ខ​លំបាក។ ជាសាវ័ក​ដែលមានចិត្តស្មោះត្រង់ ចិត្ត​ស្រឡាញ់ ចិត្តលះបង់ និងចិត្តបម្រើ និង​ជា​សាវ័ក​ដែល​យល់​ចិត្ត​ព្រះយេស៊ូ​ជាងគេ។ ព្រះ​​នាង​​ចូល​​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​យ៉ាង​ច្បាស់​ជាងគេ ។

លោកអភិបាលបន្តថា៖ ព្រះនាងម៉ារី​ជាគំរូ​យ៉ាង​ពិសេស​របស់​យើង​ទាំងអស់​គ្នា ដែល​យើង​បាន​ទទួល​ពិធី​ជ្រមុជទឹក​ទៅជា​សាវ័ក​របស់​ព្រះយេស៊ូ។ នៅ​ថ្ងៃបុណ្យ​ទី៥០ ព្រះនាងម៉ារី​ទទួលអ​ណ្ដាត​ភ្លើង​ជាមួយ​ក្រុមគ្រីស្ត​ទូត​មួយ​ចំនួន។​ មិន​មែន​លោក​សិលា​ទេ​ដែល​ចេញទៅ​ប្រកាស​ដំណឹង​ល្អមុន​គេ គឺព្រះនាងម៉ារី​ទេ ដែល​បាន​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​មុ​នគេ។

លោក​បញ្ជាក់​ទៀតថា ព្រះនាង​ម៉ារី​មាន​បេះដូង​ថ្លា មាន បេះដូង​បរិសុទ្ធ ព្រះនាង​ជាជន​ដ៏វិសុទ្ធ។ ជាជនសាមញ្ញដូចយើង ប៉ុន្តែ ព្រះជាម្ចាស់​បានលើក​ព្រះនាង​ឡើង​ស្ថាន​បរ​មសុខ​មុន​គេ​​បង្អស់​​នៅថ្ងៃទី១៥ ខែសីហា។ ព្រះនាងម៉ារីចាប់ដៃយើង ធ្វើដំណើរជាមួយយើង ណែនាំ​យើង​​ឲ្យ​ទៅ​ស្ថាន​បរមសុខ ដែល​ព្រះជាម្ចាស់​គង់​នៅ ជាស្ថាន​ពោរ​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ជា​ស្ថាន​ដែល​ព្រះនាង​ម៉ារី​ទៅ​មុន​គេបង្អស់ ។

លោកអភិបាលរំលឹកគ្រីស្តបរិស័ទទាំងអស់ទៀតថា៖ ព្រះ​នាង​ម៉ារី​ទន្ទឹង​រង់​ចាំ​យើង​ឲ្យ​ចូល​ស្ថាន​បរមសុខ​ដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ ព្រះនាងជំរុញយើង ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​អធិដ្ឋាន ​ស្ដាប់​ព្រះបន្ទូល​របស់ព្រះយេស៊ូ និង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ ព្រមទាំង​ឲ្យ​យើងកសាង​ព្រះ​ស​ហ​គ​ម​ន៍​របស់​ព្រះ​គ្រីស្ត។

លោកបន្តថា ព្រះ​សហគមន៍​ជាសញ្ញា​សម្គាល់​ពីព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះ​ជាម្ចាស់​ ដែលនាំឲ្យ​យើងនឹក​ឃើញ​ដល់​ព្រះនាង​ម៉ារី​ជា​ព្រះ​ម​ហា​ក្សត្រី​នៃសុខសន្តិភាព។​ ឲ្យ​អធិ​ស្ឋាន​ដើម្បី​សុខ​សន្តិភាព​នៅលើពិភព​លោក។​ ឲ្យ​ទូល​អង្វរ​ព្រះ​នាង​ម៉ា​រី កុំឲ្យ​យើង​ខ្លាច ឲ្យ​យើង​ម្នាក់ៗទៅ​ជាសាវ័ក ដូចព្រះនាង​ម៉ារីដែល​បម្រើ ដែល​ស្រ​ឡាញ់ ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះហឫទ័យព្រះជាម្ចាស់ ឲ្យ​កសាង​ព្រះ​សហ​គមន៍​របស់​ព្រះ​ជា​ម្ចាស់​នៅ​លើ​ពិភព​លោក​យើង។

យុវជនានី ឆាន ស្រីអែម មកពី​ព្រះសហគមន៍​ក្ដុរលើ ខេត្ត​ត្បូង​ឃ្មុំ ​ដែល​បាន​ចូល​រួម​ពីធី​បុណ្យ​នេះ​បានផ្ដល់​សក្ខីភាព​ថា៖ «រាល់​ដង​មុននឹង​ធ្វើ​អ្វី​ ខ្ញុំ​តែង​តែ​អធិដ្ឋាន​សូម​ព្រះនាង​ម៉ារី​ជួយ​ឲ្យ​ខ្ញុំ​មាន​កម្លាំង ​​ដើម្បី​បន្ត​​ដើរ​តាម​មាគ៌ា​របស់​ព្រះ​ជាម្ចាស់ និង​ជួយ​ការពារ​ក្រុមគ្រួសារ​របស់​ខ្ញុំ​»។

ស្រី​អែម ពេល​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​បាន​ជ្រើស​យក ព្រះ​នាងម៉ារី ជា​សន្តី​ឧ​បការី​របស់ខ្លួ​ន។ នាង​និយាយ​ថា៖ «ខ្ញុំសប្បាយ​ចិត្ត​ដោយ​មាន​សន្តី​ឈ្មោះ​​ម៉ារី ព្រោះ​ព្រះនាង​ម៉ារី​ជា​ម្ដាយ​ខ្ញុំ​ផង ជា​ម្ដាយ​នៃ​ក្រុម​គ្រួសារ​ខ្ញុំ​ផង គឺ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាព​កក់ក្ដៅ​ មាន​កម្លាំង​បន្តក្នុង​កិច្ចការងារ»។ ស្រីអែមបញ្ជាក់ថា «ជា​ពិសេស​​​​នៅពេល​ប្អូន​ទីមួយ​របស់​ខ្ញុំដែល​មាន​រាងតូចបាន​​សម្រាលកូន​ ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​កាន់​ព្រះនាងម៉ារី​​​សូម​ឲ្យ​​​ជួយ​ការ​ពារ​ទាំង​ម្ដាយ​និង​កូន ហើយ​ពួក​គេ​ពិត​ជា​បាន​ផុតពី​គ្រោះ​ថ្នាក់​មែន។ ព្រះ​នាង​ថែរក្សា​យើង»៕