ព័ត៌មានភូមិភាគភ្នំពេញ

លោកអភិបាល អូលីវីយេ និងគ្រីស្តបរិស័ទចំការទៀង ចូលរួមអបអរសាទរបុណ្យកឋិន

ក្រុមឆៃយុំា​បាន​ប្រគុំអបអរសាទរ ​និងស្វាគមន៍ លោក អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ និងគ្រីស្តបរិស័ទ ដែលបានអញ្ជើញទៅដល់​វត្ត​អង្គមន្ត្រី ដែល​ស្ថិត​នៅ​ក្នុង​ឃុំគុស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដើម្បី​អបអរសាទរបុណ្យ​កឋិន​ទានក្នុងវត្តនេះ និងបានចូលរួម​ថវិកា​មួយ​ចំនួនផងដែរ​  កាល​ពី​រសៀល​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០១៩។ 

ក្នុងពីធីដ៏ឱឡារិកនេះ ​លោកតា​លោកយាយ​ជាច្រើន បាន​ទទួល​ស្វាគមន៍​លោក​អភិបាល និង​គ្រីស្ត​បរិស័ទ​មក​ពី​ព្រះសហគមន៍​កាតូលិក​សន្តី​ម៉ារី​ញញឹម​ចំការទៀង យ៉ាង​កក់ក្តៅ​ផងដែរ។

លោកតា ស៊ូ វណ្ណា តំណាង​គណៈកម្មាធិការ​អាចារ្យ​វត្ត​អង្គមន្ត្រី បាន​មាន​ប្រសាសន៍​ថា សម្ពន្ធ​មេត្រី​ភាព​រវាង​ព្រះសហគមន៍​កាតូលិក​ចំការទៀង និង​វត្ត​អង្គមន្ត្រី​បាន​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ស្អិត​រមួត ជាច្រើន​ឆ្នាំ​កន្លង​មកហើយ។ នៅ​ក្នុង​នោះ​ព្រះសហគមន៍​កាតូលិក​ចំការទៀង ដែល​ដឹកនាំ​ដោយ​លោក​អភិបាល អូលីវីយេ បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ជាច្រើន​ក្នុង​ការ​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត ដូច្នេះ​តាំង​នាម​ឲ្យ​ព្រះថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ដែល​គង់​នៅ​វត្ត​អង្គមន្ត្រី ក៏​ដូចជា​ពុទ្ធ​បរិស័ទ​ទាំងអស់ សូម​ថ្លែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ប្រសិទ្ធិពរ​បវរសួស្តី​ដល់​ព្រះសហគមន៍​កាតូលិក ដល់​លោក​អភិបាល និង​គ្រីស្ត​បរិស័ទ​ទាំងអស់។ 

លោកតា បាន​បន្ត​ថា តាំង​នាម​ឲ្យ​វត្ត​អង្គមន្ត្រី​ទាំងមូល​សូម​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត រក្សា​សម្ពន្ធ​មេត្រី​ភាព​រវាង​ព្រះសហគមន៍​កាតូលិក ​និង​ពុទ្ធ​សាសនា​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​តរៀងទៅ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក អភិបាលអូលីវីយេ បាន​ជូនពរ​ដល់​ពុទ្ធ​បរិស័ទ​ទាំងអស់​ឲ្យ​មាន​សេចក្តី​សុខគ្រប់ៗគ្នា។ លោកក៏បានរំឭកដាស់តឿន ដល់លោក​យាយលោកតា​ទាំងអស់ឲ្យយកចិត្តទុកដាក់ ​ស្តាប់​ព្រះ​សង្ឃ​ទេសនា ដើម្បី​អប់រំ​ចិត្ត ​ហើយឲ្យ​ចេះ​អប់រំ​ដល់​កូន​ចៅ​តៗទៅ។​លោកថា “កុំ​ឲ្យ​កូនចៅ​ចេះ​តែ​ដើរ​លេង​បុណ្យ​កឋិន​ដោយ​មិន​ដឹង​អំពី​សីលធម៌ មិន​ដឹង​អំពី​ជីវិត មិន​ដឹង​អំពី​ការ​អប់រំ​របស់​ព្រះពុទ្ធ​សាសនា។  ដូច្នេះ​សូម​ទទួល​តួនាទី​របស់​លោកតា​លោកយាយ ដែល​ត្រូវ​តែ​អប់រំ​កូនចៅ​តរៀងទៅ។ ​ឲ្យ​មាន​សេចក្តី​សុខ និង​មាន​កម្លាំង​កាយ កម្លាំង​ចិត្ត​ជានិច្ច​ដើម្បី​កសាង​សុខដមរមនា​នៅ​ក្នុង​ភូមិ​របស់​យើង និង​នៅ​ក្នុង​សង្គម​របស់​យើង​ដែរ។”

បន្ទាប់​ពី​កម្ម​វិធី​សំណេះសំណាយ​រួច​ហើយ គណៈកម្មការ​វត្ត​បាន​រៀបចំ​នំបញ្ចុក​សម្រាប់​លោក​អភិបាល និង​គ្រីស្តបរិស័ទ​បរិភោគ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ​ទៀតផង។​