ព័ត៌មានភូមិភាគភ្នំពេញ

លោកបូជាចារ្យ សិរី ដាស់តឿនឲ្យគ្រីស្តបរិស័ទមានចិត្តតស៊ូ

 “សូមឲ្យមានចិត្តតស៊ូ និងរក្សានូវជំនឿ សេចក្តីសង្ឃឹមរបស់ខ្លួនដើម្បីអប់រំដល់កុមារ និងយុវជនយុវនារី។” នេះជាប្រសាសន៍របស់ លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជាអគ្គលេខាធិការនៃអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍ទៅកាន់គ្រីស្តបរិស័ទក្នុងឱកាសសម្ដែងធម្មទេសនា នៃកម្មវិធីអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅលើកទី៧៩ នៅទេវវិទ្យាល័យកាតូលិកកម្ពុជា ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នារាត្រីថ្ងៃទី៣១ មករា ២០១៩កន្លងទៅនេះ។  លោកបូជាចារ្យបានបន្ត ដោយលើកយកគំរូនៃគ្រីស្តបរិស័ទជំនាន់ដើម នៅទ្វីបអឺរ៉ុប និងនៅប្រទេសកម្ពុជា នាសម័យរង់ទុក្ខលំបាក ត្រូវគេបំបិទសិទ្ធិគ្រប់បែបយ៉ាង ដែលបានតស៊ូរក្សាជំនឿ និងសេចក្តីសង្ឃឹមរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។ លោកថា អ្នកទាំងនោះគឺជាគំរូក្នុងការអប់រំគ្រីស្តបរិស័ទជំនាន់ក្រោយៗ មានដូចជា អ្នកដែលបង្កើតក្រុមរិះគិតអំពីព្រះបន្ទូលប្រចាំថ្ងៃ។ ក្រុមគ្រីស្តបរិស័ទ លោកអភិបាល បូជាចារ្យ និងបព្វជិតដែលរស់នៅជាត់ខ្មែរ នៅក្នុងសម័យប៉ុលពត។ ជាពិសេសគឺលោកអភិបាលឆ្មារ សាឡាស់ រួមនិងសហការី ដែលបានព្យាយាមរក្សានូវជំនឿដែលជាពន្លឺជានិច្ច រហូតដល់នាទីចុងក្រោយ។ 
លោកឆ័ត្រសិរី បន្តថាការបង្ហាញជំនឿនៅក្នុងសម័យប៉ុលពត ពិតជាលំបាក ហើយប្រឈមនឹងសេចក្តីស្លាប់គ្រប់ពេល។ មានគ្រីស្តបរិស័ទ និងអ្នកឯទៀតបានឃើញនិងមានការចងចាំអំពីលោកឡាសដែលខិតខំរក្សាព្រះគម្ពីរនៅក្នុងហោប៉ៅខោរហូតដល់ថ្ងៃស្លាប់។ 
មួយទៀតលោក បូជាចារ្យក៏បានបង្ហាញអំពីគំរូនៃជីវត សន្តយ៉ូហានបូស្កូ ដែលបានខិតខំជួយដល់យុវជនដែលគេលះបង់ ទាំងកាយ និងវិញ្ញាណ។ យុវជន យុវនារីទាំងនោះក្រីក្រ គ្មានលទ្ធភាពរកការងារធ្វើ ប្រសិនបើលោកយ៉ូហានបូស្កូមិនជួយ ពួកគេនឹងមានគ្រោះថ្នាក់។ 
លោកបូជាចរ្យអធិការបតី បន្ថា ការព្យាយាមជួយក្រុមយុវជនដោយចិត្តតស៊ូរបស់សន្តយ៉ូហានបូស្កូ  គឺជាគំរូនៃតួនាទីរបស់ឪពុកម្តាយក៏ដូចជាអ្នកណែនាំឯទៀត ធ្វើយ៉ាងណាដើម្បីអប់រំឲ្យយុវជនមានសីលធម៌និងជំនឿ។ លោកបន្ថែមថា ការអប់រំសព្វថ្ងៃមានការប្រឈមច្រើន ក៏ប៉ុន្តែត្រូវមានចិត្តតស៊ូដោយអនុវត្តតាមព្រះបន្ទូលផងដែរ។ព្រះសហគមន៍កាតូលិកភូមិភ្នំេពញបាក្រោមការណែនាំរបស់លោកអូលីវីយេ​បានបង្កើតកម្មវិធីអធិដ្ឋាន ពេញមួយយប់សម្រាប់ការត្រាស់ហៅប្រមាណជា៧ឆ្នាំមកហើយ ដើម្បីអង្វរព្រះជាម្ចាស់ចាត់អ្នកបម្រើបន្ថែមទៀតមកក្នុងស្រែរបស់ព្រះអង្គ ជាពិេសេស គឺអ្នកបម្រើចេញពីយុវជនកម្ពុជាផ្ទាល់តែម្តង។