ព័ត៌មានភូមិភាគភ្នំពេញ

លោកអភិបាលអូលីវីយេ៖ បង្រៀនកូនៗឲ្យមានបេះដូងធំ និងសេចក្តីស្រលាញ់ពិតប្រាកដ

ក្នុងរាត្រីបុណ្យចម្លង កាលពីថ្ងៃអាទិត្យទី​២១ ខែមេសា ឆ្នាំ ២០១៩កន្លងទៅ លោកអភិបាល​អូលីវីយេ បានរំលឹកដាស់តឿន​ដល់គ្រីស្តបរិស័ទទាំងអស់​នៅក្នុង​ព្រះសហគមន៍​​កាតូលិក​ភូមិ​ភាគភ្នំពេញ ឲ្យបង្រៀនកូនចៅរបស់ខ្លួនឲ្យមានបេះដូងដ៏ធំ ដើម្បីមើលទៅអស់បងប្អូន​ដែល​ក្រីក្រ ប្រកបដោយសេចក្តីស្រលាញ់យ៉ាងពិតប្រាកដ ព្រោះថាសេចក្តីស្រលាញ់​មានតម្លៃ​សំខាន់បំផុត សម្រាប់ពីភពលោកយើងនេះ ដែលពោរពេញដោយការប្រកួតប្រជែង និង ភាពអាត្មានិយម។ ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងដែល សព្វថ្ងៃនេះបានឲ្យតម្លៃ​យ៉ាង​ខ្លាំងបំផុត​លើមាស ប្រាក់លុយ (ប្រាក់ជាស្តេច)។
លោកអភិបាលបញ្ជាក់ថា៖  
១. យកចិត្តទុកដាក់ចំពោះបងប្អូនក្រីក្រ ជាពិសេស កុមារ និងចាស់ជរា ។
២.កសាងភាតរភាព ក្នុងចំណោមយើងជាគ្រីស្តបរិស័ទ។
៣. រក្សាជីវិតខាងវិញ្ញាណ ដោយភ្ជាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ និងមិនគ្រាន់តែនៅក្នុងពិភពលោកនៃសម្ភារៈនិយមយើងនេះទេ។
ខាងក្រោយនេះជាសេចក្តីក្នុងធម្មទេសនាទាំងស្រុងរបស់លោកអភិបាលអូលីវីយេ៖ ……………………………………………………..
ធម្មទេសនា របស់លោកអភិបាលអូលីវីយេ
នៅថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០១៩
បុណ្យចម្លង នៅចម្ការទៀង
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា !

បងប្អូនជាទីស្រឡាញ់!

យប់នេះខ្ញុំមានអំណរសប្បាយ សូមចែករំលែកធម្មទេសនាសម្រាប់ព្រះសហគមន៍​កាតូលិក ភូមិភាគភ្នំពេញយើងទាំងមូល។

យប់មិញនៅព្រះសហគមន៍ព្រៃកប្បាស យើងបានធ្វើពិធីជ្រមុជទឹកជូនបងប្អូន១៨នាក់។ ម្សិល​មិញ​នៅគិរីវង់ខេត្តតាកែវចំនួន៥នាក់  និងកាលពីយប់មិញ នៅក្នុងភូមិភាគ​ភ្នំពេញយើងទាំងមូល តាមព្រះសហគមន៍នីមួយៗ ក៏បានធ្វើពិធីជ្រមុជទឹកដែរ។ យប់នេះនៅភូមិចម្ការ​ទៀង​ ​ព្រះវិ​ហារសន្តីម៉ារីញញឹម ខ្ញុំមានអំណរសប្បាយសូមស្វាគមន៍បងប្អូនចំនួន៥៥នាក់ ដែលមក​ពី​ព្រះសហគមន៍​សន្តីម៉ារីញញឹមចម្ការទៀងនៅទីនេះ និងមកពីព្រះសហគមន៍ថ្មីៗ មានត្រពាំង​ក្រញូងដែលជាលើកទី១មានបងប្អូនទទួលពិធីជ្រមុជទឹក, មកពីព្រះសហគមន៍​ទីរួមខេត្តតាកែវ និងមកពីព្រះសហគមន៍សន្តៈប៉ូល។ យប់នេះជាអំណរសប្បាយ​សម្រាប់​ព្រះសហគមន៍​នៅខេត្ត​តាកែវ ប៉ុន្តែក៏សម្រាប់ព្រះសហគមន៍នៅភូមិភាគភ្នំពេញ និងព្រះសហគមន៍​នៅទូទាំង​ប្រទេសកម្ពុជាយើងដែរ  ដែលព្រះជាម្ចាស់បានជ្រើសរើស៥៥នាក់​ថែមទៀត​នៅទីនេះ ទៅជា​បុត្រាធីតារបស់ព្រះអង្គ និងជាពិសេសឲ្យចូលរួមក្នុងមហាគ្រួសារ​របស់​ព្រះជាម្ចាស់ ដែល​ជាព្រះសហគមន៍។ ពិតមែនពេលនេះ យើងសូមស្រែកយ៉ាងឱឡារិកថា ព្រះយេស៊ូ​មានព្រះជន្ម​រស់ឡើងវិញ អាលេលូយ៉ា អាលេលូយ៉ា!  

បងប្អូនជាទីស្រឡាញ់ ! នៅទីនេះយើងមានឈើឆ្កាង ជាឈើឆ្កាងដែលពីប៉ុន្មានថ្ងៃហើយ យើងបានគោរពព្រះយេស៊ូសោយទិវង្គត។ ពេលយើងនឹកដល់ព្រះអង្គនៅលើឈើឆ្កាង យើងឈឺចិត្ត ប៉ុន្តែដោយសារឈើឆ្កាង ជិវិតរបស់យើងបានទទួលសេចក្តីសុខសាន្ត ទទួលការសង្គ្រោះ។ បងប្អូនមួយចំនួនដែលបានចូលរួមក្នុងពិធីគោរពឈើឆ្កាង បងប្អូនបានក្រាបថ្វាយបង្គំឈើឆ្កាង ដែលព្រះបុត្រារបស់ព្រះជាម្ចាស់បានសោយទិវង្គត។ នៅពេលយើងបន្ទាបខ្លួនថើបព្រះបាទាព្រះបុត្រាដែលបានបូជាព្រះជន្មសម្រាប់យើង ព្រះបុត្រាដែលជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ សុចរិត នោះយើងមិនយល់ទេថា ហេតុ​អ្វីបានជាព្រះអង្គត្រូវសោយទិវង្គតបែបនេះ? ហេតុអ្វីបានជាព្រះជាម្ចាស់បណ្តោយឲ្យព្រះបុត្រាដ៏​​ជាទីស្រឡាញ់របស់ព្រះអង្គ សោយទិវង្គតនៅលើឈើឆ្កាងនេះ។ ខ្ញុំដឹងថា មានបងប្អូន​ជិត១០.០០០នាក់ ​បានទស្សនាការសម្តែងនៅលើវេទិការនេះ អំពីព្រះយេស៊ូសោយទិវង្គត។ មានបងប្អូន​​ជា​​ច្រើន​បានឆ្ងល់ថា ហេតុអ្វីគ្រីស្តបរិស័ទគោរព​ព្រះយេស៊ូ​​ដែលសោយទិវង្គត​នៅលើឈើឆ្កាង? ហេតុអ្វីគ្រីស្តបរិស័ទក្រាបថ្វាយបង្គំនិងថើបឈើឆ្កាង ដែលមានរូបព្រះមួយ​អង្គសោយទិវង្គតដូច្នេះ?។  

បងប្អូនជាទីស្រឡាញ់!

ពេលយើងនៅក្បែរឈើឆ្កាង ពេលនោះយើងនឹកឃើញទី១ពីទុក្ខលំបាកនៃជីវិតរបស់យើង។ យើងនឹកឃើញពីជីវិតរបស់យើងដែលស្ថិតនៅក្នុងភាពងងឹត។ យើងនឹកឃើញពី​ជីវភាពក្រីក្រ យើងនឹកឃើញដល់កូនក្មេង ជាពិសេសកូនក្មេងទាំងប៉ុន្មាន​នៅក្នុងភូមិរបស់យើង ដែលគ្មាន​លទ្ធភាព​ទៅរៀនសូត្រ ដែលគ្មានលទ្ធភាពទៅមន្ទីរពេទ្យនៅពេលគេឈឺ។ យើងនឹកឃើញដល់ស្ត្រី​មេម៉ាយដែលប្តីបោះបង់ចោល និងប្តីស្លាប់។ យើងនឹកឃើញដល់ថ្ងៃដែលយើងគ្មានម្ហូបអាហារ​គ្រប់គ្រាន់ឲ្យកូនរបស់យើងបានញុំាឆ្អែត។ យើងនឹកឃើញដល់ចាស់ជរាគ្មានទីពឹង គ្មានសង្ឃឹម ដោយសារ​កូនចេញទៅធ្វើការ​នៅក្រៅប្រទេស​អស់ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ខិតខំរកម្ហូបអាហារ​ដើម្បីចិញ្ចឹមជីវិតបានយ៉ាងក្រលំបាក…។

បងប្អូនជាទីស្រឡាញ់!

នៅចំពោះមុខឈើឆ្កាង យើងអាចនឹកឃើញពីការលំបាកផ្សេងៗ​ទៀតជាច្រើននៅក្នុងជីវិត​របស់​យើង មានដូចជាជំងឺដែលយើងមានជាដើម…។ យើងនឹកឃើញ​ថែមទៀត មិនគ្រាន់តែនៅក្នុង​ខេត្តតាកែវ ឬនៅក្នុងប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ តែយើងបាន​បើកភ្នែក​មើលទៅក្នុងពិភព​លោក​ទាំងមូលដែរ។ ព្រឹកមិញនេះ នៅប្រទេសស្រីលង្កា គេបានដាក់គ្រាប់​បែកបំផ្ទុះ៦កន្លែង មាននៅក្នុងព្រះវិហារកាតូលិកយើង ដែលគ្រីស្តបរិស័ទកំពុងជួបជុំគ្នាអរ​ព្រះគុណព្រះជាម្ចាស់​មានព្រះជន្មរស់ឡើងវិញ។ គេបំផ្ទុះនៅក្នុងសណ្ឋាគារចំនួន៣កន្លែង បណ្តាលឲ្យស្លាប់១៥០​នាក់…ដោយសារអី? គឺដោយសារ​សម្អប់ ដោយសារការរើសអើង ដោយសារ​មិនចេះ​ទទួលយក​សេរីភាព​ក្នុងការកាន់សាសនា មិនចេះបង្កើតភារតភាព​ដែលណែនាំឲ្យពិភពលោក​ទៅជា​ក្រុមគ្រួសារ​មួយ ដែលចេះស្រឡាញ់គ្នាទៅវិញទៅមក។ 

នៅពេលយើងសម្លឹងមើលឈើឆ្កាង  យើងក៏នឹកដល់ទីក្រុងប៉ារីសដែរ ដែលប៉ុន្មានថ្ងៃមុន អាសនៈវិហារបានឆេះ ដោយសារគេដុត ឬដោយសារមូលហេតុអ្វីផ្សេងដែលយើងមិនដឹង ប៉ុន្តែពេលយើងឃើញព្រះវិហាររបស់ព្រះជាម្ចាស់ ដែលកំពុងត្រៀមខ្លួនថ្វាយអភិបូជា​ប្រសិទ្ធពរលើប្រេង អភិបូជាថ្ងៃព្រះយេសូសោយទិវង្គត និងក្នុងរាត្រីដែលព្រះយេស៊ូមាន​ព្រះជន្មរស់ឡើងវិញ បានឆេះសន្ធោសន្ធៅនៅក្នុងពេលមួយយប់ដូច្នេះ នោះអណ្តាតភ្លើងបាន​ណែនាំឲ្យយើងភ្ញាក់ស្មារតី និងសួរសំនួរនៅ​ក្នុងចិត្តថា តើយើងចេះគោរព​ព្រះជាម្ចាស់​ពិតមែនឬទេ? តើយើងស្រឡាញ់ព្រះជាម្ចាស់ពិតមែនឬទេ? តើយើងបានយកព្រះជាម្ចាស់ជា​អាទិភាព​​នៅក្នុងជីវិតរបស់យើងដែរឬទេ?។ នេះជាសំនួរដែលមាន ពេលយើងឃើញ​អាសនៈវិហារ​​អាយុជាង៨០០ឆ្នាំ ជាវិហារបានបានឆ្លងសតវត្ស ឆ្លងការបដិវត្តន៍ ​ឆ្លងកាលនៃសង្គ្រាមយ៉ាងច្រើន បានឆេះដូចភ្លើងរបស់យើងអំបាញ់មិញ។ ឱព្រះជាអម្ចាស់អើយ តើខ្ញុំចេះស្រឡាញ់ព្រះអង្គឬទេ? 

ប៉ុន្តែយប់នេះព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា!

យប់នេះជាយប់នៃសេចក្តីសង្ឃឹម យើងដឹងថា ​គ្រប់ភាពងងឹតដែលយើងបានផ្ញើលើឈើឆ្កាង​របស់ព្រះគ្រីស្ត ត្រឡប់ទៅជាសេចក្តីសង្ឃឹមថ្មី ពោរពេញដោយពន្លឺ ដែលណែនាំឲ្យជិវិតរបស់​យើងទៅជាជីវិតថ្មី និងណែនាំឲ្យបងប្អូនដែល​ទទួលពិធី​ជ្រមុជទឹកយប់នេះ បានកើតជាថ្មី នាំឲ្យយើងទាំងអស់គ្នាអរ​ព្រះគុណព្រះជាម្ចាស់ និងណែនាំឲ្យយើង​ភ្ញាក់ស្មារតី។ នៅពេលយើង​នឹក​ពីជីវិតក្រីក្រ​របស់យើង ពេលយើងនឹកពីទុក្ខលំបាករបស់យើង នោះយើងដឹងថា យើងមិនមែន​ឯកោម្នាក់ឯងទេ យើងមានព្រះយេស៊ូ ដែលប្រមូលទុក្ខលំបាករបស់យើង ព្រះអង្គចាប់ដៃ​របស់យើង ព្រះអង្គធ្វើដំណើរជាមួយយើង និងជាពិសេសណែនាំឲ្យយើងដឹងថា នៅក្នុងភាពងងឹត​នៃជីវិតរបស់យើង ព្រះអង្គជាផ្កាយដ៏តូចមួយដែលបំភ្លឺផ្លូវ ដូចផ្កាយដែលបានណែនាំផ្លូវ​ដល់ហោរាចារ្យឲ្យទៅថ្វាយបង្គំព្រះឱរសណាពេលប្រសូត។ នៅក្នុងភាពងងឹងនៃជីវិត​របស់យើង មានអណ្តាតភ្លើងដ៏តូចមួយដែលណែនាំឲ្យយើងដឹងថា ខ្ញុំមានមិត្តភក្តិ ខ្ញុំមានគ្រីស្តបរិស័ទ​ឯទៀតៗ ខ្ញុំមានព្រះយេស៊ូផ្ទាល់ដែលជាទីពឹងរបស់ខ្ញុំ ដែលចាប់ដៃខ្ញុំជាកុមារកំព្រា ស្ត្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង ជនក្រីក្រដាច់ពេលច្រើនដងក្នុងមួយឆ្នាំៗ។ យប់នេះយើងដឹងថា ព្រះយេស៊ូចាប់ដៃរបស់យើង​ដើម្បីធ្វើដំណើរ​តទៅទៀត ដើម្បីមានសេចក្តីស្រឡាញ់ និងដើម្បីមាន​សេចក្តី​សង្ឃឹមនៅក្នុងខ្លួនរបស់យើង ទោះបីមានគេមើលងាយ មានគេរិះគន់ មានគេនិយាយដើម ក៏ខ្ញុំនៅមានកម្លាំង មានសេចក្តីក្លាហាន មានភាពអង់អាចពេញខ្លួន ដើម្បីធ្វើដំណើរទៅមុខទៀត ដោយសារខ្ញំមានព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ ធ្វើដំណើរជាមួយខ្ញុំ ប្រែភាពងងឹត​នៃពិភពលោក ភាពងងឹតនៃជីវិតរបស់ខ្ញុំ ទៅជាពន្លឺដ៏ត្រចះត្រចង់ ពោរពេញដោយសេចក្តី​សង្ឃឹម។ ពិតមែន! បងប្អូនជាទីស្រឡាញ់! កុំខ្លាចអី ព្រះយេស៊ូគង់នៅជាមួយយើង។ 

ពិតមែន ពេលខ្ញុំសម្លឹងមើលព្រះភក្ត្ររបស់ព្រះគ្រីស្តនាយប់នេះ ខ្ញុំក៏នឹកឃើញដល់​សង្គ្រាម ដល់ភេរវកម្ម ដល់របៀបដែលគេបំផ្លាញគ្រីស្តបរិស័ទនៅស្រីលង្កា ដល់របៀបដែលគេបាន​សម្លាប់គ្នានៅប្រទេសនានា។ ខ្ញុំក៏នឹកឃើញដល់យើងដែលជាប្រជារាស្ត្រ​នៃសេចក្តីសង្ឃឹម ជាមហា​គ្រួសារ​មួយ​ដែលមានសមត្ថភាព មានឋាមពលដើម្បីបង្កើត​ភាតរភាព​នៅក្នុងពិភព​លោក។ ដូច្នេះមនុស្សដែលចង់សម្លាប់អ្នកដទៃ មនុស្សដែល​ចង់ធ្វើបាបអ្នកដទៃ មិនអាចឈ្នះ​បានទេ គឺមិនអាចឈ្នះភាតរភាព ដែលមានន័យថាយើងជាបងប្អូនគ្នា យើងជាអ្នកដែល​លើកទឹកចិត្តគ្នា យើងជាគ្រួសារមួយដែលចេះស្រឡាញ់គ្នា។ ប្រសិនបើយើង​នៅក្នុងខេត្តតាកែវ នៅក្នុងប្រទេស​កម្ពុជា នៅក្នុងពិភពលោកទាំងមូល ទាំងគ្រីស្តបរិស័ទ ទាំងមនុស្សទាំង​អស់មានចិត្តល្អ មានចិត្តសុចរិត ចាប់ដៃគ្នា ធ្វើដំណើរជាមួយគ្នា នោះមនុស្សដែល​មានចិត្តឃោឃៅ ​ចិត្តអាក្រក់មិនអាចឈ្នះបានទេ។ មានតែសេចក្តីស្រឡាញ់​ជាភាតរភាពទេ ដែលជោគជ័យ នេះអត្ថន័យនៃព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ 

បងប្អូនជាទីស្រឡាញ់!

នៅពេលខ្ញុំសម្លឹងមើលព្រះភក្ត្ររបស់ព្រះយេស៊ូ ខ្ញុំនឹកឃើញដល់អាសនៈ​វិហារនៅទីក្រុងប៉ារីស ដែលកំពុងឆេះ ប៉ុន្តែខ្ញុំក៏នឹកឃើញដល់ព្រះជាម្ចាស់ ដែលមិនដែលលះបង់ចោលប្រជារាស្ត្រ​របស់ព្រះអង្គ តាំងពីថ្ងៃដែលព្រះអង្គបានបង្កើតយើងជាបុរសនិងស្ត្រី រហូតដល់ថ្ងៃ​ដែល​ព្រះអង្គបានដឹកដៃប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីធ្វើដំណើរឆ្លងសមុទ្រក្រហមជាមួយ​លោកម៉ូសេ រហូតដល់ព្រះអង្គចាត់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ មកធ្វើដំណើរ​ជាមួយ​យើងសព្វថ្ងៃ។ ខ្ញុំដឹងថា ព្រះជាម្ចាស់មិនលះបង់ចោលយើង ប៉ុន្តែព្រះអង្គណែនាំឲ្យ​យើងភ្ញាក់ស្មារតី កុំឲ្យយើងបាត់​ទំនាក់ទំនង​ជាមួយព្រះអង្គ នៅក្នុងជីវិតរបស់យើង កុំឲ្យយើងបាត់បង់ជីវិតខាង​ផ្លូវវិញ្ញាណ​ដែលណែនាំឲ្យយើងចេះមើលទៅលើ ដោយដឹងថាមានព្រះជាម្ចាស់នៅខាងលើ ដែលធ្វើដំណើរជាមួយយើង ដែលណែនាំឲ្យជីវិតរបស់យើងរៀងៗខ្លួនលេចឡើងនូវតម្លែថ្លែថ្នូរ ដើម្បីឲ្យជីវិតរបស់យើងមិនមែនគិតតែអំពីខ្លួនឯងប៉ុណ្ណោះ គ្រួសារខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែឲ្យយើង​បើកភ្នែក បើកបេះដូងរបស់យើងឲ្យទូលាយ ដើម្បីស្រឡាញ់ ដើម្បីទទួលអ្នកដទៃ ទទួលជីវិតថ្មី ដោយសារយប់នេះយើងបានកើតជាថ្មី យើងកើតពីទឹក និងពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ដោយសារយើងកើតជាថ្មី យើងដឹងថា ចាប់ពីពេលនេះតទៅ យើងនៅជាប់ជាមួយព្រះជាម្ចាស់ និងព្រះជាម្ចាស់​មិនដែល​លះបង់ចោល​យើង ប៉ុន្តែជួនកាល មានតែយើងទេដែល​លះបង់ចោល​ព្រះអង្គ។ ដូច្នេះអណ្តាត​ភ្លើង​ដែលយើង​បានឃើញនៅលើដំបូលនៃអាសនៈវិហារនៅទីក្រុងប៉ារីស ណែនាំឲ្យគ្រីស្តបរិស័ទ​នៅក្នុងពិភពលោកភ្ញាក់ស្មារតីសាជាថ្មី  គិតពីខ្លួនឯងថា តើជំនឿ​របស់ខ្ញុំយ៉ាងណា? តើសេចក្តី​ស្រឡាញ់​របស់ខ្ញុំចំពោះព្រះជាម្ចាស់យ៉ាងណា? តើសេចក្តី​ស្រឡាញ់​របស់ខ្ញុំចំពោះបងប្អូន​ឯទៀតយ៉ាងណា?

យប់នេះជាយប់ដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ជាយប់ដែល​ព្រះបិតា​ប​ង្ហាញ​សេចក្តី​ស្រឡាញ់របស់ព្រះអង្គចំពោះមនុស្សលោក ដោយប្រោសព្រះយេស៊ូចេញពីភាព​ងងឹត​នៃ​សេចក្តីស្លាប់ ចូលនៅក្នុងពន្លឺនៃជីវិត។ យប់នេះគឺជាឳកាសមួយដើម្បីយើងប្រកាស​ជំនឿ​សាជាថ្មីថា៖ “ឳព្រះបិតាអើយ! សូមអាណិតមេត្តាដល់កូន និងណែនាំកូនក្នុងឆ្នាំនេះ ឲ្យអធិដ្ឋាន ឲ្យស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ ឲ្យរក្សាជីវិតតាមផ្លូវវិញ្ញាណ ដើម្បីទៅជាគ្រីស្តបរិស័ទដែលនៅជាប់​ជាមួយព្រះអង្គ​យ៉ាងពិតប្រាកដមែន”។ 

បងប្អូនជាទីស្រឡាញ់ យប់នេះជាយប់ដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ជាយប់ដែលនាំ​ឲ្យយើងបង្កើតគ្រួសារមួយដ៏ពិសេស គឺព្រះសហគមន៍។ នៅថ្ងៃនេះ ខ្ញុំសូមអរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់បងប្អូន៥៥នាក់ ដែលនឹងទទួលជីវិតថ្មីបន្តិចទៀត ដែលចូលក្នុង​មហាគ្រួសាររបស់យើង។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ សម្រាប់បងប្អូន​ដែលយក​ចិត្តទុកដាក់ ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបង្កើតទំនាក់ទំនងជាមួយបងប្អូន​ឯទៀតៗ​នៅក្នុង​សេចក្តីសុខសាន្ត សុខដុមរមនា នៅក្នុងភាតរភាព ដោយសារយើងជាបងប្អូនបង្កើត ដែលមាន ព្រះបិតាតែមួយ។ ខ្ញុំសូមអរ​ព្រះគុណ​ព្រះជាម្ចាស់ដែល​ណែនាំឲ្យយប់នេះ យើងភ្ញាក់ស្មារតី នឹកឃើញដល់ពិធីជ្រមុជទឹក​របស់យើង នឹកឃើញដល់ជំនឿរបស់យើង ដើម្បីបន្ត​ធ្វើដំណើរជាមួយព្រះយេស៊ូគ្រីស្ត ដែលមាន​ព្រះជន្មរស់ឡើងវិញ។

ស្ត្រីៗបានធ្វើដំណើរដល់ផ្នូរពីព្រឹកព្រលឹម គេបានឃើញផ្នូទទេ។ គេបានស្តាប់ឮ​ព្រះបន្ទូល​ថា ព្រះយេស៊ូលែងនៅទីនេះហើយ។ ព្រះយេស៊ូយាងទៅកាលីឡេមុនបងប្អូនហើយ បន្ទាប់មក ស្ត្រីៗ​ទាំងនោះ​បានរត់ទៅប្រកាសដំណឹងនេះដល់ក្រុមគ្រីស្តទូត ។

បងប្អូន​ជាទីស្រឡាញ់ ដែលនៅចម្ការទៀងយប់នេះ! បងប្អូនជាទីស្រឡាញ់ដែលនៅ​ក្នុងភូមិភាគ​ភ្នំពេញ​ទាំងមូល! ចូរយើងភ្ញាក់ស្មារតីនៅក្នុងរាត្រីដ៏សុខសាន្តនេះ ក្នុងរាត្រីដែលព្រះយេស៊ូមាន ព្រះជន្ម​រស់ឡើងវិញ។ ចូរឲ្យយើងបានដូចស្ត្រីៗដែលយើងស្តាប់ ជាពិសេសឲ្យយើងចេញទៅ​ប្រកាស​ដំណឹងល្អអំពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យពិភពលោករបស់យើង ចេញពីភាពងងឹត ដើម្បីបង្កើតសេចក្តី​ស្រឡាញ់ឲ្យមាន​នៅគ្រប់ទីកន្លែងដែលយើងជាគ្រីស្តបរិស័ទ ជាបុត្រធីតារបស់ព្រះបិតា រស់នៅ។

ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា! អាលេលូយ៉ា អាលេលូយ៉ា!