ព័ត៌មានភូមិភាគភ្នំពេញ

លោកអភិបាលអូលីវីយេ សូមឲ្យគ្រីស្តបរិស័ទចូលរួមកសាងព្រះសហគមន៍និងសង្គម

«តើយើងចង់សាងសង់ព្រះសហគមន៍​និង​សង្គមដោយរបៀបណា? តើខ្ញុំផ្ទាល់ចង់កសាងសង្គមដូចម្ដេច ដើម្បីឲ្យខ្ញុំនិងព្រះសហគមន៍ ព្រមទាំងសង្គមអាចទៅមុខតាមគម្រោងការរបស់ព្រះជាម្ចាស់ នេះ​ជា​សំណួរ​រិះ​គិត​របស់​លោក​អភិបាល អូលីវីយេ ជ្មីត​អីស្ល៊ែរ​ក្នុង​ធម្មទេសនា​ទៅ​កាន់​គ្រីស្ត​បរិស័ទ និង​បេក្ខជន​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស ចំនួន​៣០​នាក់ កាល​ពី​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ព្រះសហគមន៍ពោធិធំ។

លោក​អភិបាល​បាន​បញ្ជាក់​នូវ​ចំណុច​នីមួយៗ​ដោយ​លើក​ទឹក​ចិត្ត​បង​ប្អូន​ថា៖«ព្រះសហគមន៍ដែលយើងចង់បង្កើតគឺពោរពេញដោយអំណរសប្បាយ សេចក្ដីសុខសាន្ត និងភាតរភាពដែលជាបុត្រាបុត្រីនៅក្នុងមហាគ្រួសារតែមួយ ស្របតាមធម្មវិន័យតែមួយរបស់ព្រះយេស៊ូ គឺ “សូមស្រលាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”»

ចំពោះ​ការ​កសាង​ក្នុង​សង្គម លោក​បញ្ជាក់​ថា៖ «យើងត្រូវតែរកផ្លូវមួយដើម្បីឲ្យយើងចូលទៅក្នុងសង្គមដើម្បីបង្កើតទំនាក់ទំនងជាមួយមនុស្សទាំងអស់ ដើម្បីរស់នៅក្នុងសេចក្ដីស្រឡាញ់ ភាពស្មោះ​ត្រង់ និងយុត្តិធម៌ ព្រមទាំងចេះមើលអ្នកតូចតាចដើម្បីបង្កើតមហាគ្រួសារតែមួយ»

សម្រាប់​ការរស់​នៅ និង​ក្នុង​ជីវិត​ខ្លួន​យើង​ផ្ទាល់ លោក​ថា សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ​សាន្ត និង​អំណរ​សប្បាយ គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ។ យើង​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​តុល្យភាព​ចេះ​រស់​នៅ​ក្នុង​សង្គម​ដោយ​ចេះ​ស្រឡាញ់ និង​ទទួល​សេចក្ដី​សុខ​សាន្ត អំណរ​សប្បាយ​ពី​ព្រះជាម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី អំពី​អំណរ​សប្បាយ​នៅ​ក្នុង​ភូមិ​របស់​យើង។

ក្នុង​ពេល​នោះ​ដែរ លោក​អភិបាល​អូលីវីយេ​ ក៏​បាន​លើក​យក​គំរូ​របស់​លោក​បូជាចារ្យ ឆ្មារ សាឡឹម  ដែល​បាន​បម្រើ​ព្រះសហគមន៍​នៅ​មាត់​ក្រសាស់ ក្នុង​ពេល​ដែល​ប្រទេស​ស្ថិត​ក្នុង​ភាព​វឹកវរ និង​ធ្លាក់​ក្នុង​របប​ប៉ុលពត ដែល​ជា​របប​នៃ​វាល​ពិឃាត។

លោក​អភិបាល​ថ្លែង​ថា៖ «លោកឪពុក ឆ្មារ សាឡឹមបានជំរុញឲ្យគ្រីស្តបរិស័ទរៀបចំបុណ្យចម្លងដោយអំណរសប្បាយ ទោះបីជាមានទុក្ខលំបាកដោយសារសង្គ្រាម។ ក៏ប៉ុន្តែយើងជាគ្រីស្តបរិស័ទត្រូវតែបង្ហាញអំណរសប្បាយនៃជំនឿរបស់យើង ដូចក្រុមគ្រីស្តទូតសម័យមុនដែរ»