ព័ត៌មានភូមិភាគភ្នំពេញ

មេ​ក្រុម​កាយឫទ្ធិ​គឺជា​អ្នក​បម្រើ​កូន​ក្មេង

ការិយាល័យ​យុវជន ជំទង់ និងកុមារ ភូមិភាគ​ភ្នំពេញ បាន​រៀបចំ​សិក្ខា​សាលា​មេក្រុម​កាយឫទ្ធិ​ទូទាំង​ភូមិភាគ ក្រោម​ប្រធាន​បទ “ខ្ញុំ​អាច​ធ្វើ​បាន” កាល​ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០១៩ នៅ​ព្រះសហគមន៍​កាតូលិក​សន្តី​ម៉ារី​ញញឹម​ចំការទៀង ស្រុកត្រាំកក់​ ខេត្ត​តាកែវ ដែល​មាន​សិក្ខា​កាម​ប្រមាណ​ជាង​១៦០​នាក់​ចូល​រួម។

លោក ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន ជំទង់ និង​កុមារ​ភូមិភាគ​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា នេះ​ជា​សិក្ខា​សាលា​លើក​ទី​១០ សម្រាប់​ប្រធាន​មេ​កាយឬទ្ធិ​ទាំងអស់​ក្នុង​ភូមិភាគ​ភ្នំពេញ ចាប់​តាំង​ពី​ការិយាល័យ​មាន​នៅ​ឆ្នាំ២០១០។ សិក្ខា​សាលា​នេះ មាន​រយៈពេល​បីថ្ងៃ​ក្រោម​ប្រធាន​បទ “ខ្ញុំ​អាច​ធ្វើ​បាន” ដើម្បីលើកទឹកចិត្តដល់មេកាយឫទ្ធិទាំងអស់បានដឹងថា គេមានសមត្ថភាព មានលទ្ធភាព មានចំណេះដឹង អាចជួយអប់រំ ណែនាំ និងជួយបម្រើព្រះសហគមន៍បាន​ដោយការទទួលខុសត្រូវ និងសេចក្តីស្រលាញ់។  លោកសារឿនបន្តថា ក្នុងកម្មវិធីនេះ គឺមានការអប់រំ បណ្តុះបណ្តាលពីវិធីសាស្ត្រមួយចំនួន ការប្រើប្រាស់សម្ភារ​មួយចំនួន មាន សៀវភៅជាដើម។ ក្នុងនោះក៏មានរបៀប​ឲ្យគេមានទំនាក់ទំនងគ្នាកាន់តែជិតស្និតឡើង​ ព្រមទាំងចែករំលែកបទពិសោធន៍​អំពីកិច្ចបម្រើរបស់ពួកគេដែរ។  

លោកប្រធានបន្តថា វា​ពិត​ជា​មាន​អំណរ​សប្បាយ​ដែល​បាន​ឃើញ​មេក្រុម​កាយឬទ្ធិ​ជាច្រើន​បាន​សុខ​ចិត្ត​លះបង់​ពេល​វេលា ដើម្បី​ជួយ​បម្រើ​ជួយ​ព្រះសហគមន៍ ជាពិសេស​ជួយ​ក្មេងៗ​។  លោក សារឿនក៏សង្ឃឹម​ថា​មេក្រុម​កាយឫទ្ធិ​ទាំងអស់​នឹង​ពាំនាំ​បទ​ពិសោធន៍ ចំណេះ​ដឹង និង​ការ​ទទួល​ខុស​ត្រូវ​របស់​យើង ដើម្បី​បន្ត​អនុវត្ត បន្ត​យក​ចិត្ត​ទុក​ដាក់ និង​បន្ត​ជួយ​បម្រើ​ព្រះសហគមន៍​យ៉ាង​ពិត​ប្រាកដ​មែន។ 

ចំពោះបូជាចារ្យ​តាម​ព្រះសហគមន៍ ក៏ដូចជា​តាម​មណ្ឌល​សកម្មភាព លោកសារឿនសុំ ​ជួយ​បន្ត​ជម្រុញ គ្រាំ​ទ្រ និង​លើក​ទឹក​ចិត្ត​ពួកគេ​ថែមទៀត ដើម្បី​ពួកគេ​មាន​កម្លាំង​ហើយ​ជួយ​បម្រើ​ព្រះសហគមន៍។ 

យុវតី អ៊ិច រីណា ជា​មេក្រុម​កាយឬទ្ធិ​មក​ពី​ព្រះសហគមន៍​សន្ត​យ៉ូសែប​ជុំគិរី ខេត្ត​កំពត បាន​ថ្លែង​ថា បន្ទាប់​ពី​បាន​ចូលរួម​សិក្ខា​សាលា​មេក្រុម​កាយឬទ្ធិ​រយៈបី​ថ្ងៃ​នេះ ធ្វើ​ឲ្យ​ប្អូន​បាន​ពង្រឹង​សេចក្តី​ក្លាហាន​របស់​ខ្លូន និង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មីៗ ដូចជា​ការ​សង្រ្គោះ​បឋម ចំពោះ​ករណី​ពស់ចិក ករណី​លង់ទឹក ករណី​ឆក់​ចរន្ត​អគ្គិសនី​ជាដើម។ យុវតី រីណា ក៏​បាន​តាំង​ចិត្ត​ថា​នឹង​យក​ចំណេះ​ដឹង​ដែល​ប្អូន​ទទួល​បាន​ពី​អង្គ​សិក្ខា​សាលា​នេះ ទៅ​បង្ហាត់​បង្រៀន​ដល់​ប្អូនៗ​កាយឫទ្ធិ​ដែល​មាន​នៅ​ព្រះសហគមន៍​របស់​ខ្លួន។ 

ថ្លែង​នៅ​ក្នុង​ធម្មទេសនា លោក អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ណែនាំ​ដល់​មេក្រុម​កាយឫទ្ធ​ថា សម្រាប់​យើង​ជា​មេក្រុម​កាយឫទ្ធិ ​អាច​ប្រកាស​ដំណឹង​ល្អ​របៀប​ណា​នៅ​ក្នុង​តួនាទី​របស់​យើង​មេ​កាយឫទ្ធិ។ មេ​កាយឬទ្ធ​ត្រូវ​តែ​ទទួល​ការ​អប់រំ​ឲ្យ​ពេល​ក្រោយ​យើង​អាច​អប់រំ​បន្ត ឲ្យ​យើង​ចេះ​ទទួល​ខុសត្រូវ កែ​តម្រង់ ធ្វើ​ជា​មនុស្ស​សុចរិត​ដែល​មាន​ចិត្ត​ស្មោះ។ លោកអភិបាលបន្តថា ពេល​យើង​ឯកភាព​ធ្វើ​មេក្រុម​កាយឫទ្ធិ មាន​ន័យ​ថា​យើង​ឯកភាព​ធ្វើ​ជា​អ្នក​បម្រើ​ព្រះជាម្ចាស់ បម្រើ​កូន​ក្មេង បម្រើ​ព្រះសហគមន៍ បម្រើ​សង្គម។ 

លោកអភិបាលក៏បានផ្តាំផ្ញើមេកាយឫទ្ធិទាំងអស់ពេល​ត្រឡប់​ទៅ​វិញ​សូម​ទៅ​ជួប​លោក​ឪពុកតាមព្រះសហគមន៍ ដើម្បី​និយាយ​អំពី​កម្មវិធី​កាយឫទ្ធិ ឲ្យ​លោក​ឪពុក​ចូលរួម​ប្រជុំ​ជាមួយ​មេក្រុម​កាយឫទ្ធិ​មួយ​ខែ​ម្តង ដើម្បី​រៀបចំ​មេរៀន​និង​កម្មវិធី​កាយឫទ្ធិ​នៅ​ខែ​បន្ទាប់។ ណែនាំ​ដល់​ក្មេងៗ​ដោយ​មាន​ចិត្ត​អត់ធ្មត់​ឲ្យ​គេ​ចូល​នៅ​ក្នុង​ជីវិត​ជា​កាយឫទ្ធិ ចេះ​ស្រឡាញ់​ធម្មជាតិ ចេះ​គោរព​ចាស់ទុំ ចេះ​គោរព​សង្គម​ជាតិ ចេះ​គោរព​សាសនា មាន​ចិត្ត​មេត្តា​ករុណា… ព្រោះ​ថា​កាយឫទ្ធិ​ត្រូវ​ការ​ត្រៀម​ជានិច្ច។