ព័ត៌មាន

រដូវអប់រំពិសេស គឺនាំឱ្យចូលយ៉ាងជ្រៅ ក្នុងដួងចិត្តផ្ទាល់ខ្លួន ដើម្បីកែប្រែចិត្តគំនិត

[:kh]ភ្នំពេញ៖ “ក្នុងពេលវេលានេះ គឺជាពេលវលាមួយ ដែលនាំឱ្យយើងម្នាក់ៗចូលយ៉ាងជ្រៅ ទៅក្នុងជីវិតផ្ទាល់ខ្លួន ដើម្បីកែប្រែចិត្តគំនិត ដោយជឿលើដំណឹងល្អ”។ លោកអភិបាលអូលីវីយេ ​ជ្មីតហស៊្លែរ បានថ្លែងដូចនេះនៅក្នុងពិធីថ្វាយ អភិបូជា នៅថ្ងៃពុធបុណ្យរោយផេះ នៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច នារសៀលទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ។

តាមប្រតិទិនរបស់ព្រះសហគមន៍កាតូលិក ពិធីបុណ្យរោយផេះ ជាថ្ងៃចាប់ផ្តើមចូលក្នុងរដូវអប់រំពិសេស (រដូវសែបសិបថ្ងៃ) របស់ព្រះសហគមន៍កាតូលិក ។

នៅក្នុងធម្មទេសនានាឱកាសនោះ លោកអូលីវីយេ ជ្មីតហស៊្លែរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍​ក្រើនរំលឹកគ្រីស្តបរិស័ទថា ដូចក្នុងអត្ថបទព្រះគម្ពីរ ដែលយើងបានស្តាប់អំបាញ់មិញនេះ នាំឱ្យយើងរិះគិតអំពីជីវិតរបស់យើងម្នាក់ៗ គឺ​ព្រះបន្ទូលរបស់​ព្រះជាម្ចាស់​ថ្ងៃនេះណែ​នាំឱ្យយើងធ្វើទាន និងធ្វើអ្វីៗទាំងអស់។ លោកបន្តថា ព្រះអង្គមិនណែនាំ​ឱ្យយើងបង្ហាញមុខ និងអួតខ្លួន​នៅពេលយើង​ជួយអ្នកដទៃ នៅពេលយើងអធិដ្ឋាន នៅពេលយើងតមអាហារ គឺយើងធ្វើនៅក្នុងភាពស្ងាត់ស្ងៀម នៃដួងចិត្តរបស់យើង ។

លោកអភិបាលបន្តថា រដូវអប់រំពិសេសជួយ​យើងឱ្យគិតដល់​ព្រះហឫទ័យ​មេត្តាករុណា​របស់ព្រះជាម្ចាស់ ដែលបានប្រោសប្រទានមកយើងម្នាក់ៗ គឺបំពេញ​នូវបេសកកម្ម​នៃការប្រកាសដំណឹងល្អរបស់ព្រះអង្គលើផែនដីនេះ ។ នៅពេលយើងធ្វើទានដល់ជនក្រីក្រ សូមកុំធ្វើបុណ្យទាននៅមុខមនុស្សម្នា ដើម្បីឲ្យតែគេឃើញនោះឡើយ។ ធ្វើបែបនេះអ្នករាល់​គ្នាពុំបានទទួលរង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខទេ។

ជាមួយគ្នានេះ​លោកអភិបាលបានលើកយកនូវព្រះបន្ទូលរបស់សម្តេចប៉ាប ដែលបានណែនាំដល់គ្រីស្តបរិស័ទកាតូលិទូទាំងពិភពលោកថា៖ ដោយសារតែអំពើអាក្រក់​របស់មនុស្សបានប្រព្រឹត្ត ណែនាំឱ្យធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ថយទៅៗ នៅលើពិភពលោកនេះ ។ ដូច្នេះយើងជាគ្រីស្តបរិស័ទរិះគិត និងពិចារណា ថា៖”តើមានអ្វីខ្លះក្នុងជីវិតរបស់ខ្ញុំផ្ទាល់ ដែលណែនាំឱ្យធម៌មេត្តាករុណារបស់​ព្រះជាម្ចាស់មិន​អាចឮ​ដល់បងប្អូនឯទៀតៗ “។

លោកអភិបាលបញ្ជាក់ថា​ នៅរដូវត្រណម ឬ រដូវសែសិបថ្ងៃ (រដូវអប់រំពិសេស)នេះ ជួយយើងជាគ្រីស្តបរិស័ទ ឱ្យចេះទូលអង្វរព្រះជាម្ចាស់ដោយសុំព្រះអង្គលើកលែងទោស និងកែប្រែចិត្តគំនិតរបស់យើង។

នៅក្រោយធម្មទេសនារបស់លោកអភិបាលបានប្រសិទ្ធព្រះពរលើផេះ ដោយមានពាក្យអធិដ្ឋាន ដើម្បីសូមអង្វរព្រះជាម្ចាស់ ប្រទានពរឲ្យអស់គ្រីស្តបរិស័ទ​ដែលហៀបនឹងទទួលផេះនេះ។គ្រីស្តបរិស័ទទទួលផេះពីលោកអភិបាល លោកបូជាចារ្យ ដោយលោកយកផេះមួយចំនួនតូច ដាក់លើក្បាល ឬគូសជាសញ្ញាឈើឆ្កាងលើថ្ងាស ដោយពោលពាក្យថា “ចូរប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ” ឬ “ចូរអ្នកនឹកថា អ្នកកើតពីធូលីដីមក ហើយអ្នកក៏នឹងត្រឡប់ទៅជាធូលីដីដែរ”។

បន្ទាប់មកគ្រីស្តបរិស័ទទាំងអស់រួមគ្នា ដោយបន្តចូលរូមពិធីអភិបូជា ព្រមទាំងអរព្រះគុណ និងលើកតម្កើងព្រះជាម្ចាស់។

គួរបញ្ជាក់ថា ពិធីរោយផេះ គឺជាសញ្ញាមួយក្នុងពិធីបុណ្យ នៃព្រះសហគមន៍កាតូលិក ចូលក្នុងរដូវអប់រំពិសេស ឬ រដូវត្រណម ឬរដូវសែសិប ហើយ ចាប់ពីថ្ងៃនេះទៅ គឺយើង ចូលក្នុងរដូវដែលត្រូវតែបង្គាប់ចិត្តខ្លួនឯង។ សូមព្រះជាម្ចាស់កែប្រែចិត្ត និងពិចារណាអំពីជីវិត របស់ព្រះយេស៊ូ ហើយដើរតាមព្រះអង្គ​កាន់តែជិតស្និទ្ធឡើងៗ តាមរយៈការអធិដ្ឋាន តមអាហារ និងចែកទានដល់អ្នកក្រីក្រជាដើម ៕[:]

Leave a Reply

Your email address will not be published.