ព័ត៌មានភូមិភាគភ្នំពេញ

យុវជន យុវនារី កាតូលិកបង្ហាញជំនឿដោយថ្មើរជើងចម្ងាយជិត២០គីឡូម៉ែត្រ

​យុវជន យុវនារី និងគ្រីស្តបរិស័ទប្រមាណ២៥០នាក់នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើដំណើរបូជនីយេស៍នៅ​ខេត្ត​កំពង់​ធំ រៀបចំដោយការិយាល័យ យុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ ពីថ្ងៃទី ២៥ដល់ថ្ងៃទី២៧ មករា ២០១៩ ក្រោមការណែនាំពី​លោកអភិបាល អូលីវីយេ ជ្មីតអីស៊្លែរ។

លោក ស៊ាន់ សារឿន ប្រធានការិយាល័យ យុវជន ជំទង់ និងកុមារ បានឲ្យដឹងថា បូជនីយេសក៍ចរនេះគឺជាលើកទី៩ ដោយថ្មើរជើងចំងាយ​១៩​គីឡូ ពី​ព្រះសហគមន៍​ភូមិប៉ាង​ទៅកាន់ព្រះសហគមន៍តាំងគោក ក្នុងខេត្តកំពង់ធំ ជាដីមរណសាក្សីនៃព្រះសហគមន៍កាតូលិកកម្ពុជា។ បូជនីយេសក៍នេះ ធ្វើ​ឡើង​​លើ​ប្រធានបទ “នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!” (លក ១,៣៨) ស្រប​តាម​​ទិវាយុវជនទូទាំងពិភពលោក នៅប្រទេស​ប៉ាណាម៉ា។

លោកសារឿន បន្ថែមថា បូជនីយចរនេះ គឺដើម្បីបង្ហាញពីជំនឿ និងសេចក្តីសង្ឃឹមតាមរយៈការអធិដ្ឋាន។ «យើង​ឃើញថា នៅ​ពេល​យើង​ដើរ​ បងប្អូន​(ប្រជាជន) គាត់​ចាប់អារម្មណ៍​ ខ្លះ​គាត់​សួរ​យើងថា​យើង​កំពុង​ធ្វើអី ហើយ​ដើរ​ពីណាមក ដើរធ្វើអី ជាដើម។» លោកសារឿន បញ្ជាក់។

ក្នុង​ការ​ធ្វើដំណើរនេះ ត្រូវ​ចំណាយ​ពេល​៦ម៉ោង ពី​ព្រឹក​រហូត​ដល់​រសៀល ដែលក្នុងនោះ​ត្រូវ​បាន​បែង​ចែក​ជាបីដំណាក់កាល។ ក្នុងដំណាក់កាលនីមួយៗ យុវជន យុវនារី ទាំងអស់បានទទួលការអប់រំពីលោកអភិបាលអូលីវីយេ ទាក់ទង​នឹង​ការ​ស្គាល់​ខ្លួន​ឯង ការ​ជ្រើសរើស​ជន​គំរូ​សម្រាប់​ជីវិត​រស់នៅ និងការ​កំណត់​ទិសដៅ​របស់ខ្លួន​ ដោយ​ផ្សារភ្ជាប់​ជាមួយ​ជំនឿ​យ៉ាងរឹងមាំ ដើម្បី​ប្រកាស​ដំណឹងល្អ និង​ស្រឡាញ់​អ្នក​ដទៃ​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់​មនុស្ស​លោក។

នៅ​ថ្ងៃ​បិទបញ្ចប់​នៃ​កម្មវិធី​លោក​អភិបាល​បាន​ថ្វាយអភិ​បូជា​បិទ​ ដោយ​រំលឹក​អំពី​ជីវិត​អស់លោក​ដែល​បាន​ស្លាប់​ដោយ​សារ​ជំនឿ​ក្នុងរបប​ប្រល័យពូជសាសន៍ប៉ុលពត​ មានលោក​អភិបាល​ឆ្មារ សាឡាស លោក​បូជាចារ្យឆ្មារ ​សាឡឹម លោកបូជាចារ្យ ទ្រឿង សំរើនជាដើម ជា​គំរូនៃ​ជំនឿ​សម្រាប់​គ្រីស្ត​បរិស័ទ។  អភិបូជានេះ បាន​ធ្វើ​ឡើង​ក្នុងខ្ទមដែល​ដាក់​គ្រែ​របស់​អស់​លោក​ដែល​បាន​ថ្វាយ​អភិបូជា​រួម​គ្នា​មុន​ពេល​បាត់​ដំណឹង​ឬ​ទទួល​រមណភាព​។ លោកអភិបាល​មាន​ប្រសាសន៍​ថា «យើងមានឧបសគ្គនៅក្នុងជីវិត តែសំខាន់សូមឲ្យយើងការពារថែរក្សាជំនឿរបស់យើង ទោះបីមានគេរិះគន់ មានគេនិយាយដើមក៏ដោយ»។
អភិបូជាបិទ​កម្មវិធីនេះ គឺស្របពេលទិវា​យុវជនពិភពលោកត្រូវ​បាន​បិទ​បញ្ចប់ផងដែរ។

បន្ទាប់​ពី​បញ្ចប់​កម្មវិធីនេះ លោក ស៊ាន់ សារឿន សូម​ឲ្យ​អ្នកចូលរួមទាំងអស់បន្តការអធិដ្ឋានដល់យុវជនកម្ពុជា ក៏ដូចជាយុវជនទូទាំងពិភពលោក។ លោកក៏​រំពឹង​ថា «អ្នកដែលចូលរួមនឹងទទួលបាននូវអ្វីដែលថ្មី និងមានជំនឿរឹងមាំថែមទៀត ដើម្បីបម្រើព្រះសហគមន៍ និងសង្គម ដោយចែករំលែកសេចក្តីស្រឡាញ់ទាំងនៅក្នុងគ្រួសារ និងមនុស្សនៅជុំវិញខ្លួនផងដែរ»

កញ្ញា ចឹម ស្រីមិច យុវនារីមកពីព្រះវិហារព្រះកុមារយេស៊ូ (បឹងទំពុន) បានឲ្យដឹងថា «ខ្ញុំមានអំណរសប្បាយដែលបានដើរក្នុងព្រះនាមព្រះជាម្ចាស់ ហើយវត្តមានរបស់ព្រះជាម្ចាស់បានជួយជំរុញឲ្យខ្ញុំដើរទៅមុខ» នាង​ប្រាប់​ទៀតថា នាង​តែង​តែ​មក​ចូលរួម​កម្មវិធីនេះជារៀងរាល់ឆ្នាំ​ដោយ​សារ​​បានជួបមុខយុវជន យុវនារីថ្មីៗហើយប្រធានបទក៏ថ្មីជារៀងរាល់ឆ្នាំ។

មុនពេល​បញ្ចប់​កម្មវិធី លោកអភិបាលអូលីវីយេ បានប្រកាសថា ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនឹងបន្តធ្វើបូជនីយេស៍សម្រាប់ឆ្នាំ២០២០ ទៅកាន់ភ្នំជីសូរ ដោយធ្វើដំណើររយៈពេលពីរថ្ងៃ។ បូជនីយេស៍លើកដំបូងបានចាប់ផ្តើមឡើងកាលពី​ឆ្នាំ២០១០៕

ដោយ​ដាលីស