ព័ត៌មានភូមិភាគភ្នំពេញ

លោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយេ ជួបសំណេះសំណាលជាមួយគ្រួសារអ្នកជំងឺ និងរស់នៅជាមួយមេរោគអេដស៍

លោក​អូលីវីយេ អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ជួប​សំណេះ​សំណាល​ជា​មួយ​បងប្អូន អ្នកជំងឺ និង​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍​ចំនួន ១០០ គ្រួសារ នៅ​មន្ទី​ធម្មការ និង​សាសនា​ខេត្តតាកែវ​ នា​ឱកាស​អបអរ​សាទរបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ កាល​ពី​ថ្ងៃ​ទី១១ ខែមេសា ឆ្នាំ២០១៩ ដោយ​មាន​កិច្ច​សហការ រវាង​ព្រះសហគមន៍​កាតូលិក និង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តតាកែវ​។ បងប្អូង​ទាំង​១០០​គ្រួសារ​នេះ​មក​ពី​តំបន់​មួយ​ចំនួន​នៅ​ជុំវិញ​ខេត្ត​តាកែវ​។

ក្នុង​នោះ​ដែរ​លោក គាំ ដាំ​ផេង អនុប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តតា​កែវ​ថា ពិធី​សំណេះ​សំណាល​នេះ​ជា​សក្ខីភាព​មួយ​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សំណាក់​ព្រះសហគមន៍​កាតូលិក និង​អរគុណ​ដល់​លោកអភិបាល​អូលីវីយេ​ដែល​តែង​តែ​ចូលរួម​យ៉ាង​សកម្ម​និង​យក​អំណោយ​ចែក​ឲ្យ​អ្នក​ទាំង​អស់​គ្នា​នៅ​ក្នុង​ខេត្ត​តាកែវ​ប្រកប​ដោយ​តម្លាភាព​និង​ប្រសិទ្ធភាព។

ក្នុង​ពិធី​នេះ​លោកអភិបាល​អូលីវីយេ​បើ​មាន​ប្រសាសន៍​ថា នេះ​ជា​ឱកាស​មួយ​ដើម្បី​ជូនពរ​ដល់​បងប្អូន​ទាំង​អស់​ឲ្យ​មាន​កម្លាំង​ចិត្ត​តស៊ូ​និង​មាន​សេចក្ដី​សុខ​ជា​ប្រចាំ​។ លោក​ថា​បញ្ហា​របស់​យើង​គឺ​ជំងឺ​ប្រចាំថ្ងៃ​ហើយ​អ្វីដែល​សំខាន់​បំផុត​គឺ​ជីវិត​របស់​យើង​សព្វ​ថ្ងៃ​ដែល​មាន​ទាំង​សុខ​និង​មាន​ទុក្ខ​។ លោក​អភិបាល​បាន​លើក​ទឹក​ចិត្ត បន្ត​ទៀត​ថា នៅ​ក្នុង​ខេត្តតាកែវ​យើង​មាន​ជាង 2 ពាន់​នាក់​ដែល​មាន​ជំងឺ​នេះ​ខ្ញុំ​បាន​អាន ព័ត៌​មាន​ថា​5 ឆ្នាំ​ទៀត​នឹង​មាន​វ៉ាក់សាំង​ការពារ ជំងឺ​អេដស៍ ប៉ុន្តែ​សំខាន់​សូម​ឲ្យ​យើង​ប្រយ័ត្ន កុំ​ឱ្យ​មាន​ដៃ​គូ​ថ្មី​គឺ​មាន​ប្រពន្ធ​តែ​មួយ និង​ប្រើប្រាស់​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់។ 

ក្នុង​ឱកាស​នេះ​ដែរ​លោក​អភិបាល ប័ណ្ណ​ស្នើ​សុំ ដល់​យាយ​ៗ​ដែល​មាន​វត្តមាន​នៅ​ទីនេះ ជួយ​អប់រំ​ដល់​យុវជន​បន្ត​ទៀត​។ លោក​បន្ត​ថា​សន្តិភាព​សំខាន់​ណាស់​ជា​ពិសេស​នៅ​ពេល​ដែល​យើង​ចូល​ឆ្នាំ​ថ្មី​ជា​ពេល​វេលា​ដែល​យើង​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​ដែល​ទេវតា​ចុះ​នៅ​ថ្ងៃ​អាទិត្យ​យើង​មាន​ព្រះ​ពរ​ពី​ឋាន​លើ​មក​មែន​ប៉ុន្តែ​សូម​កុំភ្លេច​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក​បញ្ជាក់​ទៀត​ថា យើង​រក​ឃើញ​សេចក្ដីសុខ​នៅ​ក្នុង​ជីវិត​ដោយ​ចេះ​រួបរួម​គ្នា​ជា​គ្រួសារ​តែ​មួយ ចេះ​គោរព​គ្នា​ជា​បងប្អូន ហើយ​អ្វី​ដែល​សំខាន់​ទោះ​ជា​យើង​សាសនា​ណា​ក្ដី​គឺ​ជា​បង​ប្អូន​និង​ជា​ជន​ជាតិ​ខ្មែរ​ចេះ​ស្រឡាញ់​គ្នា​កសាង​ជាតិ​ដោយ​សមត្ថភាព​របស់​យើង​ផ្ទាល់​។

តាម​ប្រសាសន៍​របស់​លោកគាំ ដាំ​ផេង​បាន​ឲ្យ​ដឹង​ថា​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​សហការ​ល្អ​ពី​ព្រះ​សហគមន៍​និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​តាកែវ​។  ក្នុង​ពិធី​នេះ​អ្នក​ជំងឺ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​សាប៊ូ​ដុស​ខ្លួន​សាប៊ូ​លាង​ចាន​ សាប៊ូ​បោក​ខោអាវ ទឹកត្រី​ទឹកស៊ីអ៊ីវ  អង្ករ និង​ថវិកា​មួយ​ចំនួន​។