ព័ត៌មានភូមិភាគភ្នំពេញ

រំលឹកខួបទី៥០ឆ្នាំនៃការថ្វាយខ្លួនជាអ្នកបួសបងស្រីកូលែត សូ សុភីន ជាដូនជីក្រុមឧបការគុណ

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យនេះ បងស្រីកូលែត សូ សុភីនជាដូនជីក្រុមឧបការគុណនៅព័រស្យឺបានរំលឹកខួបទី៥០ឆ្នាំនៃការថ្វាយខ្លួនជាអ្នកបួសក្នុងក្រុមគ្រួសារនេះដោយមានលោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ ជាអធិបតីរួមជាមួយលោកបូជាចារ្យនិងគ្រីស្តបរិស័ទជាច្រើននាក់ចូលរួមនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន។

បងស្រីកូឡែត មានប្រសាសន៍ថាកាលពីដំបូងគាត់មិនចង់បួសជាដូនជីនោះទេ ប៉ុន្តែដោយសារតែជីដូននិងលោកបូជាចារ្យក្នុងព្រះសហគមន៍ជំរុញគាត់។ បងស្រីវ័យ៧០ឆ្នាំរូបនេះ បានឲ្យដឹងថាក្នុងជីវិតជាអ្នកបួសរបស់គាត់ គាត់បានជួបនូវការល្បួងជាច្រើនមានទាំងចិត្តចង់ចាកចេញពីក្រុមអ្នកបួស ដោយសារតែជំងឺគាពាធ ហើយដោយសារតែចិត្តមានៈ។ប៉ុន្តែដោយសារការត្រាស់ហៅរបស់ព្រះជាម្ចាស់ និងធម៌មេត្តាករុណារបស់ព្រះអង្គបងស្រីអាចជំនះឧបសគ្គនានាបានរហូតមកដល់ពេលនេះ ដែលមានរយៈកាល៥០ឆ្នាំហើយ។

បងស្រីកូឡែត«នៅថ្ងៃអនាគត់ខ្ញុំគឹតថាព្រះយេស៊ូជាអ្នកដើរនាំមុខខ្ញុំហើយដឹកដៃខ្ញុំទៅព្រោះជីវិតខ្ញុំជាមនុស្សគឺអ្វីៗគ្រប់យ៉ាងខ្ញុំមិនអាច​ធ្វើបានទេហេតុនេះមានតែព្រះជាម្ចាស់ទេដែលជាអំណោយទានគ្រប់យ៉ាង»។

បងស្រីបន្ថែមទៀតថា«ពីដំបូងឡើយខ្ញុំមិនចង់ក្លាយជាបងស្រីនោះទេតែក្រោយពេលដែលខ្ញុំបាន​ឆ្លើយតបថា(ចាស)គឺមានន័យថាការយល់ព្រមហើយនោះគឺជាពេលវេលាដែលត្រូវដើរតាម​មាគ៌ារបស់ព្រះអង្គរហូតហេតុនេះអ្វីៗគ្រប់យ៉ាងគឺជាអំណោយទានរបស់ព្រះជាម្ចាស់ទាំង​អស់»។

បងស្រីកូឡែត សូ សុភីន ប្រសូតនៅមន្ទីរពេទ្យព្រះកេតុមាលានាឆ្នាំ១៩៤៨ នាទីក្រុងភ្នំពេញ។ បងស្រីស្ថិតនៅក្នុងគ្រួសារគ្រីស្តបរិស័ទកាតូលិក។កាលពីកុមារភាពបងស្រីរស់នៅធំដឹងក្តីនៅផ្សារតូច ភូមិព្រះមាតា។ នៅថ្ងៃទី១៥ សីហា ១៩៦៨បងស្រីបានថ្វាយពាក្យសច្ចាលើកដំបូង ក្នុងក្រុមឧបការគុណ។ក្នុងសម័យសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជាបងស្រីបានចាកចេញទៅប្រទេសបារាំងក្នុងឆ្នាំ១៩៧៣ដើម្បីទៅសិក្សាបន្តរៀនជាសាមណេរីលើកទី២ដើម្បីសច្ចានិរន្តរ៍។ បងស្រីកូឡែតបានលើកទឹកចិត្តដល់យុវជនទាំងឡាយឲ្យស្វែងរកការត្រាស់ហៅរបស់ព្រះជាម្ចាស់តាមរយៈការអធិដ្ឋានឲ្យបានច្រើន។បងស្រីកូឡែត ៖«ខ្ញុំចង់អោយយុវជននិងគ្រិស្តបរិស័ទទាំងអស់ព្យាយាមអធិដ្ឋានអោយច្រើនហើយបើសិនជាបាន​ឮសម្លេងព្រះជាម្ចាស់ត្រាស់ហៅសូមឆ្លើយទៅព្រោះព្រះជាម្ចាស់ហៅគឺមានន័យថាព្រះ​អង្គមានគម្រោងការណ៍ដើម្បីដឹកនាំជីវិតយើង។