ព័ត៌មានភូមិភាគភ្នំពេញ

រាង​កាយ​និង​វិញ្ញាណ​ត្រូវ​ចិញ្ជឹម​ដោយ​ការ​អប់រំ

លោកអភិបាល​អូលីវី​យេ ជ្មីតអីស្ល៊ែរ ចូលរួម​ជា​អធិបតី​ក្នុងពិធី​បើក​បវេសនកាល​​ វិទ្យាល័យ​សម្តេច​ក្រុមព្រះ និង ព្រះអង្គម្ចាស់​ក្សត្រិយ​ នរោត្តម​ ម៉ារី​រណឫទ្ធិ​ អង្គរនាប នា​ព្រឹក​ថ្ងៃទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដោយ​រួម​ជាមួយ​ លោក សាយ វណ្ណៈ អភិបាល​រង​ស្រុក​ត្រាំកក់ លោក យន់ យ៉ុង អនុ​ប្រធាន​ការិយាល័យ​មធ្យម​សិក្សា​នៃ​មន្ទីរ​អប់រំ យុវជន និងកីឡា ខេត្ត​តាកែវ និង​មាន​ការ​ចូល​រួម​ដោយ​លោក​គ្រូ​អ្នក​គ្រូ បុគ្គលិក​សិក្សា និង​សិស្សានុសិស្ស ជិត២០០០នាក់។

លោក​អភិបាល អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ថ្លែង​ក្នុង​អង្គ​ពិធី​ថា លោក​មក​ចូល​រួម​ថ្ងៃ​នេះ ​ក្នុង​នាម​ជា​មិត្ត​សម្លាញ់​នៃ​ការសិក្សា។ លោក​បាន​មាន​ប្រសាសន៍ទៀតថា មនុស្ស​ដែល​ពេញ​លក្ខណៈ​ជា​មនុស្ស​ដែល​ចិញ្ចឹម​ខួរ​ក្បាល​ផង ដែល​ថែរក្សា​រូបកាយ​ផង ដែល​យក​ចិត្ត​ទុក​ដាក់​លើ​ផ្លូវ​វិញ្ញាណ​ផង និង​រស់​នៅ​ក្នុង​ពិភព​ដែល​យើង​បាន​ទទួល។ ដូច្នេះ ​ចំណេះ​ដឹងជា​កត្តា​សំខាន់ ហើយ​យើង​ត្រូវ​ចេះ​​ថែរក្សា​ទេពកោសល្យ​ ថែរក្សា​សាមគ្គីភាព​ជាមួយ​មនុស្ស​​នៅ​ក្នុង​សង្គម និង​ចេះ​ចិញ្ចឹម​ផ្លូវ​វិញ្ញាណ។ 

នៅ​ក្នុងនោះ​ដែរ​លោក​អភិបាល​បាន​ផ្តល់​នូវ​ពាក្យ​បួន​ឃ្លា​ដែល​ក្នុងនោះ​មាន​ សមត្ថភាព ឧត្តមភាព មេត្តា និង​ករុណា​ ដល់​សិស្សានុសិស្ស​ទាំង​អស់។ លោក​បញ្ជាក់ថា ការ​សិក្សា​អប់រំ​គឺ​ ឲ្យ​យើង​ខិតខំ​អស់​ពី​សមត្ថភាព ឲ្យ​យើង​ថែរក្សា​ឧត្តមភាព​ដើម្បី​ចូលរួម​នៅ​ក្នុង​អនាគត​នៃ​ប្រទេសជាតិ និង​ការពារ​ថែរក្សា​ចិត្ត​មេត្តា​និង​ករុណា ដែល​ណែនាំ​ឲ្យ​យើង​អភិវឌ្ឍ​​នៅ​ក្នុង​សុខ​សន្តិភាព។ 

វិទ្យាល័យសម្តេច​ក្រុមព្រះ និង ព្រះអង្គម្ចាស់​ក្សត្រិយ នរោត្តម ម៉ារី​រណឫទ្ធិ អង្គរនាប ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ភូមិ​អង្គរនាប ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

លោកគ្រូ អ៊ូ ហេង នាយក​វិទ្យាល័យ​នេះ​ មាន​ប្រសាសន៍​ថា ទិសដៅ​របស់​សាលានេះ គឺ​ពង្រឹង ការ​បង្រៀន​និង​រៀន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ រៀបចំ​កែ​លម្អ​បរិស្ថាន​និង​អនាម័យ​សាលារៀន​ឲ្យ​បាន​ល្អ ជំរុញ​ផ្នែក​បំណិន​ជីវិត​ឲ្យ​មាន​ដំណើរ​ការ​ល្អ និង​ទទួល​បាន​ជោគជ័យ ធ្វើ​ឲ្យ​មាន​ការ​ទំនាក់ទំនង​ល្អ​ជា​មួយ​សហគមន៍ជាតិ អន្តរជាតិ ដើម្បី​ជួយ​អភិវឌ្ឍន៍​សាលារៀន។

លោក​នាយក ក៏​បាន​ថ្លែង​អំណរ​អរគុណ​ដល់​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ​ដែល​មាន​លោក​អភិបាល អូលីវីយេ ជា​ប្រមុខ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​និង​មាន​ទំនាក់ទំនង​ល្អ​រវាង​គ្នា​និង​គ្នា​តាំង​ពី​ដើម​រៀងមក។

ក្នុង​កម្មវិធី​នោះ​ដែរ​លោក​អភិបាល ​បាន​ជូន​កុំព្យូទ័រ​លើ​តុ​ចំនួន​២៥​គ្រឿង និង​សម្ភារ​ការិយាល័យ​មួយ​ចំនួន​ដល់​សាលា សៀវភៅ​សរសេរ​ចំនួន​៣២០០​ក្បាលដល់​​​សិស្សានុសិស្ស និង​ផលិតផល​សិប្បកម្ម​របស់​ព្រះសហគមន៍​កាតូលិក ព្រម​ទាំង​ថវិកា​មួយ​ចំនួន​ជូន​លោក​គ្រូ​អ្នក​គ្រូ និង​បុគ្គលិក​សិក្សា៕

ដោយ​ង៉ែត សុធីរិទ្ធ