ព័ត៌មានភូមិភាគភ្នំពេញ

លោកអភិបាល៖ សូមព្រះសហគមន៍នីមួយៗទៅជាឪពុកម្តាយ បង្កើតបូជាចារ្យថ្មីៗ

លោកអភិបាលអូលីវីយេមានប្រថា​៖”សូមឲ្យព្រះសហគមន៍នីមួយទៅជាឪពុកម្តាយ បង្កតើបូជាចារ្យថ្មីៗ។ ដោយសារ​ព្រះសហគមន៍​យើង​ខ្វះបូជាចារ្យ​សម្រាប់សាបព្រោះ (ប្រកាសដំណឹងល្អ) ដើម្បីអប់រំ ដើម្បីដឹកនាំ និងខ្វះបូជាចារ្យ ក្នុងការថ្វាយ​សក្ការបូជា ដើម្បី​ឲ្យវត្តរបស់ព្រះយេស៊ូគ្រីស្តចូលយ៉ាងជ្រៅក្នុងដួងចិត្តរបស់យើង”។

លោកអភិបាលមានប្រសាសន៍បែបនេះ ក្នុងធម្មទេសនា នៃពិធីបុណ្យអភិបូជាអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅ លើកទី៨៧ នៅព្រះសហគមន៍ភ្នំពេញថ្មី ព្រះវិហារសន្តសិលា និងសន្តប៉ូល កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោកអភិបាលបានបន្តលើកទឹកចិត្តគ្រីស្តបរិស័ទ ឲ្យយកចិត្តទុកដាក់ថែរក្សាលោកបូជាចារ្យដែលយើងមានក្នុងព្រះសហគមន៍។​កុំឲ្យលោក​ទៅជាអ្នក​បើកបរឡានសម្រាប់គ្រីស្តបរិស័ទ ឲ្យលោករត់ចុះឡើងសម្រាប់កិច្ចការដែលមិនត្រូវនឹងមុខងារតួនាទីរបស់លោកជាបូជាចរ្យ។​លោកថា​ដើម្បីឲ្យលោកបូជាចារ្យអាចបំពេញមុខងាររបស់លោកជាបូជាចារ្យ សម្រាប់ឲ្យកូនចៅគ្រីស្តបរិស័ទបានឃើញ​គំរូរបស់បូជាចារ្យ ហើងចង់ក្លាយជាបូជាចារ្យបម្រើព្រះសហគមន៍ដែរ។

លោកបន្តថា សូមឪពុកម្តាយជាគ្រីស្តបរិស័ទត្រូវគិតគូកុំមានកូន​សម្រាប់តែបម្រើការងារសង្គម​ប៉ុណ្ណោះ គឺមានកូន​ដើម្បីបម្រើ​ព្រះសហគមន៍​ផងដែរ។   លោកអភិបាលបញ្ជាក់បន្ថែមថា យើងបន្តអធិដ្ឋាន​ដើម្បីឲ្យមានអ្នកសាបព្រោះពិសេស គឺ “បូជាចារ្យ” ក្នុង​ព្រះសហគមន៍​យើង។​

ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា បានរស់ឡើងវិញក្រោយរបបសម្លាប់រង្គាលដួលរលំ និងសង្គ្រាមដ៏រ៉ាំរ៉ៃ បានបញ្ចប់ នាដើមទស្សវត្ស ១៩៩០។ រហូតមកដល់ដែលពេលនេះ មានបូជាចារ្យ និងសាសនទូតជាច្រើនមកពីប្រទេសផ្សេងៗ ដើម្បីណែនាំ និងបម្រើព្រះសហគមន៍នៅក្នុងប្រទេសកម្ពុជា។​​សម្រាប់ភូមិភាគភ្នំពេញ មានបូជាចារ្យជាតិកម្ពុជាតិចតួចបំផុត​មានចំនួនតែ ៣នាក់ប៉ុណ្ណោះ។

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក្រោមការណែនាំរបស់លោកអភិបាលអូលីវីយេ បានបង្កើតឲ្យមានកម្មវិធីផ្សេងៗដើម្បីអប់រំ និងជួយយុវជនរិះគិតអំពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដើម្បីបម្រើព្រះសហគមន៍។ ការអធិដ្ឋានពេញមួយ​យប់​ក៏ជា​កម្មវិធី​មួយ​ដើម្បី​បើកចិត្ត​គំគិតរបស់យុវជន ក្រោមឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យគេចេះឆ្លើយតបនឹង​ការត្រាស់របស់​ព្រះជាម្ចាស់​ក្នុង​ជិវិតជាបូជាចារ្យ។