ព័ត៌មានភូមិភាគភ្នំពេញ

លោកអភិបាលអូលីវីយេ ស្នើឲ្យក្រុមបព្វជិតបព្វជីតារួមគ្នាបង្កើតក្រុមបព្វជិតបព្វជីតាខ្មែរ

ភ្នំពេញ៖ ថ្លែងនៅក្នុងធម្មទេសនានៃអភិបូជា សម្រាប់ក្រុមបព្វជិត បព្វជីតា ដែលបម្រើព្រះសហគមន៍នានា ក្នុងភូមិភាគភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា  នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នៃមណ្ឌលសកម្មភាពភ្នំពេញថ្មី លោកអភិបាល អូលីវីយេ ជ្មីតអីស្ល៊ែរ បានទទូចស្នើដល់ក្រុមបព្វជិត បព្វជីតាទាំងអស់ ដើម្បីរិះគិតធ្វើយ៉ាងណា ឲ្យមានក្រុមដូនជីខ្មែរមួយក្រុម សម្រាប់បម្រើព្រះសហគមន៍ នៅភូមិភាគភ្នំពេញផ្ទាល់។ លោកអភិបាលបញ្ជាក់ថា យើងត្រូវភ្ញាក់ស្មារតីរស់នៅក្នុងការត្រាស់ហៅ ដោយកុំគិតតែប្រយោជន៍ ក្រុមគ្រួសារផ្ទាល់ខ្លួន តែធ្វើយ៉ាងណា ដើម្បីឲ្យមានក្រុមគ្រួសារខ្មែរ ដែលបម្រើព្រះសហគមន៍ នៅតាមភូមិភាគ និងនៅជាប់ជាមួយប្រជាជន។

ក្រុមបព្វជិត បព្វជាតាទាំងនៅព្រះសហគមន៍ភូមិភាគភ្នំពេញ

លោកអភិបាលថែមទាំអ បានដាស់តឿនអំពីបេសកកម្ម របស់ព្រះសហគមន៍ គឺធ្វើយ៉ាងណា ដើម្បីឲ្យអស់អ្នកដែលកំពុងមានបញ្ហាពិបាក ជនពិការ ក្មេងកំព្រា និងអ្នកដែលអស់សង្ឃឹម មានសេចក្តីសង្ឃឹម និងមានអំណរសប្បាយឡើងវិញ តាមរយៈព្រះសហគមន៍។

លោកបានសង្កត់ធ្ងន់ថា បើទោះបីជាយើងមានក្រុមខុសៗគ្នា តែយើងមានគោលដៅតែមួយគឺ ធ្វើយ៉ាងណាដើម្បីឲ្យព្រះរាជ្យព្រះជាម្ចាស់មកដល់។ ហើយលោកក៏បានរំលឹកដល់ក្រុមបព្វជិតបព្វជិតាទាំងអស់ អោយរួមគ្នាដើម្បីជួយកសាងព្រះសហគមន៍ ឲ្យរឹងមាំតាមរយៈ គ្រីស្តបរិស័ទ និងតាមក្រុមគ្រួសារ។ លោកអភិបាលបានបញ្ជាក់ថា សូមបព្វជិតបព្វជិតាទាំងអស់ ចូលរួមថែរក្សាក្រុមគ្រួសារ ព្រោះគ្រួសារជាព្រះសហគមន៍ដ៏តូចមួយ។